ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ស្ត្រី​ម្ចាស់​អាជីវកម្ម​ចង់​ឲ្យ​មាន​ការ​គាំទ្រ​ផ្តោត​លើ​យេនឌ័រ​ក្នុង​វិស័យ​សហគ្រិនភាព


អ្នក​ស្រី​ ពាង​ សុខា​ វ័យ​ ៣៥ឆ្នាំ​ ​ជា​សហគ្រិន​ស្ត្រី​លក់​សំលៀក​បំពាក់​សូត្រ​​ នៅ​ក្នុង​ហាង​របស់​អ្នក​ស្រី​នៅ​វត្ត​ថាន់​ (Watthan Artisans Cambodia)​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៧។ ​ជាមួយ​នឹង​បទពិសោធន៍​ជាង​ ​១០ឆ្នាំ​ក្នុង
អ្នក​ស្រី​ ពាង​ សុខា​ វ័យ​ ៣៥ឆ្នាំ​ ​ជា​សហគ្រិន​ស្ត្រី​លក់​សំលៀក​បំពាក់​សូត្រ​​ នៅ​ក្នុង​ហាង​របស់​អ្នក​ស្រី​នៅ​វត្ត​ថាន់​ (Watthan Artisans Cambodia)​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៧។ ​ជាមួយ​នឹង​បទពិសោធន៍​ជាង​ ​១០ឆ្នាំ​ក្នុង

ទោះ​ជា​នៅ​កម្ពុជា​​មាន​ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី​ប្រមាណ​ជា​ ៦៥%​ ​ក៏ដោយ​ ក៏​​ភាគ​ច្រើន​នៃ​អាជីវកម្ម​ទាំង​នោះ​ ​មាន​បែប​ផែន​ជា​ សហគ្រាស​ខ្នាតតូច​ ​ដែល​ទទួល​ចំណូល​ជា​មធ្យម​ និង​តិច​ជាង​ដៃគូ​ម្ចាស់​អាជីវកម្ម​ជា​បុរស។​ ស្ត្រី​​ដែល​ជា​ម្ចាស់​អាជីវកម្ម​ និង​អ្នក​ជំនាញ​ពាក់ព័ន្ធ​វិស័យ​សហគ្រិន​បាន​លើក​ឡើង​ថា ​ការ​ពិភាក្សា​លើ​​ការ​ពង្រឹង​កម្មវិធី​យេនឌ័រ​និង​ការ​គាំទ្រ​ដល់​ស្ត្រី​ក្នុង​វិស័យ​សហគ្រិន​នេះ​គឺ​ ជា​ការ​ចាំ​បាច់។

ក្រោយ​ពី​ដំណើរ​ផ្សងព្រេង​រក​ការងារធ្វើ​អស់​រយៈ​ពេល ៦ខែ​ ​ពុំ​បាន​ជោគជ័យ អ្នក​នាង​ ​សួង​ ពិសី​ ​មាន​វ័យ​ ​២៤ឆ្នាំ ជា​និស្សិត​ជំនាញ​សេដ្ឋកិច្ច​ បាន​សម្រេច​ចិត្ត​បើកហាង​លក់ខោ​អាវ​នៅ​ក្នុង​ផ្សារតូច​ នៅ​ឯ​ទី​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។​ ពិសី​ ​ចាប់ផ្តើម​មុខ​ជំនួញ​នេះ​ ​ដោយដើម​ទុន ២០០​ដុល្លារ​សហរដ្ឋ​អាមេរិក យក​ទៅ​ទិញ​ខោអាវ​មួយ​ចំនួន​មក​លក់​ក្នុង​តូប​របស់​បង​ស្រី​ ​ដោយ​ចែក​កន្លែង​គ្នា​លក់។​ ក្រោយ​មក​ ​ពិសី​ ​ចាប់​ផ្តើម​ជួល​តូប​ដាច់​ដោយ​ឡែក​ ​ហើយ​អ្នក​នាងគ្រប់​គ្រង​អាជីវកម្ម​ដោយ​ខ្លួនឯង​ផ្ទាល់ អស់រយៈ​៣​ឆ្នាំ​មក​នេះ។

កាល​ពី​ដើម​ឆ្នាំ​នេះ ពិសី​ពង្រីក​អាជីវកម្ម​ខ្លួនដោយ ទិញ​ដាច់នូវ​តូប​ជួល ​ទំហំ​៣ម៉ែត​ការ៉េ​ ​ ដោយ​ទឹក​ប្រាក់​ ​១.៥០០០​ ​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ទឹកប្រាក់​នេះ​ចេញ​ពីលុយ​ចំណង​ដៃ​អាពាហ៍ពិពាហ៍ ​ដែល​សល់​ក្រោយ​ពេល​រៀបការ​ និង​ទឹក​ប្រាក់​ដែល​អ្នក​នាង​ប្រមូល​បាន​ពី​ការ​ដេញ​តុងទីន​ជាមួយ​ក្រុមអ្នក​លក់​នៅ​ក្នុង​ផ្សារ​ដទៃ​ទៀត​ដែល​ភាគ​ច្រើន​ជា​ស្ត្រី។

