គោល​នយោបាយ​និង​ការ​បែងចែក​អំណាច​នឹង​បន្ត​នៅ​ក្នុង​អាណត្តិ​ទី​២​របស់​លោក​អូបាម៉ា

អ្នក​វិភាគ​ឯករាជ្យ​ខ្មែរ​អាមេរិកាំង​ពីរ​រូប គឺ​លោក យ័ប គឹម ទឹង (កណ្តាល) និង​ លោក គុជ ចាន់លី (ស្តាំ) ចូល​រួម​ពិភាក្សា​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​​នៅ​ក្នុង​ស្ទូឌីយោ​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (អ៊ឹម សុធារិទ្ធ ០៨ វិច្ឆិកា ២០១២)

Your browser doesn’t support HTML5

ការ​បោះឆ្នោត​អាមេរិក​និង​គោល​នយោបាយ​ក្នុង​ពេល​អនាគត

វ៉ាស៊ីនតោន៖ អ្នក​វិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​អាមេរិក​ពីរ​រូប​គឺ​ លោក យ័ប គឹម ទឹង​ មក​ពី​រដ្ឋ​វីជីនៀ​ (Virginia) និង លោក ​គុជ ចាន់លី ​មក​ពី​រដ្ឋ​ម៉ារីលែនដ៍ (Maryland) ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​បន្ត​ទាំង​គោលនយោបាយ​ក្នុង​ប្រទេស​និង​គោល​នយោបាយ​ក្រៅ​ប្រទេស​ បន្ទាប់​ពី​លោក​ បារ៉ាក់ អូបាម៉ា ​ជាប់​ឆ្នោត​ ហើយ​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី។

ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ គុជ ចាន់លី​ បាន​អះអាង​ ថា​ មាន​បញ្ហា​បន្ទាន់ៗ​ដែល​លោក​អូបាម៉ា​ត្រូវ​ស្តារ​ប្រទេស​ គឺ​ពង្រឹង​សេដ្ឋកិច្ច​ពង្រឹង​ឯកភាព​នយោបាយ​ផ្ទៃ​ក្នុង​និង​ទំនាក់ទំនង​ល្អ​ជា​អន្តរជាតិ។

«ដូច្នេះ​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ​ត្រូវ​ធ្វើ​ភ្លាមៗ​ក្រោយ​ពី​ការ​ជាប់​ឆ្នោត​នោះ​ គឺ​ ទីមួយ​ រក​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​ធ្វើ​ពីព្រោះ​បញ្ហា​ការងារ​សព្វ​ថ្ងៃ​នេះ​ ធ្ងន់ធ្ងរ​ណាស់​នៅ​ស្រុក​អាមេរិក។​ បញ្ហា​ទីពីរ​ដែល​គាត់​ត្រូវ​ធ្វើ​គឺ​បន្ថយ​ប្រាក់​ ជំពាក់​គឺ​ដោះស្រាយ​បញ្ហា​លុយ​កាក់​ជំពាក់​ដែល​អាមេរិកាំង​បាន​ខ្ចី​យក​មក​ប្រើ​នេះ»។

លោក​ថ្លែង​ថា​ លោក​អូបាម៉ា​បាន​សម្រប​សម្រួល​ជាមួយ​ប្រធាន​សភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​តាម​រយៈ​ទូរស័ព្ទ​ដើម្បី​ធ្វើ​ការ​រួមរួម​គ្នា​បម្រើ​ផលប្រយោជន៍​ប្រទេស​ ដើម្បី​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ជាប់គាំង​នៅ​សភា​ចំពោះ​ច្បាប់​នានា​ដែល​គណបក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​អនុម័ត​នៅ​ពេល​ខាង​មុខ។

