ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ប៉ូលិស​ទីក្រុង Atlanta ម្នាក់​ត្រូវ​បញ្ឈប់​ពី​ការងារ ក្រោយ​ហេតុការណ៍​បាញ់​សម្លាប់​បុរស​ម្នាក់​កើត​ឡើង


អ្នក​តវ៉ា​ម្នាក់​លើក​ស្លាក​អក្សរ​មួយ​នៅ​មុខ​ប៉ូលិស​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែមិថុនា ឆ្នាំ ២០២០ នៅ​ភោជនីយដ្ឋាន​លក់​ម្ហូប Fast foodក្នុង​ទីក្រុង Atlanta ជា​ទី​ដែល​លោកRayshard Brooks ត្រូវ​បាន​ប៉ូលិស​បាញ់​ឲ្យ​ស្លាប់​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។

មន្ត្រី​ប៉ូលិស​ម្នាក់​នៅ​ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ​អាមេរិក ត្រូវ​បាន​បញ្ឈប់​ពី​ការងារ បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់​បុរស​ស្បែក​ខ្មៅ​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត​ត្រូវ​បាន​ផ្អាក​ពី​ការងារ​រង់ចាំ​ការ​ស៊ើប​អង្កេត។ នេះ​បើ​តាម​ការ​ប្រកាស​របស់​នាយកដ្ឋាន​ប៉ូលិស​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

វិធានការ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ប្រធាន​ប៉ូលិស​ទីក្រុង Atlanta អ្នកស្រី Erika Shields បាន​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​សៅរ៍ ដោយសារតែ​ការ​ស្លាប់​របស់​លោក Rayshard Brooks អាយុ ២៧ ឆ្នាំ កាល​ពី​ថ្ងៃ​សុក្រ បាន​បង្ក​ឲ្យ​មាន​រលក​តវ៉ា​ថ្មី​នៅ​ក្នុង​ទីក្រុង Atlanta។

រលក​តវ៉ា​ថ្មី​នេះ​បាន​ផ្ទុះ​ឡើង បន្ទាប់ពី​មាន​ការ​ថមថយ​ការ​ធ្វើ​បាតុកម្ម​ក្រោយ​ពី​ការ​ស្លាប់​របស់​លោក George Floyd ពេល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ប៉ូលិស​នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota កាល​ពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​ប៉ូលិស​ដែល​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​គឺ​លោក Garrett Rolfe។ លោក​ត្រូវ​បាន​នាយកដ្ឋាន​ប៉ូលិស​ទីក្រុង Atlanta ជ្រើសរើស​ឲ្យ​ចូល​ធ្វើ​ការ​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៣។ ចំណែក​ឯ​មន្ត្រី​ប៉ូលិស​ដែល​ត្រូវ​បាន​ផ្អាក​ពី​ការងារ​និង​កំពុង​រង់ចាំ​ការ​ស៊ើប​អង្កេត​នោះ​គឺ​លោក Devin Brosnan។ លោក​ត្រូវ​បាន​នាយកដ្ឋាន​ប៉ូលិស​ខាង​លើ​ជ្រើសរើស​ចូល​ធ្វើ​ការ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អ្នក​នាំ​ពាក្យ​ប៉ូលិស​លោក​ពលបាលត្រី John Chafee។

នាយកដ្ឋាន​ប៉ូលិស​ក៏​បាន​ផ្សព្វផ្សាយ​វីដេអូ​ឃ្លីប​ដែល​ថត​ជាប់​នឹង​កាមេរ៉ា​ជាប់​នឹង​ខ្លួន និង​កាមេរ៉ា​រថយន្ត​របស់​មន្ត្រី​ប៉ូលិស​ទាំង​ពីរ​ផង​ដែរ។

មាន​រយៈពេល​ជាង ៤០ នាទី ចាប់​ពី​ពេល​ដែល​មន្ត្រី​ប៉ូលិស​ឈ្មោះ Brosnan បាន​គោះ​ទ្វារ​រថយន្ត​របស់​លោក Brooks រហូត​ដល់​ពេល​ដែល​ស្នូរ​កាំភ្លើង​បាន​ផ្ទុះ​ឡើង។ មន្ត្រី​ប៉ូលិស​ឈ្មោះ Rolfe បាន​ធ្វើ​ដំណើរ​ដល់​កន្លែង​កើត​ហេតុ​ប្រហែល​ជា ១៦ នាទី បន្ទាប់ពី​ពេល​ដែល​លោក Brosnan បាន​គោះ​ទ្វារ​រថយន្ត​របស់​លោក Brooks។

គេ​អាច​ឮ​សូរ​ស្នូរ​កាំភ្លើង​នៅ​ក្នុង​វីដេអូ​ឃ្លីប​របស់​កាមេរ៉ា​រថយន្ត​របស់​លោក Rolfe និង​កាមេរ៉ា​ជាប់​នឹង​ខ្លួន​របស់​មន្ត្រី​ប៉ូលិស​ទាំង​ពីរ ប៉ុន្តែ​មិន​ឃើញ​សកម្មភាព​ថត​ជាប់​នៅ​ក្នុង​ឃ្លីប​វីដេអូ​ទាំង ៤ ដែល​ប៉ូលិស​បាន​ផ្ដល់​ឲ្យ​នោះ​ទេ។

កាមេរ៉ា​ជាប់​នឹង​ខ្លួន​របស់​មន្ត្រី​ប៉ូលិស​ទាំង​ពីរ​បាន​ធ្លាក់​ចេញ​នៅ​ពេល​ប្រតាយប្រតប់​ជាមួយ​នឹង​លោក Brooks។ កាមេរ៉ា​ទាំង​នេះ​អាច​ធ្លាក់​ចេញ​នៅ​ពេល​ដែល​លោក Ralfe កំពុង​ដាក់​ខ្នោះ​លោក Brooks បន្ទាប់ពី​ជជែក​គ្នា​អស់​ប្រហែល ២០ នាទី ទោះបីជា​លោក Brooks ត្រូវ​បាន​គេ​ឃើញ​បន្តិច​នៅ​ក្នុង​វីដេអូ​ឃ្លីប​ថា ត្រូវ​បាន​ប៉ូលិស​ត្រៀម​ប្រើ​ឧបករណ៍​ឆក់​ឲ្យ​ស្ពឹក មុន​ពេល​គេ​ឮ​សូរ​ស្នូរកាំភ្លើង​ផ្ទុះ​ឡើង​ក៏​ដោយ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG