ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ប្ដេជ្ញា​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​វៀតណាម


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិភាក្សា​ជាមួយ​លោក ជីញ ឌិញ ស៊ុង (Trinh Dinh Dung) ឧបនាយករដ្ឋមន្ត្រីវៀតណាម ក្នុង​អំឡុងពិធី​សម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែន ខេត្តត្បូងឃ្មុំ ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៩។ (Facebook/ទំព័រ​ហ្វេសប៊ុក​ Samdech Hun Sen)

ការ​អធិប្បាយ​របស់​លោក​ ហ៊ុន សែន​ កើត​មាន​ឡើង​ នៅ​ពេល​ដែល​អ្នក​វិភាគ​នយោបាយ​កម្ពុជា​កត់​សម្គាល់​ឃើញ​ថា​ កម្ពុជា​កាន់តែ​ស្និទ្ធ​នឹង​ប្រទេស​ចិន​ ដែល​បាន​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​រដ្ឋាភិបាល​ទី​ក្រុង​ហាណូយ។

នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​អំពី​កិច្ច​ខិត​ខំ​របស់​លោក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ​រវាង​កម្ពុជា​ និង​វៀតណាម​ ដែល​មាន​ភូមិ​ផង​របង​ជាប់​គ្នា។

ការ​អធិប្បាយ​របស់​លោក​ ហ៊ុន សែន​ អំពី​ការ​តាំង​ចិត្ត​របស់​លោក​ក្នុង​ការ​បន្ត​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​វៀតណាម​នេះ​ កើត​មាន​ឡើង​ នៅ​ពេល​ដែល​អ្នក​វិភាគ​នយោបាយ​កម្ពុជា​កត់​សម្គាល់​ឃើញ​ថា​ កម្ពុជា​កាន់តែ​ស្និទ្ធ​នឹង​ប្រទេស​ចិន​ ដែល​បាន​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​រដ្ឋាភិបាល​ទី​ក្រុង​ហាណូយ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-វៀតណាម​នៅ​តាម​បណ្ដោយព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ លោក​ ហ៊ុន សែន ដែល​បាន​ឆ្លៀត​មាន​ប្រសាសន៍​ជាភាសា​វៀតណាម​មួយ​រយៈពេល​ខ្លី​នោះ បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​កិច្ចសហការ​ផ្នែក​សង្គម​សេដ្ឋកិច្ច​រវាង​កម្ពុជា​ និង​វៀតណាម ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ថ្លែង​ថា៖ «អរគុណ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ដែល​ផ្ដល់​នូវ​ជំនួយ​ឧបត្ថម្ភ​សម្រាប់​យើង ក្នុង​ការ​រំដោះ​ចេញ​ពី​របប​ ប៉ុល ពត​ ហើយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​រាប់​ទាំង​ជំនួយ​ថ្ងៃ​នេះ។ សង្ឃឹម​ថា ចំណង​ទាក់ទង​របស់​យើង​នឹង​ត្រូវ​ពង្រឹង​ថែមទៀត​ ប្រជាជន​និង​ប្រជាជន​ទៅ​មក​រក​គ្នា កាន់​តែ​ងាយស្រួល»។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ ឧបនាយក​រដ្ឋមន្រ្តី​វៀតណាម​លោក Trinh Dinh Dung ដែល​បាន​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-វៀតណាម​ក៏​បាន​អះអាងពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​ និង​វៀតណាម​ដែល​មាន​យូរ​មក​ហើយ ក៏​ដូចជា ភាព​ជោគជ័យ​នៅ​ក្នុង​កិច្ចការ​កំណត់​ព្រំដែន​កម្ពុជា និង​វៀតណាម​មក​ទល់​ពេល​នេះ។

ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ នៅ​ក្នុង​ថ្ងៃ​សម្ពោធ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក ជីញ ឌិញ ស៊ុង (Trinh Dinh Dung) ឧបនាយករដ្ឋមន្ត្រីវៀតណាម។ (Facebook)
ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ នៅ​ក្នុង​ថ្ងៃ​សម្ពោធ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក ជីញ ឌិញ ស៊ុង (Trinh Dinh Dung) ឧបនាយករដ្ឋមន្ត្រីវៀតណាម។ (Facebook)

ទំនាក់ទំនង​រវាង​កម្ពុជា​ និង​វៀតណាម​ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន​យល់ឃើញ​ថា មាន​ការ​ថមថយ​ ស្រប​ពេល​ដែល​កម្ពុជា​ហាក់​ដូចជា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន និង​បើក​ទូលាយ​ឲ្យ​មាន​ការ​វិនិយោគ​ច្រើន​ពី​វិនិយោគិន​ចិន តួយ៉ាង​ដូចជា ការ​ផ្ដល់​អាជ្ញាបណ្ណ​ឲ្យ​មាន​ប្រតិបត្តិការ​កាស៊ីណូនានា និង​ចូល​មក​ប្រកប​របរ​រក​ស៊ី​របស់​ពលរដ្ឋ​ចិន។

ជា​ផ្នែក​មួយ​ការ​រក្សាទំនាក់​ទំនងរវាង​កម្ពុជា​ និង​វៀតណាម​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​នឹងន​មួយនោះ​ ​ កងទ័ព​កម្ពុជា​និង​កងទ័ព​វៀតណាម​កាល​ពី​ពេល​ថ្មីៗ​នេះ​ បានធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា​មួយ​ក្រោម​ឈ្មោះ​ថា «លំហាត់​ហ្វឹកហ្វឺន​រួម​កម្ពុជា-វៀតណាម​ស្ដីពី​ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ព្រំដែន​គោក​និង​ការងារ​មនុស្សធម៌​ឆ្នាំ​២០១៩»។​

លំហាត់​ហ្វឹកហ្វឺន​រួម​គ្នា​ដែល​ធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ ​នៅ​តំបន់​ព្រំដែន បានផ្ដោត​ទៅ​លើ​ការ​ជួយសង្គ្រោះ​ឆ្លង​ព្រំដែន​ ​ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​ ​ដូចជា​គ្រោះ​ធម្មជាតិ​ ​និង​ការ​បន្សាយ​សារធាតុ​គីមី​គ្រោះថ្នាក់​ជាដើម។

លោក ​សុខ ឥសាន្ត​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច បាន​ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា កម្ពុជា​និង​វៀតណាម​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​គ្នា​តាំង​ពី​យូរ​មក​ហើយ ហើយ​ប្រទេស​ទាំង​ពីរ​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​ឲ្យ​កាន់​តែ​ខ្លាំង​បន្ត​ទៅ​មុខ​ទៀត។

«វា​ទាមទារ​ត្រូវ​តែ​នៅ​ជិត​គ្នា​ជា​សត្យានុម័ត។ អញ្ចឹង​ទេ វា​ត្រូវ​តែ​រិះរក​គ្រប់​វិធានការ​ទាំង​អស់ ដើម្បី​ធ្វើ​យ៉ាង​ណា​ពង្រឹង​មិត្តភាព​ សាមគ្គីភាព​ កិច្ច​សហប្រតិបត្តិការ​នេះ​ឲ្យ​បាន​គង់វង្ស​យូរ​អង្វែង​ ដើម្បី​ផល​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ»។

ទោះ​យ៉ាងណា​ លោក​បណ្ឌិត​ មាស នី​ អ្នកវិភាគ​នយោបាយ​ យល់​ថា​ នា​ពេល​បច្ចុប្បន្ន​ហាក់​ដូចជា មាន​ភាព​«ប្រទាញប្រទង់​គ្នា» រវាង​វៀតណាម និង​ចិន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា។

«អញ្ចឹង​នេះ ខ្ញុំ​គិត​ថា វា​ជា​វិធី​សាស្ត្រ​ ដែល​ទាំង​ប្រទេស​ទាំង​ពីរ​ហ្នឹង​ចង់​បង្ហាញ​នូវ​ ការ​យើង​មិន​ហៅ​ថា ការ​គ្រប់គ្រង​ទេ។ ចង់​បង្ហាញ​ថា ចង់​បង្ហាញ​នូវ​ទំនាក់ទំនង​ជា​ទ្វេភាគី​ហ្នឹង​ដោយ​មិន​ឲ្យ​វៀតណាម​មើល​ឃើញ​ថា កម្ពុជា​ងាក​ទៅ​រក​ចិន​ ហើយ​ដើរ​ចេញ​ពី​វៀតណាម​ហ្នឹង​ណា»។

ក្នុង​សៀវភៅ​ស​ការពារ​ជាតិ​វៀតណាម​ឆ្នាំ២០១៩​ ​ដែល​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅ​ ​វៀតណាម​បាន​ព្រមាន​អំពី​ការប៉ុនប៉ង​បំបែកបំបាក់​ទំនាក់ទំនង​ជាមួយ​នឹង​កម្ពុជា​ ​ដែល​អ្នកវិភាគ​បាន​លើកឡើង​ថា​ វៀតណាម​បាន​សំដៅ​ទៅលើ​ប្រទេស​ចិន​ ​តែ​ក៏បាន​បង្ហាញ​ពី​ចេតនា​ចង់​រក្សា​ទំនាក់ទំនង «យុទ្ធសាស្ត្រ​ពិសេស»និង​«ប្រពៃណី»​រវាង​ប្រទេស​ទាំងពីរ​បន្ត​ទៅមុខ​ទៀត៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG