ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

របាយការណ៍​ ILO៖ អំពើ​ពុករលួយ​នៅ​កម្ពុជា​ស៊ី​អស់​១០%​នៃ​ផ.ស.ស.


កងដៃ​ប្រឆាំងអំពើ​ពុករលួយ​ ដែល​និស្សិត​ពាក់​ក្នុង​កម្មវិធី​រៀបចំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា។​
អំពើ​ពុក​រលួយ​បាន​ធ្វើ​ឱ្យ​កម្ពុជាបាត់បង់​ថវិកា​ជាតិ​ប្រមាណ​១,៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​បាន​លាត​ត្រដាងព័ត៌មាន​នេះ​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ដែល​ផ្សព្វ​ផ្សាយនៅ​ថ្ងៃ​ពុធ​នេះ។​

​ដោយ​ដក​ស្រង់របាយ​ការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ​អង្គការ ​ILOបញ្ជាក់​ថា ​ទំហំ​ទឹក​ប្រាក់​ដែល​លេច​ធ្លាយ​ដោយ​សារ​អំពើ​ពុក​រលួយ​នេះ​ស្មើ​នឹង​១០​ភាគ​រយ​នៃ​ផលិតផល​ដុល​សរុប ​(GDP)។​

ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​នេះជា​សាធារណៈ​ក្នុង​ទី​ក្រុង​ភ្នំពេញ លោក ​Fraid Hegazy ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ មាន​ប្រសាសន៍​ថា​ អំពើ​ពុក​រលួយ​នេះ​មានកម្រិត​គួរ​ឱ្យ​ព្រួយ​បារម្ភ ហើយវា​ជា​ឧបសគ្គ​ចម្បង​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា។​

«អំពើ​ពុក​រលួយ​ជា​ឧបសគ្គ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ចម្បង​នៅ​កម្ពុជា។​ តាម​ការ​ប៉ាន់​ប្រមាណ ​ កម្ពុជា​បាន​បាត់បង់​១០​ភាគរយ​នៃ​ផលិតផល​ដុល​របស់​ខ្លួន​ទៅ​លើ​អំពើ​ពុក​រលួយ​នេះ។​ ទោះ​បី​ជា​មាន​ការ​ប្រសើរ​ឡើង​ខ្លះ​ក្នុង​ការ​គ្រប់គ្រង​ថវិកា​សាធារណៈ​តាំង​ពី​ឆ្នាំ​២០០២​ក្តី​ ប៉ុន្តែ​ក្រុមហ៊ុន​ចំនួន​៣០​ភាគ​រយ​នៅ​តែ​ជឿ​ថា​ ការ​តាក់តែង​គោល​នយោបាយ​គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល»។​

ILO ​គឺជា​អង្គការ​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ។​ របាយការណ៍​ខាងលើ​របស់​អង្គការ​នេះ​បាន​មក​ពី​ការ​ចងក្រង​ឯកសារ​ផ្សេងៗ​ និង​ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ​សហគ្រាស​ចំនួន​៣៥៥ និង​កម្មករ​ចំនួន​២៥៧​នាក់​នៅ​ទូទាំង​ប្រទេស។

ក្រុមហ៊ុន​ទាំង​នោះ​អះអាង​ថា​ ជា​មធ្យម​ពួកគេ​បាន​ចំណាយ​រហូត​ដល់​៨,៧​ភាគរយ​នៃ​ចំណូល​របស់​ខ្លួន​ទៅ​លើ​ការ​សូក​ប៉ាន់​នៅ​ឆ្នាំ​២០០៨ ដែល​កើន​ពី​៥,២​ភាគ​រយ​នៅ​ឆ្នាំ​២០០៣។ របាយ​ការណ៍​ដដែលបន្ថែម​ថា​ អំពើ​ពុក​រលួយ​និង​ការ​សូក​ប៉ាន់​នេះ​ឆ្លុះ​បញ្ចាំង​ពី​ប្រាក់​បៀវត្សរ៍​ទាប​របស់​មន្ត្រី​រាជការ​ ​កង្វះ​គណនេយ្យ​ភាព ​និង​ភាព​ធូរ​រលុង​ក្នុង​ការ​អនុវត្ត​ច្បាប់។​

ក្រៅ​ពី​នោះ​ របាយ​ការណ៍​ក៏​បាន​រៀប​រាប់បញ្ហា​ប្រឈម​ផ្សេង​ទៀត​សម្រាប់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ដែរ ​មាន​ដូច​ជា​កង្វះ​ពលករ​ជំនាញ​ និង​លទ្ធភាព​ទទួល​បានឥណទាន និង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ សហព័ន្ធ​និយោជក ​និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ (CAMFEBA) ​ក៏​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​របស់​ខ្លួន​ផង​ដែរ។​

របាយ​ការណ៍​កម្រាស់​២៥​ទំព័រ​នេះ​បាន​រក​ឃើញ​ថា​ ក្រុម​ហ៊ុ​ន​ចំនួន​៧០​ភាគ​រយ​ ដែល​មិន​បង់​កម្រៃ​សម្រួល​ការងារ​ ដែល​គេ​ដឹងថា​ ជាលុយ​ក្រោម​តុនេះ​ ​ជួប​ប្រទះ​នឹងភាព​យឺត​យ៉ាវ ឬ​មិន​ទទួល​បាន​សេវាកម្ម​ពី​មន្ត្រី​កម្ពុជា​នោះ​ទេ។

CAMFEBA​ បានសម្ភាសន៍​ជាមួយ​កម្មករ​២០០​នាក់​ និង​តំណាង​និយោជក​ចំនួន​៣០០​នាក់​ និង​បាន​រក​ឃើញ​ដែរ​ថា ​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​តុលាការ​ក៏​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិយាកាស​វិនិ​យោគ​នៅ​កម្ពុជាផង​ដែរ ​ជា​ពិសេស​សម្រាប់​ក្រុមហ៊ុន​តូចៗ។​ ​

លោក​ចាន់ សុផល ​អ្នក​នាំ​ពាក្យ​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ម្នាក់​ ថ្លែង​ថា ​លោក​យល់​ថា​ អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា​មាន​កម្រិត​ខ្ពស់​ ដែល​ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា។​

«អំពើ​ពុក​រលួយ​នៅ​ប្រទេស​កម្ពុជា​ ខ្ញុំ​យល់​ថា​ មាន​កម្រិត​មួយ​ខ្ពស់។​ ក្នុង​ពិភព​លោក​នេះ ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ខ្ពស់​ មាន​ច្បាប់​មួយ​ដាក់​កំណត់​មិន​ឱ្យ​មាន​ការ​សូក​ប៉ាន់​ក្នុង​ការ​វិនិយោគ​នៅ​បរទេស​ ដូច្នេះ​ប្រទេស​ណា​ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់​នឹង​មាន​ការ​លំបាក​ហើយ​ក្នុង​ការ​ទាក់ទាញ​លំហូរ​វិនិយោគ​ពី​ប្រទេស​ទាំង​នោះ»។

លោក​អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទទួល​ស្គាល់អំពើ​ពុក​រលួយ​របស់​មន្ត្រី​រាជការ​នេះ ​ ប៉ុន្តែ​លោក​អះអាង​ថា​រដ្ឋាភិបាល​កំពុង​តែ​ប្រឹងប្រែង​លុប​បំបាត់​អំពើ​ពុក​រលួយ​នេះ។​

«នេះ​ជា​ការ​ត្រឹមត្រូវ​ណាស់​ ហើយ​វា​ស្រប​ហ្នឹង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ​ឥឡូវ​នេះ​បរិយាកាស​វិនិយោគ​ និង​ការ​ធ្វើ​អាជីវកម្ម​ត្រូវ​មាន​តម្លាភាព។ ​ អញ្ចឹង​ទេ​ ការ​ចូលរួម​ដើម្បី​បំបាត់​អំពើ​ពុក​រលួយ ​ដោយ​យន្តការ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ ជា​ការ​ត្រឹមត្រូវ​ណាស់​ ហើយ​យើង​ស្វាគមន៍»។​

របាយ​ការណ៍​ទាំង​ពីរ​ផ្ដល់​អនុសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​គប្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ លើក​កម្ពស់ប្រសិទ្ធិភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​និងប្រព័ន្ធ​តុលាការ និង​ការ​ពង្រឹង​តម្លាភាព​បន្ថែម​ទៀត​សម្រាប់​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​នានា៕
XS
SM
MD
LG