ថ្វីបើ​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន​កំពុង​ដំណើរការ​យ៉ាង​ល្អ​ក៏​ពិតមែន​ ​ការ​ប្រកប​អាជីវកម្មឲ្យ​រលូន​ទៅ​ពេល​អនាគត​នៅ​តែជា​ក្តី​បារម្ភ​របស់​អ្នក​នាង​ ​និង​អ្នក​សហគ្រិន​ស្ត្រី​ជា​ច្រើន​នៅ​កម្ពុជា។​

ស្រប​ពេល​ ​ដែល​អ្នក​នាង​ពង្រីក​អាជីវកម្ម​នៅក្នុង​ខែ​វិច្ឆិកា​នេះ​ ដោយ​ឲ្យ​ស្វាមី​របស់​ខ្លួន​លក់​សម្លៀកបំពាក់​ដាច់​ដោយ​ឡែក​នៅ​តូប​ថ្មីមួយ​ទៀត​ខាង​ក្រៅផ្សារ​ ​គ្រួសារ​ថ្មី​ថ្មោង​មួយ​គូ​នេះ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ ​៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិករួមទាំង​ការ​តុបតែង​ហាង។​ ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ទាប់​នេះ​បាន​មកពី​កម្ចី​ពី​សមាជិក​គ្រួសារ​ ​សាច់ញាតិ​ ​និង​មិត្តភក្តិ​ជិតស្និទ្ធបំផុត។

កំពុង​អាប់​លុយ​បណ្តើរ​ ​ងាក​ទៅ​និយាយ​ជាមួយ​អ្នក​ទិញ​ដទៃ​ទៀត​បណ្តើរ​ ​ហើយ​ម្តងម្កាល​ អ្នកនាង​ត្រូវ​ឆ្លើយឆ្លង​សា​រជា​សំឡេង​ ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទៅ​កាន់​ម៉ូយ​ដែលបញ្ជា​ទិញ​ខោអាវ​ជា​ដុំ ឬ​រាយ​ ​និង​ទៅ​កាន់​បង​ស្រី​ ដែល​បានកក់​ឥវ៉ាន់​ទុក​សម្រាប់ភ្ញៀវ។​ ម្តងម្កាល​ ពិសី ឆ្លៀត​និយាយ​មក​កាន់​ VOA ៖​

«រឿង​លុយ​ហ្នឹងខ្ញុំ​មិន​ទាន់ទាក់​ទង​ធនាគារ​ទេ។​ ​នៅ​យក​លុយ​បងៗ​ប្រើ​ប្រាស់​សិន។​ ថ្ងៃ​ណា​គេ​យក ​ខ្ញុំ​យក​ប្លង់​ទៅ​ដាក់​ (ធនាគារ​សិន) ​យក​ ​(លុយ)​ ​មក​ប្រើប្រាស់​សិន​ហើយ។​ ​ជម្រើស​មួយ​ទៀត​ គឺ​យក​ប្លង់​របស់​ប៉ា​ គាត់​ឲ្យ​យក​(ប្លង់គាត់)​ទៅ​ដាក់​ទៅ​ យក​លុយ​សង​បងៗ​សិន។ តែ​បើ​យើង​នៅ​មាន​ជម្រើស​ យើង​អត់​ចង់​ខាត​ការ​(ប្រាក់)​ទេ»។​

សួង ពិសី​ អាជីវករ​លក់​សំលៀក​បំពាក់​ក្នុង​ផ្សារ​តូច​ ក្រុង​តាខ្មៅ បង្ហាញ​ពី​ម៉ូត​ខោអាវ​ដែល​នាង​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ការ​លក់​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា​ ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ/VOA)
សួង ពិសី​ អាជីវករ​លក់​សំលៀក​បំពាក់​ក្នុង​ផ្សារ​តូច​ ក្រុង​តាខ្មៅ បង្ហាញ​ពី​ម៉ូត​ខោអាវ​ដែល​នាង​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ការ​លក់​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា​ ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ/VOA)

ទោះ​ពិសី​ យល់​ថា​ ខ្លួន​ជា​ម្ចាស់ហាង និង​គ្រប់គ្រងអាជីវកម្ម​នេះ​ដោយ​ឯករាជ្យ​ក៏​ដោយ​ ប៉ុន្តែ​រាល់​ការ​សម្រេច​ចិត្ត​នា​នា​របស់​អ្នក​នាង​ ​ពិសេស​រឿង​ខ្ចី​ប្រាក់​ដើម្បី​ពង្រីក​អាជីវកម្ម​ គឺ​ចៀស​មិន​ផុត​ពី​ការ​ពិភាក្សា​ និង​ការ​ទទួល​ការ​យល់​ព្រម​ពី​ក្រុម​គ្រួសារ​ ពិសេសពី​ស្វាមី​នោះ​ទេ។​ ពិសី​នៅ​មានការ​ព្រួយ​បារម្ភ​ ពាក់ព័ន្ធ​នឹង​ការ​ខ្ចី​បុល​ពី​ធនាគារ​ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុនានា​ ​ដោយ​សារ​ក្រុម​គ្រួសារ​ និង​ស្វាមី​តែង​តែ​លើក​ឡើង​អំពី​ផលវិបាក​ ​និង​គំរូ​អវិជ្ជមាន​នានា​ ដែល​ពាក់ព័ន្ធ​រឿង​បំណុល​នេះ។​