លោក ​យ័ប គឹម ទឹង​ អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ទៀត​បាន​អះអាង​ថា​ ពលរដ្ឋ​អាមេរិកាំង​បោះឆ្នោត​ឲ្យ​លោក​អូបាម៉ា​ជាប់​ជា​ប្រធានាធិបតី​មែន​ក៏​ប៉ុន្តែ​ពេល​ឡើង​កាន់​អំណាច​មិន​អាច​ប្រើប្រាស់​អំណាច​នោះ​ធ្វើ​អំពើ​ផ្តាច់ការ​បាន​ទេ។

«ពីព្រោះ​លោក​ បារ៉ាក់ អូបាម៉ា ​គាត់​ឈ្នះ​ខាង​ប្រធានាធិបតី តែ​ខាង​រដ្ឋសភា​គណបក្ស​ប្រជាធិបតេយ្យ​គាត់​មិន​សូវ​ឈ្នះ​ ម្ល៉ោះ​ហើយ​ស្ថាប័ន​ទាំង​ពីរ​ធ្វើ​ការ​ ផ្ទៀងផ្ទាត់​គ្នា​ទៅ​វិញ​ទៅ​មក។​ មិន​ដូច​ស្រុក​ខ្មែរ​យើង​នាយករដ្ឋមន្ត្រី​ហា​មាត់​ខ្វោក​ មក​ (និយាយ​អ្វី) ​អ្នក​ផ្សេងៗ​ទៀត​ស្តាប់​ទាំង​អស់​គ្នា​ អា​ហ្នឹង​ជា​ការណ៍​មិន​ល្អ​មួយ​ដែរ ​ពីព្រោះ​មាន​ន័យ​ថា​ មួយ​ក្រុម​មតិ​ភាគ​ច្រើន​(ក្នុង​សភា)​នោះ​គេ​មិន​ចូល​ចិត្ត​ ហើយ​ទប់​ប្រធានាធិបតី​មិន​ឲ្យ​ធ្វើ​អ្វី​ផ្តេសផ្តាស»។

លោក​ចាន់លី​បាន​អះអាង​ថា​ នយោបាយ​របស់​លោក​អូបាម៉ា​គឺ​កាត់​បន្ថយ​ការ​ ធ្វើ​សង្រ្គាម​មក​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ និង​រិត​ចំណង​មិត្តភាព។

«នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ ជា​ពិសេស​ជំនាន់​បារ៉ាក់ អូបាម៉ា ​គឺ​គាត់​ដើរ​ចង​សម្ព័ន្ធភាព​ ហើយ​នឹង​ព្យាបាល​របួស​ ធ្វើ​ទំនាក់ទំនង​ជាមួយ​បស្ចឹមប្រទេស​ផ្សេងៗ និង​កំពុង​តែ​ដើរ​ចាប់​ដៃ​នឹង​ចង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​តូចតាច​នៅ​តំបន់​អាស៊ី តំបន់​អាស៊ី​អាគ្នេយ៍​ជា​ដើម ​ដើម្បី​រៀបចំ​ជា​សម្ព័ន្ធភាព​ឲ្យ​បាន​រ៉ឹងប៉ឹង​ក្នុង​ពិភពលោក​នេះ»។

លោក​អូបាម៉ា​គ្រោង​នឹង​បំពេញ​ទស្សនៈកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​ ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន​ដែល​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​ដោះស្រាយ​មិន​រួច​ ជាពិសេស​ជម្លោះ​បូរណភាព​ដែនដី​រវាង​ប្រទេស​អាស៊ាន​មួយ​ចំនួន​និង​ មហា​អំណាច​ចិន៕

សូម​ចូល​ទៅទំព័រ​សេចក្តី​រាយកាណ៍​ពិសេស​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​មាន​នៅ​ទី​នេះ

តើអ្នក​គិត​ថា​លោក​អូបាម៉ា​នឹង​អាចសម្រេច​បាន​អ្វី​ជា​សំខាន់​នៅ​ក្នុង​អាណត្តិ​ទី​២​របស់​លោក?