ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តឹង​អំពី​មេរោគ​កូរ៉ូណា​ទាមទារ​ឱ្យមាន​ការ​សំណង​ពី​ប្រទេស​ចិន


បុគ្គលិក​សុខាភិបាល​ជញ្ជូន​សាកសព​ចេញ​ពី​កុងតឺន័រ​ក្លាសេ នៅ​មជ្ឈមណ្ឌល Kingsbrook Jewish Medical Center កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅ​ក្នុង​សង្កាត់ Brooklyn ក្នុង​ក្រុង​ញូវយ៉ក។
បុគ្គលិក​សុខាភិបាល​ជញ្ជូន​សាកសព​ចេញ​ពី​កុងតឺន័រ​ក្លាសេ នៅ​មជ្ឈមណ្ឌល Kingsbrook Jewish Medical Center កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅ​ក្នុង​សង្កាត់ Brooklyn ក្នុង​ក្រុង​ញូវយ៉ក។

សមាគម ​Henry Jackson Society ​បាន​សុំ​ឲ្យ​ប្រទេស​នានា​ប្តឹង​ប្រទេស​ចិន​ដោយ​ដាក់​ពាក្យ​បណ្តឹង​នៅ​កន្លែង​ចំនួន​១០​ផ្សេងៗ​គ្នា​ដោយ​មាន​រួម​បញ្ចូល​អង្គការ​សុខភាព​ពិភពលោក​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ តុលាការ​អាជ្ញា​កណ្តាល​អចិន្ត្រៃយ៍ តុលាការ​នៅ​ក្នុង​ក្រុង​ហុងកុង​ និង​នៅ​ក្នុង​ស.រ.អា.។​

នៅ​ក្នុង​ពេល​តិច​ជាង​មួយ​ខែ ជន​ជាតិ​អាមេរិកាំង​ជាង​៥​ពាន់​នាក់​បាន​ចូល​រួម​ក្នុង​បណ្តឹង​រួមគ្នា​មួយ​នៅ​ក្នុង​រដ្ឋ​ Florida ​ទាមទារ​សំណង​ពី​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​ខូច​ខាត​បណ្តាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។​ ដើម​បណ្តឹង​បាន​អះអាង​ថា​ ពួក​គេ​បាន​ខាត​បង់​ច្រើន​ដោយសារ​ការ​ធ្វេស​ប្រហែស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​ទប់ទល់​នឹង​មេរោគ​នេះ។​ បណ្តឹង​ស្រដៀង​គ្នា​នេះ​ដែរ​បាន​ត្រូវ​ដាក់​នៅ​ក្នុង​រដ្ឋ ​Nevada ​និង​រដ្ឋ​ Texas។

ក្រុម​ហ៊ុន​មេធាវី​ Berman Law Group ​ដែល​បាន​ដាក់​បណ្តឹង​ទាមទារ​សំណង​ពី​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​ខូច​ខាត​បណ្តាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​រដ្ឋ​ Florida​ បាន​និយាយ​ប្រាប់​VOA ​ថា៖​ «បណ្តឹង​របស់​យើង​ដោះស្រាយ​បញ្ហា​របស់​ពួក​ជន​ដែល​បាន​រង​គ្រោះ​ដោយសារ​ការ​រាលដាល​នៃ​មេរោគនេះ។ ​បណ្តឹង​នេះ​ក៏​ទាក់ទិន​នឹង​សកម្ម​ភាព​ពាណិជ្ជកម្ម​ទាក់ទង​នឹង​ការ​លក់ដូរ​នៅ​ «ផ្សារ​លក់​សត្វព្រៃ​រស់​ផង​ដែរ»។​

ក្រុមហ៊ុន​មេធាវី​នេះ​បាន​និយាយ​យោង​ដល់ ​«សកម្មភាព​ពាណិជ្ជ​កម្ម» និង ​«ការ​រងគ្រោះ​ផ្ទាល់​ខ្លួន»​ តាម​រយៈ​ច្បាប់​ Foreign Sovereign Immunities Act ​មាន​ន័យ​ថា​ច្បាប់​ស្តីពី​អភ័យ​ឯក​សិទ្ធិ​អធិបតេយ្យ​បរទេស​ជា​មូលដ្ឋាន​ខាង​ច្បាប់​ដើម្បី​ប្តឹង​ប្រទេស​ចិន។​

លោកស្រី​ Chimene Keitner ​ជា​សាស្ត្រាចារ្យ​នៅ​ឯ​មហា​វិទ្យាល័យ​ច្បាប់​ Hastings ​នៃ​សាកល​វិទ្យាល័យ​រដ្ឋ​កាលីហ្វ័រញ៉ា​ក្រុង​ San Francisco ​មិន​យល់ស្រប​ជាមួយ​ទេ។​