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម​មាន​ចំនួន​ ៦៥%​ នៃ​អាជីវកម្ម​ទាំងអស់​ ហើយ​បាន​ផ្តល់​ប្រភព​ចំណូល​ដល់​ស្ត្រី​ដទៃ​ជាង​ ​៣២៩.០០០​ ​នាក់​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ឆ្នាំ​២០១៥​ ស្តីអំពី​ការ​លើក​កម្ពស់​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រីនៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ ​ភាគ​ច្រើន​នៃ​អាជីវកម្ម​របស់​ស្ត្រី​មាន​បែបផែន​ជា​ សហគ្រាស​ខ្នាត​តូច​ដែល​ ៥១​%​ នៃ​សហគ្រាសដឹក​នាំ​ដោយ​ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម ក្នុង​ចំណោម​សហគ្រាស​ខ្នាត​តូច​ទាំង​នោះ​ជួល​បុគ្គលិក​តែ​ម្នាក់​ប៉ុណ្ណោះ។​

លោកស្រី​ ស៊្រាត មុំសុភា​ អគ្គលេខាធិការ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា (CWEA)​ ​បាន​ឲ្យ​ដឹង​ថា បើ​គ្រាន់​តែ​ក្រឡេក​មើល​បញ្ហា​ពី​ខាង​ក្រៅ​ ​កត្តា​វប្បធម៌​ និងទំនួល​ខុសត្រូវ​លើ​កិច្ច​ការងារ​ផ្ទះ​ជា ​ច្រើន​ផ្នែក​គឺ​ជា ​បញ្ហា​ដែល​បង្អាក់​ស្ត្រី​ក្នុង​ការ​តស៊ូ​ឲ្យអាជីវកម្ម​កាន់​តែ​លូត​លាស់ និង​រីកចម្រើន។​

លោកស្រី​បន្ត​ទៀត​ថា បើ​សម្លឹង​មើល​កាន់​តែ​ជ្រៅ​វិញ​ ​ភាព​លំបាក​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​ការពង្រីក​អាជីវកម្ម​ ​ការ​ខ្វះខាត​ការ​បណ្តុះបណ្តាល​ និងព័ត៌មាន​ពាក់ព័ន្ធ និង​ភាព​ខ្សត់ខ្សោយក្នុង​ការ​ស្វែងរក​បណ្តាញ​អាជីវម្ម​ គឺ​ជា បន្ទុក​មួយ​កម្រិត​ទៀតដែល​ធ្វើ​ឱ្យ​ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម​ ខ្វះ​លទ្ធភាពប្រកួតប្រជែង​នឹង​ដៃគូ​ខ្លួន​ ដែល​ជា​បុរស ​ក្នុង​ការ​ពង្រឹង​សក្តានុពល​របស់​ខ្លួន​ ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​ឲ្យ​ឈាន​ដល់​កម្រិត​សាជីវកម្ម​ធំៗ។

លោកស្រី​ ស្រ៊ាត​ មុំសុភា​ ​ជា​ស្ថាបនិក​នៃ​សាជីវកម្ម​ SOPHYA។​ លោកស្រី​ជា​សហគ្រិន​ស្ត្រី​ដែល​គេ​ចាត់​ទុក​ថា​ជា​អ្នក​ជោគជ័យ​មួយ​រូប​ គ្រប់គ្រង​លើ​អាជីវកម្ម​ដូច​ជា​ ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ និងសេវា​ដំណើរ​កម្សាន្ត​ ក្រុមហ៊ុន​ស្ប៉ា ​និង​ម៉ាស្សា​ និង​អាជីវកម្ម​ផ្សេងៗ​ទៀត។ កាល​ពី​ខែ​សីហា​កន្លង​ទៅ​អ្នកស្រីទទួល​ពាន​រង្វាន់​សហគ្រិន​កម្ពុជា​លើក​ដំបូង​សម្រាប់​សហគ្រិន​ស្ត្រី​លើ​ការ​គ្រប់គ្រងសារជីវកម្មផ្នែក​ទេសចរណ៍ ​និង​សេវា​ដំណើរ​កម្សាន្ត។​

លោកស្រី ស្រ៊ាត​ មុំសុភា ​បញ្ជាក់​ថា​ ស្ត្រី​ជា​ម្ចាស់​អាជីវករ​គួរ​ចាប់​ផ្តើម​ពី​ការ​បង្កើត​ទស្សនៈ​វែង​ឆ្ងាយ៖​

«ជាក់​ស្តែង​ គាត់​បើក​ហាង​ ឬ​កន្លែង​លក់​អង្ករ​ជាដើម វា​ជា​អាជីវកម្ម​មួយ​ដែរ​ តែ​គាត់​ពុំ​យល់​ថា​ វា​ជា​ការ​ធ្វើអាជីវកម្ម​ទេ​ គាត់​គ្រាន់​តែ​ដឹង​ថា ​ជា​ការ​រកស៊ី​ ហើយ​អត់​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​ទេ។ ដឹង​តែ​ថា​រក​ស៊ី​គឺ​ការ​ចិញ្ចឹម​ក្រពះ ​ដើម្បី​ជីវភាព។​ ប៉ុន្តែ​អ្វីៗ​គឺ​ លើស​ពី​ហ្នឹង។​ ​តាម​ពិត​គាត់​ជា ​ម្ចាស់​អាជីវកម្ម​ ​ហើយ​មាន​[សក្តានុពល] ​ដើម្បី​លូត​លាស់​ និង​ទទួល​ឱកាស​មួយ​ប្រសើរ​ជាង​ហ្នឹង»។ ​

​យ៉ាង​ណា​ក៏​ដោយ​ ​ម្ចាស់​អាជីកម្ម​ដូច​ជា ពិសី​ ​ជា​ដើម​យល់​ថា ​ការ​ប្រកប​មុខ​របរ​ប្រចាំ​ថ្ងៃ​គឺ​ជា ​ការ​ចិញ្ចឹម​ជិវិត​ប៉ុណ្ណោះ។

ពេល​ VOA​ សួរអំពី​គោលដៅ​អាជីវកម្ម​នៅ​ថ្ងៃ​អនាគត​ ពិសី​បាន​ឲ្យ​ដឹង​ថា៖

«និយាយ​ទៅ​អត់​ដែល​អត់​ដែល​គិត​ដល់​ហ្នឹង​ទេ​ ព្រោះ​ថា ​តាខ្មៅ​យើង​អត់​ដូច​នៅ​ភ្នំពេញ ព្រោះ​យើង​លក់​លក្ខណៈ​ខ្នាត​តូច​ លក់​ប្រជាជន​យើង​ដែល​ដើរ​ផ្សារ​ធម្មតាៗ។ លក់​បាន​ត្រឹម​ថា​ យើង​មិន​ខ្វះ​អី​ ចង់​បាន​អី​បាន​ហ្នឹង​ ឧទាហរណ៍​ចង់​បាន​ទូរស័ព្ទ​ទំនើប​ គេ​មាន​ យើង​ក៏​មាន​ដែរ​អញ្ចឹង។ អត់​ដែល​គិត​ដល់​ ដោយសារ​គិត​ថា​វា​ទៅ​អត់​រួច»។​

សួង​ ពិសី​ អាជីវករ​លក់​សំលៀក​បំពាក់​ កំពុងនិយាយ​ជាមួយ​អតិថិជន​ម្នាក់​ ក្នុង​ផ្សារ​តូច​ ក្រុង​តាខ្មៅ កាល​ពី​ថ្ងៃ​ទី​២​ ខែ​តុលា​ ឆ្នាំ​២០១៧។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម​មាន​ចំនួន​ ៦៥%​ នៃ​អាជីវកម្ម​ទាំងអស់។ (ខាន់​ សុគុំមនោ/VOA)
សួង​ ពិសី​ អាជីវករ​លក់​សំលៀក​បំពាក់​ កំពុងនិយាយ​ជាមួយ​អតិថិជន​ម្នាក់​ ក្នុង​ផ្សារ​តូច​ ក្រុង​តាខ្មៅ កាល​ពី​ថ្ងៃ​ទី​២​ ខែ​តុលា​ ឆ្នាំ​២០១៧។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម​មាន​ចំនួន​ ៦៥%​ នៃ​អាជីវកម្ម​ទាំងអស់។ (ខាន់​ សុគុំមនោ/VOA)

​សមាជិក​គ្រួសារ​របស់​ពិសីទាំងអស់​ជា​អាជីវករ​ ដែល​មាន​៤នាក់​ក្នុង​ចំណោម​៦នាក់​ជា​ស្ត្រី។ ពួក​គេ​កាន់​កាប់​ជំនួញ​រៀងៗខ្លួន​ ដូច​ជា​ បរិក្ខារ​ផ្ទះ​បាយ​ កាបូប និង​សម្ភារៈ​តុបតែង​ខ្លួន​របស់​ស្ត្រី​ជាដើម។​ គោលដៅ​អាជីវកម្ម​របស់​ពួកគេ​ដូចៗ​គ្នា​ គឺ ​ប្រកប​របរ​ដើម្បី​ចិញ្ចឹម​ជីវិត។

អាជីវ​កម្ម​របស់ស្ត្រី​ទទួល​បាន​ប្រាក់​ចំណេញ​តិច​ជាង​បុរស​ ហើយ​ត្រូវ​បាន​ប្រមូលផ្តុំ​នៅ​ក្នុង​វិស័យ​តិច​តួច​ជាង​បុរស​ ពោល​គឺ ​ស្ត្រី​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ត្រឹម​តែ​៣​ ក្នុង​ចំណោម​ ​១៧ ​វិស័យ។​ ​វិស័យ​នោះ​មាន​ដូច​ជា​ ពាណិជ្ជកម្ម​លក់​ដុំ​និង​រាយ សេវា​ស្នាក់​នៅ និង​សេវា​ចំណី​អាហារ និង​ សកម្មភាព​ទាក់ទង​នឹង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ និង​សេវា​ធានារ៉ាប់​រង​ជាដើម។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ផែនការ​ឆ្នាំ​ ​២០១៣។​

