ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​វៀតណាម​ប្តេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ឱ្យ​ដល់​៥.០០០​លាន​ដុល្លារ


លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​​​ង្វៀន តាន់​យុង ​និង​​លោក​​ហ៊ុន សែន​​នាយក​​រដ្ឋមន្ត្រី​ខ្មែរ​តែង​តាំង​​ដោយ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​(140112)​
លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​​​ង្វៀន តាន់​យុង ​និង​​លោក​​ហ៊ុន សែន​​នាយក​​រដ្ឋមន្ត្រី​ខ្មែរ​តែង​តាំង​​ដោយ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​(140112)​
ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​បាន​ប្តេជ្ញា​ថា​នឹង​ជំរុញ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ឱ្យបាន​ដល់​៥០០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។​

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យប្រើ​ប្រាស់​មន្ទីរ​ពេទ្យ​របស់​វៀតណាម​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​មាន​ប្រសាសន៍​ថា៖ ​«យើង​នឹង​ខិតខំ​សម្រេច​នៅ​គោល​ដៅ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យឡើង​ទៅ​ដល់​៥.០០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥​ខាង​មុខនេះ។ ​យើង​សង្ឃឹម​ថា​នឹង​អាច​ធ្វើ​នៅ​កិច្ចការ​នេះ​បាន»។​

លោក​ នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ ង្វៀន តាន់​យុង​ មាន​ប្រសាសន៍​ថា​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​ទៅនេះ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​កើន​ឡើង​ជាមធ្យម​២៥​%ក្នុង​មួយ​ឆ្នាំៗ។ជាពិសេស​នៅ​ឆ្នាំ​២០១៣​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​៣.៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

លោក​ ង្វៀន តាន់​យុងមាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ថា​ចំនួន​ភ្ញៀវ​ទេសចរណ៍​វៀតណាម​មក​កាន់​កម្ពុជា​បាន​កើន​ឡើង​២៩%​ក្នុង​មួយ​ឆ្នាំ​ហើយ​បច្ចុប្បន្ន​នេះ​គម្រោង​វិនិយោគ​របស់​ប្រទេស​វៀតណាម​នៅ​កម្ពុជា​មាន​សរុប​ទាំង​អស់​១២៨​គម្រោង​ដែល​មាន​ទុន​សរុប​ទាំង​អស់​ជិត​៣០០០​លាន​ដុល្លារ​អាមេរិក។

លោក​និយាយ​ថា៖​«​ហើយ​នឹង​មាន​គម្រោង​ជាច្រើន​របស់​វៀតណាម​ដែល​ត្រូវ​បាន​សម្រេច​ហើយ​នឹង​សហ​ប្រតិបត្តិការ​នាំ​មុខ​នូវ​លទ្ធផល​ជាក់​ស្តែង​ រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​និង​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រទេស​កម្ពុជា»។​

ការ​លើក​ឡើង​អំពី​ទំហំ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើត​មាន​ឡើង​ក្នុង​ខណៈ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ដោយ​បាន​មកដល់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ។​

មេដឹក​នាំ​វៀតណាម​នៅ​ថ្ងៃ​ច័ន្ទ​នេះរួម​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចូល​រួម​សម្ពោធ​មន្ទីរ​ពេទ្យ​មួយរបស់​ប្រទេស​វៀតណាម​ដែល​មាន​ឈ្មោះថា​មន្ទីរ​ពេទ្យ​ចារៃ​ ភ្នំពេញ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ក្រុង​ភ្នំពេញ។​

មន្ទីរ​ពេទ្យ​នេះ​បាន​សាង​សង់​ឡើង​ដោយ​ចំណាយ​ទឹក​ប្រាក់​អស់​ជាង​៣៨​លាន​ដុល្លារ​ដែល​ទុន​វិនិយោគ​រួម​គ្នា​រវាងក្រុម​ហ៊ុន​ពីរ​គឺ​ក្រុមហ៊ុន ​វៀតណាម​និង​ក្រុម​ហ៊ុន​របស់​លោក​សុខ គង់។​

លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ង្វៀន តាន់​យុង​មាន​ប្រសាសន៍​ថា​សំណង់​មន្ទីរ​ពេទ្យ​នេះ​ជា​សំណង់​លើក​ដំបូង​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​វិស័យ​សុខា​ភិបាល។​

លោក​បាន​ឱ្យដឹង​ថា​វិស័យ​សុខា​ភិបាល​គឺជា​វិស័យ​មួយ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ការ​យក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ហើយ​នេះ​ក៏​ជា​ជោគ​ជ័យ​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិការរវាង​ទីក្រុង​ហូជីមិញ​និង​រាជធានី​ភ្នំពេញ។​

លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម​គ្រោង​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។ ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​មេដឹក​នាំ​វៀតណាម​និង​ជួប​ចរចា​ផ្លូវការ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​នៅ​វិមាន​សន្តិភាព។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មាន​ប្រសាសន៍​ថា​គ្មាន​កិច្ច​ព្រមព្រៀង​ណាមួយ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ទៀត​ទេ​ដោយ​សារ​តែ​មាន​កិច្ច​ព្រម​ព្រៀង​ជាច្រើន​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​ក្នុង​អំឡុង​ពេល​ដែល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​កាល​ពី​ខែធ្នូ​ឆ្នាំ​២០១៣៕
XS
SM
MD
LG