ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពេល​វេលា​កាន់​តែ​កន្លង​ផុត​ទៅ​នៅ​ពេល​ដែល​ប្រទេស​នានា​ស្វែង​រក​យន្តហោះ​បាត់


កុមារី​ម្នាក់​ឈរ​ជិត​បដា​មួយ​​ដែល​សរសេរ​ថា​«មាន​សង្ឃឹម» នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​​គូឡាឡាំពួរ Kuala Lumpur International Airport នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​១០ ខែ​​មីនា ឆ្នាំ​២០១៤។
ប្រទេស​ចំនួន៨​បាន​ចូលរួម​ក្នុង​ការ​ស្វែង​រកជើងយន្ត​ហោះ​ម៉ាឡេស៊ី​ដែល​បាន​បាត់​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​គ្មាន​ឃើញ​សញ្ញា​វិជ្ជមានរបស់​យន្តហោះនោះ​ទេ។

វា​ជា​ថ្ងៃ​ទី៣​ហើយ​នៃ​ការ​រុករកជើង​យន្តហោះ​អាកាសចរណ៍​ម៉ាឡេស៊ី​លេខ​ MH370 ដែល​បាន​បាត់​នៅ​ផ្ទៃ​ទឹក​រវាង​ប្រទេស​វៀតណាម​និង​ម៉ាឡេស៊ី​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។

នាយកដ្ឋានអាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី ​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រទេស​ចំនួន​៨​មាន​នាវា​ចំនួន​៤០​គ្រឿង​និង​យន្តហោះ​៣៤​គ្រឿង ​បាន​ពាក់​ព័ន្ធ​ក្នុង​ការ​ស្វែងរក​យន្តហោះ​នេះ។

មាន​ការ​ឃើញ​វត្ថុ​គួរ​ឲ្យសង្ស័យ​ជាច្រើន ​បាន​ត្រូវ​គេ​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ​រួមមាន​អ្វី​ដែល​ត្រូវ​បាន​គេ ​ជឿ​ជាក់​ថាជា​បង្អួច​ឬ​ទ្វារ​របស់​យន្តហោះ។ ក៏​ប៉ុន្តែ លោក​ Azharuddin Rahman ​អគ្គនាយក​នាយកដ្ឋានអាកាសចរណ៍​ស៊ីវិលម៉ាឡេស៊ី​ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្ស៉ិលមិញ​ថា ​គ្មាន​អ្វី​ ត្រូវ​បញ្ជាក់​ច្បាស់ទេ។

«ជា​អកុសល លោកស្រី​និង​អស់​លោក​ជាទី​គោរព ​យើង​មិន​បាន​រក​ឃើញ​អ្វី​ដែល​ទំនង​ជាវត្ថុ​មក​ពី​យន្តហោះទេ កុំ​ថា​ឡើយ​យន្តហោះ​ទាំង​មូល។ ​យើង​នឹង​ពង្រីក​កិច្ច​ខំ​ប្រឹង​ប្រែងរបស់​យើងដើម្បី​រក​យន្តហោះ​នោះ»។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា សំណាក​ខ្លះរបស់​រំអិល​ប្រេងដែល​បាន​ប្រទះ​ឃើញ​ក្នុង​តំបន់​នោះ ​ត្រូវ​បាន​គេ​វិភាគ​ដើម្បី​មើល​ថា​តើ​វា ​អាច​មក​ពី​យន្តហោះ​នោះ​ដែរ​ទេ។ ក៏​ប៉ុន្តែ លោក​ Azharuddin ​និយាយ​បន្ត​ទៀត​ថា ជោគ​វាសនារបស់​យន្តហោះ​នោះ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

«ចំពោះ​យើងខ្ញុំ ​យើងខ្ញុំក៏​ ​មាន​ការ​ព្រួយកង្វល់​ ​យើង ងឿង​ឆ្ងល់ដូចគ្នាដែរ។ ​លោក​នាយករដ្ឋ​មន្រ្តី​ ​បាន​ប្រើ​ពាក្យ​ងឿងឆ្ងល់។ ​យើង​មាន​ការ​ងឿង​ឆ្ងល់​ដែរ ​ហើយ​នឹង​បញ្ជាក់​ពី​អ្វីដែល​បាន​កើត​មាន​ឡើង​ពិតប្រាកដ​នៅ​ថ្ងៃ​មួយ​នោះ​ស្តីពីជោគ​វាសនា​អាក្រក់​របស់​យន្ត​ហោះ​នោះ ​យើង​ត្រូវ​ការ​ភស្តុតាងជាក់​ស្តែង ​យើង ត្រូវការ​ភស្តុតាង​ពិត​ប្រាកដ ​យើង​ត្រូវ​ការ​បំណែក​នានា​របស់​យន្តហោះ»។

ផែនទី​ជា​ភាសា​អង់គ្លេស​បង្ហាញ​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​ពី​ក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន។
ផែនទី​ជា​ភាសា​អង់គ្លេស​បង្ហាញ​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​ពី​ក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន។
យន្តហោះ​បាន​ដឹក​មនុស្ស​២៣៩​នាក់ ​ជាង​១៥០​នាក់នៃ​អ្នក​ដំណើរ​ទាំង​នោះ ​ជាជន​ជាតិ​ចិន។ ចិន​បាន​បញ្ជូន​នាវា​រុករក​និង​ជួយ​សង្គ្រោះ​៤​គ្រឿងហើយ​នឹង​កប៉ាល់​ចំបាំង​២​គ្រឿង​ដើម្បី​ជួយ​បេសកម្ម​នោះ។

