ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ បានផ្សព្វផ្សាយវីដេអូមួយពីហ្វូងយុវជនកំពុងដុតភ្លើង និងចូលលួចក្នុងធនាគារនិងអាជីវកម្មឯកជនក្នុងថ្ងៃហិង្សាទីពីរនៅតាមទីក្រុងជាច្រើនក្នុងប្រទេសទុយនីស៊ី។
ក្រសួងមហាផ្ទៃបានរាយការណ៍ថា មានមនុស្ស ២៤២ នាក់ ត្រូវបានចាប់ខ្លួនក្នុងអំពើហិង្សានោះ។
នាយករដ្ឋមន្ត្រី Hichem Meshishi បានថ្លែងជាសាធារណៈកាលពីថ្ងៃសៅរ៍ទី១៦ ខែមករាថា លោកកំពុងបង្ហាញសំណើរុះរើគណៈរដ្ឋមន្ត្រីមួយទៅកាន់សភា ដើម្បីព្យាយាមកាត់បន្ថយអំពើពុករលួយ ភាពអត់ការងារធ្វើ និងវិបត្តិសេដ្ឋកិច្ច ដែលកំពុងញាំញីប្រទេសនេះ។
លោកនិយាយថា ប៉ុន្មានខែខាងមុខ នឹងជាការគំរាមកំហែងធ្ងន់ធ្ងរមួយ ហើយកំណែទម្រង់សេដ្ឋកិច្ចត្រូវតែធ្វើឡើង រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីកែប្រែភាពអយុត្តិធម៌ក្នុងសង្គម និងការអភិវឌ្ឍមិនគ្រប់គ្រាន់។ លោកបន្ថែមថា គេក៏ត្រូវការកិច្ចសហប្រតិបត្តិការច្រើនជាងមុននៅថ្នាក់រដ្ឋមន្ត្រី ដែលនេះជាហេតុផលនាំឱ្យមានការរុះរើគណៈរដ្ឋមន្ត្រី។
សង្គមវិទូនយោបាយជនជាតិអេហ្ស៊ីបលោក Said Sadek និយាយជាមួយវីអូអេពីប្រទេសទុយនីស៊ីថា អ្នកធ្វើកុបកម្មភាគច្រើនជា«ក្មេងជំទង់និងបុរសវ័យក្មេង» ហើយប៉ូលិសបាន«ស្ទាក់ស្ទើរក្នុងការបង្ក្រាបពួកគេដោយសារមានការរិះគន់ពីគណបក្សនយោបាយថា ជាអំពើសាហាវឃោរឃៅ»។
លោក Sadek បន្ថែមថា ជនជាតិទុយនីស៊ីជាច្រើនមិនសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្ន ទាំងសេដ្ឋកិច្ចនិងនយោបាយ ហើយមនុស្សជាច្រើនយល់ថា អ្នកនយោបាយ មិនខ្វល់ពីជោគវាសនារបស់ប្រជាជនសាមញ្ញ។
លោក Sadek ថ្លែងថា៖ «បដិវត្តន៍ Arab Spring ដែលមានទម្រង់បែបកុបកម្មនេះ កំពុងជួបនឹងបញ្ហាជាច្រើន ទោះបីជាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានផ្សព្វផ្សាយនិងបង្ហាញរូបភាពថា វាជោគជ័យក៏ដោយ។ នៅក្នុងប្រទេស ប្រជាជនមិនមានអារម្មណ៍ ឬឃើញជោគជ័យណានោះទេ។ ពួកគេមិនមាននំប៉័ង ពួកគេមិនមានទឹក ហើយសន្តិសុខក្នុងប្រទេសក៏ជាបញ្ហា»។
រដ្ឋាភិបាលបានប្រកាសបិទដំណើរការប្រទេសរយៈពេលបួនថ្ងៃកាលពីសប្តាហ៍មុន ដោយនិយាយថា វិធានការនេះ គឺដោយសារតែករណីឆ្លងវីរុសកូរ៉ូណា បានកើនឡើង។ ទោះយ៉ាងណាអ្នកវិភាគមួយចំនួននិយាយថា ការបិទដំណើរការប្រទេស គឺដើម្បីបង្ការលទ្ធភាពកើតមានអំពើហិង្សានៅថ្ងៃគម្រប់ខួបនៃការចាកចេញរបស់ប្រធានាធិបតីមុន គឺលោក Ben Ali កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១។
ប្រទេសទុយនីស៊ី បានប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរតាំងពីលោក Ben Ali ចុះចេញមកម៉្លេះ ហើយវិបត្តិវីរុសកូរ៉ូណា បានធ្វើឲ្យប្រទេសនេះ ខ្វះថវិកា។ ជនជាតិទុយនីស៊ីក៏និយាយដែរថា រដ្ឋាភិបាលមិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញវ៉ាក់សាំងសម្រាប់ប្រជាជនខ្លួនទេ។
បដិវត្តន៍ «Arab Spring» ក្នុងប្រទេសទុយនីស៊ី បានផ្ទុះឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១០ បន្ទាប់ពីអ្នកលក់បន្លែវ័យក្មេងម្នាក់ឈ្មោះ Mohammed Bouaziz ដុតខ្លួនឯងដើម្បីតវ៉ានឹងស្ថានភាពសេដ្ឋកិច្ច និងភាពឃោរឃៅរបស់ប៉ូលិស។ វាគឺជាបដិវត្តលើកទីមួយក្នុងពិភពអារ៉ាប់ ដែលបានផ្ទុះដែរនៅប្រទេសផ្សេងទៀតដូចជា អេហ្ស៊ីប លីប៊ី យេម៉ែន និងស៊ីរី។
ទោះបីជាមានការផ្តួលរំលំរដ្ឋាភិបាលផ្តាច់ការនានាដូចជារដ្ឋាភិបាលរបស់លោក Zein el Abidine Ben Ali ក្នុងប្រទេសទុយនីស៊ីកាលពីឆ្នាំ២០១១ក៏ដោយ ក៏ការទាមទារនិងសេចក្តីប្រាថ្នាជាច្រើនរបស់អ្នកតវ៉ា មិនត្រូវបានធ្វើឱ្យសម្រេចទេ ដែលនាំឲ្យមានការផ្ទុះកំហឹងពីសាធារណជនម្តងម្កាល ដូចកុបកម្មថ្មីៗនេះ និងអំពើហិង្សានៅក្នុងខែមករានេះ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