ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំពិចារណាចំណាត់ការដើម្បីដោះស្រាយបញ្ហានានាលើកឡើងដោយក្រុមអ្នកតវ៉ា


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលកិច្ចពិភាក្សាតុមូលមួយជាមួយនឹងក្រុមអ្នកគាំទ្រជនជាតិអាមេរិកាំងកាត់អាហ្វ្រិកនៅសេតវិមាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលកិច្ចពិភាក្សាតុមូលមួយជាមួយនឹងក្រុមអ្នកគាំទ្រជនជាតិអាមេរិកាំងកាត់អាហ្វ្រិកនៅសេតវិមាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានគម្រោងជួបជាមួយមេដឹកនាំសាសនា មន្រ្តីពង្រឹងច្បាប់ និងម្ចាស់ពាណិជ្ជកម្មខ្នាតតូចនៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងទីក្រុង Dallas នៅពេលដែលលោកពិចារណាពីការឆ្លើយតបទៅនឹងការតវ៉ាប្រឆាំង​នៅទូទាំងប្រទេសដែលបានកើតមានឡើងបន្ទាប់ពីការស្លាប់របស់លោក George Floyd ជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកនៅក្នុងសមត្ថកិច្ចរបស់ប៉ូលិស។

សេតវិមានបានប្រាប់ឲ្យដឹងថា ការពិភាក្សាតុមូលនឹងគ្របដណ្តប់ដំណោះស្រាយសេដ្ឋកិច្ចជាប្រវត្តិសាស្រ្ត សុខភាព និងភាពខុសគ្នានៃយុត្តិធម៌ក្នុងសហគមន៍អាមេរិកាំង។

លោកស្រី Kayleigh McEnany អ្នកនាំពាក្យសេតវិមាន បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃពុធម្សិលមិញថា ទាំងសំណើនីតិបញ្ញតិ្តនិងបទបញ្ជានីតិប្រតិបត្តិ កំពុងស្ថិតក្នុងការពិចារណា ហើយថា រដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំនឹងចេញផ្សាយនៅពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

សំណើមួយដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនគាំទ្រគឺ ការកែប្រែអ្វីដែលហៅថា គោលការណ៍អភ័យឯកសិទ្ធដែលជួយការពារពួកមន្រ្តីពង្រឹងច្បាប់ពីការប្តឹងផ្តល់របស់ពលរដ្ឋ។

មេដឹកនាំនៅក្នុងសភាតំណាងរាស្រ្តដែលមានសំឡេងភាគច្រើនដោយពួកគណបក្សប្រជាធិបតេយ្យបានដាក់ស្នើច្បាប់មួយដែលស្វះស្វែងកែប្រែច្បាប់ប៉ូលិសដែលមានគោលបំណងធ្វើឲ្យប៉ូលិសមានការទទួលខុសត្រូវ តាមដានមន្រ្តីប៉ូលិសតាមរយៈបញ្ជីប្រវត្តិកិរិយាមិនត្រឹមត្រូវ និងបញ្ចប់ការអនុវត្តនៃការផ្ទេរឧបករណ៍យោធាទៅឲ្យក្រសួងប៉ូលិសនៅទូទាំងប្រទេស។

ព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋកំពុងធ្វើការលើកម្មវិធីផ្ទាល់របស់ខ្លួន ហើយគណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភាមានគម្រោងធ្វើសវនាការអំពីបញ្ហានេះនៅសប្តាហ៍ក្រោយ។

គណៈកម្មាធិការតុលាការរបស់សភាតំណាងរាស្រ្តបានធ្វើសវនារបស់ខ្លួនផ្ទាល់កាលពីថ្ងៃពុធ ដែលបងប្អូនប្រុសរបស់លោក Floyd ជំរុញឲ្យអ្នកតាក់តែងច្បាប់អនុម័តច្បាប់ដែលរឹតត្បិតការប្រើកម្លាំងដោយប៉ូលិស៕

XS
SM
MD
LG