ទិន្នន័យ​ដដែល​នោះ​បង្ហាញ​ទៀត​ថា​ ជា​រៀងរាល់​ឆ្នាំ​ ម្ចាស់​សហគ្រាស​ជា​ បុរស​អាច​រក​កម្រៃបាន​ជា​មធ្យម​ ៤.៩២៩​ ដុល្លារ​ ខណៈ​ម្ចាស់​សហគ្រាសជា​ស្ត្រី​រក​បាន​ត្រឹម ២.៦៤៤​ដុល្លារ។​

ដើម្បី​លើក​កម្ពស់​ស្ត្រី​នៅ​ក្នុង​វិស័យ​ជំនួញ​ និង​សហគ្រិនភាព​បន្ថែម​ទៀត នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​នេះ​ ​ធនាគារ​ពិភពលោក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ G-20 ​បាន​ប្រកាស​អំពី​ ​«គំនិត​ផ្តួចផ្តើម​ថ្មី​លើ​ហិរញ្ញវត្ថុ​សម្រាប់សហគ្រិន​ស្ត្រី​ (We-Fi)»​ ​ដែល​នឹង​ផ្តល់​ហិរញ្ញប្បទាន​ ​ជាង​ ​១​ពាន់លាន​ (ប៊ីលាន) ​ដុល្លារ​សហរដ្ឋ​អាមេរិក​ ​ដើម្បី​ឲ្យ​ស្ត្រី​មានលទ្ធភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ទទួល​បាន​ដើមទុន​ ​និង​ ​ជំនួយ​បច្ចេក​ទេស។​ ​ហើយ​ថវិកា​នេះ​នឹង​ត្រូវ​បាន​គេ​រំពឹង​ថា​ ​អាច​ប្រើប្រាស់​ដើម្បី​វិនិយោគ​លើ​គម្រោង​ ​និង​កម្មវិធី​នា​នា​ ដែល​គាំទ្រដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែលដឹកនាំ​ដោយ​ស្ត្រី និង​សកម្មភាព​នានា​ ដែល​គាំទ្រ​ដល់​ស្ត្រី​ក្នុង​ប្រទេស​សមាជិក​ ​(client countries)​ ​ដែល​រួម​មាន​ទាំង​ប្រទេស​កម្ពុជា។​

ស្រប​គ្នា​នោះ​ដែរ​ ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ ​(USAID)​ ​បាន​ប្រកាស​គម្រោង​ Women’s Livelihood Bond​ ​(ប័ណ្ណ​មូលបត្រ​សម្រាប់​លើកស្ទួយ​ជីវភាព​ស្ត្រី) ដែល​រំពឹង​ថា ​នឹង​ផ្តល់​ផល​ប្រយោជន៍ដល់​ស្ត្រី​ចំនួន​៣៨៥.០០០​នាក់​នៅ​អាស៊ី​អាគ្នេយ៍ ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ វៀតណាម ​និងហ្វីលីពីន។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID បាន​ឱ្យ​ដឹង​ថា ​Women’s Livelihood Bond នេះ ​មាន​តម្លៃ​ដល់​ ៨លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

ទោះ​ជា​យ៉ាង​ណា​ ​ទឹក​ប្រាក់​ទាំង​នោះ​នឹង​ឆ្លង​កាត់​ទៅ​តាម​ក្រុម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ក្រុម​សហគ្រាស​ដើម្បី​សង្គម​នានា ដែល​មាន​ឆន្ទៈ​ស្រប​នឹង​គោលដៅ​នៃ​គម្រោង​នេះ។​

លោកស្រី​ ​ស្រ៊ាត មុំសុភា​ ​ដែល​ជារឿយៗ​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​បរទេស​ ​ពង្រីក​ទំនាក់ទំនង​ និងបទពិសោធន៍​អំពី​សហគ្រិនភាព​ ​ដើម្បី​ចែករំលែក​នៅ​ក្នុង​ស្រុក ​បាន​បញ្ជាក់ប្រាប់​ ​VOA​ ​ដែរ​ថា​ ព័ត៌មាន​ទាក់ទង​នឹង​គម្រោង​ទាំងនោះ​អាច​មាន​កម្រិត​សម្រាប់​ក្រុម​ស្ត្រី​មួយ​ចំនួន​ ដែល​ជា​ ផ្នែកនៃ​ក្រុម​គោលដៅ។​ ​លោកស្រី​បាន​បន្ថែម​ថា​ ​សមាជិក​មក​ពី​សមាគម​របស់​លោក​ស្រី​មួយ​ចំនួនធ្លាប់​បាន​ទទួល​បាន​ជំនួយ​បែបនេះ​ ​ក៏​ប៉ុន្តែ​ពួកគាត់ឆ្លង​កាត់​ការ​ដាក់​សំណើ​ដ៏​លំបាក​ខ្លាំង​ ​ទម្រាំ​ទទួល​បាន​ជោគជ័យ។​

