ដោយសារតែតម្រូវការស្រោមដៃសម្រាប់បុគ្គលិកពេទ្យដែលជាអ្នកស្ថិតនៅជួរមុខក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃវីរុសកូរ៉ូណានៅទូទាំងពិភពលោកកាន់តែមានការកើនឡើងនោះ ក្នុងពេលថ្មីៗនេះ ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតស្រោមដៃកៅស៊ូច្រើនជាងគេក្នុងពិភពលោក បានដកការដាក់កម្រិតចំនួនបុគ្គលិកក្នុងរោងចក្រផលិតស្រោមដៃ ដើម្បីឲ្យរោងចក្រផលិតស្រោមដៃទាំងនោះ អាចមានបុគ្គលិកពេញលេញឡើងវិញ ដើម្បីផលិតស្រោមដៃឲ្យបានលឿន និងច្រើនដូចពីមុន។
ក្រុមហ៊ុនផលិតស្រោមដៃម៉ាឡេស៊ី បានព្រមានកាលពីខែមុនអំពីកង្វះខាតស្រោមដៃនេះនៅទូទាំងពិភពលោក ដោយសារតែវិធានការបិទផ្នែកខ្លះនៃរោងចក្រផលិតស្រោមដៃ។
ទោះជាយ៉ាងនេះក្តី ក្នុងលិខិតចុះថ្ងៃទី ២៧ ខែមីនា ដែលសមាគមអ្នកផលិតស្រោមដៃកៅស៊ូម៉ាឡេស៊ីបានផ្តល់ជូនសមាជិករបស់ខ្លួននោះមានសេចក្តីថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ បានបើកផ្លូវកាលពីចុងខែមុនក្នុងកិច្ចប្រជុំជាមួយសមាគមនេះ ដែលអនុញ្ញាតឲ្យរោងចក្រផលិតស្រោមដៃ ដាក់បុគ្គលិកពេញលេញឡើងវិញនៅថ្ងៃទី ១ ខែមេសា។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី មិនធ្វើអត្ថាធិប្បាយចំពោះការរាយការណ៍ខាងលើនេះទេ។
សមាគមអ្នកផលិតស្រោមដៃកៅស៊ូម៉ាឡេស៊ី បានសរសេរនៅក្នុងលិខិតរបស់ខ្លួនថា ក្រុមហ៊ុននៅតែត្រូវដាក់ពាក្យស្នើសុំទៅក្រសួង ដោយមានបញ្ជីឈ្មោះបុគ្គលិករបស់ខ្លួនពេញលេញ ហើយបន្ទាប់មកត្រូវធ្វើការដោយផ្លាស់ប្តូរវេនគ្នា ដើម្បីធ្វើយ៉ាងណាឲ្យរោងចក្រមានបុគ្គលិកតិចបំផុតក្នុងពេលប្រតិបត្តិការតាមដែលអាចធ្វើទៅបាន។ ក្នុងលិខិតនោះ បានបន្តទៀតថា ដោយក្នុងលក្ខខណ្ឌដែលពួកគេត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនោះ «ក្រសួងបានយល់ព្រមថា ក្រុមហ៊ុនដែលបានទទួលការយល់ព្រមឲ្យមានប្រតិបត្តិការដែលត្រូវប្រើប្រាស់កម្លាំងពលកម្ម ៥០ ភាគរយនោះ ឥឡូវនេះ អាចប្រតិបត្តិការដោយប្រើប្រាស់កម្លាំងពលកម្ម ១០០ ភាគរយបាន» ។
ប្រធានសមាគមអ្នកផលិតស្រោមដៃកៅស៊ូម៉ាឡេស៊ីលោក Denis Low បានប្រាប់VOAថា ក្រសួងបានយល់ព្រមអនុញ្ញាតឲ្យរោងចក្រផលិតស្រោមដៃដំណើរការដោយផលិតឲ្យបាន «ច្រើនបំផុត» ក៏ប៉ុន្តែលោក មិនពិភាក្សាអំពីចំនួនជាក់លាក់នៃបុគ្គលិកទេ ដោយបារម្ភថា អាចនឹងជំរុញឲ្យឧស្សាហកម្មផ្សេងៗទៀតដាក់សម្ពាធដល់រដ្ឋាភិបាល ដើម្បីទទួលបានបុព្វសិទ្ធិប្រហាក់ប្រហែលគ្នានេះដែរ។ លោក Denis Low បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ខ្ញុំថា រដ្ឋាភិបាល បានផ្តល់ឲ្យយើងនូវឱកាស ដើម្បីធ្វើការដោយផលិតឲ្យបាន«ច្រើនបំផុត» ហើយ «ច្រើនបំផុត» គឺយើងចង់មានន័យថា យើងនឹងអាចផ្គត់ផ្គង់ចំនួន ២២៥ ពាន់លានស្រោមដៃ ដែលយើងគិតថា នោះជាចំនួនដែលពិភពលោកទាំងមូលត្រូវការនៅឆ្នាំនេះ»។
រោងចក្រទាំងនោះ ផលិតចំនួន ១៨៧ ពាន់លានស្រោមដៃក្នុងឆ្នាំ ២០១៩។
បើចំនួននោះជាចំនួនពិត វិធានការដកការដាក់ម្រិតចំនួនបុគ្គលិកក្នុងរោងចក្រផលិតស្រោមដៃរបស់ម៉ាឡេស៊ីនេះ នឹងអាចមានផលដ៏គួរឲ្យកត់សម្គាល់ដល់ការទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណាជាសាកលនេះ។
លោក Govindasamy Baskaran នាយកគ្រប់គ្រងក្រុមហ៊ុនផលិតស្រោមដៃដ៏ធំបំផុតមួយរបស់ប្រទេសម៉ាឡេស៊ី គឺក្រុមហ៊ុន Brightway បាននិយាយថា ការប្រើប្រាស់ស្រោមដៃបានកើនឡើងយ៉ាងខ្លាំងនៅពេលដែលមានការរាតត្បាតនៃជំងឺកូវីដ១៩នេះ មានន័យថា អតិថិជនអន្តរជាតិរបស់ក្រុមហ៊ុនលោកខ្លះ អស់ស្រោមដៃពីស្តុករបស់ពួកគេហើយ។ លោក Govindasamy Baskaran បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ដូច្នេះខ្ញុំគិតថា ... វាជាហេតុផលដ៏ត្រឹមត្រូវដែលយើងបានទទួលការយល់ព្រម ឲ្យមានប្រតិបត្តិការ ១០០% ឡើងវិញ។ ខ្ញុំប្រាកដថា បើយើងមិនប្រតិបត្តិការ ១០០% ឡើងវិញទេ ពិភពលោក នឹងមានការខ្វះខាតស្រោមដៃយ៉ាងខ្លាំង។ យើងបានឃើញស្រាប់ហើយថា មានការខ្វះស្រោមដៃនៅគ្រប់ទីកន្លែង ហើយមានករណីខ្លះ បុគ្គលិកពេទ្យ បានបំពេញការងាររបស់ពួកគេដោយគ្មានស្រោមដៃ»។
លោក Baskaran បានថ្លែងថា រោងចក្ររបស់លោក បានដាក់បុគ្គលិកពេញវិញ នៅថ្ងៃទី ៣ ខែមេសា។
លោក Jeremy Lim ដែលជាសហប្រធានផ្នែកសុខភាពសាកលនៅសាលាសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានយល់ស្របទៅនឹងការលើកឡើងរបស់លោក Baskaran។ លោក Jeremy Lim បានថ្លែងក្នុងសម្តីដើមថា៖
«ការធ្វើដូចនោះ ពិតជានឹងជួយកាត់បន្ថយការខ្វះខាតស្រោមដៃនៅក្នុងពិភពលោកយ៉ាងខ្លាំង ដោយសារតែប្រទេសម៉ាឡេស៊ីមានតួនាទីដ៏សំខាន់ក្នុងទីផ្សារនេះ»។
អ្នកជំនាញក្នុងវិស័យថែទាំសុខភាពបាននិយាយថា រដ្ឋាភិបាលនិងមន្ទីរពេទ្យភាគច្រើន នឹងមានស្រោមដៃ និងឧបករណ៍ការពារចាំបាច់ផ្សេងទៀតសម្រាប់គ្រូពេទ្យនិងគិលានុបដ្ឋាយិការបស់ពួកគេ។
លោក Jeremy Lim បានថ្លែងបន្តទៀតថា «ក៏ប៉ុន្តែ បើវិបត្តិនេះ បន្តយូរតទៅទៀត នោះមនុស្សគ្រប់គ្នា នឹងរងប៉ះពាល់»។ លោក Lim បានថ្លែងបន្ថែមទៀតថា ក្នុងនាមជាប្រទេសផលិតស្រោមដៃច្រើនជាងគេបំផុតក្នុងពិភពលោក វិធានការអនុញ្ញាតឲ្យរោងចក្រដំណើរការដោយពេញលេញរបស់ម៉ាឡេស៊ីនេះ «នឹងមានសារៈសំខាន់ខ្លាំងណាស់»។
សហគមន៍អ៊ឺរ៉ុប បានលើកឡើងនូវកង្វល់របស់ខ្លួនចំពោះការដាក់កម្រិតចំនួនបុគ្គលិកក្នុងរោងចក្រផលិតស្រោមដៃរបស់ប្រទេសម៉ាឡេស៊ី តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលដែលរដ្ឋាភិបាលម៉ាឡេស៊ីបានយល់ព្រមផ្តល់ការអនុញ្ញាតឲ្យរោងចក្រផលិតស្រោមដៃ ដាក់បុគ្គលិកពេញឡើងវិញ។ សហគមន៍អ៊ឺរ៉ុប បានបង្ហាញការគាំទ្រចំពោះការសម្រេចបន្ធូរបន្ថយការបិទផ្នែកខ្លះនៃរោងចក្រផលិតស្រោមដៃទាំងនោះ។
ក្នុងលិខិតចុះថ្ងៃទី ២៥ ខែមីនាផ្ញើទៅរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិលោក Azmin Ali ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសម៉ាឡេស៊ីអ្នកស្រី Maria Castillo Fernandez បានសរសេរថា ស្រោមដៃស្ថិតនៅក្នុងចំណោមវត្ថុដែលពិបាករកទិញបំផុត ហើយថា ការបិទដំណើរការផ្នែកខ្លះរបស់ប្រទេសនេះ កំពុងធ្វើឲ្យការផ្គត់ផ្គង់ជាសាកលមានការខ្វះខាតខ្លាំង។
កាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែមេសាកន្លងទៅនេះ អ្នកស្រី Castillo Fernandez បានប្រាប់ VOA ថា សហគមន៍អ៊ឺរ៉ុប បានស្វាគមន៍ចំពោះវិធានការរបស់ប្រទេសម៉ាឡេស៊ី ក្នុងការអនុញ្ញាតឲ្យរោងចក្រផលិតស្រោមដៃក្នុងប្រទេសខ្លួន បង្កើនផលិតកម្ម។ អ្នកស្រី Castillo Fernandez បានថ្លែងបន្តក្នុងសម្តីដើមថា៖
«យើងគាំទ្រដល់ការសម្រេចរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការអនុញ្ញាតឲ្យរោងចក្រផលិតទំនិញសំខាន់ៗ និងបណ្តាញផ្គត់ផ្គង់របស់ពួកគេដែលជាប់ទាក់ទងក្នុងការផលិតឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗ ដើម្បីអាចដំណើរការក្នុងកម្រិតពលកម្មដែលចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការឧបករណ៍វេជ្ជសាស្ត្រទាំងនេះ ជាបន្ទាន់ទូទាំងពិភពលោក»។
អ្នកស្រី Castillo Fernandez បានថ្លែងបន្ថែមក្នុងសម្តីដើមថា៖
«ប្រទេសម៉ាឡេស៊ី គឺជាអ្នកផលិតស្រោមដៃពេទ្យធំជាងគេបំផុតនៅក្នុងពិភពលោក ហេតុដូច្នេះហើយ ប្រទេសនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកបញ្ជៀសមិនឲ្យមានការខ្វះខាតឧបករណ៍វេជ្ជសាស្ត្រដ៏សំខាន់នេះសម្រាប់ប្រទេសម៉ាឡេស៊ីខ្លួនឯង សហភាពអឺរ៉ុប និងសម្រាប់ពិភពលោកទាំងមូល»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់