រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះនឹងបញ្ជូនប្រេសិតរបស់ខ្លួនទៅកាន់ទីក្រុងមូស្គូ ដើម្បីចរចាជុំវិញភាពចលាចលនៅប៉ែកខាងកើតប្រទេសអ៊ុយក្រែន ក្នុងកិច្ចប្រជុំអំពីអំពើហិង្សាដែលនៅតែបន្តមួយនេះ។
លោករដ្ឋមន្ត្រីការបរទេស Sergey Lavrov បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីកិច្ចប្រជុំជាងមួយម៉ោងនៅក្នុងទីក្រុងម៉ានីល ជាមួយនឹងលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិក។ នេះគឺជាលើកទីមួយហើយដែលមានទំនាក់ទំនងរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅបានចុះហត្ថលេខាដោយស្ទាក់ស្ទើរទៅលើទណ្ឌកម្មថ្មីៗឲ្យទៅជាច្បាប់ ដើម្បីដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលក្រុងមូស្គូ ចំពោះការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ដើម្បីជួយដល់រូបលោកឲ្យជាប់ឆ្នោត។
លោក Lavrov បានមានប្រសាសន៍ថា លោក Kurt Volker មន្ត្រីការទូតអាមេរិកនឹងជួយជាមួយនឹងប្រេសិតរបស់រុស្ស៊ីគឺលោក Vladislav Surkov ចំពោះវិបត្តិអ៊ុយក្រែន។ លោក Volker កាលពីខែមុនបានទៅទស្សនកិច្ចនៅប៉ែកខាងកើតអ៊ុយក្រែន ដែលនៅទីនោះក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ី កំពុងប្រយុទ្ធជាមួយនឹងកងកម្លាំងរបស់រដ្ឋាភិបាលក្រុង Kyiv អស់រយៈពេលជាង៣ឆ្នាំមកហើយ។ វាគឺជាជម្លោះមួយក្នុងអំឡុងពេលដែលរដ្ឋាភិបាលកក្រុងមូស្គូ បានយកតំបន់ Crimean របស់អ៊ុយក្រែនធ្វើជាឧបសម្ព័ន្ធរបស់ខ្លួន ហើយមនុស្សជាង១ម៉ឺននាក់ត្រូវបានសម្លាប់។
នៅមិនទាន់មានប្រតិកម្មភ្លាមៗពីភាគីអាមេរិកចំពោះកិច្ចប្រជុំនេះ ដែលនឹងធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាប់បន្សំនៃកិច្ចប្រជុំការទូតថ្នាក់តំបន់នៅឡើយទេ។ លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកមិនអើពើនឹងសំណួរអំពីរឿងនេះពីសំណាក់អ្នកកាសែត៕