ក្រសួង​ការបរទេស​វៀតណាម​ ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពីថ្ងៃ​ច័ន្ទ​ថា វៀតណាម​បាន​ដាក់​ពង្រាយយន្តហោះ​២គ្រឿង​និង​នាវា​៧​គ្រឿងដើម្បី​រុករក​យន្តហោះនោះ។ ​គណៈកម្មា​ធិការ​ជាតិ​ដើម្បី​ស្វែងរក​និង​ជួយ​សង្គ្រោះ​ប្រាប់​ឲ្យដឹង​ថា​ យន្តហោះ​ចំនួន​៥​គ្រឿង​ហើយ​នឹង​នាវា​៤​គ្រឿងទៀត ​បាន​ប្រុង​ប្រៀប​សម្រាប់​សកម្មភាព​ស្វែងរក។

លោកGreg Waldron ​បណ្ណាធិការការ​បោះពុម្ភផ្សាយ​របស់​គេហទំព័រ​ពាណិជ្ជកម្មសម្រាប់​ផ្នែក​អាកាសចរណ៍ ​និយាយ​ថា លោក​គិត​ថា ការ​សម្រប​សម្រួល​នៃ​នាវា​រុករក​និង​ជួយ​សង្គ្រោះ​ ​បាន​ក្លាយ​ជា​ការខំ​ប្រឹង​ប្រែងជួយ​សង្គ្រោះ​ជា​លក្ខណៈ​អន្តរជាតិ។ លោក​បាន​និយាយ​ថា បញ្ហា​ដ៏​ប្រឈម​គឺ​រក​ឲ្យឃើញ​កម្ទេច​បំណែក​យន្តហោះ។

«កម្ទេច​បាក់​បែក​មិន​ងាយ​បង្ហាញ​នៅ​ក្នុង​ប្រព័ន្ធ​រ៉ាដា​ទេ ​ហើយ​វា​មិន​ទំនង​បង្ហាញនៅ​ក្នុង​ប្រព័ន្ធ​កាំរស្មី​ Infra red ដែរ ពី​ព្រោះ​វា​មាន​សីតុណ្ហភាព​ដូច​គ្នា​ដូច​នឹងផ្ទៃទឹក។ ​ដូច្នេះ​ចំពោះ​ការ​ស្វែង​រក​បំណែក​របស់​យន្ត​ហោះ​នេះ ប្រសិន​បើ ​បំណែក​ទាំង​នេះ​របស់​យន្ត​ហោះ ពិត​ជា​អណ្តែត​នៅក្នុង​សមុទ្រ​មែន​ លោក​អ្នក​ប្រាកដ​ពឹង​ផ្អែក​លើ​កែវ​ភ្នែករបស់​មនុស្ស។ ​ហើយ​ចំពោះ​កម្ទេច​បាក់​បែក​ដែរ​នោះ ​បើ​មាន​កម្ទេច​បាក់​បែក វា​បាន​អណ្តែត​បាចសាច​អស់រយៈ​ពេល​បី​បួន​ថ្ងៃ​ហើយ។​ការណ៍​នេះ ​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​រក​បំណែក​ទាំង​នេះ»។

លោក Bleu Moore អ្នកនាំ​ពាក្យ​ការិយាល័យ​កិច្ចការ​សាធារណៈ​របស់​កងនាវា​ទី​៧​ និយាយ​ថា សហរដ្ឋ​អាមេរិក ​បាន​បញ្ជូន​នាវា USS Pinckney ​ជា​នាវា​ពិឃាត​ដែល​បំពាក់​ដោយ​កាំជ្រួច​មីស៊ីល​ថ្នាក់ Arleigh Burke។ ​ ​

«យើង​ក៏បញ្ជូន​នាវា USNS Ericsson ដែរ។ ​វា​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ ​វា មិន​មែន​ក្នុង​ផ្ទៃ​ទឹក​ដូច​គ្នា​ ក៏ប៉ុន្តែ ​វា ​ក៏​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ​ហើយ»។​

លោក​និយាយ​បន្ត​ទៀត​ថា បញ្ហា​ប្រឈម​ដ៏​ធំ​បង្អស់​ គឺ​ពេល​វេលា​ ​នៅ​ពេល​ដែល​ពេល​វេលា​កាន់​តែ​ច្រើន​ឡើង ​បាន​កន្លង​ផុត​ទៅ​ មាន​ឱកាស​កាន់​តែ​តិច​ទៅ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។

គេ ​អាច​រង់​ចាំ​កាន់​តែយូរ​ឡើងមុនពេល ​គេ រកឃើញ​ចម្លើយ។ ​នៅ​ពេល​ដែល​យន្តហោះ​អាកាសចរណ៍​បារាំង​បាន​បាត់​ក្នុង​មហាសមុទ្រ​អាត្លង់ទិក​នៅ​ពេលដែល​វាហោះ​ចេញ​ពី​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីលទៅ​កាន់​ទីក្រុង​ប៉ារីសក្នុង​ឆ្នាំ​២០០៩​ ​ពួក​អ្នក​ស៊ើប​អង្កេត​ ​បាន​ចំណាយ​ពេល​ជិត​២​ឆ្នាំ​ដើម្បី​ស្វែង​រកនិង​យកប្រអប់ខ្មៅ​ប្រដាប់​ថត​ទិន្នន័យ​របស់​យន្តហោះ​នោះ៕​

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន
XS
SM
MD
LG