ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្រា​ភាព​ក្រី​ក្រ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ


បុរស​ម្នាក់​កំពុង​ប្តូរ​ប្រាក់​ជូន​អតិថិជន​ម្នាក់​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មិនា​ឆ្នាំ​២០១១។
បុរស​ម្នាក់​កំពុង​ប្តូរ​ប្រាក់​ជូន​អតិថិជន​ម្នាក់​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មិនា​ឆ្នាំ​២០១១។
ធនាគារ​ពិភព​លោក​និង​រដ្ឋាភិបាល​កម្ពុជា​ទើប​តែ​បង្ហាញ​របាយ​ការណ៍វាយ​តម្លៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ឆ្នាំ​២០១៣​នេះ​ថា​ អត្រា​ភាព​ក្រី​ក្រ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​៥៣,២%​នៅ​ឆ្នាំ​២០០៤​មក​នៅ​ត្រឹម​២០,៥%​នៅ​ឆ្នាំ​២០១១។​ ហើយ​ឆ្នាំ​២០១២​ អត្រា​នៃ​ភាព​ក្រីក្រ​អាចធ្លាក់​ចុះ​រហូត​ដល់​១៨,៦%។

នៅ​ក្នុង​របាយ​ការណ៍របស់​ធនាគារ​ពិភព​លោកនិង​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​កម្រាស់ចំនួន​១៣៦​ទំព័រ​នេះ​ បាន​ឲ្យ​ដឹងថា​ ជាលទ្ធ​ផល​ការ​គណនា​បង្ហាញ​ថា ​អត្រា​ភាព​ក្រី​ក្រ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ពី​៥០,២%​ទៅ​២០,៥%​ដែលលើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ​នានា។​ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ ប្រជា​ពលរដ្ឋ​ដែល​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​នៅ​មិន​ទាន់​មាន​ជីវភាព​ធូរធា​ធំដុំ​នោះ​ទេ។ ពួកគេ​នៅ​តែ​ងាយ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​វិញ​យ៉ាង​ងាយ ​ប្រសិន​បើ​មាន​គ្រោះ​តូច​ណា​មួយ​កើត​ឡើង។​

ក្នុង​រយៈពេល៧​ឆ្នាំ​កន្លង​មក​នេះ​ ចាប់​ពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១១​មាន​កត្តា​នាំ​មុខ​ចំនួន​៤​ ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ៖​ ទី​១​ ថ្លៃ​ស្រូវ​អង្ករ​មាន​តម្លៃ​ខ្ពស់​ ទី២​កំណើន​អត្រា​ថ្លៃ​ឈ្នួល​ពលកម្ម​នៅ​តាម​ជន​បទ​ ទី​៣​ការ​កើន​ឡើង​នូវ​ការងារ​មាន​ប្រាក់​បៀវត្សរ៍នៅ​តាម​ជន​បទ ​និង​ទី​៤កំណើន​ប្រាក់​ចំណូល​ពីការ​ប្រកប​របរ​ជំនួញ​តូច​តាច។​

ពី​ឆ្នាំ​២០០៤ដល់​ឆ្នាំ​២០១១​ ផលិតផល​ជាតិ​សរុប​(ផសស)​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់ៗ​(គិត​ជា​ថ្លៃ​គោល​២.០០០​ដុល្លារ)​ បាន​កើនឡើង​៥៤,៥%។ កំណើន​កម្រិតនេះ​គឺ​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១៥​ក្នុង​ចំណោម​១៧៤​ប្រទេស។​

ដោយ​សារ​ផលិតផល​ជាតិ​សរុប​ (ផសស)​ក្នុង​ប្រជាពលរដ្ឋ​ម្នាក់​មាន​កម្រិតទាប​នៅ​ឆ្នាំ​២០០៤​មាន​ប្រមាណ​៤០០​ដុល្លារ​ ហើយ​នៅ​ឆ្នាំ​២០១១​(ផសស)​ ក្នុង​ប្រជា​ពលរដ្ឋ​ម្នាក់​មាន​ត្រឹម​តែ​៨២០​ដុល្លារ​តែ​ប៉ុណ្ណោះ ​ដូច្នេះ​ចំនួន​នេះ​នៅ​ទាប​ជាង​១.០២៦​ដុល្លារ​ដែល​ជា​កម្រិត(ផសស)​ ដើម្បី​អាច​ចាត់​ចូល​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ជា​មធ្យម។​

