ក្នុង​នាម​ជាប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២០ វៀតណាមនឹង​កាន់​តែ​មាន​លទ្ធភាព​តទល់​ជាមួយ​ចិន

  • Ralph Jennings

រូបឯកសារ៖ ទង់ជាតិបណ្តាប្រទេសសមាជិកអាស៊ាននៅមជ្ឈមណ្ឌលសន្និបាត Suntec Convention Centre នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅ​ឆ្នាំ​២០២០​នេះ ដល់​វេន​ប្រទេស​វៀតណាម ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ហើយ។ គេ​រំពឹង​ថា​វៀតណាម​នឹង​ផ្តល់​វេទិកា​ថ្មី​សម្រាប់​តទល់​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ ដែល​មាន​ពេល​ជា​យូរ​មក​ហើយ និង​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ជា​សមាជិក​៣​ផ្សេង​ទៀត​។

រដ្ឋាភិបាល​ក្រុង​ហាណូយនឹង​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន ចាប់​ពី​ថ្ងៃ​ទី​១​មករា​នេះ​ទៅ ហើយ​នឹង​នៅ​កាន់​តំណែង​នេះ​ពេញ​មួយ​ឆ្នាំ មុន​នឹង​ប្រគល់​ឲ្យ​ប្រទេស​មួយ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​សមាគម​អាស៊ាន ដែល​មាន​សមាជិក​ចំនួន​១០​ប្រទេស​នេះ។ ​ប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាច​រៀប​ចំ​របៀប​វារៈ ព្រម​ទាំង​ធ្វើ​ការ​ផ្ចុង​ផ្តើម​កិច្ច​ការ​មួយ​ចំនួន សម្រាប់​ឲ្យ​សមាជិក​ទាំង​អស់​ពិនិត្យ​មើល។

ក្នុង​នាមជា​ប្រធាន​នៅ​ឆ្នាំ​២០២០​នេះ វៀតណាម​ត្រូវ​គេ​រំពឹង​ថា​នឹង​យក​រឿង​ជម្លោះ​ក្នុង​ដែន​សមុទ្រ មកដាក់​ក្នុង​របៀប​វារៈ​សម្រាប់​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន នៅ​ពាក់​កណ្តាល​ឆ្នាំ និង​សម្រាប់​កិច្ច​ប្រជុំ​កំពូល​នៅ​ខែ​វិច្ឆិកា ព្រម​ទាំង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​ជា​ច្រើន​ផ្សេង​ទៀត នេះ​បើ​តាមការ​ឲ្យ​ដឹង​របស់​អ្នក​ជំនាញ​កិច្ច​ការ​អាស៊ី​អគ្នេយ៍​មួយ​ចំនួន។

វៀតណាម​ជា​ប្រទេស​មួយ​ដែលបញ្ចេញ​សំឡេង​យ៉ាង​ខ្លាំង​ក្លា​មួយ​ជា​ស្រេច​ទៅ​ហើយ ក្នុង​ការទាម​ទារ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​នៅ​ទី​នោះរដ្ឋា​ភិបាល​ក្រុង​ប៉េកាំងនាំមុខគេ ក្នុង​វិស័យ​យោធា និង​បច្ចេក​វិទ្យា អស់​ពេល​មួយ​ទសវត្ស​រ៍កន្លង​ទៅ​នេះ។

លោក Trung Thanh Nguyen ជា​នាយក​នៃ​មជ្ឈ​មណ្ឌល​សិក្សា​អន្តរជាតិ នៃ​សាកល​វិទ្យាល័យវិទ្យាសាស្ត្រ​សង្គម​នៃ​ទីក្រុង​ហូជីមិញ។ លោកថ្លែង​ថា៖ «វៀតណាម​អាច​បញ្ចេញ​របៀប​វារៈ​សម្រាប់រយៈ​ពេល​ពេញ​មួយ​ឆ្នាំ ឬ​មួយ​ក៏​យក​បញ្ហា​ឲ្យ​សមាជិក​អាស៊ានឯទៀត​ដោះ​ស្រាយ។ វៀតណាម​នឹង​និយាយ​អំពី​រឿង​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ក្នុងរាល់កិច្ច​ប្រជុំ​ពហុភាគី​ ក្នុងអាស៊ាន‍»។

ប្រទេស​ចិន​ទាមទារប្រហែល​៩០​ភាគរយ​នៃ​ដែនសមុទ្រ​ទំហំ​ប្រហែល ៣លាន​៥​សែន​គីឡូម៉ែត្រ​ការ៉េ ដែល​សម្បូរ​ទៅ​ដោយ​ត្រី ជា​ផ្លូវ​ដឹក​ជញ្ជូន​តាម​ទឹក ហើយ​នឹង​សម្បូរទៅ​ដោយ​ប្រេង​កាត។

វៀតណាម​អាច​សម្រេចអ្វី​ដែល​អាស៊ាន​ទាំង​មូល​ចាត់​ទុក​ថា​ជា​អាទិភាព តាំង​ពី​ជម្លោះ​ដែន​សមុទ្រ រហូត​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​កិច្ច​ការ​បង្រ្កាប​ភេរវកម្ម។​ ប្រទេស​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ ថែម​ទាំង​ជា​អ្នក​ចេញ​សេចក្តី​ថ្លែង​ការណ៍រួម ក្នុង​កិច្ច​ប្រជុំ​កំពូល ហើយ​អាច​ស្នើគំរោង​ថ្មី​មួយ ឧ​ទាហរណ៍​ ដូច​ជាបាវចនា «ពន្លឿន​ភាពជា​ដៃ​គូ​ដើម្បី​ចីរភាព‍» ដែល​ប្រទេស​ថៃ​បាន​ប្រើ​ប្រាស់​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ​២០១៩។

អាស៊ាន​ជា​ផ្លូវការ​គាំ​ទ្រ «សន្តិភាព សន្តិសុខ និង ស្ថិរភាព ដោយ​មិនបាន​អំពាវនាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​អ្វី​ជាក់​លាក់ នៅ​ក្នុង​ជម្លោះ​ដែន​ដី​ទេ។

​អង្គការ​ផ្ចុង​ផ្តើម​តម្លា​ភាព​ក្នុង​តំបន់​សមុទ្រ​អាស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​សរអា​នោះ និយាយថា៖ តួ​នាទី​ជា​ប្រធាន​សមាគម​អាស៊ាន​នេះ មាន​សារៈ​សំខាន់​ណាស់សម្រាប់វៀតណាម ពីព្រោះតួនាទី​នេះ​ ផ្តល់ឱកាស​ពិសេស​មួយ​ដើម្បីធ្វើ​ឲ្យ​អាស៊ី​អគ្នេយ៍​ចាត់​វិធានការណ៍ ប្រកប​ដោយ​ការ​ស្ថាបនា ក្នុង​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិ​ន​ខាង​ត្បូង ដែលជា​យូរ​មក​ហើយ​ បាន​គំរាម​កំហែង​ដល់​សន្តិភាពនិងសន្តិសុខ​ក្នុង​តំបន់។

ប្រទេស​ចិន​បាន​យល់​ព្រម​កាល​ពី​ឆ្នាំ​២០១៧ ជាមួយ​អាស៊ាន​ដើម្បី​បើក​កិច្ច​ពិភាក្សា​ឡើង​វិញ​អំពីក្រម​ប្រតិបត្តិ ដែល​មាន​គោល​បំណងការពារ​កុំ​ឲ្យ​មាន​ឧបត្តិវហេតុ​នៅ​ក្នុង​តំបន់​សមុទ្រ។ សំណួរ​គឺ​ថា​តើ​អ្នកណា​នឹង​ពង្រឹង​ក្រម​ប្រតិបត្តិនេះ ហើយ​តាម​វិធីណានោះ នៅ​តែធ្វើ​ឲ្យពួក​អ្នក​ចរចាចិន មិន​សប្បាយ​ចិត្ត។

លោក Collin Koh ជា​អ្នក​ស្រាវជ្រាវ​កិច្ច​ការ​សន្តិសុខ​សមុទ្រ នៅ​សាកល​វិទ្យាល័យបច្ចេក​វិទ្យា Nanyang ​នៅ​ក្នុង​ប្រទេស​សិង្ហបូរី។ លោក​ថ្លែង​ថា៖

«ខ្ញុំគិត​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំងនឹង​បារម្ភថាវៀតណាម ក្នុង​នាម​ជា​ប្រធានកិច្ច​ប្រជុំ​សមាគមអាស៊ាន អាចមាន​លទ្ធភាព​រារាំង​ដំណើរការ​បង្កើត​ក្រម​ប្រតិបត្តិ​ ឲ្យ​បាន​ដាច់​ស្រាច់‍»។

វៀតណាម​ដំបូង​នឹងព្យាយាមពង្រឹង​សាមគ្គីភាព ក្នុង​ចំណោម​ប្រទេស​អាស៊ាន សម្រាប់​វិធានការណ៍ណាមួយ​ដែល​នឹង​ធ្វើ​ឲ្យ​ចិន​ខឹង នេះបើ​តាម​សម្តី​លោក Nguyen។

នៅ​ទី​បំផុត​លោក​ថ្លែង​ថា វៀតណាម​នឹង​មាន​អារម្មណ៍​ល្អ ក្នុង​ការ​ធ្វើ​ការ​យាម​ល្បាត​ក្នុង​សមុទ្រ​ជាមួយ​ជប៉ុន ឬ សរអា។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​សប្បាយ​ចិត្ត​ជាមួយប្រទេស​ជា​ដៃគូ​ទាំង​នោះ​ នៅ​ពេល​ដែល​ពួកគេ​បញ្ជូន​នាវា​ទៅ​កាន់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

ការ​ប៉ះទង្គិច​រវាង​នាវា​មក​ពី​ប្រទេស​វៀតណាម និង ប្រទេស​ចិន បាន​បណ្តាល​ឲ្យ​ម​នុស្ស​ស្លាប់​លើ​នាវា កាល​ពី​ឆ្នាំ​១៩៧៤ និង ១៩៨៨។ ក្នុង​អំឡុង​ឆ្នាំទី​១៩៧០ ចិន​បាន​កាន់​កាប់ប្រជុំ​កោះ Paracel ដែល​វៀត​ណាម ទាម​ទារ​ថា​ជា​កម្មសិទ្ធ​របស់​ខ្លួន​ដែរ។​ កាល​ពី​៥​ឆ្នាំ​មុន ទូកនេសាទ​មក​ពី​ប្រទេស​ទាំង​២ បាន​បើក​ទង្គិច​គ្នា នៅ​ពេល​ដែល​ចិន​ដាក់​កន្លែង​រុក​រក​ប្រេង ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ពី​ខែ​កក្កដា​ដល់​ខែ​តុលា​ឆ្នាំ​២០១៩ នាវា​ស្រាវ​ជ្រាវរបស់​ចិន​មួយ​គ្រឿង បាន​បើក​បរ​ក្នុង​ដែន​សមុទ្រ​ដែល​វៀត​ណាម​កំពុង​ស្វែង​រក​ប្រេង​និង​ឧស្ម័ន ហើយ​រឿង​នេះ​បាន​នាំ​ឲ្យមាន​ការ​ប្រឈម​មុខ​ដាក់គ្នា​ម្តង​ទៀត។ សមាជិក​អាស៊ាន​ គឺ​ប្រទេស​ Brunei Malaysia និង Philippines​ ទាមទារ​ដែន​ទឹក​មួយ​ចំនួន​ដែល​ចិន​ទាមទារដែរ ក៏​ប៉ុន្តែ​ប្រទេស​ទាំង​នេះ ទទួលយក​ពាណិជ្ជកម្ម និង វិនិយោគពី​ប្រទេស​ចិន។

សមាជិក​អាស៊ាន​ដែល​គាំ​ទ្រ​ចិន ប្រហែល​ជានឹង​មិន​ព្រម​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ភាសា​ណា​ដែល​ប្រឆាំង​ជាមួយ​ចិននៅ​ក្នុង​សេចក្តី​សម្រេច ឬនៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ណាមួយ របស់​សមាគមទេ​នៅ​ឆ្នាំ​នេះ​ទេ នេះ​បើ​តាម​សម្តីលោក Carl Thayer ​សាស្ត្រាចារ្យ​ចូល​និវត្តន៍នៃ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី។ កម្ពុជា និង លាវ ស្ថិត​ក្នុង​ចំណោម​សមាជិក​ដែល​គាំ​ទ្រ​ចិន។

ក្រុម​អ្នក​វិនិយោគចិន កំពុង​តែសាង​សង់ហេត្ថា​រចនា​សម្ព័ន្ធ ដូច​ជា​ផ្លូវ​ថ្នល់ និង អាកាសយានដ្ឋាន នៅ​ក្នុង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាលក្រុង​ប៉េកាំង បាន​ធ្វើ​វិនិយោគ​មាន​ទឹ​ក​ប្រាក់​ប្រមាណ​២​ពាន់​លាន​ដុល្លារ ក្នុង​វិស័យ​ហេត្ថា​រចនា​សម្ព័ន្ធ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​ប្រទេស​លាវ មូលនិធិ​ចិន​កំពុង​ជួយ​សាងសង់​ផ្លូវ​រថ​ភ្លើង​ល្បឿនលឿន​មួយ​ខ្សែ ដែល​គេ​រំពឹង​ថា​នឹង​ចប់​សព្វគ្រប់​នៅ​មុន​ឆ្នាំ​២០២១។ លោក Thayer ​បាន​ថ្លែង​ថា៖

«វៀតណាម​មិនចង់​បោះ​បង់​ចោល​អាស៊ានឬរិះគន់​អាស៊ាន​ទេ។ វៀតណាម​អាចទទួល​ផល​ប្រយោជន៍​ពី​អាស៊ាន​ប៉ុន្តែ​ដឹង​ថា​អាស៊ាន​មាន​កំណត់​ដែរ‍»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ព្យាយាម​ធ្វើ​ឲ្យមាន​ចំណង​ទាក់​ទង​ល្អ​ ជាមួយ​វៀតណាម នៅ​ពេល​ដែល​វៀតណាមធ្វើ​ជាប្រធាន​សមាគម​អាស៊ាន នេះ​បើ​តាម​សម្តី​របស់​លោក Thayer។ លោក​ទស្សន៍ទាយ​ថាក្នុង​ឆ្នាំ​២០២០​នេះ​ចិន​នឹងរុញ​ច្រាន​ឲ្យមានក្រមប្រតិបត្តិ​ ដើម្បីទប់​ទល់​កុំ​ឲ្យ​មាន​ការ​ដាក់​បញ្ចូលពាក្យ​សម្តី​ធ្ងន់​ធ្ងរ ទៅ​ថ្ងៃ​អនាគត។

ចិន​បាន​ដក​នាវា​ស្រាវ​ជ្រាវ​របស់​ខ្លួន​ចេញ​ពី​ទឹក​សមុទ្រ នៅ​ក្បែរ​ប្រទេស​វៀតណាម នៅ​ឆ្នាំ​២០១៩ ដើម្បី​ឲ្យ​មាន​ចំណង​ទាក់​ទង​គ្នា ជាមួយ​វៀតណាម ល្អ​ប្រសើរ​ជាង​មុន នេះ​បើ​តាម​សម្តី​របស់​លោក Koh ។ លោក​ថ្លែង​ថា​ចិន​ធ្វើ​បែប​នេះ គឺ​ដោយសារ​ការ​ព្រួយ​បារម្ភ​អំពីការ​ដែល​វៀតណាម​ ធ្វើ​ជា​ប្រធានសមាគ​ម​អាស៊ាន នៅ​ឆ្នាំ​២០២០​នេះ។

ប្រែ​សម្រួល​ដោយ ប៉ូច រាសី