ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កម្ពុជា​បង្កើត​រង្វាន់​ថ្មី​ជំរុញ​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា


រូបឯកសារ៖ ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា ​នៅ​ក្នុង​កម្មវិធី​មហោស្រព​បច្ចេកវិទ្យា​ (Inno-Tech Festival Cambodia) ប្រចាំ​ឆ្នាំ​នៅ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពីថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ២០១៦។​ (VOA)

ស្រ្តី​ឆ្នើម​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ វិស្វកម្ម​ ឬ​ ជា​អ្នក​ប្រើ​បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍ​សង្គម​ឬ​សហគមន៍​​ អាច​ចុះ​ឈ្មោះ​​ចូល​រួម​ក្នុង​កម្មវិធី​ពាន​រង្វាន់​នេះ ​បាន​ត្រឹម​ថ្ងៃទី​១​ ខែ​មីនា​នេះ ​ហើយ​លទ្ធផល​ជ័យ​លាភី​នៃ​កម្មវិធី​ពាន​រង្វាន់ នឹង​ប្រកាស​នៅ​ថ្ងៃទី​០៧ ខែ​មីនា​​ នៅ​ក្រសួង​ ប្រៃ​សណីយ៍​និង​ទូរគមនាគមន៍​ មួយ​ថ្ងៃ​មុន​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ០៨ មីនា។

«កម្មវិធី​ស្ត្រី​កម្ពុជាក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨» ឬ​ «Cambodia Women in Tech»​ Award ដែល​ជា​កម្មវិធី​ផ្តួច​ផ្តើម ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ នឹង​ប្រគល់ពាន​រង្វាន់​ដល់​ស្រ្តី​ឆ្នើមៗ​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ក្នុង​ប្រទេស​កម្ពុជា ជា​លើក​ដំបូង ​នៅ​ថ្ងៃទី​០៧​ ខែមីនា​នេះ។​

ស្រ្តី​ឆ្នើម​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ វិស្វកម្ម​ ឬ​ ជា​អ្នក​ប្រើ​បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍ​សង្គម​ឬ​សហគមន៍ អាច​ចុះ​ឈ្មោះចូល​រួម​ក្នុង​កម្មវិធី​ពាន​រង្វាន់​នេះ ​បាន​ត្រឹម​ថ្ងៃទី​១​ ខែ​មីនា​នេះ ​ហើយ​លទ្ធផល​ជ័យ​លាភី​នៃ​កម្មវិធី​ពាន​រង្វាន់ នឹង​ប្រកាស​នៅ​ថ្ងៃទី​០៧ ខែ​មីនា នៅ​ក្រសួង​ ប្រៃ​សណីយ៍​និង​ទូរគមនាគមន៍​ មួយ​ថ្ងៃ​មុន​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ០៨ មីនា។

«កម្មវិធីស្ត្រី​កម្ពុជាក្នុងវិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨» នេះ ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ជំរុញ​លើកទឹក​ចិត្ត​ស្រ្តី​ ដែល​មាន​ចំណាប់​អារម្មណ៍វិស័យ​បច្ចេក​វិទ្យា គមនាគមន៍ ​និង​ព័ត៌មាន​វិទ្យា (ប.គ.ព) ​ឲ្យ​ចូលរួម​កាន់តែ​ច្រើន​ក្នុង​សង្គម​ឌីជីថល​ ជាពិសេស​ដើម្បី​កាត់​បន្ថយ​គម្លាតយេនឌ័រ​រវាង​ស្រ្តី​និង​បុរស ​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​វិស្វកម្ម។​ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​របស់​អគ្គនាយកដ្ឋាន​បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគនាគមន៍។

