ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​គ្រួសារ​​ភ័យ​ខ្លាច​ពី​ហេតុការណ៍​អាក្រក់​កើត​ឡើង​ដល់​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់


សមាជិក​គ្រួសារ​ (អា​វស) របស់​អ្នក​ដំណើរ​ម្នាក់​​នៅ​លើ​យន្តហោះ​អាកាសចរណ៍​ម៉ាឡេស៊ី​ជើង​ហោះហើរ​លេខ MH370 យំ​ខណៈ​អ្នក​​ស្រី​ទូរស័ព្ទ​​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​រដ្ឋធានី​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៤។
សេចក្តី​ភ័យ​ខ្លាច​និង​ភាព​រកាំ​ចិត្ត​កំពុង​រីកកាន់​តែធំឡើងក្នុង​ចំណោម​សមា​ជិក​គ្រួសារ​របស់​ពួក​អ្នក​ដំណើរនៅ​លើ​យន្តហោះ​អាកាសចរណ៍​ម៉ាឡេស៊ីដែល​បាន​បាត់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ហើយ​មនុស្ស​ជា​ច្រើន​កំពុង​ទាម​ទាររក​ព័ត៌មាន​លម្អិត​កាន់​តែ​ច្រើន​ឡើង​ពី​ពួកមន្ត្រី​អាកាស​ចរណ៍នៅពេល​ដែល​ការរុករកបន្ត​ធ្វើ​សម្រាប់​យន្ត​ហោះ​ដែល​បាត់​នោះ។

ក្រុម​គ្រួសារ​របស់​ពួក​អ្នក​ដំណើរ​នៅ​លើ​យន្ត​ហោះអាកាស​ចរណ៍​ម៉ាឡេស៊ី​ជើង​ហោះហើរ​លេខ៣៧០​ (MH370) កំពុង​ប្រែប្រួលចិត្ត​រវាង​ការ​សង្ឃឹម​និង​ការ​ភ័យ​ខ្លាចចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួននៅពេល​ដែល​រយៈ​ពេល​មួយ​ថ្ងៃ​ ​បាន​កន្លង​ផុត​ដោយ​គ្មានសេចក្តី​លម្អិត​ថាតើ​ហេតុ​អ្វី ​បាន​ជា​យន្ត​ហោះបាន​បាត់​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ​ឬ​ក៏​យន្ត​ហោះនោះ​អាច​ទៅ​កន្លែង​ណា។

ពួក​អ្នក​ដំណើរ​២​ភាគ​៣ជា​ជនជាតិ​ចិន ​ហើយ​សមាជិក​ក្រុម​គ្រួសារ​រាប់​រយ​នាក់​ ​កំពុង​រង់​ចាំ​ក្នុង​ទីក្រុង​ប៉េកាំង​ដើម្បី​រង់​ចាំ​ចម្លើយ​ពី​មន្រ្តី​អាកាស​ចរណ៍។ ​មនុស្ស​ជា​ច្រើនបាន​ស្ថិត​នៅ​សណ្ឋាគារ​មួយ​កន្លែងខាង​ក្រៅ​ទី​ក្រុង​ ​ដែល​នៅទីនោះ ​បរិយកាសមាន​ការ​ច្របូក​ច្របល់​កាន់​តែ​ខ្លាំងឡើង​នៅពេល​ដែល​ពួក​អ្នក​យក​ព័ត៌​មាន​ បាន​ពពាក់​ពពួន​គ្នាហើយ​សន្និសីទ​ព័ត៌មាន​ បញ្ចេញ​ព័ត៌មាន​លម្អិត​តិ​ច​តួច។

អ្នក​ស្រី Sarah Bajc ជាជន​ជាតិ​អាមេរិកាំង ក៏​កំពុង​រង់​ចាំ​ក្នុង​ទីក្រុង​ប៉េកាំងពី​ព័ត៌មានលោក Philip Wood ​មិត្តប្រុសរបស់​អ្នក​ស្រី​ដែល​បាន​ស្ថិត​លើ​ជើង​យន្ត​ហោះ​នេះ​ដែរ។

«​ខ្លួន​ខ្ញុំ​ផ្ទាល់​ មិន​បោះបង់ការ​សង្ឃឹមថា មានឱកាស​ដែល​យើង​នឹង​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត ​យើងនឹង​រក​ឃើញ​យន្ត​ហោះ​នោះ​ទេ។ ​ត្រូវ​តែ​មាន​ឱកាស​នេះ»។

អ្នកស្រីនិយាយ​ថា អាកាសចរណ៍​ម៉ាឡេស៊ីបាន​ផ្តល់​ព័ត៌មានថ្មី​ៗជា​រៀង​រាល់​ម៉ោង​ដល់​អ្នកស្រី​ ​ក៏ប៉ុន្តែគ្មាន​សេចក្តី​លម្អិត​ពី​ជើង​ហោះ​ហើរ​នេះ​ទេ។ សមាជិក​គ្រួសារម្នាក់របស់​អ្នក​ដំណើរ​មក​ពី​ទីក្រុង​សៀង​ហៃ​បាន​ត្អូញត្អែរ​ពីអាថ៌​កំបាំងដែល​បន្ត​មាន​ឡើង​ជុំ​វិញជើង​យន្ត​ហោះ​នេះ។

«មិន​ទាន់​មាន​ព័ត៌មាន​នៅ​ឡើយ​ទេ។ ​បងប្អូន​ប្រុស​ប្តី​របស់​ខ្ញុំ​បាន​ស្ថិត​នៅ​លើ​យន្តហោះ​នោះ»​ ស្រ្តី​នោះ​និយាយ​ដោយ​មិនប្រាប់​ឈ្មោះ​របស់​អ្នកស្រី។

មនុស្ស​២​៣៩​នាក់នៃ​សញ្ជាតិ១៤បាន​ស្ថិត​លើ​យន្ត​ហោះ​នោះ។ ​មាន​សេចក្តី​លម្អិត​ខ្លះ​បានលេច​ចេញ​មក។ ប្រព័ន្ធ​រ៉ាដារ​ ​បង្ហាញ​ថា ​យន្តហោះនោះ​ប្រហែលបាន​វិល​ត្រឡប់ទៅ​វិញក្រោយ​ពី​ការ​ហោះ​ឡើង​ ​អ្នក​ដំណើរ​រហូត​ដល់​៤​នាក់​អាច​កាន់​លិខិត​ឆ្លង​ដែល​គេ​លួច ​ហើយ​រដ្ឋាភិបាល​វៀត​ណាមនិយាយ​ថា ​ខ្លួនបាន​រក​ឃើញស្នាម​ប្រេង​អណ្តែតចម្ងាយ​រាប់​សិប​គីឡូម៉ែត្រដែល ​អាច​បង្ហាញ​ថា យន្តហោះ​នោះ​ធ្លាក់​ចូល​ក្នុង​សមុទ្រ៕

ប្រែ​សម្រួល​ដោយ​ ជឹង ​ប៉ូជីន
XS
SM
MD
LG