លោកស្រី​បញ្ជាក់​បន្ថែម​ថា​ បច្ចុប្បន្ន​មិន​ទាន់​មាន​ធនាគារ​ណា​មួយ ដែល​មាន​គម្រោង​កម្មវិធី​ពិសេស​សម្រួល​ការ​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​ស្ត្រី​នៅ​ឡើយ​ទេ ហើយ​គម្រោង​ទាំង​នោះ​ចាំបាច់​បំផុត។

ហាង​លក់​សំលៀក​បំពាក់​សូត្រ​សិប្បករ​វត្តថាន់-​កម្ពុជា​ Watthan Artisans Cambodia ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៧។ ​(ខាន់​ សុគុំមនោ/VOA)​
ហាង​លក់​សំលៀក​បំពាក់​សូត្រ​សិប្បករ​វត្តថាន់-​កម្ពុជា​ Watthan Artisans Cambodia ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៧។ ​(ខាន់​ សុគុំមនោ/VOA)​

សហគ្រិន​ស្រ្តី​រូប​នេះ​ពន្យល់​ថា៖​

«ការ​ប្រាក់​បើ​យើង​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង​ ហើយ​និង​លក្ខខណ្ឌ​អាជីវកម្ម​ ​(business term and condition)​ ​នៅ​កម្ពុជាគឺ​ នៅ​តែ​ខ្ពស់​នៅ​ឡើយ​ ខ្ពស់​ខ្លាំង។​ ​ហើយ​ឯកសារ​រដ្ឋបាល​ ដែល​អាច​ឲ្យ​ជា​កម្ចី​ហ្នឹង​ក៏​នៅ​មាន​ការ​លំបាក​ខ្លាំង។ បើ​មាន​ត្រឹម​ផែនការ​អាជីវកម្ម​ (businss plan) ធនាគារ​អត់​យក​ទេ។​ ​ប្លង់ដី​បើ​ទន់​សឹង​តែ​អត់​យក​ បើ​ប្លង់​ផ្ទះ ​(ប្លង់)​ទន់​អត់​យក​ទេ ទាល់​(ប្លង់)​រឹង។ ហ្នឹង​ហើយ​អាច​ជា ​ការ​បង្អាក់​ (dismotivate) ដោយ​អត់​មាន​ការ​លើក​ទឹកចិត្ត»។​

អ្នក​ស្រី​ ពាង​ សុខា​ វ័យ​៣៥​ឆ្នាំ​ ​ជា ​សហគ្រិន​ស្ត្រីមួយ​រូប​ផ្សេង​ទៀត​ដែល​ ​VOA​ បាន​សម្ភាស។​ ​អ្នក​ស្រី​ជា​ម្ចាស់​ហាង​លក់​សម្លៀក​បំពាក់​សូត្រ​ ​វត្ត​ថាន់​ Watthan Artisans Cambodia ​ និង​ជាប្រធាន​គ្រប់គ្រង​ដោយ​ផ្ទាល់​ផង។ ​ជាមួយ​នឹង​បទពិសោធន៍​ជាង​ ​១០ឆ្នាំ​ក្នុង​វិស័យ​សហគ្រិន បច្ចុប្បន្ន​ ​អ្នកស្រី​គ្រប់គ្រង​ ​ហាង​ចំនួន​ ​៥​សាខា​ ​និងរោងចក្រ​សិប្បកម្មកាត់ដេរ​ខ្នាតតូច​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

ពី​ដើម​ឡើយ​ ហាង​មួយ​នេះ​ជា​អង្គការកើតចេញ​ពី​ជំនួយ​សប្បុរសធម៌​ពី​ក្រៅ​ប្រទេស​ តែ​នៅ​ឆ្នាំ​២០០៤​ ​មួយ​ឆ្នាំ​ ក្រោយ​ពី​អ្នកស្រី​ចូល​ធ្វើ​ជា​មន្ត្រីគ្រប់គ្រង​គម្រោង​របស់​ស្ថាប័ន​មួយ​នេះ អ្នកស្រីបាន​ផ្តួចផ្តើម​កែទម្រង់ ​វា​ជា​សហគ្រាស​ដើម្បី​សង្គម ព្រោះ​តែ​ការ​ខើច​នៃ​ប្រភព​ជំនួយ ហើយ​អ្នកស្រី​សម្រេច​ចិត្ត​មិន​បន្ត​ធ្វើ​ការងារ​យក​ប្រាក់​ខែ​នៅ​ស្ថាប័ន​ណា​ឡើយ។ ​

«ខ្ញុំ​សម្រេច​ចិត្ត​ថា​ បើ​ខ្ញុំ​ទាំង​២​សម្រេច​ចិត្ត​ទទួល​លុយ​ (ប្រាក់ខែ)​ត្រឹម​២.៥០០​ដុល្លារ​ឲ្យ​មនុស្ស​១​ក្រុម​ដែល​រស់​នឹង​របរ​ហ្នឹង​សឹង​ ៤​ឬ​៥​ឆ្នាំ​ហើយ​ តាំង​ពី​១៩៩៣​ ដល់​២០០៤​ នឹង​ត្រូវ​អត់​ការងារ​ធ្វើ។ ខ្ញុំ​យល់​ថា​ លុយ​ ២.៥០០​ ហ្នឹង​អត់​មាន​តម្លៃ​អី​សម្រាប់​ពួក​ខ្ញុំ វា​អាច​មាន​វិប្បដិសារី​សម្រាប់​ពួកខ្ញុំ»។​