អ្នកស្រី​ តាន់​ សូដានី ​ប្រធាន​នាយកដ្ឋាន​គោល​នយោបាយ​បច្ចេកវិទ្យា គមនាគមន៍​ និង​ព័ត៌មាន​វិទ្យា បាន​ប្រាប់​ VOA តាម​ទូរសព្ទ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ចំនួន​ស្រ្តី​ដែល​ធ្វើការ​ក្នុង​ផ្នែក​នេះ​និង​ចំនួន​ស្រ្តី​ដែល​ចាប់​យក​ជំនាញ​បច្ចេក​វិទ្យា​ ​នៅ​មាន​តិច​តួច​នៅ​ឡើយ។ ដូច្នេះ ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ សង្ឃឹម​ថា កម្មវិធី​ពាន​រង្វាន់​នេះ នឹង​ដើរ​តួ​ជា​កត្តា​មួយ​ក្នុងការ​ជំរុញ​លើក​ទឹកចិត្តស្រ្តី​ឲ្យ​ចូលរួម​កាន់​តែ​ច្រើន។

អ្នក​ស្រី​បាន​និយាយ​ប្រាប់​ VOA ថា៖

«អីចឹង​យើង​ចង់​បាន​ការ​ចូល​រួម​របស់​ស្រ្តីកាន់​តែ​ច្រើន​នៅ​ក្នុង​វិស័យ​ហ្នឹង ហើយ​ចូល​រួម​ក្នុងការអភិវឌ្ឍ​នៅ​ក្នុង​វិស័យហ្នឹង ក៏​ដូច​ជាដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​អាច​បោះ​ជំហាន​មួយ​ទៅ​ខាង​មុខ​បាន ហើយ​ក៏​ជា​សង្គម​ដែល​មាន​សេដ្ឋកិច្ច​ផ្នែក​ឌីជីថល»។

របាយការណ៍​ការ​អប់រំ​សង្ខេប​របស់​អង្គការ​ UNESCO នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ស្តី​អំពី​គម្លាតយេនឌ័រក្នុង​វិស័យ STEM អះអាង​ថា បើ​ទោះ​បីជា​តម្រូវ​ការ​អ្នក​ជំនាញ​ផ្នែក​ STEM ​បាន​កើន​ឡើង​ក៏​ដោយ ក៏​ចំនួន​ស្រ្តី​ក្នុង​វិស័យនេះ នៅ​មានតិចតួច។ ហើយ​ស្រ្តី​ដែល​ធ្វើការ​ជា​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​គឺ​មាន​តែ​២៨​ភាគរយ​ប៉ុណ្ណោះ​ទូទាំង​ពិភពលោក។​

កញ្ញា តាន់ អេង កញ្ចនិត្យ និស្សិតឆ្នាំទីពីរ ដែលកំពុងសិក្សាផ្នែកវិស្វកម្ម វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជានិងជាបេក្ខជនម្នាក់ចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីរការសិក្សាមុខវិជ្ជា STEM របស់គម្រោងមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) និយាយជាមួយអ្នកកាសែត កាលពីថ្ងៃទី២៨ កុម្ភៈ ២០១៨ ក្នុងរាជធានីភ្នំពេញ។(ទុំ ម្លិះ/VOA)
កញ្ញា តាន់ អេង កញ្ចនិត្យ និស្សិតឆ្នាំទីពីរ ដែលកំពុងសិក្សាផ្នែកវិស្វកម្ម វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជានិងជាបេក្ខជនម្នាក់ចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីរការសិក្សាមុខវិជ្ជា STEM របស់គម្រោងមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) និយាយជាមួយអ្នកកាសែត កាលពីថ្ងៃទី២៨ កុម្ភៈ ២០១៨ ក្នុងរាជធានីភ្នំពេញ។(ទុំ ម្លិះ/VOA)

កញ្ញា​ តាន់ អេង កញ្ចនិត្យ និស្សិត​ឆ្នាំ​ទី​ពីរ​ ដែល​កំពុង​សិក្សា​ផ្នែក​វិស្វកម្ម​ វិទ្យាសា្ថន​បច្ចេកវិទ្យា​កម្ពុជា​និង​ជា​បេក្ខជន​ម្នាក់​ចូល​រួម​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពីរ​ការសិក្សា​មុខ​វិជ្ជា STEM របស់​គម្រោង​មេដឹកនាំ​យុវជន​វ័យក្មេងនៅ​អាស៊ីអាគ្នេយ៍ (YSEALI) បាន​ប្រាប់​ VOA ថា ​ទោះ​បី​ជា​នាង​ស្រឡាញ់​វិទ្យាសាស្រ្ត​តាំង​ពី​តូច​ក៏​ដោយ​ ប៉ុន្តែ​ក្រុមគ្រួសារ​របស់​យុវនារី​មួយ​រូប​នេះ ​មិន​ពេញ​ចិត្ត​ឲ្យ​នាង​សិក្សា​មុខ​វិជ្ជា​នេះ​ទេ។

កញ្ញា​ តាន់ អេង កញ្ចនិត្យ ​បាន​ប្រាប់ VOA ថា៖

«ចំពោះ​ស្រ្តី​គាត់​ខ្លាច​ថា ពេល​ចេញ​ទៅ​ពិបាក​រក​ការងារ​ធ្វើ​ព្រោះ​យើង​ស្រី ហើយ​សង្គម​គេគិត​ថា​អាហ្នឹង​ប្រុស​ៗ​គេ​ធ្វើ​បាន​ល្អ​ជាង»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កញ្ចនិត្យ បាន​បន្ថែម​ថា នាង​នៅ​តែ​បន្ត​សិក្សា​មុខវិជ្ជា​ដែល​ខ្លួន​ស្រឡាញ់​ មិន​មែន​ដើម្បី​តែ​ខ្លួន​នាង​នោះ​ទេ តែ​ដើម្បីការ​អភិវឌ្ឍរបស់​ប្រទេស​កម្ពុជា។

កញ្ចនិត្យ ​បាន​បន្ថែម​ថា៖

«ប្រទេស​យើង​ស្រី​វា​លើស​៥០​ភាគ​រយ​ហើយ។ អ៊ីចឹង​ពេល​យើង​កំពុង​តែ​ត្រូវ​ការ​ជំនាញ​ហ្នឹង​ផង អីចឹង​បើសិន​ជា​អត់ស្រ្តី​ហើយ​និង​មនុស្ស​ជំនាន់​ក្រោយ​ ដូច​ខ្ញុំ​អ៊ីចឹង​ចូល​រួម​ទេ អីចឹង​វា​រាង​ពិ​បាក​ធ្វើ​ឲ្យ​យើង​អភិវឌ្ឍ​រាង​យឺត​អីចឹង»។​

លោក​ សុខ សុភមង្គល នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា Codingate បាន​បង្ហាញ​ការ​គាំទ្រ​របស់​លោក​ចំពោះ «កម្មវិធីស្ត្រី​កម្ពុជាក្នុងវិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨» ​ដោយ​លោក​លើក​ឡើង​ថា ​ស្រ្តី​មាន​ការចាប់​អារម្មណ៍​វិស័យ​បច្ចេកវិទ្យា​នេះ ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ចេញ​មុខ​ដោយសារ​កម្ពុជា​នៅ​ខ្វះ​ស្រ្តី​គំរូ។

លោក​បាន​និយាយ​ប្រាប់ VOA ថា៖

«ស្ត្រី​គឺ​គាត់​មាន​ការ​ចាប់​អារម្មណ៍ ឬ​ក៏​គាត់ចង់​ធ្វើ​ប៉ុន្តែ​គាត់​មិន​ទាន់​ លក្ខណៈ​មួយ​ថា..ចេញ​មក​ជា star (តារា) ឬ role model (ជនគំរូ) ក្នុង​ industry (វិស័យ) ​ហ្នឹង»។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែ​មីនា ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​សម្រាប់​ការ​ដាក់ពាក្យ​ អ្នកស្រី​ តាន់​ សូដានី ប្រធាន​នាយកដ្ឋាន​គោល​នយោបាយ​បច្ចេកវិទ្យា គមនាគមន៍​ និង​ព័ត៌មាន​វិទ្យា បាន​និយាយ​ថា​ ស្រ្តី​ដែល​បាន​ដាក់​ស្នើ​ជា​បេក្ខភាព​ចូល​រួម​ក្នុង​ «កម្មវិធី​ស្ត្រី​កម្ពុជាក្នុងវិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨» ​មាន​ចំនួនតែ​ ២៦​នាក់​ប៉ុណ្ណោះ ​ក្នុង​ចំណោម​ប្រជាជនស្រ្តីសរុប​ប្រហែល​ ៨​លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា​យោងតាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក។ ស្រី្ត​ទាំង​២៦​នាក់នោះ​ភាគ​ច្រើន គឺ​មក​ពី​ស្ថាប័ន​ឯកជន សាស្រ្តាចារ្យ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​មក​ពី​ក្រសួង។

«កម្មវិធីស្ត្រី​កម្ពុជាក្នុងវិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨»​ នឹង​ប្រគល់ពាន​រង្វាន់​បី​ប្រភេទ​ជូន​ទៅ​ឲ្យ​ស្រី្តឆ្នើម​ចំនួន​បី​នាក់​ គឺ​ពាន​រង្វាន់​សហគ្រិន​ស្ត្រីឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ (Cambodian Woman ICT Entrepreneur Award) ពាន​រង្វាន់​វិស្វករស្រ្តី​ជោគជ័យ​ក្នុង​ជំនាញ​ ប.គ.ព (Cambodian Woman​ ICT Engineer Award) ​ពាន​រង្វាន់​ស្រ្តី​ដែល​បានចូលរួម​ជំរុញ​ការប្រើប្រាស់បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍ​សង្គម​ ឬ​សហគមន៍​ (Cambodian Woman ICT For Community Award)។

ស្រ្តី​ឆ្នើម​ទាំង​បីរូប ​នឹងផ្តល់​កិត្តិយស​ទទួ​ល​ពាន​រង្វាន់​ ព្រម​ទាំង​រង្វាន់​លើក​ទឹកចិត្ត​នានា ពី​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍​ផង​ដែរ។ ពួកគេ​ក៏​នឹង​ត្រូវស្នើសុំ​ផ្តល់​បទ​សម្ភាសន៍​ដើម្បី​បង្កើត​ជា​វីដេអូ​ខ្លី​ៗ​ក្នុង​ប្រធានបទ«ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្រ្តី​តាម​រយៈ​បច្ចេកវិទ្យា គមនាគមន៍និងព័ត៌​មាន​»​ដើម្បី​ផ្សព្វផ្សាយ​ជំ​រុញ​ការ​ចូលរួម​របស់​ស្រ្តី​ដទៃ​ទៀត​ជា​បន្តបន្ទាប់​ដែរ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​បច្ចេកវិទ្យា ICT ឬ STEM នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ទាំង​រដ្ឋាភិបាល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រៀបចំ​កម្មវិធី​ផ្សេងៗ​ ដើម្បី​ជំរុញ​និង​លើក​ស្ទួយ​ឲ្យ​យុវជន​កម្ពុជា​ចូលរួម​ច្រើន​ជាង​មុន។

នៅ​ក្នុង​ខែ​មីនា​នេះ​ កម្ពុជា​រៀបចំ​កម្មវិធី​បី ​ដែល​ផ្តោត​លើ​វិស័យ​បច្ចេកវិទ្យា ក្នុង​នោះ​រួម​មាន​ មហោស្រព​ វិទ្យាសាស្រ្ត​ និង​វិស្វកម្ម​កម្ពុជា​លើកទី​បួន ដែល​កំពុង​ប្រព្រឹត្ត​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៣ មីនា សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តី​ពី​ការ​សិក្សា​មុខ​វិជ្ជា STEM និង ​«កម្មវិធី​ស្ត្រី​កម្ពុជាក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨»៕

XS
SM
MD
LG