លោក​ស្រី​សាស្ត្រា​ចារ្យ​ Chimene ​បាន​កត់​សម្គាល់​ថា៖​ «ប្រសិន​លោក​អ្នក​ពិនិត្យ​មើល​ករណី​ណា​មួយ​ក្នុង​បណ្តា​ករណី​ទាំង​នេះ​ដែល​បាន​ត្រូវ​សម្រេច​តាម​ច្បាប់ ​ស្តីពី​អភ័យ​ឯក​សិទ្ធិ​អធិបតេយ្យ​បរទេស​នោះ​ ជា​ការ​ច្បាស់លាស់​ណាស់​ថា​ ការ​រងគ្រោះ​ផ្ទាល់​ខ្លួន ​អាច​ទារ​សំណង​បានលុះត្រា​គ្រោះថ្នាក់​នោះ​ប្រព្រឹត្ត​ដោយ​មន្ត្រី​ចិន​ណា​ម្នាក់​នៅ​ក្នុង​ដែន​ដី​ស.រ.អា.​ទើប​អាច​យក​ច្បាប់​នេះ​មក​អនុវត្ត​បាន។​ ហើយ​ក៏​គ្មាន​និយាយ​អំពី​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​សកម្មភាព​ពាណិជ្ជកម្ម​នៅ​ទីនេះ​ដែរ»។​

លោក​ស្រី​បាន​និយាយ​បន្ថែម​ថា៖​ «លោក​អ្នក​មិន​អាច​ប្តឹង​រដ្ឋ​បរទេស​អំពី​សេចក្តី​សម្រេច​ខាង​គោល​នយោបាយ​ការ​បរទេស​របស់​ពួក​គេ​បាន​ទេ»។​

តុលាការ​អន្តរជាតិ

អង្គការ​សិក្សា​ស្រាវជ្រាវ​អភិរក្ស​និយម​អង់គ្លេស​ឈ្មោះ ​Henry Jackson Society ​ឲ្យ​ដឹង​ថា​បណ្តឹង​ស.រ.អា.​ប្រឆាំង​នឹង​ប្រទេស​ចិន​អាច​មាន​ទឹក​ប្រាក់​១,២​លាន​លាន​ដុល្លារ។​ នៅ​ក្នុង​

នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​សមាគម​ Henry Jackson Society ​ សមាគម​នេះ​បាន​និយាយ​ថា​ប្រទេស​ចិន​អាច​ទទួល​ខុស​ត្រូវ​ដល់​ការ​ខូចខាត​ដែល​បាន​កើត​មាន​ដោយសារ​ការ​ដោះស្រាយ​ដំបូងៗ​របស់​ចិន​អំពី​ជំងឺ​នេះ។​ ការ​លាក់​ព័ត៌មាន​មិន​ប្រាប់​អង្គការ​សុខភាព​ពិភពលោក​អំពី​ជំងឺ​នេះ​បាន​ត្រូវ​និយាយ​យោង​ជា​ពិសេស​ថា​ ជា​ការ​រំលោភ​លើ​បទ​បញ្ញត្តិ​សុខភាព​អន្តរជាតិ។​

សមាគម ​Henry Jackson Society ​បាន​សុំ​ឲ្យ​ប្រទេស​នានា​ប្តឹង​ប្រទេស​ចិន​ដោយ​ដាក់​ពាក្យ​បណ្តឹង​នៅ​កន្លែង​ចំនួន​១០​ផ្សេងៗ​គ្នា​ដោយ​មាន​រួម​បញ្ចូល​អង្គការ​សុខភាព​ពិភពលោក​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ តុលាការ​អាជ្ញា​កណ្តាល​អចិន្ត្រៃយ៍ តុលាការ​នៅ​ក្នុង​ក្រុង​ហុងកុង​ និង​នៅ​ក្នុង​ស.រ.អា.។​

លោក​ Andrew Foxall ​ជា​នាយក​ផ្នែក​ស្រាវជ្រាវ​នៅ​ឯ​សមាគម ​Henry Jackson Society ​និង​ជា​សហ​អ្នក​និពន្ធ​នៃ​របាយកាណ៍​នេះ។​ លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​ជាមួយ​ VOA ថា៖​«ដោយ​មិន​គ្រាន់តែ​ប្រើ​វិធី​ផ្លូវ​ច្បាប់​តែ​មួយ​ ការ​ប្រើ​វិធី​ខាង​ផ្លូវ​ច្បាប់​ផ្សំ​គ្នា​ច្រើន​អាច​បង្ហាញពី​មធ្យោបាយ​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ជំរុញទៅ​មុខ»។​

លោក​ David Fidler ​ជា​សាស្ត្រាចារ្យ​គោចរ​នៅ​ឯ​មហា​វិទ្យាល័យ​ច្បាប់​នៅ​ St. Louis ​នៃ​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន​ និង​ជា​អតីត​អ្នក​ពិគ្រោះ​យោបល់​ខាង​ច្បាប់​របស់​អង្គការ​ WHO។​ បើ​តាម​លោក​ Fidler ​ថា ​ប្រទេស​នានា​ដូច​ជា​ស.រ.អា.​ជា​ដើម ​ទំនង​ជា​នឹង​មិន​ប្តឹង​ជា​ផ្លូវការ​ប្រឆាំង​នឹង​ប្រទេស​ចិន​អំពី​មេរោគ​កូរ៉ូណា​ទេ។​

លោក​ Fidler ​ បាន​និយាយ​ថា៖​ «ការ​រាត​ត្បាត​ជំងឺ​អាច​កើត​មាន​នៅ​ទី​កន្លែង​ណា​មួយ​បាន​ ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ទាំងអស់​គ្នា​ ខ្ញុំ​គិត​ថា ​មិន​ត្រូវ​វាយ​បញ្ច្រាស់​ទាំង​ទទឹង​ទិស​ទេ។ ​ជា​ការ​សំខាន់​ ប្រទេស​នានា​មាន​ផលប្រយោជន៍​រួមគ្នា​ខ្លាំង​ណាស់​ក្នុង​ការ​មិន​អនុវត្ត​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការ​រាលដាល​ជំងឺ​ឆ្លង»។​

ការ​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ឆ្លង​កាត់​ព្រំដែន​

ច្បាប់​ស្តី​ពី​ «ការ​ទទួល​ខុស​ត្រូវ​អន្តរជាតិ»​ សម្រាប់​ការ​ខូចខាត​បណ្តាល​មក​ពី​ប្រទេស​ជាតិ​ណា​មួយ​ត្រូវ​បាន​ទទួល​ស្គាល់​ជាលើក​ដំបូង​នៅ​ក្នុង​ការ​កាត់ក្តី​របស់​អាជ្ញាកណ្តាល​អំពី​ក្រុម​ហ៊ុន​ Trail Smelter ​នៅ​ក្នុង​ទសវត្សរ៍​១៩២០។

កន្លែង​រំលាយ​លោហធាតុ​មួយ​នៅ​ក្នុង​តំបន់​ British Columbia ​នៃ​ប្រទេស​កាណាដាបាន​បញ្ចេញ​ផ្សែង​ពុលហើយ​បាន​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​ដល់​ព្រៃ​និង​ដំណាំ​នៅ​ក្នុង​តំបន់​ជុំវិញ​ទី​នោះ​ហើយ​ផ្សែង​នោះ​ក៏​បាន​រសាត់​ឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​កាណាដា​ និង​ស.រ.អា.​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន។​ប្រទេស​កាដាណា​ និង​ស.រ.អា.​បាន​បង្កើត​តុលាការ​មួយ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នេះ​ហើយ​រដ្ឋាភិបាល​កាណាដា​បាន​យល់​ព្រម​ផ្តល់​ប្រាក់​ជំងឺ​ចិត្ត។​

ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​បាន​បង្ហាញ​ភាព​ស្រប​គ្នា​ជាមួយ​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រទេស​ចិន​នៅ​ក្នុង​ការ​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា។​

លោក ​Russel Miller​ ជា​សាស្ត្រាចារ្យ​ច្បាប់​នៅ​ឯ​សាកលវិទ្យាល័យ​ Washington and Lee University។​ លោក​បាន​និយាយ​ថា៖​ «ប្រសិន​បើ​ប្រទេស​កាណាដា​មានច្បាប់​ល្អ​ខាង​បរិស្ថាន​ កន្លែង​រំលាយ​លោធាតុ​នោះ​មិន​អាច​ធ្វើ​ឱ្យ​អាកាស​កខ្វក់​ហើយ​មិន​បាន​ធ្វើ​ឱ្យមាន​ហានិភ័យ​ដល់​ស.រ.អា.​ទេ។ ​ប្រសិន​បើ​ប្រទេស​ចិន​មាន​បទ​បញ្ញត្តិ​អំពី​សុវត្ថិភាព​ម្ហូប​អាហារ ហានិភ័យ​នេះ​មិន​អាច​រាលដាល​បាន​ទេ»។​

លោក​ William Starshak ​ដែល​ជា​មេធាវី​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ក្រុង​ Chicago ​បាន​ចង្អុល​បង្ហាញ​ថា​ប្រទេស​ចិន​មាន​ផល​ប្រយោជន៍​បើ​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ប្រទេស​កាណាដា​ដែរ​នោះ។

លោក ​Starshak ​បាន​និយាយ​ថា៖​ «ជា​ការណ៍​ពិត​ការណ៍​នេះ​នឹង​ជួយ​ប្រទេស​ចិន​បង្ហាញ​ថា​ខ្លួន​ជា​ពលរដ្ឋ​មួយ​ក្នុង​ពិភពលោក​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ ​ដោយ​នាំ​យក​ការ​ទាមទារ​ទាំង​អស់​ដែល​មាន​ភាព​ប្លែកៗ​គ្នា​ដូចជា​បញ្ហាភូមិ​សាស្ត្រ​នយោបាយ​ជាដើម​មក​ដោះស្រាយ​ក្នុង​វេទិកា​មួយ។​ ទឹក​ប្រាក់​នៃ​ការ​ទាមទារ​ទាំង​នេះ​អាច​មាន​ចំនួន​ច្រើន​អនេក។​ នេះជា​វិធី​តែ​មួយ​គត់​សម្រាប់​ឱ្យ​ប្រទេស​ចិន​ធ្វើ​ចលនា​ទៅ​មុខ​ទៀត៕​

ប្រែសម្រួល​ដោយ​ ពិន ស៊ីសុវណ្ណ​

XS
SM
MD
LG