ក៏​ប៉ុន្តែ​ប្រសិន​ណា​បើ​កម្ពុជា​អាច​រក្សា​កំណើន​របស់​ខ្លួន​បាន​ នោះ​កម្ពុជា​និង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ជា​មធ្យម​នៅ​ឆ្នាំ​២០១៥។​

លោក​ការឡូស​ សូប្រាដូ​ នាយក​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍នៅ​ក្នុងសិក្ខា​សាលា​ស្តីពី​ការ​វាយ​តម្លៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​កន្លង​មក​នេះ​មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​ស្ថិរភាពសង្គម​របស់​កម្ពុជា។ ​ហើយ​ការ​វាយតម្លៃ​នេះ​គឺ​យោង​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​លក្ខណៈគួរ​ឲ្យ​ស្ងើច​សរសើរ​គឺ​បាន​ជាប់​លំដាប់​ថ្នាក់​ក្នុង​ចំណោម​ប្រទេស​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ពិភព​លោក។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​គាត​ ឈន់​ រដ្ឋមន្ត្រី​ប្រចាំ​ការ​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រដ្ឋាភិបាល ​បាន​មាន​ប្រសាសន៍ថា ​ការ​ធ្លាក់​ចុះ​នៃ​ភាព​ក្រីក្រ​យ៉ាង​គំហុក​រយៈពេលពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ​គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​លំដាប់​ថ្នាក់​លេខ​៤​ក្នុង​នាម​ជា​ប្រទេស​ដែល​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ល្អ​ជាង​គេ​ក្នុង​ពិភព​លោក។​

លោក​បាន​បញ្ជាក់​ថា ​ក្នុង​រយៈ​ពេលត្រឹម​តែ​៧ឆ្នាំ​ ប្រជាជន​ក្រីក្រ​ចំនួន​០,៧​លាន​នាក់​ក្នុង​ឆ្នាំ​២០០៤​ត្រូវ​បាន​កាត់​បន្ថយ​ឲ្យ​មក​នៅ​ត្រឹម​តែ​០,៣​លាន​នាក់​តែ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១១។​

មាន​ប្រសាសន៍ប្រាប់​ VOA ​ជា​ខេមរ​ភាសា​ក្រោយ​ពី​លោក​បញ្ចប់​ការ​ចូល​រួម​សិក្ខាសាលា​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​គាត ឈន់​មាន​ប្រសាសន៍ថា ​នេះ​ជា​ជោគ​ជ័យ​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​បាន​នូវ​ភាព​ក្រីក្រ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១%​ក្នុង​មួយ​ឆ្នាំ។​

លោក​និយាយ​ថា៖​ «បាទ​ជាជោគ​ជ័យ​ ព្រោះ​នេះ​ជាយុទ្ធ​សាស្ត្រ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​បាន​ជាង​១%​ក្នុង​មួយ​ឆ្នាំ​ ឥឡូវ​នេះ​បាន​លឿន»។​

លោក​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍ថា​ បើ​និយាយ​ពី​ធនធាន​ធម្មជាតិ​ដ៏​ស្តុក​ស្តម្ភ ​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា ​ព្រម​ទាំង​មាន​ជំនួយ​ពី​បរទេស​ផង​នោះ ​គួរណាស់​តែ​បាន​ងើប​ចេញ​ពី​ភាព​ក្រី​ក្រ​បាត់​ទៅ​ហើយ។​ ក៏ប៉ុន្តែ​ដោយ​សារ​តែ​ការ​ចាត់​ចែង​ធនធាន​បាន​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់​តែ​ធំឡើង​រវាង​អ្នក​មាន ​និង​អ្នក​ក្រគឺ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តែមាន​ភាព​ក្រីក្រមាន​ទំហំ​ធំធេង​នៅ​ឡើយ៕
XS
SM
MD
LG