ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កម្ពុជា​និង​វៀតណាម​ប្រឹង​ស្តារ​ទំនាក់ទំនង​ឡើង​វិញ​ពេល​ចិន​ចូល​កៀក


រូប​ឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
រូប​ឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

កាលពី​ឆ្នាំ២០១២​ ​វៀតណាម​និង​កម្ពុជា​បាន​ខ្វែងគំនិត​គ្នា​ ​ខណៈ​ភ្នំពេញ​ជា​ប្រធាន​អាស៊ាន​នាគ្រា​នោះ​បាន​បដិសេធ​សំណើ​វៀតណាម​ ​ហើយ​មិនព្រម​បញ្ចូល​អត្ថន័យ​មួយ​ចំនួន​​ទាក់ទិន​នឹង​សមុទ្រ​ចិន​ខាងត្បូង​ ​ចូល​សេចក្ដីថ្លែង​ការណ៍​រួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន។​ ​

ក្នុង​ពិធី​សម្ពោធ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​វៀតណាម​ ​នៅ​ក្នុង​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​ ​កាលពី​សប្តាហ៍​មុន​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​អរគុណ​វៀតណាម​ចំពោះ​ការ​លើកទ័ព​ចូល​ប្រទេស​កម្ពុជា​ ​ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរក្រហម​ ​កាលពី៤១ឆ្នាំមុន​ ​និង​ការ​គាំទ្រ​ជាបន្តបន្ទាប់។​

ជា​ការ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ដល់​មន្ត្រី​វៀតណាម​ ​និង​ប្រជាជន​វៀតណាម​ដែល​ចូលរួម​ក្នុង​ពិធី​ខាងលើ​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​និយាយ​ជា​ភាសា​វៀតណាម​បន្តិច​ ​មុននឹង​ថ្លែង​ទាំង​អស់​សំណើច​ថា៖​ ​«ទេ​ ​ទោះបី​បាន​តិច​បាន​ច្រើន​ ​វៀតណាម​អត់​ចេះ​និយាយ​ខ្មែរ​ផង​ ​ខ្ញុំ​ចេះ​និយាយ​វៀតណាម​ ​ហើយ​កុំ​ថា​ខ្ញុំ​និយាយ​វៀតណាម​ ​ទៅជា​អាយ៉ង​វៀតណាម​នោះ»។​

ពាក្យ​ថា​«អាយ៉ង​វៀតណាម»​ត្រូវ​បាន​មជ្ឈដ្ឋាន​ដែល​ជំទាស់​នឹង​លោកនាយក​រដ្ឋមន្ត្រី​ ​បាន​យក​មក​ប្រើប្រាស់​នា​ពេល​កន្លងមក​ ​ដោយ​សំដៅ​ទៅលើ​សាវ​តា​នៃ​ការ​ចូល​មកកាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​កាលពី​ឆ្នាំ១៩៧៩​ ​មានឈ្មោះ​ថា​គណបក្សប្រជាជន​បដិ​វត្ដ​ន៍​ខ្មែរ​ ​ក្រោយពេល​វៀតណាម​ផ្ដួលរំលំ​ខ្មែរក្រហម។​

តាម​ជាក់ស្ដែង​ ​ភាព​ស្និទ្ធស្នាល​គ្នា​រវាង​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំនេះ​ ​មាន​លើស​ពី​ការ​ថ្លែង​ជា​ភាសា​វៀតណាម​របស់​លោក​ ​ហ៊ុន​ ​សែន។​ ​អ្នក​តាមដាន​ ​លើកឡើង​ថា​ ​មាន​ករណី​ជាច្រើន​ផ្សេងទៀត​ក្នុង​ឆ្នាំនេះ​ ​ដែល​បាន​បង្ហាញ​ពី​កាយវិការ​របស់​កម្ពុជា​ចង់​ផ្ដល់​ការធានា​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន​ ​នឹង​មិន​បង្ក​គ្រោះ​ដល់​វៀតណាម​ទេ។​

លោក​បណ្ឌិត​ ​អៀ​ ​សុផល​ ​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ ​នៅ​មហាវិទ្យាល័យ​ ​Occidental​ ​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា​ ​ខាង​វៀតណាម​ក៏បាន​ឈ្វេងយល់​អំពី​ភាព​ចាំបាច់​ដែល​ត្រូវ​ស្វះស្វែង​សម្រប​នឹង​ស្ថានភាព​ថ្មី​ ​ដែល​បន្ត​ស្និទ្ធ​នឹង​កម្ពុជា​ ​ហើយ​ព្យាយាម​រស់នៅ​តទល់​នឹង​ចិន​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​តំបន់។​

អ្នកវិភាគ​រូប​នេះ​បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​ថា៖​

«វា​ច្បាស់​ណាស់​ដែល​ថា​ ​ទីក្រុង​ភ្នំពេញ​ឈ្វេងយល់​អំពី​សេចក្ដី​ត្រូវការ​ក្នុង​ការ​ប្រស់​ឱ្យ​ស្រស់បំព្រង​ឡើងវិញ​នូវ​បណ្ដា​ទំនាក់ទំនង​នានា​របស់​ខ្លួន​ជាមួយ​ទីក្រុង​ហាណូយ»។​

ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ នៅ​ក្នុង​ថ្ងៃ​សម្ពោធ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក ជីញ ឌិញ ស៊ុង (Trinh Dinh Dung) ឧបនាយករដ្ឋមន្ត្រីវៀតណាម។ (Facebook)
ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ នៅ​ក្នុង​ថ្ងៃ​សម្ពោធ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក ជីញ ឌិញ ស៊ុង (Trinh Dinh Dung) ឧបនាយករដ្ឋមន្ត្រីវៀតណាម។ (Facebook)

ឆ្នាំ២០១៩នេះ​ ​ជា​ខួប​អនុស្សាវរីយ៍​ទី៤០ឆ្នាំ​នៃ​ការ​លើកទ័ព​ចូលលុក​លុយ​ប្រទេស​កម្ពុជា​ ​ពីសំណាក់​កងទ័ព​វៀតណាម​ ​ដែល​នាំ​ឱ្យ​ក្រុ​មកុម្មុយ​នី​ស្ដ​ខ្មែរ​ដែល​រណប​នឹង​ចិន​ ​ត្រូវ​អស់​តំណែង​នៅ​ភ្នំពេញ​ ​ហើយ​នាំ​ទ័ព​ចេញទៅ​ដល់​ទល់ដែន​ថៃ។​ ​ប្រទេស​ទាំងពីរ​បាន​ធ្វើការ​អបអរ​ខួប​ទី៤០ឆ្នាំនេះ​យ៉ាង​អធិកអធម​នៅដើម​ឆ្នាំ។​

ទាំង​ហាណូយ​ ​និង​ភ្នំពេញ​ ​បាន​បង្ហាញ​សាមគ្គីភាព​យ៉ាង​ស្អិត​រមួត​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ដោយ​បាន​ធ្វើប្រតិកម្ម​តប​នឹង​ការ​លើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ ​Lee​ ​Hsien​ ​Loong​ ​ក្នុង​លិខិត​ចូលរួម​មរណទុក្ខ​លោក​ ​Prem​ ​Tinsulanonda​ ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ​អំពី​ស្នាដៃ​របស់​លោក​អំឡុង​គ្រប់គ្រង​អំណាច​ក្នុង​ឆ្នាំ​ទប់ទល់​នឹង​កងទ័ព​វៀតណាម​ ​ដែល​កាលនោះ​ ​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​បាន​ប្រើពាក្យ​វៀតណាម​«ឈ្លានពាន»​កម្ពុជា។​

ថ្នាក់ដឹកនាំ​វៀតណាម​ ​បាន​យាង​ព្រះមហាក្សត្រ​កម្ពុជា​ ​ព្រះបាទ​ ​នរោត្តម​ ​សីហ​មុនី​ ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ ​កាលពី​ខែធ្នូ​ ​ឆ្នាំ២០១៨។​

លោក​ ​Nguyen​ ​Phu​ ​Trong​ ​ដែល​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយ​នី​ស្ដ​ ​និង​ជា​ប្រធាន​រដ្ឋ​ផង​ ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ភ្នំពេញ​ ​កាលពីដើម​ឆ្នាំ​ ​មុននឹង​លោក​ ​ហ៊ុន​ ​សែន​ ​ចេញទៅ​បំពេញ​ទស្សនកិច្ច​នៅ​ហាណូយ​ ​កាលពី​ខែតុលា​ ​ពេល​ដែល​លោក​ចូលរួម​ជាមួយ​នាយក​រដ្ឋមន្រ្តី​វៀតណាម​ ​Nguyen​ ​Xuan​ ​Phuc​ ​សម្រេច​ចុះ​សន្ធិសញ្ញា​បំពេញបន្ថែម​ទទួលស្គាល់​ការ​បោះបង្គោល​ព្រំដែន​ ​ដែល​សម្រេច​បាន៨៤​%​នៃ​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ។​

កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​សម្រេចការ​ធ្វើលំហាត់​សមយុទ្ធ​រួមគ្នា​លើកដំបូង​បំផុត​ ​កាលពី​ខែធ្នូ​ ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ទួលស្ដី​ ​ស្រុក​ចន្ទ្រា​ ​ខេត្ត​ស្វាយរៀង​ ​ដែល​មានការ​ហ្វឹកហ្វឺន​ជួយ​សង្គ្រោះ​ទាក់ទង​នឹង​គ្រោះមហន្តរាយ​បណ្ដាល​មកពី​ធម្មជាតិ​ ​និង​ការ​រីកសាយ​ភាយ​នៃ​អាវុធគីមី។​

លោក​បណ្ឌិត​ ​ផាត់​ ​កុសល​ ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ ​នៅ​សាកល​វិទ្យាល័យ​ក្រុង​ញូ​វយ៉​ក​ ​CUNY​ ​សហរដ្ឋ​អាមេរិក​ ​បាន​ប្រាប់VOAថា​ ​វៀតណាម​ ​និង​កម្ពុជា​ ​កំពុង​ដោះដូរ​មធ្យោបាយ​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​ ​ក្នុងនាម​ជា​សាមគ្គីភាព​ប្រទេស​តូច​ ​និង​មិន​បណ្ដោយ​ខ្លួន​ទៅជា​ឧបករណ៍​របស់​ប្រទេស​ធំៗ​សម្រាប់​គេ​យក​មក​ប្រជល់​គ្នា​នោះ​ទេ។​

អ្នក​តាមដាន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​រូប​នេះ​បាន​ប្រាប់VOAតាម​សារ​អេឡិចត្រូនិក​ថា៖​

«បណ្ដា​រដ្ឋ​តូច​ៗ​អាច​នឹង​ខ្សោយ​ ​ប៉ុន្តែ​មិនមែន​មិន​មានអំណាច​អ្វី​សុទ្ធ​នោះ​ទេ។​ ​កម្ពុជា​និង​វៀតណាម​អាច​នឹង​ផ្លាស់ប្ដូរ​គំនិត​គោលនយោបាយ​ការបរទេស​ជាមួយគ្នា​ ​ដើម្បី​ធ្វើដំណើរ​ដោយ​ប្រុងប្រយ័ត្ន​ ​ក្នុង​អ្វី​ដែល​ខ្ញុំ​អាច​ហៅ​បាន​ថា​«យុទ្ធសាស្ត្រ​រត់​បញ្ឆោត​និង​ប្រដេញ​គ្នា»​ ​ដើម្បី​ឱ្យ​មហាអំណាច​ដូចជា​សហរដ្ឋ​អាមេរិក​និង​ចិន​ ​ស្ថិត​ក្នុង​ទិសដៅ​មួយ​ដែល​អាច​កំណត់​បាន​ ​ហើយ​ប្រទេស​តូច​ៗ​(វៀតណាម​និង​កម្ពុជា)​ ​អាច​ទាញ​ប្រយោជន៍​ពី​ប្រទេស​ធំៗ​ទាំងនោះ»។​

លោក​បណ្ឌិត​ ​ផាត់​ ​កុសល​ ​បាន​បន្ថែម​ថា​វៀតណាម​មាន​ជំនាញ​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំងនេះ​ ​ដូចដែល​វៀតណាម​បាន​ធ្វើ​តាំងពី​ជំនាន់​ទសវត្សរ៍​១៩៦០​ ​ដែល​បត់បែន​រវាង​មហាអំណាច​ដែល​ឈ្លោះ​គ្នា​ ​រួមមាន​អតីត​សហភាព​សូវៀត​ ​ចិន​ ​និង​ឥឡូវ​សហរដ្ឋ​អាមេរិក។​

VOA មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​នៅឡើយ​ទេ។​

កងទ័ព​វៀតណាម​ធ្លាប់​បាន​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​អស់​រយៈពេល១ទសវត្សរ៍​ពីឆ្នាំ១៩៧៩​ ​មកដល់​ឆ្នាំ១៩៨៩​ ​តាំងពី​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ​និង​រហូត​ដល់​របប​រដ្ឋកម្ពុជា​ ​ដើម្បី​ប្រយុទ្ធ​នឹង​កងទ័ព​តស៊ូ​ត្រីភាគី​ ​ដែល​គាំទ្រ​ដោយ​ចិន​និង​លោក​ខាង​លិច។​ ​លោក​ ​ហ៊ុន​ ​សែន​ ​ផ្ទាល់​ក៏​ជា​អ្នករិះគន់​ឥត​សំចៃ​មាត់​ ​នាគ្រានោះ​ទៅលើ​ចំណែក​គាំទ្រ​របស់​ចិន​ ​ក្នុង​ការ​គាំទ្រ​ខ្មែរក្រហម​ ​ប្រឆាំង​នឹង​របប​ក្រុងភ្នំពេញ​ដែល​គាំទ្រ​ដោយ​ ​ហាណូយ​ ​និង​ម៉ូស្គូ។​

​៣០ឆ្នាំក្រោយ​មក​ ​ប្រទេស​កម្ពុជា​ ​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដដែល​ ​បាន​ក្លាយ​ជា​មិត្ត​ជាមួយ​នឹង​ប្រទេស​ចិន​ ​ដែល​ជា​រដ្ឋ​ធំ​មានអំណាច​និង​តែង​ត្រូវ​បាន​វៀតណាម​ចាត់ទុកថា​ជា​គូ​ប្រជែង​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ឈរជើង​មាន​វត្តមាន​នៃ​រដ្ឋ​និង​ប្រជាជាតិ​វៀតណាម​តែម្ដង។​

ភាព​ជិតស្និទ្ធ​រវាង​ភ្នំពេញ​និង​ប៉េកាំង​ ​ស្ដែង​ឡើង​តាមរយៈ​ការ​គាំទ្រ​របស់​កម្ពុជា​ចំពោះ​ចិន​ ​ក្នុង​នោះ​មាន​បញ្ហា​ហុងកុង​ ​បញ្ហា​តៃវ៉ាន់​ ​និង​បញ្ហា​នៅ​ខែត្រ​ Xinjiang​ ​បូករួម​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ​និង​ការ​ទទួល​នូវ​លំហូរ​ជំនួយ​ ​ទុន​វិនិយោគ​ចិន​ ​ដែល​ពេល​ចុងក្រោយ​នេះ​ ​នាំ​ឱ្យ​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​សង្ស័យ​ថា​ ​ចិន​អាច​នឹង​មាន​របៀបវារៈ​សន្តិសុខ​និង​យោធា​ ​បង្កប់​ក្រោយ​របៀប​វារៈ​សេដ្ឋកិច្ច​ ​និង​នយោបាយ។​

VOA មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​នៅឡើយ​ទេ។​

រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ភាព​រកាំរកូស​

មុន​នេះ​បន្តិច​ ​ភាព​រកាំរកូស​រវាង​អ្នកជិតខាង​ទាំងពីរ​ ​ចេះតែ​បន្ត​មាន​ជាហូរហែ។​ ​

លោក​ ​សុខ​ ​ឥសាន​ ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ទទួលស្គាល់​ថា ​វា​ជា​រឿង​ធម្មតា​ដែល​ប្រទេស​កម្ពុជា​និង​វៀតណាម​អាច​នឹង​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លះ​ ​ដែល​អាច​ប៉ះពារ​គ្នា​ ​តែ​មិន​អាច​ទៅណា​ឆ្ងាយ​ពីគ្នា​នោះ​ទេ។​ ​

«ការ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​វៀតណាម​ ​វា​ប្រៀប​ដូចជា​នឹង​ទំនាក់ទំនង​អណ្ដាត​ ​និង​ធ្មេញ​អ៊ីចឹង។​ ​ពេល​ណាៗ​ក៏​យើង​នៅតែ​ទំពារ​បាយ​ដដែល។​ ​អ៊ីចឹង​ឱ្យ​យើង​ទៅ​ណា​ ​បើ​យើង​នៅ​ជាប់​ដែនដី​ជាមួយគ្នា»។​

កាលពី​ឆ្នាំ២០១២​ ​វៀតណាម​និង​កម្ពុជា​បាន​ខ្វែងគំនិត​គ្នា​ ​ខណៈ​ភ្នំពេញ​ជា​ប្រធាន​អាស៊ាន​នាគ្រា​នោះ​បាន​បដិសេធ​សំណើ​វៀតណាម​ ​ហើយ​មិនព្រម​បញ្ចូល​អត្ថន័យ​មួយ​ចំនួនទាក់ទិន​នឹង​សមុទ្រ​ចិន​ខាងត្បូង​ ​ចូល​សេចក្ដីថ្លែង​ការណ៍​រួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន។​ ​

អំឡុង​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៣នៅ​កម្ពុជា​ ​បញ្ហា​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ​បាន​លាន់​កក្រើក​ឡើង​ ​ហើយ​ជាលើកដំបូង​បង្អស់​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ជា​សាធារណៈ​នូវ​ការ​មិន​យល់ស្រប​លើ​បញ្ហា​ព្រំដែន​គោក​នេះ​ ​ដោយ​ផ្ញើ​កំណត់​ទូត​ទៅ​ឱ្យ​ភាគី​វៀតណាម​ ​ជុំវិញ​ការប្រព្រឹត្ត​របស់​អាជ្ញាធរ​ហាណូយ​តាម​ព្រំដែន។​

ជាលើកដំបូង​បង្អស់​មិនធ្លាប់​មាន​ពីមុន​មក​ ​ក្នុង​ពាក់កណ្ដាល​ខែ​មីនា​ ​ឆ្នាំ២០១៨​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ចោទសួរ​ពី​ភាព​ស្មោះត្រង់​របស់​វៀតណាម​ចំពោះ​អ្នកដឹកនាំ​កម្ពុជា​ ​ខណៈ​រូបថត​មេ​បក្សជំទាស់​កម្ពុជា​ជួបនឹង​មេដឹកនាំ​វៀតណាម​ ​កាលពី​ពេល​ជាង១០ឆ្នាំមុន​ ​ត្រូវ​បាន​បណ្ដាញ​ឃោសនា​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​យក​មក​ចែកចាយ។​ ​

ក្នុង​ពេល​ដដែលខណៈ​កងទ័ព​កម្ពុជា​ ​និង​ចិន​ ​កំពុង​ធ្វើ​សមយុទ្ធ​រួម​បាញ់​គ្រាប់​ពិត​នៅ​ខេត្ត​កំពង់ស្ពឺ​ ​នាវា​ពិឃាដ​ដឹក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ ​បាន​ចូល​ចត​ធ្វើទស្សនកិច្ច​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​កំពង់ផែ​ ​ក្រុង​ ​Da​ ​Nang​ ​របស់​វៀតណាម។​ ​នៅ​លើ​បណ្ដាញ​ទូរទស្សន៍​បាយ័ន​ ​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកស្រី​ ​ហ៊ុន​ ​ម៉ា​ណា​ ​កូនស្រី​ច្បង​លោក​ ​ហ៊ុន​ ​សែន​ ​លោក​ ​សយ​ ​សុភាព​ ​អ្នក​អត្ថា​ធិប្បាយ​ព័ត៌មាន​ជើងចាស់​ដែល​មាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​ ​បាន​ប្រើ​ពេល​ជាច្រើន​នាទី​ ​វាយប្រហារ​វៀតណាម​ ​ថា​មិន​គោរព​កម្ពុជា​ ​ហើយ​ថា​ប្រទេស​ទាំងពីរ​«ដើរ​ដល់​ផ្លូវបំបែក»​ ​ហើយ​ ​ដោយ​កម្ពុជា​ងាក​ទៅ​ចិន​ ​ហើយ​វៀតណាម​ងាក​ទៅ​សហរដ្ឋ​អាមេរិក។​

ក្នុង​សេចក្ដី​រាយការណ៍​នៅ​លើ​ទំព័រ​សារព័ត៌មាន​អេឡិចត្រូនិក​ ​Asia​ ​Times​ ​កាលពី​ចុងខែ​មីនា​ឆ្នាំ២០១៨​ ​លោក​ ​Alan​ ​Parkhouse​ ​អតីត​អ្នកសារព័ត៌មាន​ជើងចាស់​ប្រចាំ​នៅ​កម្ពុជា​ ​លើកឡើង​ដោយ​ស្រង់​សម្ដី​ប្រភព​ពី​ផ្ទៃក្នុង​គណបក្ស​កាន់អំណាច​របស់​កម្ពុជា​ថា​ ​ក្រុម​សមាជិក​ជាន់ខ្ពស់​នៃ​ការិយាល័យ​នយោបាយ​មជ្ឈឹម​បក្ស​វៀតណាម​ ​ដ៏​មានអំណាច​ ​បាន​សម្ដែង​ការ​អាក់អន់​ស្រពន់ចិត្ត​នឹង​ការ​ស្និទ្ធស្នាល​ពេក​រវាង​កម្ពុជា​និង​ចិន​ ​ហើយនឹង​ការ​បន្ត​សើរើ​ឯកសារ​របស់​ប្រជាជន​ក្នុង​សហគមន៍​វៀតណាម​រស់នៅ​កម្ពុជា។​

គេ​មិនបាន​ឃើញ​រដ្ឋាភិបាល​ទាំងពីរ​ចេញ​មក​បដិសេធ​សេចក្ដីរាយការណ៍​ខាងលើ​នោះ​ឡើយ​ ​តែ​ក្រោយមក​នៅដើម​ខែមេសា​ ​ឆ្នាំ២០១៨​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ ​បាន​ជួបគ្នា​ ​ហើយ​ចេញ​សេចក្ដីថ្លែង​ការណ៍​រួម​គាំទ្រ​គ្នា​ ​ហើយ​រួម​ប្រយុទ្ធ​នឹង​អ្វី​ដែលគេ​ហៅថា​«ព័ត៌មាន​ក្លែងក្លាយ»។​

ប៉ុន្តែ​នៅ​ប៉ុន្មាន​ខែក្រោយ​ ​ខណៈ​រដ្ឋាភិបាល​ភ្នំពេញ​កំពុង​រៀបចំ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​ ​ក្នុង​ខែកក្កដា​ ​និង​ខណៈ​ដែល​កម្ពុជា​និង​ចិន​កំពុង​ប្រារព្ធ​ខួប៦០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ ​កងកម្លាំង​យោធា​វៀតណាម​បាន​សាងសង់​សំណង់​បេតុង​ក្នុង​តំបន់​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម​ ​ដែល​មិនទាន់​បាន​កំណត់​ខណ្ឌសីមា​ច្បាស់លាស់​នៅឡើយ។​

អ្នកវិភាគ​បាន​លើកឡើង​ថា​ ​ខណៈ​ភាព​ស្និទ្ធស្នាល​រវាង​ភ្នំពេញ​ ​និង​ប៉េកាំង​ ​មិនជា​បច្ច័យ​ល្អ​ដល់​វៀតណាម​ ​ការណ៍​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ ​បើសិនជា​ចិន​អាច​មានលទ្ធភាព​ដាក់​យោធា​របស់​ខ្លួន​នៅ​កម្ពុជា​ ​ដូច​ការ​ចោទ​សង្ស័យ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ​សម្ព័ន្ធ​មិត្ត​ ​និង​បណ្ដាញ​ផ្សព្វផ្សាយ​បស្ចិម​លោក។​

រថយន្តដឹកអ្នកកាសែតបើកលើផែកប៉ាល់ចម្បាំងក្នុងអំឡុងទស្សនកិច្ចពិសេសមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)
រថយន្តដឹកអ្នកកាសែតបើកលើផែកប៉ាល់ចម្បាំងក្នុងអំឡុងទស្សនកិច្ចពិសេសមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

លោក​បណ្ឌិត​ ​អៀ​ ​សុផល​ ​នៃ​មហាវិទ្យាល័យ​ ​Occidental​ ​សហរដ្ឋអាមេរិក​ ​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖​ ​ការ​រត់​ឱប​គ្នា​ឡើងវិញ​នៃ​វៀតណាម​ ​និង​កម្ពុជា​អាច​នឹង​មិន​ជោគជ័យ​ទេ​ ​«បើសិនជា​មាន​សកម្មភាព​ផ្នែក​យោធា​របស់​ចិន​នៅ​កម្ពុជា​ដែល​រត់​ហួសពី​ភាព​អត់ធ្មត់​របស់​ទីក្រុង​ហាណូយ»។​

មួយថ្ងៃ​បន្ទាប់ពី​កាសែត​ ​The ​Wall​ ​Street​ ​Journal​ ​បាន​ចុះផ្សាយ​របាយការណ៍​ដ៏​រសើប​មួយ​កាលពី​ខែកក្កដា​ ​ដែល​ថា​ ​ចិន​បានសម្រេច​កិច្ច​ព្រមព្រៀង​ក្នុង​ការ​បើក​ឱ្យ​យោធា​របស់​ខ្លួន​អាច​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​ ​អនុរដ្ឋ​មន្ត្រី​ការពារប្រទេស​របស់​វៀតណាម​ ​លោក​ ​Nguyen​ ​Chi​ ​Vinh​ បាន​ធ្វើដំណើរ​មក​ភ្នំ​ពេញ​ភ្លាម​ៗ​ ​ជួប​ប្រជុំ​នឹង​ថ្នាក់ដឹកនាំ​យោធា​កម្ពុជា​ ​តែ​របៀបវារៈ​នៃ​ការ​ជជែក​ពិភាក្សា​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ។​

ក្រៅតែ​ពី​ចាត់​ទុក​ចិន​ជា​គូ​ប្រជែង​ជា​ប្រវត្តិសាស្ត្រ​ដែល​នៅ​ក្បែរ​ខាង​ ​វៀតណាម​ក៏​កំពុង​ស្ថិតនៅ​ខ្សែត្រៀម​ជួរមុខ​ផង​ដែរ​ ​ក្នុង​ការ​តតាំង​ប្រឆាំង​នឹង​ការ​អះអាង​វាតទី​របស់​ចិន​ ​ដែល​ប្រុង​ក្រសោប​ស្ទើរតែ​ទាំងស្រុង​ ​សមុទ្រ​ចិន​ខាងត្បូង​ ​ដ៏​មានគុណ​តម្លៃ​យុទ្ធសាស្ត្រ​និង​ពាណិជ្ជកម្ម។​

លោក​ ​សុខ​ ​ឥសាន​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​ចិន​ ​និង​វៀតណាម​ ​ក៏​បង្ក​ជា​ក្ដី​លំបាក​សម្រាប់​កម្ពុជា​ផង​ដែរ​ ​នៅពេល​ដែល​ភ្នំពេញ​ចាត់​ទុក​ទាំង​ហាណូយ​ ​និង​ប៉េកាំង​ជា​មិត្ត​ដូចគ្នា។​ ​នៅ​ពេល​សួរ​ថា​ក្ដី​លំបាក​នោះ​មាន​សភាព​បែប​ណា​ ​លោក​បាន​ប្រាប់​ VOA ថា៖​ ​

«យើង​តឹងចិត្ត​ដែរ​ ​ឃើញ​មិត្ត​ពីរ​ឈ្លោះ​គ្នា​ ​យើង​តឹងចិត្ត​ដែរ។​ ​ឥឡូវ​ដូច​ក្មួយ​ឯង​អ៊ីចឹង​ ​ឪពុក​និង​ម្ដាយ​ ​យើង​គោរព​ម្ដាយ​ជា​របស់​យើង​ ​យើង​គោរព​ឪពុក​ជា​របស់​យើង។​ ​រួច​ចុះបើ​ម៉ែ​និង​ឪ​ ​ឈ្លោះ​គ្នា​រាល់ថ្ងៃ​ ​កូន​ហ្នឹង​សប្បាយចិត្ត​ទេ​?​ ​អាហ្នឹង​ ​យើង​និយាយ​សាមញ្ញ​នៅ​ក្នុង​គ្រួសារ​តូច​មួយ​ទេ​ ​អាហ្នឹង​វា​អ៊ីចឹង»។​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​របស់​កម្ពុជា​រូប​នេះ​ ​បាន​បន្ត​ទៀត​ថា៖​

«ពិបាក​!​ ​បើ​មិន​ពិបាក​ផ្លូវកាយ​ក៏​យើង​ពិបាក​ផ្លូវចិត្ត​ដែរ។​ ​យើង​ដូច​ថា​ ​វា​ ​វា​ ​វា​មិន​ស្ងប់​ក្នុង​អា​រម្ម​ណ៍​ហ្នឹង​ហ្អា​ ​និយាយរួម​!»។

​ភាព​ប្រក្រតី​បែប​ថ្មី​

​ចរន្ត​នៃ​ការប្រែប្រួល​សមាសភាព​អំណាច​នយោបាយ​នៅ​ទីក្រុង​ហាណូយ​ ​ក៏​ជា​កត្តា​កំណត់​ភាព​ឡើងចុះនៃ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។​

ភាព​ប្រែប្រួល​បាន​កើតមានឡើង​ ​ក្រោយ​សមាជ​បក្ស​កុម្មុយ​នី​ស្ដ​វៀតណាម​ឆ្នាំ២០១៦​ ​ពេល​ដែល​ការប្រកួត​ប្រជែង​អំណាច​ក្នុង​បក្ស​បាន​ចេញ​លទ្ធផល​ ​ដោយក្រុម​កំណែទម្រង់​សេរីនិយម​ដឹកនាំ​ដោយ​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ ​Nguyen​ ​Tan​ ​Dung​ ​បាន​របូត​អស់​ឥទ្ធិពល​ ​ហើយ​ក្រុម​ប្រកាន់​តឹង​ដឹកនាំ​ដោយ​អគ្គលេខាបក្ស​ ​Nguyen​ ​Phu​ ​Trong​ ​បាន​ក្រសោប​ឥទ្ធិពល​ដ៏​សម្បើមនៅ​ក្នុង​បក្ស​និង​រដ្ឋ។​

ក្រុម​លោក​ ​Nguyen​ ​Tan​ ​Dung​ ​ត្រូវ​បាន​គេ​ដឹង​ថា​គាំទ្រ​ឱ្យ​មានការ​ទទួល​រាប់អាន​សហរដ្ឋ​អាមេរិក​កម្រិត​ខ្លាំង​ ​ដើម្បី​ឈរជើង​ប្រឆាំង​នឹង​ចិន​ ​រី​ឯ​ក្រុម​ប្រកាន់​តឹង​ដែល​មាន​លោក​ ​Nguyen​ ​Phu​ ​Trong​ ​ជា​មេ​កើយ​ ​ហាក់​នៅ​ចង់​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ចិ​នកុម្មុយ​នី​ស្ដ​ផង​ដែរ​ ​ដោយ​មិន​ចង់​បណ្ដោយ​ខ្លួន​ទៅ​ក្នុង​ការគ្រប់គ្រង​របស់​អាមេរិក​ទាំងស្រុង​ទេ។​

ម្ល៉ោះហើយ​ចាប់​តាំង​ពី​ក្រោយ​សមាជ​បក្ស​វៀតណាម​ឆ្នាំ២០១៦មក​ ​ស្ថានការណ៍​នៃ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ ​បាន​កែ​លម្អ​ជា​បណ្ដើរៗ។​ ​កម្ពុជា​ដែល​ស្និទ្ធ​ចិន​ ​ហើយ​ក្រុម​អ្នកមាន​អំណាច​នៅ​ហាណូយ​ដែល​ចង់​ស្និទ្ធស្នាល​នឹង​ចិន​ក្នុង​កម្រិតមធ្យម​ដែរ​ ​ខណៈ​នៅ​បន្ត​តទល់​នឹង​ចិន​នៅក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង។​

តែ​ការ​ងាក​មក​ត្រូវរ៉ូវ​ល្អូក​ល្អឺន​របស់​ក្រុម​លោក​ ​Nguyen​ ​Phu​ ​Trong​ ​ជាមួយ​កម្ពុជា​ក៏​សម្រេច​បាន​ក្នុង​ភាព​ប្រយ័ត្ន​ប្រយែង​ផង​ដែរ។​ ​ការ​ស្និទ្ធស្នាល​ជ្រុល​ពេក​របស់​កម្ពុជា​ទៅ​ជិត​ចិន​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​បង្ក​ជា​ការ​ព្រួយបារម្ភ​ ​ដល់ទី​ក្រុង​ហាណូយ។​

លោក​បណ្ឌិត​ ​ឡេង​ ​ធារិទ្ធ​ ​នាយក​មជ្ឈមណ្ឌល​មេគង្គ​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ (MCSS) ​បាន​លើកឡើង​ថា​ ​គោលនយោបាយ​របស់​វៀតណាម​ចំពោះ​កម្ពុជា​ ​ទំនងជា​ចង់​ធ្វើ​យ៉ាងណា​រក្សា​ឥទ្ធិពល​របស់​ខ្លួន​ផង​ ​និង​ការពារ​ផលប្រយោជន៍​ខ្លួន​ចំពោះ​មុខ​ចិន​ផង​ដែល​មិន​ចង់​ឱ្យ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​ឡើង​ជ្រុល​ហួសហេតុ​នោះ​ទេ។​

«ហើយ​ទីពីរ​ ​ជា​រឿង​ធម្មតា​ទេ​ដែល​ប្រទេស​មួយ​ ​ដែល​គាត់​មាន​ខឿន​សេដ្ឋកិច្ច​ខ្លាំង​ជាង​ ​នយោបាយ​ខ្លាំង​ជាង​ ​និង​យោធា​ខ្លាំង​ជាង​ ​គាត់​តែងតែ​ចង់​មាន​ឥទ្ធិ​ពល​ខ្លះ​ៗ​ទៅលើ​បណ្ដា​ប្រទេស​ដែល​តូចជាង​ហើយ​ ​អាហ្នឹង​ជា​រឿង​សាមញ្ញ​បំផុត»។​

អ្នក​ជំនាញ​រូប​នេះ​ក៏បាន​បន្ថែម​ដែរ​ថា​ ​ប្រទេស​កម្ពុជា​អាច​អនុវត្តន​យោ​បាយ​ការបរទេស​ឆ្លាស់​ ​និង​បត់បែន​ ​ដោយ​យក​រដ្ឋ​ដៃគូ​មួយ​មក​ទប់​ ​ធ្វើ​តុល្យភាព​ ​និង​ត្រួតពិនិត្យ​ឥទ្ធិពល​រដ្ឋ​ដៃគូ​មួយទៀត​ ​ធានា​យ៉ាងណា​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន។​

នៅ​ក្នុង​សៀវភៅ​ស​ ​ការពារ​ជាតិ​ឆ្នាំ២០១៩​ ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅ​ ​ប្រទេស​វៀតណាម​នៅ​បន្ត​ព្រមាន​ពី​ការប៉ុនប៉ង​«លូកលាន់»​និង​«បំបែកបំបាក់»​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​វៀតណាម​ ​និង​កម្ពុជា។​ ​ការណ៍​នេះ​ត្រូវ​បាន​អ្នក​តាមដាន​បកស្រាយ​ថា​ ​ប្រទេស​វៀតណាម​ចង់​សំដៅ​ទៅលើ​ប្រទេស​ចិន​ដែល​ប៉ុនប៉ង​ធ្វើ​កិច្ចការ​នេះ។​

លោក​សាស្ត្រា​ចារ្យ​ ​Carlyle​ ​A​.​ ​Thayer​ ​អ្នក​ជំនាញ​កិច្ចការ​វៀតណាម​នៅ​សាកល​វិទ្យាល័យ​ ​New​ ​South​ ​Wales​ ​ប្រទេស​អូស្ត្រាលី​ ​បាន​លើកឡើង​ថា​ ​ប្រទេស​វៀតណាម​មិន​បណ្ដោយ​ឱ្យ​ការ​មិន​ចុះសម្រុង​គ្នា​ពីអ​តី​ត​កាល​ ​បន្ត​គ្របដណ្ដប់​ក្លាយ​ជា​ឧបសគ្គ​បង្ក​មហន្តរាយ​របស់​ខ្លួន​ជាមួយ​កម្ពុជា​នោះ​ទេ។​

អ្នក​ជំនាញ​រូប​នេះ​បាន​ថ្លែងប្រាប់VOA​ ​តាម​សារ​អេឡិចត្រូនិក​ថា៖​ «ប្រទេស​វៀតណាម​បាន​តម្កល់​ជា​អាទិភាព​នូវ​ការ​រក្សា​ឱ្យ​បាន​នូវ​ព្រំដែន​ដែល​មាន​សន្តិសុខ​ ​និង​គ្មាន​បញ្ហា​ជាមួយ​ ​កម្ពុជា​...​ដោយ​រួមបញ្ចូល​ទាំង​ការ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​អនុវត្ត​នូវ​ការព្រមព្រៀង​គ្នា​នា​ពេល​កន្លងមក​ ​ថា​ទាំង​កម្ពុជា​ ​និង​ទាំង​វៀតណាម​ ​នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​សាងសង់​មូលដ្ឋាន​យោធា​បរទេស​[​ទីបី​]​ណាមួយ​ ​ត្រូវ​បាន​សាងសង់​ក្នុង​ប្រទេស​មួយ​ ​ដើម្បី​គោលដៅ​ប្រឆាំង​ប្រទេស​មួយទៀត​ឡើយ»។​

កម្ពុជា​រក្សា​ជំហរ​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ក្នុង​ការ​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​ ​ខណៈ​សៀវភៅ​សការ​ពារ​ជាតិ​ថ្មី​របស់​វៀតណាម​ ​ក៏បាន​បន្ត​ការអនុវត្ត​គោលការណ៍​មិន​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​ទឹកដី​ខ្លួន​ដូចគ្នា។​

កត្តា​ផ្ទៃក្នុង​កម្ពុជា​ ​ក៏​ត្រូវ​បាន​លើកឡើង​ថា​បាន​បង្ក​ស្ថានការណ៍​ឱ្យ​មានការ​ខិត​ទៅ​ជិត​គ្នា​នេះ​ផង​ដែរ។​

​លោកស្រី​បណ្ឌិត​ ​Astrid​ ​Norén​-​Nilsson​ ​អ្នក​ជំនាញ​កិច្ចការ​កម្ពុជា​នៅ​សាកល​វិទ្យាល័យ​ ​Lund​ ​ប្រទេស​ស៊ុយអែត​ ​បាន​លើកឡើង​ថា​អវត្តមាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​របស់​កម្ពុជា​រំលាយ​ចោល​ ​ក៏បាន​បង្ក​ជា​កត្តា​ឱ្យ​មេដឹកនាំ​គណបក្សប្រជាជន​កម្ពុជា​ ​និង​មេដឹកនាំ​បក្ស​កុម្មុយនីស្ដ​វៀតណាម​ ​អាច​ស្រវា​រកគ្នា​ផង​ដែរ។​

រូប​ឯកសារ៖ សមាជិក​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ ជួបជុំ​គ្នា​នៅ​ក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
រូប​ឯកសារ៖ សមាជិក​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ ជួបជុំ​គ្នា​នៅ​ក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

ក្នុង​សារ​អេឡិចត្រូនិក​មួយ​តប​នឹង​សំណួរ​របស់ VOA​ ​អ្នក​ជំនាញ​កិច្ចការ​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ថា៖​«ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ឡើង​មកកាន់​អំណាច​បាន​[​នៅ​កម្ពុជា​]​ ​គឺជា​ផលប្រយោជន៍​ស្នូល​សម្រាប់​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​គណ​បក្ស​កុម្មុយនីស្ដ​វៀតណាម។​ ​ក្នុង​ក្រសែភ្នែក​របស់​ទីក្រុង​ហាណូយ​ ​ការ​ចូល​មកកាន់​អំណាច​[​គ្រប់គ្រង​ប្រទេស​កម្ពុជា​]​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​នឹង​បង្ក​ឱ្យ​មាន​ជម្លោះ​ព្រំដែន​បន្ថែម​ទៀត​ ​ហើយ​អាច​នឹង​មាន​សក្ដានុពល​ក្នុង​ការ​ផ្ដល់​ទឹកដី​កម្ពុជា​ ​ឱ្យ​អ្នកជំទាស់​និង​ក្រុម​ប្រឆាំង​នឹង​បក្ស​កុម្មុយនីស្ដ​វៀតណាម​ ​ធ្វើសកម្មភាព​របស់​ខ្លួន»។​

ម្យ៉ាងវិញទៀត​ក្នុង​របត់​ថ្មី​នេះ​ ​ស្រមោល​ឥទ្ធិពល​នៃ​វៀតណាម​នៅ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​មាន​ ​តែ​ការដែល​ហៅ​វៀតណាម​ថា​នៅតែ​ជា​«ចៅហ្វាយនាយ»​របស់​កម្ពុជា​នោះ​ ​មិនមែន​ជា​ការ​បរិយាយ​ដែល​ឆ្លុះបញ្ចាំង​នូវ​រូបភាព​ទាំងស្រុង​នៃ​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​នៅ​ពេល​នេះ​ឡើយ។​ ​នេះ​បើ​យោង​តាម​អ្នកស្រី​បណ្ឌិត​ ​Astrid​ ​Norén-Nilsson។​

ថ្មី​ៗ​នេះ​ ​នៅ​ពេល​កម្ពុជា​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ​មាន​ផ្ទុះ​ប្រតិកម្ម​នៅ​ក្នុង​បណ្ដាសា​ធារ​ណ​ជន​កម្ពុជា​ ​ត្បិត​កិច្ច​ព្រមព្រៀង​ ​និង​សន្ធិសញ្ញា​ព្រំដែន​ទាំងនេះ​ ​មាន​ដើម​កំណើត​ដំបូង​ពី​អំឡុង​ទសវត្សរ៍​១៩៨០​ ​ពេល​ដែល​កងទ័ព​វៀតណាម​កំពុង​ស្ថិតនៅ​ឈរជើង​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ។​

មកទល់​នឹង​ដំណាច់​ឆ្នាំ​នេះ​ ​ការ​បោះ​បង្គោល​ព្រំដែន​គោក​ប្រទេស​ទាំងពីរ​សម្រេច​បាន៨៤​%​ ​ហើយ​ចំណុច​នៅ​សេសសល់​នៅ​មិនទាន់​មានការ​ឯកភាព​គ្នា​នៅឡើយ​ ​គិត​ត្រឹម​ខែធ្នូ២០១៩នេះ។​ ​នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។​

អ្នកស្រី​ ​កុយ​ ​ពិសី​ ​អនុប្រធាន​លេខាធិការ​ដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ ​បាន​ច្រានចោល​ការចោទប្រកាន់​ថា​ការ​បោះ​បង្គោល​ព្រំដែន​បាន​នាំ​ឱ្យ​កម្ពុជា​បង់ខាត​ទឹកដី​ចាញ់ប្រៀប​វៀតណាម។​ ​អ្នកស្រី​បាន​ថ្លែងប្រាប់VOA​ ​អំពី​ការ​ជាប់​ទ្រឹង​នៃ​ការងារ​ព្រំដែន​កម្ពុជា​-​វៀតណាម​បាន​ត្រឹមតែ៨៤​%​នេះ​ថា៖​

«យើង​ចង់​ណាស់​ ​ហើយ​រដ្ឋាភិបាល​ចង់​ណាស់​ ​ពួក​យើង​ក៏​ចង់ណាស់​ ​ក៏ប៉ុន្តែ​វា​ទៅ​អត់​ទាន់​រួច​ ​វា​នៅ​មិនទាន់​មានការ​ឯកភាព​គ្នា​ ​អ៊ីចឹង​យើង​ក៏​បន្ត​ការចរចា​បន្ត​ទៀត​...ចាស៎​ ​វា​អត់​ទាន់​ត្រូវគ្នា​ ​ត្រូវការ​ពេលវេលា​ដើម្បី​ពិភាក្សា​ ​ចរចា​គ្នា​បន្ត​ទៀត​ ​វា​ ​តាមពិត​ទៅ​បើសិនជា​យើង​ចេះតែ​ឯ​ក​ភាព​ៗ​ ​ឬក៏​យើង​ចេះតែ​ត្រូវគ្នា​ ​ដូចដែល​ការ​មតិ​មួយ​ចំនួន​ដែល​លើកឡើង​ ​យើង​ចប់​យូរហើយ​ ​វា​អត់អី​នៅ​ដល់​អ៊ីចឹង​ទេ»។​

លោក​ ​ណាន់​ ​ស៊ី​ ​អតីតមន្ត្រី​ការទូត​កម្ពុជា​និង​បច្ចុប្បន្ន​ជា​អ្នក​តាមដាន​ស្ថានការណ៍​វិវត្ត​នយោបាយ​នៅ​កម្ពុជា​ ​មានប្រសាសន៍​ថា​ផ្នត់គំនិត​ផ្អែកលើ​ប្រវត្តិសាស្ត្រ​ជូរចត់​កាលពី​អតីតកាល​នៃ​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​វៀតណាម​នៅតែ​បន្ត​មាន។​ ​លោក​ថ្លែង​ថា៖​

«កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ធ្លាប់​រងគ្រោះ​ពី​ភ្លើង​សង្គ្រាម​ ​និង​ពី​ការបាត់បង់​ទឹកដី​មួយ​ចំនួន​ពី​ពេល​កន្លងមក»។​

អតីត​អ្នកការទូត​រូប​នេះ​ ​បាន​លើកឡើង​ថា​ការណ៍​នេះ​ ​ទាមទារ​ឱ្យ​ខាង​វៀតណាម​សម្ដែង​ការ​គោរព​ខ្ពស់​ជាង​មុន​ ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ស្មើ​មុខ​ស្មើមាត់​ ​និង​មាន​អធិបតេយ្យ​ជាង​មុន​ ​នៅ​លើ​វេទិកា​តំបន់​និង​វេទិកា​សកល៕

XS
SM
MD
LG