មក​ដល់​ដំណាក់​កាល​នេះ​ អ្នក​ស្រី​មើល​ឃើញ​ថា​ អាជីវកម្ម​អ្នកស្រី​ដល់​ដំណាក់កាល​លូតលាស់​ ដែល​ទាមទារ​ឲ្យ​អ្នកស្រី​មានថវិកា​ពង្រីក​វា។​ តែ​អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​លើ​អាត្រា​ការ​ប្រាក់​ដ៏​ខ្ពស់​ក្នុង​ការ​ដែល​ទៅ​ខ្ចី​ធនាគារ​ និង​ដំណើរការ​ដ៏​ស្មុគស្មាញ​ក្នុង​ការ​បំពេញ​បែបបទ​ខ្ចី​ប្រាក់។​

«ខ្ញុំ​មាន​អារម្មណ៍​ថា វា​ពិបាក​ក្នុង​ការ​ធ្វើ​ឯកសារ​រញ៉េរញ៉ៃ។ ពួក​ខ្ញុំ​ក៏​ត្រូវការ​ជំនួយ​ដែរ​ ​វា​អាច​ពាក់​ព័ន្ធ​នឹង​ការ​សរសេរ​ឯកសារ​ Proposal ផ្សេងៗ។​ ​ពួក​ខ្ញុំ​អត់​មាន​បទ​ពិសោធន៍។ ពួក​ខ្ញុំគិត​ថា ​វា​ពិបាក​ និង​លើស​ពី​សមត្ថភាព​ ដែល​ពួក​ខ្ញុំ​ធ្វើ​បាន។ អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​បាន​គឺ​ខំ​ប្រឹង​ជួយ​ខ្លួន​ឯង​ជំនួស​ឲ្យ​ការ​ទៅ​សរសេរ​ proposal។​តែ​ពិត​ជាចង់​បាន​ណាស់ បើ​ខាង​ហ្នឹង​គាត់​មាន​ផ្នែក​មួយ​ចង់​ជួយ​ស្ត្រី​ ដែល​កំពុង​រក​ស៊ី​ហើយ​មាន​បញ្ហា​អស់​ហ្នឹង»។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​ចាំបាច់​ត្រូវ​ពិភាក្សា​នឹង​ស្វាមី​ រាល់​ការ​សម្រេចចិត្ត​ចំពោះ​មុខ​ជំនួញ​ សូម្បី​តែ​ការ​សម្រេច​ចិត្ត​ចូលរួម​វគ្គបណ្តុះបណ្តាលផ្នែក​អាជីវកម្ម​នៅ​ SHE Investment ដែល​ជា​សហ​គ្រាស​ដើម្បី​សង្គម​ មួយ​ដែល​មាន​គោល​បំណង​ផ្តល់​នូវ​ជំនាញ និង​ការ​ប្រឹក្សា​យោបល់ដល់​ស្ត្រី​ដែល​កំពុង​កាន់កាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម។​

ប្រសិន​បើ​ស្ត្រី​ម្នាក់​ចង់ដាក់​ចិត្ត​ដាក់កាយ​ប្តេជ្ញា​ក្នុង​ការ​ធ្វើ​ឲ្យ​អាជីវកម្ម​លូតលាស់​ ​វា​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​ទទួលបាន​ការ​ជ្រោមជ្រែង​ពី​ក្រុម​គ្រួសារ​ ឬ​ស្វាមី​ ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​លះ​បង់​អ្វី​ម្យ៉ាង​ដើម្បី​បំពេញ​គោលដៅ​គ្នា។​

អ្នកស្រី សុខា លើក​ឡើង​ថា៖

«វា​មាន​ការ​លំបាក​ ទាមទារ​ឲ្យ​មាន​ការ​លះបង់​ខ្ពស់​ដែល​យើង​ធ្វើ​ចេញ​ពី​បេះដូង​ ហើយ​មាន​ឆន្ទៈ​ថា​ តើ​យើង​ព្រម​អត់​ឃ្លាន​ក្នុង​អំឡុង​ពេល​យើង​ចង់​ឲ្យ​កន្លែង​ហ្នឹង​ដើរ​អត់​ពី​ជំហាន​ដំបូង​ ចំណុច​សូន្យ​ដល់​ឥឡូវ។ គ្រួសារ​ខ្ញុំ​អត់​បញ្ហា​ទេ ​ព្រោះ​យើង​ត្រូវ​ធ្វើ​រឿង​ហ្នឹង​ជាមួយ​គ្នា»។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ រាល់​ការ​សម្រេច​ចិត្ត​លើ​ការ​ខ្ចី​ប្រាក់​ និង​ចាប់​ផ្តើម​ពង្រីក​អាជីវកម្ម​ អ្នកស្រី​ចាំបាច់​មាន​ការ​អនុញ្ញាត​ ​និង​សម្រេច​ចិត្ត​ពី​ស្វាមី។​

