ព្រឹត្តិ​ការណ៍​«ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត»​អប់រំ​អំពី​ខ្មែរ​ក្រហម​នៅ​អន្លង់វែង

ឯកសារ​បង្ហាញ​អំពី​មេដឹកនាំ ប៉ុល ពត ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ «ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត» នៅ​ក្នុង​ស្រុក​អន្លង់វែង។ (រូបថត​ផ្តល់​ដោយ​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង)

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​និង​អាជ្ញាធរ​ខេត្ត​ឧត្តរ​មានជ័យ​ នៅថ្ងៃ​៥មករា ​នឹង​រៀបចំ​ពិព័រណ៍​មួយមួយ​ស្តី​អំពី​«ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត»នៅ​អន្លង់​វែង​ជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​អតីត​ខ្មែរ​ក្រហម។

អន្លង់វែង​ជា​តំបន់​អតីត​ខ្មែរ​ក្រហម​ចុងក្រោយ​ ដែល​កាល​ពី​ជាង​២០​ឆ្នាំ​មុន​នៅ​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរ​ក្រហម​ដែល​នៅ​សេស​សល់​និង​កង​កម្លាំង​រដ្ឋាភិបាល​កម្ពុជា។ ​រហូត​ដល់​ឆ្នាំ​១៩៩៨ ​ទើប​មាន​សមាហរណកម្ម​បញ្ចប់​សង្រ្គាម​ទាំង​ស្រុង។ ​កម្លាំង​ខ្មែរ​ក្រហម​ដែល​នៅ​សេស​សល់​បន្ត​រស់​នៅ​ក្នុង​តំបន់​នេះ។​ រហូត​មក​ដល់​ពេល​នេះ ​អ្នក​ចំណូល​ថ្មីក៏​បាន​មក​រស់​នៅ​តំបន់​អន្លង់វែង លាយឡំ​ជាមួយ​អតីត​ខ្មែរ​ក្រហម​ផង​ដែរ។​

នៅ​ថ្ងៃ​សៅរ៍ ទី​៥​ ខែ​មករា​នេះ​ ​មជ្ឈមណ្ឌល​សន្តិភាព​ដែល​ស្ថិត​នៅ​ក្រោម​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ នឹង​រៀបចំ​ឲ្យ​មាន​ពិព័រណ៍​មួយ​ស្តី​អំពី​«ថ្មើរ​ជើង​ប្រវត្តិ​សាស្ត្រ»។​ ពិព័រណ៍​នេះ​នឹង​បង្ហាញ​អំពី​ប្រវត្តិ​មេដឹកនាំ​ខ្មែរក្រហម​មួយ​ចំនួន​ ដូច​ជា​តាម៉ុក ​ហៅ​ឈិត ជឿន ​ឬ ​អ៊ុង ជឿន​ អតីត​លេខាភូមិភាគ​និរតី ​មេ​ដឹក​នាំ​ប៉ុល ពត ក្រុម​គ្រួសារនិង​បក្ខពួក។​ ពិព័រណ៍​ទាំង​នេះ​ត្រូវ​បាន​ដំឡើង​នៅ​លើ​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ រួម​មាន​សាលា​ស្រុក​អន្លង់វែង ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​អន្លង់វែង​ ឬ​សារ​មន្ទីរ​អតីត​ផ្ទះ​តាម៉ុក ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ​ផ្ទះ​ប៉ុល ពត​ និង​ខៀវ សំផន ​និង​សាលា​ខេត្ត​ឧត្តរ​មានជ័យ។​

ឯកសារ​បង្ហាញ​អំពី​តាម៉ុក អតីត​លេខា​ភូមិ​ភាគ​និរតី ​ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ «ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត»នៅ​ក្នុង​ស្រុក​អន្លង់វែង។ (រូបថត​ផ្តល់​ដោយ​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់​វែង)

លោក​ លី សុខឃាង ​ជា​នាយក​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង​ ដែល​ជា​គម្រោង​មួយ​របស់​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា(DC-Cam)បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​គោល​បំណង​នៃ​ព្រឹត្តិ​ការណ៍​នេះ​គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ប្រវត្តិ​សាស្រ្ត​នៃស្រុកអន្លង់វែង ​ដែល​ជា​តំបន់​តស៊ូ​ចុង​ក្រោយ​របស់ខ្មែរ​ក្រហម។​

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​ដែល​រត់​ កាល​ដែល​ដើរ​រួម​គ្នា​នៅ​ក្នុង​សហគមន៍​អន្លង់វែង​ មាន​ន័យ​ថា​ ​ជា​ការ​ចាប់​ផ្តើម​ជា​ថ្មី​របស់​ប្រជាជន​នៅ​សហគមន៍​ ក៏​ដូច​ជា​សង្គម​ជាតិ​ទាំង​មូល​ដើម្បី​ឲ្យ​យើង​ស្វែង​យល់ ​និង​លើក​កម្ពស់​ថែ​រក្សា​សន្តិភាព​ និង​ការ​រីក​លូត​លាស់​របស់​សង្គម​យើង​នា​ពេល​អនាគត»។​

លោក​បន្ត​ថា ​បច្ចុប្បន្ន​នេះ ​អន្លង់​វែង​ជា​កន្លែង​រស់​នៅ​ដែល​មាន​អតីត​ខ្មែរ​ក្រហម​ប្រមាណ​៧០​ទៅ​៨០​ភាគរយ ​និង​អ្នក​ចំណូល​ថ្មី​លាយ​ឡំ​គ្នា។​ លោក​មាន​ប្រសាសន៍​ថា៖​

«អ្នក​ចំណូល​ថ្មី ​និង​អ្នក​មូលដ្ឋាន​អី​អស់​ហ្នឹង ​ភាគ​ច្រើន ​អ្នក​ទាំង​អស់​ហ្នឹង​ស្គាល់​គ្នា។​ ក៏​ប៉ុន្តែ​ហាក់​ដូច​ជាការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ហ្នឹង ​វា​ធម្មតា។ ​មិន​ជា​មាន​បញ្ហា​អី​ធំ​ដុំ​ទេ»។​

រូបឯកសារ៖ លោក លី សុខឃាង ប្រធាន​គម្រោង​ឃ្លាំ​មើល​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​ ឯកសារ​កម្ពុជា។

ទោះ​ជា​យ៉ាងណា ​ការ​និយាយ​លម្អិត​អំពី​អតីត​កាល​នៃ​សម័យ​ខ្មែរ​ក្រហម ​និង​ការ​ប្រព្រឹត្ត​របស់​អតីត​ខ្មែរ​ក្រហម​នៅ​តែ​ជា​ចម្ងល់​នៅ​ឡើយ​ថា ​តើ​ពួក​គេ​ហ៊ាន​និយាយ​ការណ៍​ពិត​បាន​កម្រិត​ណា។ ​លោក​លី សុខឃាង ​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​មិន​ហ៊ាន​ជា​សន្និដ្ឋាន​ឲ្យ​បាន​១០០​ភាគរយ​ដែរ។ ​ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ជា​ឪពុក​ម្តាយ ជា​ក្រុម​គ្រួសារ ​ប្រហែល​ជា​គាត់​នឹង​ចែក​រំលែក​តែ​អ្វី​ដែល​វា​មាន​លក្ខណៈ​ដូច​ថា ​មិន​ស៊ី​ជម្រៅ​ខ្លាំង​ពេក​ទេ ​គ្រាន់​តែ​និយាយ​អំពី​របប​ទូទៅ។ ​ប៉ុន្តែ​មិន​ដល់​លក្ខណៈ​ថា​ ធ្លាប់​ធ្វើ​នេះ ​ធ្វើ​នោះ​ដែល​វា​ជា​កំហុស​ឆ្គង​ដល់​កូន​ចៅ»។​

កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៨ ​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​អបអរ​សាទរ​សន្តិភាព​ខួប​ទី​២០​ដែល​ជា​ការ​ដាក់​ចេញ​នូវ ​«នយោបាយ​ឈ្នះឈ្នះ»​ របស់​លោក​នាយក​រដ្ឋមន្រ្ តី​ហ៊ុន សែន​ក្នុង​ការ​បញ្ចប់​សង្រ្គាម​នៅ​កម្ពុជា​គឺ​ការ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​អន្លង់​វែង។​

ម្ភៃ​ឆ្នាំ​ក្រោយ​មក ​អន្លង់​វែង​បាន​ក្លាយ​ជា​ទីតាំង​ប្រវត្តិសាស្រ្ត​ ក្នុង​នោះ​មាន​ទីតាំង​សព​ប៉ុល ពត​ព័ទ្ធ​ជុំ​វិញដោយ​សំណង់​អគារ​ថ្មីៗ​ រួម​មាន​លំនៅដ្ឋាន​ សណ្ឋាគារ​ និង​កាស៊ីណូ​ជា​ដើម។​ អតីត​ខ្មែរ​ក្រហម​ភាគ​ច្រើន​រស់​នៅ​ជនបទ​ប្រកប​របរ​កសិកម្ម។​

នៅ​ក្នុង​ស្រុក​អន្លង់​វែងមាន​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខ្មែរ​ក្រហម​គឺ​អ្នកស្រីអ៊ឹម ចែម។ ​អតីត​ខ្មែរ​ក្រហម​មួយ​ចំនួន​នៅ​តែ​មាន​ភាព​ភ័យ​ខ្លាច ​ដោយសារ​ពួក​គេ​ឃើញ​មាន​តុលាការ​ខ្មែរ​ក្រហម​កំពុង​កាត់​ទោស​អតីត​ថ្នាក់​ដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​មួយ​ចំនួន។​

រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង ​លោក ប៉ាញ សំអុន ​អាយុ​៧០​ឆ្នាំ​ បាន​ថ្លែង​ថា ​លោក​ធ្លាប់​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម ​និង​ជា​អ្នក​គ្រប់គ្រង​នៅ​តំបន់​មួយ ​ដែល​លោក​ថា​ មាន​ការ​ធ្វើ​ទារុណកម្ម ​និង​ការ​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ផង​ដែរ។ ​លោក​មាន​ប្រសាសន៍​ថា ​លោក​បាន​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល ​មិន​តាម​តាម៉ុក​នោះ​ទេ​ ដោយលោក​យល់​ថា ​កម្លាំង​របស់​តាម៉ុក​មិន​អាច​នៅ​បាន​យូរ​អង្វែង​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ដូច​ខ្ញុំ​បាន​សម្រេច​ចិត្ត​ខ្លួន​ឯង​យូរ​មក​ហើយ ​ព្រោះ​ខ្ញុំ​មើល​ទៅ​ចលនា​ហ្នឹង​មិន​ធានា​និរន្តរភាព​ទេ។​ តស៊ូ​អី​បាន​ទៀត​ទេ! ​វា​អស់​កម្លាំង​ទៅ​ហើយ។ ​ទៅ​តាម​គាត់​ ម៉េច​កើត​ទៀត‍!»​

លោក​ សំអុន ដែល​មាន​កូន​៧​នាក់ មាន​ប្រសាសន៍​ថា​ លោក​បាន​អប់រំ ​និង​ដំណាល​រឿង​ខ្មែរ​ក្រហម​ទៅ​កូនៗ​របស់​លោក​អំពី​ដើម​ហេតុ​នៃ​សង្រ្គាម ​ចលនា​តស៊ូ​ប្រឆាំង​នឹង​អាមេរិក ​និង​ការ​រស់​នៅ​លំបាក​ក្នុង​សម័យ​ខ្មែរ​ក្រហម​ផង​ដែរ។​

លោក​បាន​ថ្លែង​ថា៖​

«ប្រាប់​តើ​ថា ​របប​ហ្នឹង​ ការ​រស់​នៅ​វា​លំបាក ​ការ​ហូប​ចុក ​ការ​រស់​នៅ​គេ​ប្រើ​មនុស្ស​ដូច​សត្វ ​ដូច​ធាតុ ចាប់​ចង​ កាប់​ សម្លាប់។ ខ្ញុំ​អប់រំ​ណែនាំ​ជាប់​ ហើយ​ណែនាំ​វា​ពី​ព្រេង​សំណាង​ ដែល​វា​កើត​មក​សម័យ​នេះ​ បាន​សុខ​សន្តិភាព ​រស់​នៅ​ជួប​ជុំ​គ្រួសារ​អ៊ីចឹង​ទៅ។ ​តាម​ពិត​វា​ដឹង។​ យើង​មិន​ប្រាប់​ក៏​វា​ដឹង​ដែរ​ ព្រោះ​នៅ​នេះ​គេ​ហៅ​ខ្មែរ​ក្រហម ​វា​ដឹង​ថា ​ម៉ែ​ឪ​វា​ខ្មែរ​ក្រហម»។​

ទោះ​ជា​យ៉ាងណា ​លោក​សំអុន​មាន​ប្រ​សាសន៍​ថា ​លោក​មិន​មាន​បំណង​ចូល​ធ្វើ​ជា​ទាហាន​ខ្មែរ​ក្រហម​អ្វី​នោះ​ទេ ​តែ​លោក​ចូល​ធ្វើ​ទ័ព​តាម​ការ​អំពាវនាវ​របស់​អតីត​ព្រះបរមរតនកោដ្ឋ ​សម្តេច​សីហនុ​គឺ​ដើម្បី​ផ្តួល​រំលំ​របប​លន់ នល់ ​ដែល​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក។​

ការ​ចូល​ធ្វើ​ទ័ព​របស់​លោក​សំអុន​រហូត​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​ក្រហម គឺ​ដូច​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដែល​ធ្លាប់​ជា​ទាហាន​ខ្មែរ​ក្រហម​ម្នាក់​ផង​ដែរ។​ តែ​លោក​ហ៊ុន សែន​លើក​ឡើង​ថា ​លោក​មិន​បាន​ដឹង​ថា លោក​ជា​ទាហាន​ខ្មែរ​ក្រហម​ទេ។​

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​វីដេអូ​មួយ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៥​ជាមួយ​ផលិតករ​ភាព​យន្ត​អាមេរិក​ម្នាក់​ឈ្មោះ​ Robert H. Lieberman​ ​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​បាន​មាន​ប្រសាសន៍​ថា​ លោក​ចូល​ធ្វើ​កង​ទ័ព​តាម​ការ​អំពាវនាវ​របស់​អតីតព្រះ​មហា​ក្សត្រ​ នរោត្តម សីហនុ​តែ​ប៉ុណ្ណោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ហើយ​ខ្ញុំ​មិន​ទទួល​យល់​ព្រម​ថា​ ពេល​នោះ​ខ្ញុំ​ចូល​ជាមួយ​ពួក​ខ្មែរ​ក្រហម​ទេ​ ​ព្រោះ​កាល​ពី​សម័យ​មុន ​អ្នក​ដែល​ខ្ញុំ​ស្អប់​ជាង​គេ​គឺ​ខ្មែរ​ក្រហម​ហ្នឹង​តែ​ម្តង។ ​តែ​អ្វី​ដែល​ខ្ញុំ​ចូល​តាម​គឺ​ការ​អំពាវនាវ​របស់​សម្តេច​សីហនុ។ ​សម្តេច​សីហនុ​មិន​មែន​ជា​ខ្មែរ​ក្រហម​ទេ ​បូក​ជាមួយ​នឹង​ការ​ឈ្លាន​ពាន​របស់​អាមេរិក​ បូក​នឹង​ការ​ឈ្លាន​ពាន​របស់​វៀតណាម​ខាង​ត្បូង ​តម្រូវ​ឲ្យ​ខ្ញុំ​ចូលរួម​ក្នុង​ចលនា​តស៊ូ ​ហើយ​បោះ​បង់​ចោល​ការ​សិក្សា»។​

លោក​ លី សុខ​ឃាង ​នាយក​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង​ មាន​ប្រសាសន៍​ថា​ ការ​ផ្សះ​ផ្សា​នៃ​របប​ខ្មែរ​ក្រហម​ត្រូវ​ការ​ពេល​វេលា ​ហើយ​ការ​ផ្សព្វផ្សាយ​អំពី​របប​នេះ​ក៏​ត្រូវ​តែ​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ផង​ដែរ។ ​បើ​តាម​លោក​លី សុខឃាង ​អ្នក​ចូលរួម​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​«ថ្មើរ​ជើង​ប្រវត្តិ​សាស្រ្ត​នេះ»​ រួម​មាន​អាជ្ញាធរ​កម្ពុជា ​កង​កម្លាំង​ប្រដាប់​អាវុធ ​មន្រ្តី​ទូត ​និស្សិត​បរទេស ​ពលរដ្ឋ​រស់​ក្នុង​ស្រុក​អន្លង់វែង ​និង​យុវជន​ប្រមាណ​៧០០​ទៅ​៨០០​នាក់ ​ដែល​ពួក​គាត់​មួយ​ចំនួន​ជា​កូន​របស់​អតីត​ខ្មែរ​ក្រហម​ផង​ដែរ៕