ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​ ADB៖​ វិបត្តិ​នយោបាយ​ កូដកម្ម ​បាតុកម្ម​ទម្លាក់​កំណើន​សេដ្ឋកិច្ច


របាយការណ៍​ក្រោម​ចំណង​​ជើង​ថា​ ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​​២០១៤​បាន​ឲ្យ​ដឹង​ថា ​សន្ទស្សន៍​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​នឹង​ថយ​ចុះ​ពី​៧,២% ​នៅ​ឆ្នាំ​២០១៣​មក​ត្រឹម​៧% ​នៅ​ឆ្នាំ​២០១៤។​
របាយការណ៍​ក្រោម​ចំណង​​ជើង​ថា​ ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​​២០១៤​បាន​ឲ្យ​ដឹង​ថា ​សន្ទស្សន៍​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​នឹង​ថយ​ចុះ​ពី​៧,២% ​នៅ​ឆ្នាំ​២០១៣​មក​ត្រឹម​៧% ​នៅ​ឆ្នាំ​២០១៤។​
វិបត្តិ​ជាប់​គាំង​នយោ​បាយ​នៅ​កម្ពុជា​ និង​ការ​ក្រោកឡើង​ទាម​ទារ​ការ​ដំឡើងប្រាក់​ខែរបស់​ក្រុម​កម្មករ​រោង​ចក្រ​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​មួយ​នេះ​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១៤​នេះ​ ស្រប​ពេល​ដែល​បំណុល​របស់​ប្រទេស​កម្ពុជា​ជំពាក់​សហគមន៍​អន្តរជាតិបាន​កើន​ឡើង​ដល់​ជិត​ប្រាំពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣។​ នេះ​បើ​យោង​តាម​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)។​

របាយការណ៍​ក្រោម​ចំណងជើង​ថា​ ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី២០១៤​បាន​ឲ្យ​ដឹង​ថា ​សន្ទស្សន៍​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​នឹង​ថយ​ចុះ​ពី​៧,២% ​នៅ​ឆ្នាំ​២០១៣​មក​ត្រឹម​៧% ​នៅ​ឆ្នាំ​២០១៤។​ ​ បន្ថែម​ពី​នោះ​ដែរ​ ការ​អូស​បន្លាយ​នៃ​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​តាំង​តែ​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​មក​នោះ​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​ការ​វិនិយោគមាន​ការ​ធ្លាក់​ចុះ​ និង​ជះ​ឥទ្ធិពល​លើ​វិស័យ​ទេសចរណ៍​ សំណង់​ និង​អចលទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៤។

ថ្លែង​ក្នុង​សន្និសីទកាសែតធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ នៅ​ថ្ងៃ​អង្គារ​ទី​០១​ខែ​មេសា​នៅ​ទីក្រុង​ភ្នំពេញ​ ​លោក​អេរីក ស៊ីដហ្វីក​ (Eric ​Sidgwick)​ នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ប្រចាំ​កម្ពុជា​ បាន​អះអាង​ថា ​អ្នក​វិនិយោគ​ទុន​បរទេស​មួយ​ចំនួន​បាន​សម្រេច​ព្យួរ​គម្រោង​វិនិយោគ​របស់​ខ្លួន​ជា​បណ្តោះ​អាសន្នរួច​ទៅ​ហើយ​ក្នុង​ពេល​នេះ។​

«វា​អាច​ទៅ​រួច​ដែល​អ្នក​វិនិយោគ​ទន់​មួយ​ចំនួនបាន​សម្រេច​ផ្អាក​គម្រោង​និវិយោគ​ទុនរបស់​ខ្លួន​នៅ​កម្ពុជា។​ ការ​តវ៉ា​របស់​ក្រុម​កម្មករ​រោង​ចក្រ​បាន​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​ភ្លាមៗ​ដល់​ដំណើរ​ការ​នៃ​ការ​ផលិត​របស់​រោង​ចក្រ»។​

នៅ​ក្នុង​របាយ​ការណ៍​ដដែល​នោះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ព្យាករណ៍​ថា​ វិស័យ​ឧស្សាហកម្ម​នៃ​ការ​នាំចេញ​សម្លៀកបំពាក់​របស់​កម្ពុជា​ទៅ​ប្រទេស​អាមេរិក​ និង​សហភាព​អឺរ៉ុបនឹង​ធ្លាក់​ចុះ​ពី​១០,៥% ​នៅឆ្នាំ​២០១៣​មក​ត្រឹម​ ៨,៧%​នៅឆ្នាំ​២០១៤​ ​ស្រប​ពេល​ដែល​វិស័យ​សេវាកម្ម​និង​ធ្លាក់​ចុះ​ដូច​គ្នា​ពោល​គឺ​ពី​៨,៤%​មក​ត្រឹម​៧,១%​នៅ​ឆ្នាំ​២០១៤។​ ​

ADB​ ក៏បាន​វាយ​តម្លៃ​ដែរ​ថា ​អតិផរ​ណា​នៅ​កម្ពុជា​ជា​មធ្យម​នឹង​កើន​ដល់​ ៣,៥%​នៅ​ឆ្នាំ​២០១៤។ ​ការ​កើន​ឡើង​នេះ​បណ្តាល​មកពី​ការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​គយ​ និង​ការ​ដាក់​សម្ពាធ​ខ្លះ​នៃ​ការ​នាំ​ទំនិញ​ចូល។​

របាយ​ការណ៍​នេះ​បន្ថែម​ថា ​កម្ពុជា​ជំពាក់​បំណុល​បរទេស​សរុប​ចំនួន​៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក​រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៣​ ពោល​គឺ​ស្មើ​នឹង​ប្រមាណ​ជា​៣០​ភាគ​រយ​នៃ​ផលិត​ផល​ដុល​សរុប​របស់​ជាតិ ​GDP។​

លោក​ឌួល ពូឡង់​ អ្នក​សេដ្ឋកិច្ច​ជាន់ខ្ពស់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មាន​ប្រសាសន៍​ថា​ កម្ពុជា​នៅ​មាន​និន្នាការខ្ចី​ប្រាក់​ពី​បរទេស​បន្ត​ទៀត​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ខ្លួន។​

លោក​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ថ្លែង​ថា​ ស្ថាន​ភាព​សេដ្ឋកិច្ច​និង​ភាពដែល​ប្រឈម​មុខ​ប្រជា​ពលរដ្ឋខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​ មាន​ស្ថានភាព​អាក្រក់​ជាង​តួលេខ​នៃ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋ​កិច្ច​ដែល​ធ្វើការ​ព្យាករណ៍នេះ​ទៅ​ទៀត។

«តួលេខ​ស្ថិតិ​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ភាគ​ច្រើន​ខុស​ទាំង​អស់។​ អ្នក​កាន់​អំណាច​គេ​បំភ្លៃ​ទាំងអស់។​ ដូច​ថា ​អតិផរណា​ថា ​ទំនិញ​ឡើង​ថ្លៃ​តែ​២​ឬ៣%​ ខុស​ស្រឡះ។​ ​តាម​ពិត​វាឡើង​រហូត​ដល់​១០% ២០%​ ៣០%។​ ខ្លះ​គ្រាន់​តែ​មើល​សើរៗ​អត់​ដឹងច្បាស់ពី​ការណ៍​ពិត​ក្នុង​ស្រុក​ខ្មែរ​ទេ»។​

ទោះបី​ជា​យ៉ាង​ណាក្តី​ ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី​ក៏​បាន​ធ្វើ​ការ​ទស្សន៍​ទាយ​ដែរ​ថា ​នៅ​ឆ្នាំ​២០១៥​ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​សន្ទុះ​ងើប​ឡើង​វិញ។

វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​បាន​ព្យាយាម​ស្នើ​សុំ​សេចក្តី​អធិប្បាយ​បំភ្លឺ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ តែ​មិន​អាច​ទាក់ទងបាន៕
XS
SM
MD
LG