បច្ចុប្បន្ន​ SHE Investment បាន​ដំណើរការ​គម្រោង​មួយ​ហៅ​ថា «Social Impact Fund‍» គោលបំណង​ផ្តល់​កម្ចីដល់​ស្ត្រី​ម្ចាស់​អាជីវកម្ម​ដែល​ចង់​ពង្រីក​អាជីវកម្ម​ខ្លួន។ វា​មាន​លក្ខណៈ​ពិសេស​សម្រាប់​ស្ត្រី​ដែល​នៅ​លីវ​និង​គ្មាន​កម្មសិទ្ធិ​ប្លង់ដី​ឬ​ផ្ទះ អាច​ខ្ចី​តាម​រយៈ​ឧបត្ថម្ភធនលើ​អត្រា​ការប្រាក់។ គម្រោង​នេះ​ចាប់​ដៃគូ​នឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​មួយ​ចំនួន​ដូច​ជា​ Good Return និង LOLC។

តាម​រយៈ​សារ​អេឡិចត្រូនិច ឆ្លើយឆ្លង​នឹង​ VOAអ្នកស្រី​ Celia Boyd​ ​ដែល​ជា​ស្ថាបនិក​ SHE Investment​ ​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ស្ថាប័ន​ ដែល​ដើរ​តួនាទី​កណ្តាល​រវាង​អ្នក​ផ្តល់​ប្រាក់​ជំនួយ​ ឬ​វិនិយោគ​ និង​អ្នក​ទទួល​ផល។ ​

អ្នកស្រី​សរសរ​ក្នុង​ន័យដើម​ថា៖ ​

«វា​ទាមទារ​ឱ្យ​អង្គការ​នានា​ដែល​ដើរ​តួនាទី​កណ្តាល​អាច​ជួយ​ដល់​អាជីវកម្ម​ដើម្បី​កែ​លម្អ​និង​ជួយ​ពង្រីក​ ព្រម​ទាំង​ជួយ​ស្ថាប័ន​ម្ចាស់​មូលនិធិ​ក្នុង​ការ​កំណត់​ក្រុម​គោលដៅ​ណា​ដែល​មាន​សក្តានុពល​ឲ្យ​បានទទួល​មូលនិធិ»។​

អ្នកស្រី​ Celia Boyd​ បាន​បន្ត​ទៀត​ថា៖

«នៅ​កម្ពុជា​ ការ​គាំទ្រ​ផ្តោត​លើ​យេនឌ័រ​ក្នុង​វិស័យ​សហគ្រិន​ភាព​នៅ​តែ​មិន​ទាន់គ្រប់គ្រាន់​សម្រាប់​សហគ្រិន​ស្ត្រី​ ពាក់ព័ន្ធនឹង​ការ​បណ្តុះបណ្តាល​ ការ​ផ្តល់​ប្រឹក្សា​ និង​កម្មវិធី​ហិរញ្ញវត្ថុ។ បើ​ទោះ​ជា​ភាគច្រើន​នៃ​អាជីវកម្ម​នៅ​ក្នុង​ប្រទេសកាន់​កាប់​ដោយ​ស្ត្រី​ក៏​ដោយ​ ក្នុង​កិច្ច​សន្ទនា​អំពី​អាជីវកម្ម​ខ្នាត​តូច​ ខ្នាត​មធ្យម​ និង​សាជីវកម្ម​ធំៗ​ កន្លង​មក ​ស្ត្រី​តែងតែ​ពុំ​មាន​តំណាង​គ្រប់គ្រាន់»។

អ្នកនាង ពិសី​ នៅ​ក្នុង​ចំណោម​ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី​នៅ​កម្ពុជា​ដែល​មាន​ ៦៥% ប៉ុន្តែ​អ្នក​នាង​ពុំ​ស្ថិត​ក្នុង​សមាគម​សហគ្រិន​ស្ត្រី​ណា​មួយ​ឡើយ។​ ដូច​ជា ស្ត្រី​ដែល​ជា​ អាជីវករ​ទូទៅ​ដទៃ​ទៀត​ដែរ​ កង្វះ​ព័ត៌មាន​សំខាន់ៗ​ទាក់ទិន​នឹង​ការ​ធ្វើ​ជំនួញ និង​បណ្តាញ​ទំនាក់ទំនង គឺ​ជា​ បញ្ហា​មួយ​ដែល​កម្រិត​នូវ​ភាព​ច្នៃប្រឌិត​នៃ​អាជីវកម្ម​របស់​អ្នក​នាង។​

សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ជា​ច្រើន​ដូចជា​ អ្នក​នាង​ពិសី និង​អ្នកស្រី​សុខា ​ទទួល​ព័ត៌មាន​ទាក់ទិន​នឹង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ពង្រីក​ជំនួញតាម​រយៈ​ការ​ចុះ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ តែ​ពី​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប៉ុណ្ណោះ ដែល​ជារឿយៗ​ ពិសី​បាន​ឲ្យ​ដឹង​ថា ក្រុម​បុគ្គលិក​ផ្នែកលក់​ជា​ ក្រុមៗ​ចុះ​ផ្សព្វផ្សាយ​អំពី​តារាង​តម្លៃ​ការ​ប្រាក់​ ដែល​មាន​តម្លៃ​ខ្ពស់​សម្រាប់​អ្នក​នាង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG