ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដែន​ការស្វែង​រក​ជើង​យន្តហោះ​​ដែល​​បាត់​ត្រូវ​​​ពង្រីក​កាន់​តែ​ធំ​​នៅពេល​មាន​សំណួរផុស​ចេញ​ឡើង​​


ផែនទី​ជា​ភាសា​អង់គ្លេស​បង្ហាញ​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​ពី​ក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន។
ផែនទី​ជា​ភាសា​អង់គ្លេស​បង្ហាញ​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​ពី​ក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន។
​អស់​រយៈ​ពេល​ជាង​មួយ​ថ្ងៃ​កន្លះ​ហើយ​ចាប់​តាំង​ពី​ជើង​ហោះហើរ​របស់​ក្រុម​ហ៊ុនអាកាស​ចរណ៍ម៉ាឡេស៊ីលេខ MH 370 ​បានបាត់​នៅពេល​ដែល​បើក​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង​ ​ហើយ​ជោគ​វាសនាអ្នក​ដំណើរ​ជាង​២០០នាក់នៅ​លើ​យន្ត​ហោះ​នោះនៅ​មិន​ទាន់​ដឹង​នៅ​ឡើយ។ ​ការ​ស្វែង​រកនិង​ការ​ជួយ​សង្គ្រោះ​យ៉ាង​ធំមួយ ​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​ផ្ទៃ​ទឹក​នៃ​ឆ្នេរសមុទ្រ​ម៉ាឡេស៊ី​និង​វៀតណាម​ដែល​នៅ​ទី​នោះ​យន្តហោះ​នោះ​ត្រូវ​គេសន្មតិ​ថា​បានធ្លាក់។ ​ប៉ុន្មានម៉ោង​ក្រោយ​មក​ មាន​សំណួរច្រើនជាង​ចម្លើយ​អំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង។

ពួក​អាជ្ញាធរ​ម៉ាឡេស៊ី​ប្រាប់ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ស្វែងរក​អស់​សោហ៊ុយ​ច្រើន​និងដ៏​ធំមួយនៃ​យន្ត​ហោះ​មួយគ្រឿង​ កំពុង​ធ្វើ​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​៤ ​រួមមាន​ចិននិង​សហរដ្ឋ​អាមេរិកផង។ ​ពួក​អាជ្ញាធរ​និយាយ​ថា ​កប៉ាល់​ចំនួន​៤០​គ្រឿង​និង​យន្ត​ហោះ២២គ្រឿងកំពុង​ជួយ​ក្នុង​ការ​ស្វែងរក​នេះ។

ការ​ផ្តោត​យក​ចិត្ត​ទុកដាក់​ភាគច្រើនរហូតមក​ទល់​ពេល​នេះ​មាន​នៅផ្ទៃ​ទឹកខាងមុខ​ឆ្នេរសមុទ្រ​ភាគនិរតី​នៃ​ប្រទេស​វៀត​ណាម​ ​ដែល​នៅ​ទី​នោះ​ ប្រេង​អណ្តែត​លើទឹក​សមុទ្រ​ដ៏​ធំមួយ ​បាន​ត្រូវ​គេ​ប្រទះ​ឃើញ ក៏ប៉ុន្តែ​ឥឡូវនេះ ​ពួក​អាជ្ញាធរ​ម៉ាឡេស៊ី​និយាយ​ថា ​កិច្ច​ខំ​ប្រឹង​ប្រែង​រុករក​បាន​ពង្រីក​នៅលើ​ដី​និង​ផ្ទៃ​ទឹក​ខាង​មុខ​ឆ្នេរមុទ្រខាង​លិច​ម៉ាឡេស៊ី​នៅជិត​ទីក្រុង​ប៉េណាំង Penang។

លោក Rodzali Daud អគ្គមេបញ្ជាការ​កងទ័ព​អាកាស​ម៉ាឡេស៊ី​ ​បាន​និយាយ​ថា៖ «អ្វី​ដែល​យើងបាន​ធ្វើ​ពិតប្រាកដ ​គឺកំពុង​ស្វែង​រកការថត​នៅ​ប្រព័ន្ធរ៉ាដារ​ដែល​យើង​មាន​ហើយ យើង​បាន​ដឹង​ថា យន្តហោះនោះ​អាចហោះត្រឡប់មក​វិញ»។ ពួក​អ្នកជំនាញ​ការ​ខាង​សុវត្ថិភាព​អាកាសចរណ៍និយាយ​ថា មានលទ្ធ​ភាព​ថា​យន្តហោះនោះ អាចហោះត្រឡប់​មក​វិញ​ក្នុង​ល្បឿន​មធ្យមដែល​នាំឲ្យ​មាន​ហេតុការណ៍​អាក្រក់​កើត​មាន​ឡើង​ហើយ​ថា យន្តហោះ​នោះ អាច​ព្យាយាមធ្វើ​ការ​ចុះ​ចត​ក្នុង​គ្រាអាសន្ន​។

នៅឯសន្និសីទសារព័ត៌មាន​កាល​ពីថ្ងៃអាទិត្យ​ពេលថ្ងៃ​ត្រង់ ក្រុមហ៊ុនអាកាស​ចរណ៍​ម៉ាឡេស៊ី​បាន​ប្រាប់​ក្រុម​គ្រួសារ​ដែល​រំពឹងថា នឹង​មាន​រឿង​អាក្រក់​បំផុត​ខណៈ​ដែល​កំពុងសង្កត់ពី​ការខិតខំ​ប្រឹងប្រែងស្វែងរកនិង​ជួយ​សង្គ្រោះបន្ត​ធ្វើ​ឡើង​។ ​ក្រុមហ៊ុន​អាកាសចរណ៍​កំពុង​ធ្វើ​ការ​រៀប​ចំ​ចាត់​ចែងដើម្បីយក​សមាជិក​ក្រុម​គ្រួសារ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​នៅព្រឹកព្រហាមថ្ងៃ​ច័ន្ទ​នេះ​។​

ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ​ប្រាប់​ឲ្យ​ដឹង​ថា ​អ្នកឯក​ទេស​ខាង​គ្រោះមហន្ត​រាយ​ម្នាក់​មកពី​សហរដ្ឋ​អាមេរិក​នឹង​ជួយ​ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ។ ​ក្រុមហ៊ុន​ក៏​នឹង​បង្កើតមជ្ឈមណ្ឌលត្រួតត្រា​នៅ​ទីក្រុង Kota Bharu នៃ​ប្រទេស​ម៉ាឡេស៊ី​និង​ទីក្រុង​ហូជីម៉ិញ​នៃ​ប្រទេស​វៀត​ណាម។

ការ​បញ្ចេញ​ឲ្យ​ដឹង​ថា​ អ្នកដំណើរ​២​នាក់​នៅ​លើ​យន្ត​ហោះនោះបាន​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែលគេ​លួច ​ហើយ​សំណួរអំពី​អត្តសញ្ញាណ​របស់​មនុស្ស​២​នាក់​ផ្សេង​ទៀតបានត្រូវ​បង្កើន​ការ​ព្រួយ​កង្វល់​ថា ​ការ​បាត់​របស់​ជើង​យន្ត​ហោះ​នោះ​ជាសកម្មភាព​ភេរវកម្ម។

ពួក​អាជ្ញាធរក្នុង​ប្រទេស​អ៊ីតាលី​និង​អូទ្រីស​ ​បាន​បញ្ជាក់​ថា ​អ្នក​ដំណើរ​២​នាក់ដែល​ត្រូវ​បាន​គេ គិតថាស្ថិត​នៅ​លើ​ជើង​ហោះហើរ​នោះ មិន​បាន​ស្ថិត​នៅ​លើ​យន្តហោះ​នោះ​ទេ ក៏ប៉ុន្តែ​អ្នកទាំង​២​នោះ​បាន​ត្រូវ​គេ​លួច​លិខិតឆ្លង​ដែនកាល​ពី​២​ឆ្នាំ​មុន។​

លោក Hishammuddin Hussein ​រដ្ឋ​មន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​ម៉ាឡេស៊ី ​ដែល​ជារដ្ឋ​មន្រ្តី​ក្រសួងការពារ​ប្រទេស​ដែរ​នោះ​ ​និយាយ​ថា ​លោក ​បាន​និយាយ​ជាមួយ​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​អន្តរជាតិអំពី​ឈ្មោះ​មនុស្ស​ទាំង​៤​នាក់​នេះ។

«ខ្ញុំ​បាន​ទាក់​ទង​ជាមួយ​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​អន្តរជាតិហើយ​នៅពេល​ជាមួយគ្នានោះ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​យើងផ្ទាល់​ ​បាន​ធ្វើ​សកម្មភាពហើយ​ជាការពិត ​កងឯក​ភាព​ប្រឆាំង​ភេរវកម្ម CTI មកពី​ប្រទេសពាក់ព័ន្ធ​ទាំង​អស់ ​ត្រូវបាន​ផ្តល់​ព័ត៌មាន។ ​នេះជាអ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ចាប់​តាំង​ពី​ម្ស៉ិល​មិញ​មក»។

លោក Hussein ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ភេរវកម្ម​មិនមែន​ជាការផ្តោតតែ​មួយ​នៅ​ត្រង់​ចំណុច​នេះ​ទេហើយ លោកនិយាយ​បន្ថែម​ទៀត​ថា ​ពួក​អាជ្ញាធរ​មិនបដិសេធពី​លទ្ធភាព​ណាមួយ​ទេ។

យន្ត​ហោះ​បានហោះ​ទៅ​កាន់ទីក្រុង​ប៉េកាំងនៅពេល​ដែល​មាន​ការតាន​តឹង​ខាង​សន្តិសុខ​យ៉ាង​ខ្លាំងក្នុង​រដ្ឋធានី។ ​កាល​ពី​សប្តាហ៍​មុន ​ពួកមេដឹកនាំ​ចិន​បាន​ចាប់​ផ្តើម​ជំនួប​ប្រចាំឆ្នាំខាង​នយោបាយ​ក្នុង​ទីក្រុងប៉េកាំង។

ពួក​អ្នក​ជំនាញ​ការ​ខាង​សុវត្ថិភាព​អាកាសចរណ៍​និយាយ​ថា វា​ខុសពីប្រក្រតី​សម្រាប់​យន្ត​ហោះ​ដែល​ធ្លាក់​ ​ក្រោយ​ពីបាន​ហោះ​ក្នុង​ល្បឿន​ធម្មតានោះ។ ​លោក Daniel Tsang ​ជាអ្នក​បង្កើត​និង​ប្រធានការវិភាគ​របស់ក្រុមហ៊ុន​ Aspire Aviation។

«ឧបទ្ទវហេតុឬ​គ្រោះ​ថ្នាក់​ភាគ​ច្រើនកើត​ឡើង​ក្នុង​ពេល​យន្ត​ហោះ​ឡើង​ឬ​ចុះ ដែល​វាជា​ផ្នែកមួយ​ដ៏​គ្រោះ​ថ្នាក់​បំផុតក្នុង​អំឡុង​ពេលនៃការ​ហោះ​ហើរ​នោះ​។ ​ពីព្រោះ​ក្នុង​ពេល​ឡើងនិង​ចុះ​ ​មាន​កត្តាជា​ច្រើន​ ​ហើយអស់លោក​អ្នក​អាច​មាន​ការ​ចុះ​ចតហួសផ្លូវ»។

លោក Tsang ​និយាយ​បន្ត​ទៀត​ថា ​ការរុករកយន្ត​ហោះ​ធ្លាក់​នៅ​សមុទ្រជាការ​លំបាក​បំផុត។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ នៅពេល​ដែលបំណែក​យន្តហោះត្រូវ​បាន​រក​ឃើញ​ របៀប​ដែល​កម្ទេច​បាក់​បែកនោះ​រប៉ាត់​រប៉ាយ​នឹង​ផ្តល់​សញ្ញាថា ​តើ​មាន​អ្វី​ដែល​អាច​មានឡើង​ក្នុង​អំឡុង​ពេល​ហោះ​ហើរ​នោះ​។

ជើងយន្ត​ហោះ​អាកាសចរណ៍​ម៉ាឡេស៊ី​ពី​ទីក្រុង​ Kuala Lumpur ទៅ​កាន់​ទីក្រុង​ប៉េកាំងជាយន្ត​ហោះ Boing ម៉ាក 777-200 ដែលពួក​អ្នក​ជំនាញ​ការ​ខាង​សុវត្ថិភាព​យន្ត​ហោះ​និយាយ​ថា ​ស្ទើរ​តែមាន​ប្រវត្តិខាង​សុវត្ថិភាព​ល្អឥតខ្ចោះ។ ​គ្មាន​សញ្ញាពី​អាកាស​ធាតុ​អាក្រក់ក្នុង​ការ​ហោះ​ហើរ​នោះទេ។ ​ពួក​អាជ្ញាធរក្នុង​ប្រទេស​ម៉ាឡេស៊ីនិយាយ​ថា ​ពួកគេ​បាន​បាត់​ការ​ទាក់ទង​ជាមួយ​យន្ត​ហោះ​នោះ​បន្ទាប់​ពីការ​ចាក​ចេញ​របស់​យន្ត​ហោះ​នោះ​ពី​ទីក្រុង Kuala Lumpur ប្រមាណ​មួយ​ម៉ោង៕

ប្រែ​សម្រួល​ដោយ ជឹង ​ប៉ូជីន
XS
SM
MD
LG