ការ​ស្ទង់​មតិ​បង្ហាញ​ថា អ្នក​សារព័ត៌មាន​ភាគ​ច្រើន​ពេញចិត្ត​នឹង​អាជីព​នេះ ទោះ​មាន​ក្ដី​បារម្ភ​ក៏ដោយ

រូបឯកសារ៖ អ្នក​សារព័ត៌មាន​​សួរ​សំណួរ​ចំពោះ​លោកស្រី Nancy Pelosi ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​សប្តាហ៍​របស់​លោកស្រី​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២។

អ្នក​សារព័ត៌មាន​ប្រឈម​នឹង​ការ​យាយី ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​ដឹង​អំពី​បញ្ហា​ហិរញ្ញវត្ថុ​នៃ​វិស័យ​សារព័ត៌មាន​និង​ទស្សនៈ​មិន​សូវ​ល្អ​ដែល​ពលរដ្ឋ​អាមេរិក​ជា​ច្រើន​មាន​លើ​ពួកគេ។

ទោះបីជា​មាន​បញ្ហា​ទាំង​អស់​នេះ​ក៏ដោយ ក៏​អ្នក​សារព័ត៌មាន​ភាគ​ច្រើន​ពេញចិត្ត​នឹង​ការងារ​របស់​ពួកគេ ហើយ​នឹង​មិន​ប្ដូរ​ទៅ​ធ្វើ​ការងារ​ផ្សេង​ពី​នេះ​ទេ។

ទាំង​អស់​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​ការ​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew (Pew Research Center) លើ​អ្នក​សារព័ត៌មាន​ជិត ១២.០០០​នាក់ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា​កន្លង​ទៅ​នេះ។

អ្នកស្រី Amy Mitchell ប្រធាន​ផ្នែក​ស្រាវជ្រាវ​សារព័ត៌មាន​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​និយាយ​ថា៖ «សម្រាប់​ខ្ញុំ នេះ​គឺ​ជា​ការ​ដាក់​ទល់​គ្នា​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ អ្នក​សារព័ត៌មាន​ដឹង​អំពី​រឿង​ទាំង​នេះ។ ពួកគេ​យល់​ថា​កិច្ចការ​នេះ​លំបាក។ ពួកគេ​ដឹង​អំពី​អារម្មណ៍​របស់​សាធារណជន​ចំពោះ​ពួកគេ។ ប៉ុន្តែ​ពួកគេ​ស្រឡាញ់​ការងារ​នេះ។ ពួកគេ​មាន​មោទនភាព​ចំពោះ​ការងារ​របស់​ខ្លួន»។

នៅ​ក្នុង​ការ​ស្ទង់​មតិ​នោះ អ្នក​សារព័ត៌មាន​ចំនួន ៧៧% បាន​និយាយ​ថា ប្រសិនបើ​ពួកគេ​មាន​ឱកាស​ធ្វើ​វា​ម្ដង​ទៀត​ឡើង​វិញ​ទាំងស្រុង ពួកគេ​នៅតែ​បន្ត​អាជីព​ក្នុង​វិស័យ​ព័ត៌មាន​ដដែល។

អ្នក​សារព័ត៌មាន​ចំនួន ៧៥% ដែល​មាន​អាយុ​លើស ៦៥ ឆ្នាំ បាន​និយាយ​ថា ការងារ​ជា​អ្នក​សារព័ត៌មាន​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​សុខុមាលភាព​ផ្លូវ​អារម្មណ៍​របស់​ពួកគេ បើ​ទោះបីជា​តួលេខ​នេះ​មាន​ចំនួន​តិច​ជាង​នេះ​សម្រាប់​អ្នក​ដែល​មាន​វ័យ​ក្មេង​ជាង​នេះ​ក៏ដោយ។

នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​សួរ​ឱ្យ​រៀបរាប់​អំពី​វិស័យ​សារព័ត៌មាន​នេះ​ដោយ​ប្រើ​ពាក្យ​តែ​មួយ​ម៉ាត់ គេ​ឃើញ​ថា អ្នក​សារព័ត៌មាន ៧២% នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ​ជ្រើសរើស​ពាក្យ​ដែល​មាន​លក្ខណៈ​អវិជ្ជមាន​ដូចជា​ពាក្យ «ប្រឹងប្រែង​ដោយ​លំបាក» ពាក្យ «ច្របូកច្របល់» ពាក្យ «ប្រកាន់​បក្សពួក» ពាក្យ «ពិបាក» និង​ពាក្យ «តានតឹង​ក្នុង​ចិត្ត» ជាដើម។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew។

ហើយ​នៅ​ពេល​ដែល​សួរ​ពួកគេ​ថា ​តើ​ពាក្យ​មួយ​ម៉ាត់​ណា​ដែល​សាធារណជន​ទូទៅ​ប្រើ​ដើម្បី​សំដៅ​លើ​វិស័យ​សារព័ត៌មាន គេ​ឃើញ​ថា​មាន​តែ​ពាក្យ​ចំនួន ៣% ប៉ុណ្ណោះ​ដែល​អាច​ចាត់ទុក​ថា​មាន​លក្ខណៈ​វិជ្ជមាន។

ពាក្យ​មួយ​ចំនួន​ដូចជា​ពាក្យ «មិន​ត្រឹមត្រូវ» ពាក្យ «មិន​គួរ​ឱ្យ​ទុកចិត្ត» ពាក្យ «លំអៀង» និង​ពាក្យ «ប្រកាន់​បក្ស​ពួក» ជាដើម គឺ​ជា​ពាក្យ​ដែល​សាធារណជន​ទូទៅ​និយម​ប្រើ​បំផុត។

ព័ត៌មាន​ទាក់ទង៖ អង្គការ CPJ ថ្កោលទោស​ការ​វាយ​ប្រហារ និង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ដែល​យក​ព័ត៌មាន​អំពី​ការ​តវ៉ា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក


ការ​វាយ​ប្រហារ​ជា​ច្រើន​ឆ្នាំ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​សម្ព័ន្ធមិត្ត​របស់​លោក Trump លើ​វិស័យ​សារព័ត៌មាន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​វិស័យ​នេះ។

ដោយ​រួម​បញ្ចូល​ជាមួយ​នឹង​ការ​ស្ទង់​មតិ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​មួយ​ទៀត​លើ​ពលរដ្ឋ​អាមេរិកាំង​ពេញវ័យ​ជា​ទូទៅ អ្នក​សារព័ត៌មាន​មាន​ទស្សនៈ​វិជ្ជមាន​លើ​ការងារ​ដែល​ពួកគេ​ធ្វើ​ជាង​សាធារណជន​ដែល​ពួកគេ​រាយការណ៍​ព័ត៌មាន​ឱ្យ។

ជា​ឧទាហរណ៍ អ្នក​សារព័ត៌មាន ៦៧% ជឿ​ថា ពួកគេ​ធ្វើ​ការងារ​បាន​ល្អ​បំផុត​ឬ​ល្អ​គួរសម​លើ​ការ​រាយការណ៍​ព័ត៌មាន​អំពី​រឿងរ៉ាវ​សំខាន់​បំផុត​នានា បើ​ប្រៀប​ជាមួយ​នឹង​សារធារណជន​ចំនួន ៤១% ដែល​យល់​ឃើញ​ដូច្នេះ។

អ្នក​សារព័ត៌មាន​ភាគ​ច្រើន​ក្នុង​ចំនួន ៦៥% បាន​និយាយ​ថា ស្ថាប័ន​ព័ត៌មាន​ធ្វើ​កិច្ចការ​បាន​ល្អ​នៅ​ក្នុង​ការ​រាយការណ៍​ដោយ​ត្រឹមត្រូវ ចំណែក​ឯ​សាធារណជន​ចំនួន​តែ ៣៥% ប៉ុណ្ណោះ​ដែល​គិត​ដូច្នេះ។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​រក​ឃើញ​ថា អ្នក​សារព័ត៌មាន ៤២% បាន​និយាយ​ថា ពួកគេ​បាន​រង​ការ​យាយី​ឬ​ការ​គំរាមកំហែង​កាលពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ដែល​ភាគច្រើន​ធ្វើ​ឡើង​តាម​អនឡាញ។ ស្ត្រី​ចំនួន ១៦% បាន​និយាយ​ថា ពួកគេ​បាន​រង​ការ​យាយី​ផ្លូវ​ភេទ​ពី​អ្នក​ក្រៅ​ដែល​មិន​ធ្វើការ​ក្នុង​អង្គភាព​របស់​ពួកគេ។

អ្នក​សារព័ត៌មាន​ជាង ៩០% ក្នុង​ចំណោម ១០ នាក់​បាន​និយាយ​ថា ពួកគេ​ចាត់ទុក​ព័ត៌មាន​ប្រឌិត​ឬ​ក៏​ព័ត៌មាន​មិន​ពិត​ថា​ជា​បញ្ហា​ចម្បង​មួយ​សម្រាប់​សង្គម។ អ្នក​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ​ចំនួន​មួយ​ភាគ​បី​បាន​បញ្ជាក់​ថា ជា​រឿយៗ​ពួកគេ​បាន​ប្រទះ​ឃើញ​ព័ត៌មាន​មិន​ពិត។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​លើកឡើង​បន្ថែម​ថា បើ​ទោះបីជា​មាន​រឿង​អវិជ្ជមាន​អស់​ទាំង​នេះ​ក៏ដោយ ក៏​អ្នក​សារព័ត៌មាន​ចំនួន ៧០% បាន​បញ្ជាក់​ថា ពួកគេ​មាន​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ឬ​ក៏​ពេញចិត្ត​គួរសម​នឹង​ការងារ​របស់​ពួកគេ។ ចំណែក​ឯ​សាធារណជន​ចំនួន​ប្រហែល​គ្នា​នេះ​ដែរ​បាន​និយាយ​ថា ពួកគេ​ពេញចិត្ត​នឹង​ការងារ​របស់​ខ្លួន។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​រកឃើញ​ថា អ្នក​សារព័ត៌មាន​ក្នុង​ចំនួន​ច្រើន​លើសលប់​បាន​ប្រើ​បណ្ដាញ​សង្គម​អនឡាញ​ដូចជា Twitter និង Facebook ជាដើម​ដើម្បី​លើក​កម្ពស់​កិច្ចការ​របស់​ពួកគេ និង​ដើម្បី​ស្វែងរក​ប្រភព​ផ្ដល់​ព័ត៌មាន​ផ្សេងៗ។ ប៉ុន្តែ អ្នក​សារព័ត៌មាន​ចំនួន​ពីរ​ភាគ​បី​បាន​និយាយ​ថា បណ្ដាញ​សង្គម​អនឡាញ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ខ្លាំង​ឬ​អវិជ្ជមាន​គួរសម​លើ​អាជីព​ការងារ​របស់​ពួកគេ។

អ្នកស្រី Mitchell បាន​និយាយ​ថា៖ «ជា​ទូទៅ មនុស្ស​មិន​ទុកចិត្ត​ច្រើន [លើ​បណ្ដាញ​សង្គម​អនឡាញ] ទេ។ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​បាន​ប្រើ​បណ្ដាញ​សង្គម​ទាំង​នោះ»។

អ្នកស្រី​បាន​បន្ថែម​ថា មនុស្ស​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ការ​យាយី​ឬ​ក៏​ប្រទះ​ឃើញ​ព័ត៌មាន​មិន​ទុកចិត្ត​នៅ​តាម​អនឡាញ​ប្រហែល​ជា​អាច​ពន្យល់​អំពី​ភាព​ផ្ទុយ​គ្នា​នេះ​បាន។

អ្នក​សារព័ត៌មាន​ចំនួន ៧៥% យល់​ថា វា​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​នៅ​ពេល​ដែល​មនុស្ស​ដែល​មាន​ទស្សនៈ​ដូច​គ្នា​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​តែ​មួយ។ រី​ឯ​សាធារណជន​ចំនួន ៣៩% វិញ​ក៏​យល់​ឃើញ​ដូច្នេះ​ដែរ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew។

ការ​រក​ឃើញ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew គឺ​ផ្អែក​លើ​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​តាម​អនឡាញ​លើ​អ្នក​សារព័ត៌មាន​ចំនួន ១១.៨៨៩ នាក់ ដែល​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី ១៧ ខែ​មីនា​កន្លង​ទៅ​នេះ ដោយ​អត្រា​ខុស​អាច​មាន​តែ ១% ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