ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ប៉ូលិស​ក្រុង Atlanta រដ្ឋ Georgia លាលែង​ពី​តំណែង ក្រោយ​ពី​ជន​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ប៉ូលិស​បាន​បាញ់


«សូម​ទៅ​កាន់​សុគតិភព Rayshard» គឺ​ជា​ឃ្លា​ដែល​ត្រូវ​បាន​គេ​បាញ់​ថ្នាំ​ពណ៌​លើ​ស្លាក​សញ្ញា​មួយ ខណៈ​ដែល​ភ្លើង​កំពុង​តែ​ឆេះ​ភោជនីយដ្ឋាន Wendy ក្នុង​អំឡុងពេល​តវ៉ា​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​ទីក្រុង Atlanta ដែល​លោក Rayshard Brooks ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​។

ប្រធាន​ប៉ូលិស​ប្រចាំ​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ​អាមេរិក បាន​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​សៅរ៍​ទី ១៣ មិថុនា គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​បុរស​ស្បែក​ខ្មៅ​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​មន្ត្រី​ប៉ូលិស​ម្នាក់​បាន​បាញ់​ក្នុង​ហេតុការណ៍​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង។ អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​បាន​ប៉ូលិស​បាញ់​នោះ​បាន​ឆក់​យក​ឧបករណ៍​ឆក់​របស់​ប៉ូលិស ហើយ​បាន​រត់​គេច​នៅ​ពេល​ដែល​ត្រូវ​បាន​ប៉ូលិស​បាញ់។

ប្រធាន​ប៉ូលិស​ប្រចាំទី​ក្រុង Atlanta អ្នកស្រី Erika Shields បាន​លាលែង​ចេញ​ពី​តំណែង នៅ​ពេលដែល​ការ​ស្លាប់​របស់​លោក Rayshard Brooks អាយុ ២៧ ឆ្នាំ បាន​បង្ក​ឲ្យ​មាន​រលក​តវ៉ា​ថ្មី​នៅ​ក្នុង​ទីក្រុង Atlanta។

រលក​តវ៉ា​ថ្មី​នេះ​បាន​ផ្ទុះ​ឡើង បន្ទាប់ពី​មាន​ការ​ថមថយ​ការ​ធ្វើ​បាតុកម្ម​ក្រោយ​ពី​ការ​ស្លាប់​របស់​លោក George Floyd ពេល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ប៉ូលិស​នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota កាល​ពី​ពេល​ថ្មីៗ​នេះ។

កាល​ពី​យប់​ថ្ងៃ​សៅរ៍ ក្រុម​អ្នក​តវ៉ា​បាន​ដុត​ហាង Wendy's ដែល​ជា​កន្លែង​ដែល​លោក Brooks ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​យប់​ថ្ងៃ​សុក្រ និង​បាន​រាំង​ខ្ទប់​ចរាចរណ៍​នៅ​ផ្លូវ​ជាតិ​ល្បឿន​លឿន​នៅ​ក្បែរ​នោះ។

អភិបាល​ក្រុង Atlanta អ្នកស្រី Keisha Lance Bottoms បាន​ប្រកាស​ពី​ការ​លាលែង​តំណែង​របស់​ប្រធាន​ប៉ូលិស​ក្រុងនេះ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ។

អ្នកស្រី​បាន​និយាយ​ថា វាជា​ការ​សម្រេច​ចិត្ត​របស់​អ្នកស្រី Shields ខ្លួន​ឯង​ផ្ទាល់​នៅ​ក្នុង​ការ​លាលែង​ពី​តំណែង​ជា​ប្រធាន​ប៉ូលិស តែ​អ្នកស្រី​នៅ​តែ​ធ្វើ​ការ​ជា​មួយ​ក្រុង​ដដែល​ក្នុង​តួនាទី​មួយ​ដែល​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ។

បាតុករ​បិទ​ផ្លូវ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវhighway មួយ ក្នុង​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្បែរ​ភោជនីយដ្ឋាន Wendy ក្នុង​ទីក្រុង Atlanta រដ្ឋ​ Georgia ជា​កន្លែង​ដែល​លោក Rayshard Brooks ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។ (AP Photo/Brynn Anderson)
បាតុករ​បិទ​ផ្លូវ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវhighway មួយ ក្នុង​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្បែរ​ភោជនីយដ្ឋាន Wendy ក្នុង​ទីក្រុង Atlanta រដ្ឋ​ Georgia ជា​កន្លែង​ដែល​លោក Rayshard Brooks ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។ (AP Photo/Brynn Anderson)

លោក Rodney Bryant កំពុង​កាន់​តំណែង​ជា​ប្រធាន​ប៉ូលិស​បណ្ដោះ​អាសន្ន រហូត​ដល់​ពេល​ដែល​អ្នក​កាន់​តំណែង​អចិន្ត្រៃយ៍​ត្រូវ​បាន​ជ្រើសរើស។

ការិយាល័យ​ស៊ើប​អង្កេត​ប្រចាំរដ្ឋ Georgia ដែល​កំពុង​ស៊ើប​អង្កេត​ករណី​បាញ់សម្លាប់​នេះ បាន​ឲ្យ​ដឹង​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​បង្ក​ឲ្យ​មាន​ការ​បាញ់​ប្រហារ​នេះ ផ្ដើម​ឡើង​នៅ​ពេល​ដែល​ប៉ូលិស​បាន​ឆ្លើយតប​ចំពោះ​បណ្ដឹង​មួយ​ដែល​ថា មាន​បុរស​ម្នាក់​ដេក​នៅ​ក្នុង​ឡាន​ឃាំង​ផ្លូវ​ចូល​ភោជនីយដ្ឋាន Wendy's។

ការិយាល័យ​ស៊ើប​អង្កេត​ប្រចាំ​រដ្ឋ Georgia បាន​ឲ្យ​ដឹង​ទៀត​ថា លោក Brooks បាន​ធ្លាក់​ការ​ធ្វើ​តេស្ត​ជាតិ​ស្រវឹង ហើយ​បន្ទាប់​មក​បាន​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​របស់​ប៉ូលិស។

ការិយាល័យ​ស៊ើប​អង្កេត​ប្រចាំ​រដ្ឋ Georgia បានបញ្ចេញ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​អំពី​ការ​បាញ់​ប្រហារ​នេះ កាល​ពី​ថ្ងៃ​សៅរ៍។ វីដេអូ​បង្ហាញ​ថា បុរស​ម្នាក់​កំពុង​រត់​គេច​ពីប៉ូលិស​ស្បែក​ស​ពីរ​នាក់ ដោយ​លើក​ដៃ​ម្ខាង ដែល​កាន់​របស់​អ្វី​មួយ​សំដៅ​ប៉ូលិស​ម្នាក់​ដែល​នៅពី​ក្រោយ​គាត់​ពីរ​បី​ជំហាន។ ប៉ូលិស​ម្នាក់​នោះ​បាន​ដក​កាំភ្លើង​បាញ់ នៅ​ពេល​ដែល​បុរស​នោះ​នៅ​បន្ត​រត់ បន្ទាប់​មក​បាន​ដួល​ទៅ​លើ​ដី​នៅ​កន្លែង​ចត​រថយន្ត។

នាយក​ការិយាល័យ​ស៊ើប​អង្កេត​ប្រចាំ​រដ្ឋ Georgia លោក Vic Reynolds បាន​និយាយ​ថា លោក Brooks បាន​ឆក់​យក​ឧបករណ៍​ឆក់​ពី​ប៉ូលិស​ម្នាក់ ហើយ​បាន​ភ្ជង់​ឧបករណ៍​ឆក់​នេះ​សំដៅ​ប៉ូលិស​នៅ​ពេល​គាត់​រត់​គេច ដែល​ជំរុញ​ឲ្យ​ប៉ូលិស​ដក​កាំភ្លើង​បាញ់​ប្រមាណ ៣ គ្រាប់។

លោក Reynolds បាន​និយាយ​ថា វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ថា លោក Brooks «រត់ ឬ​គេច​ខ្លួន​ពី​មន្ត្រី​ប៉ូលិស​ទីក្រុង Atlanta។ វីដេអូ​នោះ​បង្ហាញ​ថា លោក​កាន់​ឧបករណ៍​ឆក់​នៅ​ក្នុង​ដៃ»។

វីដេអូ​នោះ​មិន​បាន​បង្ហាញ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដំបូង​រវាង​លោក Brooks និងប៉ូលិស​ទេ។

លោក L. Chris Stewart មេធាវី​របស់​គ្រួសារ​លោក Brooks បាន​និយាយ​ថា ប៉ូលិស​ដែល​បាន​បាញ់​សម្លាប់​លោក Brooks គួរតែ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ «ប្រើ​ប្រាស់​អាវុធ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ដែល​ស្មើ​នឹង​បទ​ឃាតកម្ម»។

លោក Stewart និយាយ​ថា៖ «អ្នក​មិន​អាច​ជិះទូក​ពីរ​បាន​ទេ នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់។ សម្រាប់​អ្នក អ្នក​អាច​និយាយ​ថា​ឧបករណ៍​ឆក់​គឺ​ជា​អាវុធ​ដែល​មិន​ប៉ះពាល់​ដល់​អាយុ​ជីវិត។ ...ប៉ុន្តែ​នៅ​ពេល​ដែល​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ម្នាក់​នោះ​ដណ្ដើម​កាន់​វា​រត់ វា​ធ្វើ​ឲ្យ​អ្នក​គិត​ថា វា​ជា​អាវុធ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៅ​វិញ ដែល​ជំរុញ​ឲ្យ​អ្នក​ដក​កាំភ្លើង​បាញ់​នរណា​ម្នាក់​បាន»។

លោក​និយាយ​ថា លោក Brooks មាន​កូន ៤ នាក់ ហើយ​ទើបតែ​បាន​ប្រារព្ធ​ខួប​កំណើត​កូន​ស្រី​អាយុ ៨ ឆ្នាំ​របស់​លោក កាល​ពី​ថ្ងៃ​សុក្រ​នោះ គឺ​មុន​លោក​ត្រូវ​បាន​សម្លាប់។

ប៉ូលិស​ម្នាក់​បាន​ព្រមាន​ដល់​ក្រុម​បាតុករ​ដែល​បាន​នាំ​គ្នា​បិទ​ផ្លូវ​ល្បឿន​លឿន​មួយ ឲ្យ​ចាកចេញ​ពី​ទីនោះ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន។ ការ​តវ៉ា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្បែរ​ភោជនីយដ្ឋាន Wendy ក្នុង​ទីក្រុង Atlanta រដ្ឋ​ Georgia ដែល​ជា​កន្លែង​ដែល​លោក Rayshard Brooks ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។
ប៉ូលិស​ម្នាក់​បាន​ព្រមាន​ដល់​ក្រុម​បាតុករ​ដែល​បាន​នាំ​គ្នា​បិទ​ផ្លូវ​ល្បឿន​លឿន​មួយ ឲ្យ​ចាកចេញ​ពី​ទីនោះ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន។ ការ​តវ៉ា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្បែរ​ភោជនីយដ្ឋាន Wendy ក្នុង​ទីក្រុង Atlanta រដ្ឋ​ Georgia ដែល​ជា​កន្លែង​ដែល​លោក Rayshard Brooks ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។

ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​ខ្លាំង​បំផុត​ទាក់ទិន​នឹង​ភាព​សាហាវ​ឃោឃៅ​របស់​ប៉ូលិស និងការ​អំពាវ​នាវ​ឲ្យ​មាន​កំណែ​ទម្រង់​ប៉ូលិស​ទូទាំង​ប្រទេស ក្រោយ​ពី​ការ​ស្លាប់​របស់​លោកFloyd កាល​ពី​ថ្ងៃទី ២៥ ខែ​ឧសភា នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota។

ទីក្រុង Altanta ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ជា​ច្រើន​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ដង​ផ្លូវ​កន្លង​មក ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd។ ក្រុម​អ្នក​តវ៉ា រួម​ទាំង​សមាជិក​គ្រួសារ​របស់​លោក Brooks ផង​ដែរ បាន​ប្រមូល​ផ្ដុំ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​ដែល​លោក Brooks ត្រូវ​បាន​បាញ់​សម្លាប់។

ក្នុង​ចំណោម​ក្រុម​អ្នក​តវ៉ា មាន​វត្ត​មាន​របស់​អ្នកស្រី Crystal Brooks ដែល​ជា​បង​ថ្លៃ​របស់​លោក Rayshard Brooks។

អ្នកស្រីបាន​និយាយ​ថា៖ «លោក [Brooks] មិន​ដែល​បង្ក​របួស​ស្នាម​លើ​នរណា​ម្នាក់​នោះ​ទេ។ ប៉ូលិស​បាន​សំដៅ​ទៅ​រថយន្ត​របស់​គាត់ ហើយ​ទោះបីជា​រថយន្ត​កំពុង​តែ​ចត​ក៏​ដោយ ក៏​ប៉ូលិស​បាន​ទាញ​គាត់​ចុះ​ពី​លើ​រថយន្ត ហើយ​ចាប់​ផ្ដើម​ឈ្លោះ​ជា​មួយ​គាត់»។

អ្នកស្រី​បន្ថែម​ថា៖ «គាត់​ពិត​ជា​បាន​ឆក់​យក​ឧបករណ៍​ឆក់​ពិត​មែន ប៉ុន្តែ​គាត់​ឆក់​វា​រត់​តែ​ប៉ុណ្ណោះ»។

អ្នកស្រី Shields ដែល​បាន​ធ្វើ​ប្រធាន​ប៉ូលិស​ក្រុង Atlanta អស់​ពេល​ជិត ៤ ឆ្នាំ ដំបូង​ត្រូវ​បាន​គេ​កោត​សរសើរ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ការ​ស្លាប់​របស់​លោក Floyd កាល​ពី​ខែ​មុន។

អ្នកស្រី​បាន​និយាយ​ថា ប៉ូលិស​រដ្ឋ Minnesota ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក Floyd គួរ​តែ​ជាប់​ពន្ធនាគារ ហើយ​អ្នកស្រី​បាន​ដើរ​ក្នុង​ហ្វូង​បាតុករ​នៅ​ក្នុង​ទីក្រុង Atlanta នឹង​បាន​ប្រាប់​អ្នក​តវ៉ា​ថា អ្នកស្រី​យល់​ពី​អារម្មណ៍​ខក​ចិត្ត និង​ភ័យ​ខ្លាច​របស់​ពួក​គេ។

អ្នកស្រី Shields បាន​គាំទ្រ​អភិបាលក្រុង Atlanta អ្នកស្រី Bottoms នៅ​ពេល​ដែល​អ្នកស្រី Bottoms អង្វរ​ឲ្យ​ក្រុម​បាតុករ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ពេល​ដែល​ការ​តវ៉ា​បាន​ប្រែ​ក្លាយ​ជា​ហិង្សា ដោយ​មាន​ការ​វាយ​កម្ទេច​ផ្នែក​ខាង​មុខ​នៃ​ហាង​ទំនិញ​នានា និង​ការ​ដុតរថយន្ត​ប៉ូលិស​ជា​ដើម។

អ្នក​តវ៉ា​ម្នាក់​លើក​ស្លាក​អក្សរ​មួយ​នៅ​មុខ​ប៉ូលិស​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែមិថុនា ឆ្នាំ ២០២០ នៅ​ភោជនីយដ្ឋាន​លក់​ម្ហូប Fast foodក្នុង​ទីក្រុង Atlanta ជា​ទី​ដែល​លោកRayshard Brooks ត្រូវ​បាន​ប៉ូលិស​បាញ់​ឲ្យ​ស្លាប់​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។
អ្នក​តវ៉ា​ម្នាក់​លើក​ស្លាក​អក្សរ​មួយ​នៅ​មុខ​ប៉ូលិស​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែមិថុនា ឆ្នាំ ២០២០ នៅ​ភោជនីយដ្ឋាន​លក់​ម្ហូប Fast foodក្នុង​ទីក្រុង Atlanta ជា​ទី​ដែល​លោកRayshard Brooks ត្រូវ​បាន​ប៉ូលិស​បាញ់​ឲ្យ​ស្លាប់​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ក្រោយ​ពី​ការ​តវ៉ា​អំពី​ការ​ស្លាប់​របស់​លោក Floyd អ្នកស្រី Shields បាន​បណ្ដេញ​ប៉ូលិស​ពីរ​នាក់​ចេញ​ពី​តំណែង និង​បញ្ឈរ​ជើង​ប៉ូលិស ៣ នាក់​ផ្សេង​ទៀត ដែល​បាន​ថត​ជាប់​ក្នុង​វីដេអូ​មួយ អំពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាល​ពីថ្ងៃ​ទី ៣០ ខែ​ឧសភា រវាង​ប៉ូលិស និង​និស្សិត​ពីរ​នាក់​ ដែល​រថយន្ត​របស់​និស្សិត​ទាំង​ពីរ​នោះ​ជាប់​ស្ទះ​ចរាចរណ៍ ដោយ​សារ​តែ​ការ​តវ៉ា​របស់​ក្រុម​បាតុករ។

ប៉ូលិស​បាន​ប្រើ​ឧបករណ៍​ឆក់​ដើម្បី​ឆក់​និស្សិត​ទាំង​ពីរ និង​បាន​ចាប់​អូស​ពួក​គេ​ចេញ​ពី​ក្នុង​ឡាន។ នៅ​ពេល​ដែល​រដ្ឋអាជ្ញារ​ចោទ​ប្រកាន់​ប៉ូលិស ៦ នាក់​ដែល​ពាក់​ព័ន្ធ​នឹងករណី​នេះ អ្នកស្រី Shields បាន​ចោទ​សួរ​យ៉ាង​បើក​ចំហរ​អំពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

ហេតុការណ៍​បាញ់​សម្លាប់​លោក Brooksនេះ បាន​ចោទ​ជា​សំណួរ​បន្ថែម​ទៀត​អំពី​នាយកដ្ឋាន​ប៉ូលិស​ក្រុង Atlanta។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ អ្នកស្រី Shields បាន​បញ្ជាក់​ថា អ្នកស្រី​សម្រេច​លាលែង​ពី​តំណែង «ចេញ​ពី​ក្ដី​ស្រឡាញ់ដ៏​ជ្រោល​ជ្រៅ​ចំពោះ​ទីក្រុង​នេះ និង​នាយកដ្ឋាន [ប៉ូលិស] នេះ»។

អ្នកស្រី Shields បាន​និយាយ​ថា៖ «នេះ​ជា​ពេល​ដែល​ទីក្រុង​នេះ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​មុខ និង​កសាង​ជំនឿ​ចិត្ត​រវាង​មន្ត្រី​អនុវត្ត​ច្បាប់ និង​សហគមន៍​ដែល​យើង​បម្រើ​ការ»។

នាយក​ការិយាល័យ​ស៊ើប​អង្កេត​រដ្ឋ Georgia លោក Reynolds បាន​និយាយ​ថា ភ្នាក់​ងារ​របស់​លោក​នឹង​ផ្ដល់​លទ្ធផល​ស៊ើប​អង្កេត​ជូន​មេធាវី​ប្រចាំ​សង្កាត់ Fulton County លោក Paul Howard។ ការិយាល័យ​របស់​លោក Paul Howard នឹង​ត្រូវ​សម្រេច​ថា​តើ​នឹង​ត្រូវ​ចេញ​ដីកា​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​ប៉ូលិស​ទាំង​នោះ​ឬ​ក៏​អត់។

លោក Howard បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការិយាល័យ​របស់​លោក «បាន​ចាប់ផ្ដើម​ដំណើរ​ការស៊ើប​អង្កេតឯករាជ្យ​ខ្លាំងក្លា​មួយ​អំពី​ហេតុការណ៍​នេះ» ដោយ​មិន​ចាំបាច់​រង់ចាំ​លទ្ធផល​ពី​ការិយាល័យ​ស៊ើបអង្កេត​របស់​រដ្ឋ Georgia។

លោក Brooks បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Atlanta។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ហើយ​មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត​ត្រូវ​បាន​ផ្អាក​ពី​ការងារ​រង់ចាំ​ការ​ស៊ើប​អង្កេត។ នេះ​បើ​តាម​ការ​ប្រកាស​របស់​នាយកដ្ឋាន​ប៉ូលិស។

មន្ត្រី​ប៉ូលិស​ដែល​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​គឺ​លោក Garrett Rolfe។ លោក​ត្រូវ​បាន​នាយកដ្ឋាន​ប៉ូលិស​ទីក្រុង Atlanta ជ្រើសរើស​ចូល​ធ្វើ​ការ​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៣។ ចំណែក​ឯ​មន្ត្រី​ប៉ូលិស​ដែល​ត្រូវ​បាន​ផ្អាក​ពី​ការងារ​រង់ចាំ​ការ​ស៊ើប​អង្កេត​នោះ​គឺ​លោក Devin Brosnan។ លោក​ត្រូវ​បាន​នាយកដ្ឋាន​ប៉ូលិស​ខាង​លើ​ជ្រើសរើស​ចូល​ធ្វើ​ការ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អ្នក​នាំ​ពាក្យ​ប៉ូលិស​លោក​ពលបាលត្រី John Chafee៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG