កម្ពុជា​ឱ្យ​វៀតណាម​ប្រើ​ដែន​អាកាស​រក​យន្តហោះ​បាត់

​មន្ត្រី​យោធា Pham Tuan Minh ឆ្លុះ​មើល​តាម​បង្អួច​យន្តហោះ​កងទ័ព​ជើង​អាកាស​វៀតណាម AN-26 ​ក្នុង​​អំឡុង​បេសកកម្ម​ស្វែង​រក​យន្តហោះ​​ម៉ាឡេស៊ី​ដែល​បាត់ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៤ នៅ​ជិត​កោះ​ត្រឡាច (Con Dao)។

ប្រទេស​វៀតណាម​បាន​ប្រើ​ប្រាស់​ដែន​អាកាស​របស់​កម្ពុជា​ដើម្បី​រុករក​យន្តហោះនៃ​ក្រុម​ហ៊ុន​អាកាសចរណ៍ ​Malaysia Airlines ​របស់​ប្រទេសម៉ាឡេស៊ី​ដែល​បាន​បាត់​ខ្លួនប្រាំថ្ងៃ​មក​ហើយ។

ការ​ដែល​កម្ពុជា​អនុញ្ញាត​ឲ្យប្រើ​ដែន​អាកាស​របស់​ខ្លួន​គឺ​ជា​ផ្នែក​មួយ​នៃ​ការរួម​ចំណែក​ក្នុងសហប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​ដែលរងគ្រោះ​ថ្នាក់​នេះ។

នេះ​បើ​យោង​តាម​ការ​អះអាង​របស់​មន្ត្រីជាន់​ខ្ពស់​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

លោក កែវ ស៊ីវន អគ្គនាយក​អាកាសចរណ៍​ស៊ីវិល​ទទួល​បន្ទុក​ការងារ​បច្ចេកទេសមាន​ប្រសាសន៍​ថា​យន្តហោះ​វៀតណាមមួយ​ចំនួន​បាន​ហោះចូល​ដែន​អាកាស​កម្ពុជា​ចាប់តាំង​ពី​ថ្ងៃ​ពុធបន្ទាប់ពី​មាន​ការ​អនុញ្ញាត​ពី​ភាគី​កម្ពុជា។ ​

«វៀតណាម​មាន​កម្លាំង​សម្រាប់​រុក​រក ហើយ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ គាត់​សូម​សហការ​ជាមួយ​ខាង​យើង​ គាត់​មាន​យន្តហោះ​ដើម្បី​រក​នៅ​វៀតណាម​ខាងត្បូង​និង​ជាប់​ឬ​ក៏​នៅ​ក្នុង​តំបន់​ហោះហើរ​របស់​យើង»។

យន្តហោះ​ប៊ូអ៊ីង​៧៧៧​ជើង​ហោះហើរ ​MH370​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Malaysia Airlines នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​បាត់​សញ្ញា​ពី​ប្រព័ន្ធ​រ៉ាដា​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ពេល​ដែល​បាន​ដឹក​អ្នក​ដំណើរ​ចំនួន​២៣៩​នាក់​ចេញ​ពី​ទីក្រុង​កូឡាឡំពួរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ​ប្រទេស​ចិន។ យន្តហោះ​នេះ​បាន​បាត់សញ្ញា​នៅ​លើ​ផ្ទៃ​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​ក្បែរ​កោះ​ក្រចក​សេះ ​ឬ​កោះ Tho Chu ​ជា​ភាសា​វៀតណាម។

នាវា​ចំនួន​៤០​គ្រឿង ​និង​យន្តហោះ​៣៤​គ្រឿង​មក​ពី​ប្រទេស​ចំនួន​៨បាន​ចូលរួម​ក្នុង​ការ​ស្វែង​រក យន្តហោះ​នេះ។ ប្រទេស​ទាំង​នោះ​រួម​មាន​សហរដ្ឋ​អាមេរិក អូស្រ្តាលី ​ម៉ាឡេស៊ី​ខ្លួន​ឯង ​សិង្ហបុរី ​វៀតណាម ចិន និង​ហ្វ៊ីលីពីន។

ដោយ​ឡែក​ទោះ​បីកម្ពុជា​មិន​បាន​ចូលរួម​បេសកកម្ម​អន្តរជាតិ​នេះ​ដោយ​ផ្ទាល់​ក្តី ​ប៉ុន្តែ​ខ្លួន​បាន​ប្រើប្រាស់​ប្រព័ន្ធ​រ៉ាដា​របស់​ខ្លួន​ដើម្បី​ស្វែងរក​ទីតាំង​យន្តហោះ​នេះ​ក្នុង​ដែន​គោក​និង​ដែន​ទឹក​របស់​ខ្លួន។ នេះ​បើ​តាម​លោក កែវ ស៊ីវន។

«ដូច្នេះ​ភារកិច្ច​របស់​អាកាសចរណ៍​ស៊ីវិល​ យើង​បាន​ទំនាក់ទំនង​តាំង​ពី​ថ្ងៃ​ដើម​ទី​ដំបូង​ម្ល៉េះ ទំនាក់​ទំនង​ជាមួយ​សិង្ហបុរី ជាមួយ​វៀតណាម នូវ​ឧបករណ៍​ទាំង​អស់​ដែល​យើង​មាន។ ឧទាហរណ៍​យើង​មាន​ឧបករណ៍​មួយ​សម្រាប់​ផ្ដល់​ដំណឹង​នៅ​ពេល​យន្តហោះ​ធ្លាក់ គឺ​វា​ផ្ដល់​សញ្ញា​ទៅ​ផ្កាយ​រណប ហើយ​ផ្កាយ​រណប​ផ្ដល់​មក​វិញ ហើយ​យើង​មាន​កិច្ច​ព្រមព្រៀង​មួយ​អំពី​បញ្ហា​នេះ​ជាមួយ​វៀតណាម​នៅ​ហៃហ្វុង»។

មក​ទល់​ពេល​នេះ ​គេ​មិន​ទាន់​រកឃើញ​មូលហេតុ​និង​ទីតាំង​យន្តហោះ​ដែល​បាត់​ខ្លួន​នេះ​ទេ​ ដែល​មាន​អ្នក​ដំណើរ​ជាជនជាតិ​ចិន​ចំនួន​១៥៣​នាក់ ​ជនជាតិ​ម៉ាឡេស៊ី​៣៨​នាក់ ​ជនជាតិ​ឥណ្ឌូនេស៊ី​៧​នាក់ ​អូស្ត្រាលី​៦នាក់ ​ឥណ្ឌា​៤​នាក់ ​បារាំង​៤​នាក់ ​អាមេរិក​៣​នាក់ ​និង​ក្រៅ​ពី​នោះ​ជា​ជនជាតិ​ផ្សេងៗ​ទៀត។

លោក​ ទៀ​ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​លោក​ទៀ វិញ ​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​និង​លោក​ទៀ សុខា ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ទៀ វិញ ​និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹកមិន​អាច​ទាក់​ទង​បាន​ទេ​នៅថ្ងៃ​នេះ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថ្លែង​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បញ្ជូន​ក្រុម​អន្តរាគមន៍​សង្គ្រោះ​របស់​ខ្លួន​ក្នុង​ប្រតិបត្តិការ​នេះ ​ប៉ុន្តែ​រដ្ឋាភិបាល​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូលរួម​ប្រសិន​បើ​មាន​ការ​ស្នើ​សុំ។

«យើង​មិន​ទាន់​បាន​ចូលរួម​ទេ។ យើង​នៅ​រង់ចាំ​ការ​ស្នើ​សុំ​របស់​សម​ភាគី​ហ្នឹង​ពី​ព្រោះ​ទី​មួយ​យើង​ជា​ប្រទេស​ហត្ថលេខី​របស់​អាស៊ាន​ក្នុង​ការ​រុករក​និង​ជួយ​សង្គ្រោះ​ចំពោះ​ឧបទ្ទវហេតុ​ដែល​កើត​ឡើង​ដោយ​យថាហេតុ។ យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តប​ហ្នឹង​សំណើ​ណា​មួយ​តាម​សមត្ថភាព​និង​លទ្ធភាព​របស់​យើង»។

បច្ចុប្បន្ន​កម្ពុជា​ប្រើប្រាស់​នាវា​ចាស់ៗ​និង​នាវា​ល្បាត​នៅ​ដែន​សមុទ្រ​ដែល​ជា​ជំនួយ​ចិន។ ក្រៅ ពីនោះ ​មាន​ឧទ្ធម្ភាគចក្រ​ជាង​ដប់​គ្រឿង​ដែល​អាច​ប្រើ​សម្រាប់​វិស័យ​យោធា ​និង​កិច្ចការ មនុស្សធម៌​គឺ​ជា​ជំនួយ​មក​ពី​ប្រទេស​ចិន​ដែរ៕