ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រែប្រួល​អាកាសធាតុ​នឹង​បង្ក​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ឡើង​ដល់​តំបន់​អាស៊ី


ផ្ទះសម្បែងរបស់ពលរដ្ឋហ្វីលីពីនត្រូវបានបំផ្លិចបំផ្លាញដោយសារព្យុះទីហ្វុង Kammuri ដែលបានបោកបក់ខេត្ត Albay ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។
ផ្ទះសម្បែងរបស់ពលរដ្ឋហ្វីលីពីនត្រូវបានបំផ្លិចបំផ្លាញដោយសារព្យុះទីហ្វុង Kammuri ដែលបានបោកបក់ខេត្ត Albay ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

តំបន់​អាស៊ី ដែល​មាន​មនុស្ស​រស់នៅ​សរុប​ជាង ៤ពាន់លាន​នាក់ នឹង​ប្រឈម​ផល​ប៉ះពាល់​កាន់តែ​ច្រើន​ឡើង ដែល​បណ្តាល​មក​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ រួម​មាន​ទឹកជំនន់ ​គ្រោះ​រាំងស្ងួត គ្រោះ​រញ្ជួយ​ដី និង​ព្យុះ​ទីហ្វុង​ជាដើម។ អ្នក​ជំនាញ​អន្តរជាតិ​បាន​បង្ហាញ​ក្តី​បារម្ភ​របស់​ពួកគេ​យ៉ាង​ដូច្នេះ នៅ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ស្តី​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​តំបន់​អាស៊ី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ដើម​សប្តាហ៍​នេះ។

ពួកគេ​បាន​សង្កត់​ធ្ងន់​ថា គ្រោះ​ធម្មជាតិ​ដែល​បង្ក​ឡើង​ដោយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ នឹង​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស​រាប់​លាន​នាក់ របប​ស្បៀង​អាហារ ស្ថិរភាព​សេដ្ឋកិច្ច​និង​សង្គម និង​ការ​ធ្វើ​ចំណាក​ស្រុក​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​តំបន់​នេះ។

លោកស្រី Fekitameoloa Katoa តំណាង​ជាន់​ខ្ពស់​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ប្រទេស​តំបន់​កោះ​តូចៗ និង​ប្រទេស​ដី​កោះ​ ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ក្រើន​រំឭក​ថា «វា​យឺត​ពេល​យូរ​មក​ហើយ‍» ដែល​ពិភពលោក​ត្រូវ​តែ​ធ្វើការ​រួម​គ្នា‍​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ ជាពិសេស​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី ដែល​ខ្វះខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សមត្ថភាព​ស្ថាប័ន​ ក្នុង​ការ​ទប់ស្កាត់​និង​សង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

លោក​ស្រី​បាន​ថ្លែង​ថា៖ «‍ខ្ញុំ​គិត​ថា យើង​កាន់តែ​អស់​ពេល​វេលា​ក្នុង​ការ​ឆ្លើយតប​នឹង​បញ្ហា​នេះ។ មាន​ភាព​អាសន្ន​ដ៏​ធំ​មួយ ដែល​ពិភពលោក​ត្រូវ​លុប​បំបាត់​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ហើយ​ត្រូវ​បណ្តាក់​ទុន​បន្ថែម​ទៀត​ក្នុង​ការ​សម្របសម្រួល ជាពិសេស​នៅ​តាម​បណ្តា​ប្រទេស​ដែល​ងាយ​នឹង​រង​គ្រោះ​ថ្នាក់»។

​នៅ​វេទិកា​នេះ​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន Brookings Institution អ្នក​ជំនាញ​ជាច្រើន​នាក់​ បាន​យល់​ស្រប​គ្នា​ថា បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី ជាពិសេស​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ មិន​ទាន់​បាន​ត្រៀម​ខ្លួនឲ្យ​បាន​គ្រប់គ្រាន់ ក្នុង​ទប់ទល់​នឹង​ផល​ប៉ះពាល់​លើ​មនុស្ស​ជាតិ និង​សង្គម ដោយ​សារ​តែ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​ឡើយ​ទេ។

កាលពី​ដើម​ខែ​ធ្នូ​នេះ ​ព្យុះទីហ្វុង Kammuri នៅហ្វីលីពីន ​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ៣៤​ម៉ឺននាក់​ ត្រូវ​ផ្លាស់ទី និង​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៣​នាក់។ រីឯ​នៅ​ប្រទេស​ជប៉ុន​ កាលពី​ដើម​ខែ​តុលា​ ព្យុះ​ទីហ្វុង Hagibis ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៨៨នាក់។ ហើយ​កាលពី​ខែ​កញ្ញា ​ឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា ក៏​ទទួល​រង​គ្រោះ​ទឹកជំនន់ ដែល​បណ្តាល​ឲ្យមនុស្ស​យ៉ាង​ហោច​ណាស់ ១៦នាក់​ស្លាប់ ហើយ​ពលរដ្ឋ​ជាង ​១ម៉ឺន​គ្រួសារ​ ក្នុង​ខេត្ត​ចំនួន​១៤ ត្រូវ​ផ្លាស់ទី​ពី​ទីកន្លែង​រស់នៅ​របស់​ពួកគេ។

លោកស្រី Sherri Goodman អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ប្រចាំ​មជ្ឈមណ្ឌល Wilson Center ដែលមាន​ទីស្នាក់​ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​អះអាង​ថា មនុស្ស​៤នាក់​ក្នុង​ចំណោម​មនុស្ស​៥នាក់ ដែល​រងគ្រោះ​ដោយ​សារ​បញ្ហា​គ្រោះ​ធម្មជាតិ​ រស់​នៅ​ក្នុង​តំបន់​អាស៊ី។ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា កម្ពស់​ទឹក​សមុទ្រ​នៅ​ក្នុង​តំបន់​នេះ កំពុង​តែ​កើន​ឡើង​ខ្លាំង ដែល​ជា​បញ្ហា​ប្រឈម​ចម្បង​បង្អស់​មួយ​បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​អាកាសធាតុ​ផ្លាស់ប្តូរ​ខ្លាំង។

លោកស្រី​បាន​ថ្លែង​ថា៖ «នៅ​ក្នុង​តំបន់​នេះ គ្រោះ​មហន្តរាយ​កាន់តែ​កើន​ឡើង ហើយ​វា​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ងាយ​រង​គ្រោះ​ថ្នាក់ ដោយសារ​តែ​ពួកគេត្រូវ​ប្រឈម​នឹង​ផលប៉ះពាល់​ទាំង​នោះ​ដោយ​ផ្ទាល់‍»។

អ្នក​ជំនាញ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក៏​បាន​សង្កត់​ធ្ងន់​ថា គ្រោះ​ធម្មជាតិ​ដែល​បង្ក​ឡើង​ដោយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ នឹង​បង្ក​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ឡើង​ដល់​តុល្យភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ចម្រុះ ដែល​បណ្តាល​ឲ្យ​មាន​ការ​បាត់បង់​បរិមាណ​ត្រី ស្បៀង​អាហារ កង្វះ​ទឹក​ប្រើប្រាស់ និង​ការ​បាត់បង់​ដី​ទួល​សម្រាប់​ទី​ជម្រក​រស់នៅ​របស់​មនុស្ស​និង​សត្វ​ពាហនៈ ដែល​នឹង​បង្ក​ឲ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក​ទ្រង់ទ្រាយ​ធំ។

ក្រៅ​ពី​មិន​ទាន់​ត្រៀម​ខ្លួន​គ្រប់គ្រាន់ លោកសាស្ត្រាចារ្យ Suh-Yong Chung ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​ប្រចាំ​សាកលវិទ្យាល័យ​កូរ៉េ ឬ Korea University ​ថា បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ ក៏​ខ្វះ​សមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ។

លោក​សាស្ត្រាចារ្យ​រូប​នេះ បាន​ពន្យល់​ថា៖ «‍តំបន់​អាស៊ី​មាន​លក្ខណៈ​ចម្រុះ ប៉ុន្តែ​ប្រទេស​ជា​ច្រើន​នៅ​តំបន់​នេះ ខ្វះ​សមត្ថភាព។ ពួកគេ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ទប់ទល់​នឹង​ហានិភ័យ​នេះ​ទេ និង​ក្នុង​ការ​បង្កើត​ជា​ឱកាស​ផ្តួចផ្តើម​ទៅ​ជា​សេដ្ឋកិច្ច​ដែល​ផ្អែក​លើ​កម្រិត​ឧស្ម័ន​កាបូន​ទាប។ ពួកគេ​មិន​មាន​សមត្ថភាព​បែប​នេះ​ទេ»។

ក្នុង​ឆ្នាំ​២០១៨ បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៦លាន​នាក់​នៅ​តំបន់​អាស៊ី ត្រូវ​ផ្លាស់​ទី​លំនៅ និង​បាន​បង្ក​ឲ្យ​មាន​ការ​រាលត្បាត​នៃ​ជំងឺជា​ច្រើន​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ដែល​ចូលរួម​ក្នុង​វេទិកា​នេះ។

បើ​ទោះ​បី​ជា​តំបន់​អាស៊ី​មិន​បាន​រៀបចំ​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​ក៏ដោយ អ្នកស្រី Mely Caballero-Anthony សាស្ត្រាចារ្យ​ខាង​ទំនាក់​ទំនង​អន្តរជាតិ ប្រចាំ​សាកល​វិទ្យាល័យ Nanyang Technological University នៃ​ប្រទេស​សិង្ហបុរី បាន​អះអាង​ថា កិច្ចខិតខំ​ប្រឹងប្រែង​ជា​ច្រើន​ត្រូវបាន​បង្កើត​ឡើង​រួម​គ្នា ជាពិសេស​ក្នុង​ចំណោម​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​ការ​បង្កើត​ឲ្យ​មាន​យន្តការ​អាស៊ាន​ស្តីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឬ (ASEAN Regional Mechanism on Disaster Management)។ យន្តការ​នេះ គឺជា​ប្រព័ន្ធ​នីតិវិធី​មួយ​ដែល​បម្រើ​ដល់​រដ្ឋ​ជា​សមាជិក​ក្នុង​ការ​កាត់បន្ថយ​ការ​ខាតបង់​ដោយ​សារ​តែ​គ្រោះ​មហន្តរាយ និង​ក្នុង​ការ​ឆ្លើយតប​គ្រោះ​អាសន្ន​ដោយ​ធ្វើការ​រួម​គ្នា។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «តំបន់​នេះ​មិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ទេ ក៏​ប៉ុន្តែ​បណ្តា​ប្រទេស​ [ក្នុង​តំបន់​នេះ] កំពុង​ព្យាយាម​ធ្វើ​កិច្ចការ​នានា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា​ទាំង​នោះ»។

នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​កម្ពុជា​ ក៏​កំពុង​តែ​រង​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ឡើង ដោយសារ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ដូចជា​គ្រោះ​រាំង​ស្ងួត និង​គ្រោះ​ទឹក​ជំនន់​ជាដើម ក៏​ប៉ុន្តែ ការ​យល់​ដឹង​របស់​សាធារណជន​អំពី​បញ្ហា​នេះ នៅ​មាន​កម្រិត​នៅ​ឡើយ៕

XS
SM
MD
LG