ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​អបអរ​សាទរ​លោក​អូបាម៉ា​ជាប់​ឆ្នោត​ជាថ្មី


លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​
លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​
រដ្ឋ​ធានី វ៉ាស៊ីនតោន៖ ក្រោយ​ពេល​ដែលលោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​បានប្រកាស​ពី​ជ័យជម្នះ​លើ​គូប្រជែង​នយោបាយ​របស់​លោក ​គឺលោក​ មិត្ត​ រ៉ុមនី​ ពលរដ្ឋ​ខ្មែរ​អាមរិកាំង​នៅ​តាម​បណ្តា​រដ្ឋនានា​បាន​សម្តែង​ការសាទរ​ចំពោះ​ជ័យជម្នះ​របស់​លោក​ អូបាម៉ា​ដោយ​និយាយ​ថា​ជោគជ័យ​នេះ​រំពឹង​ថា​សរអា​នឹង​មាន​សេដ្ឋកិច្ច​ រីក​ចម្រើន​ មាន​ការងារ​ធ្វើ​ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក។
ថ្លែង​ប្រាប់​វីអូអេ​តាមទូរស័ព្ទ​ពី​ទីក្រុង​Fairfax ​រដ្ឋ​វីជីនៀ​ លោក​ ព្រហ្ម សៅណូរ៉ា ​ជា​វិស្វករ​ម្នាក់​ដែល​បាន​ទៅ​បោះឆ្នោត​ផង​នោះ​បាន​អះអាង​ថា​ លោក​ រំពឹង​តាំង​ពីដើមថា​លោក អូបាម៉ា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ឈ្នះ​ដោយសារ​លោក​មាន​គម្រោងការ​ រៀបចំ​ប្រទេស​គួរ​ឲ្យ​ទុកចិត្ត​ជាង​គម្រោងការ​របស់​លោក​ មិត្ត​ រ៉ុមនី ​ខាង​គណបក្ស​សាធារណរដ្ឋ។​

«គម្រោងការ​ហ្នឹង​វា​ល្អ​ហើយ​តែ​វា​មិន​ពិស្តារ​ឲ្យគេ​មើល​ឃើញ​ហើយ​គម្រោងការ​របស់​លោក​ អូបាម៉ា ​គាត់​បាន​ធ្វើ​រួច​ហើយៗ​បញ្ហា​ពិស្តា​ហ្នឹង​គេ​ឃើញ​គ្រប់​គ្នា​ហើយ។​ ហើយ​អ្នក​ខ្លះ​ភាគ​ច្រើន​គេ​មើល​ទៅ​ឃើញ​ថា​លោក​ រ៉ុមនី​ហ្នឹង​ជា​អ្នក​មាន​ម្ល៉ោះ​ហើយ​ដំណើរ​របស់​គាត់​ហ្នឹង​វា​ប្តូរ​ផ្លាស់​មែន​តែ​វា​យឺត​ជាង​ដំណើរ​របស់ ​លោក​អូបាម៉ា​ គាត់​រាង​ទន់​ភ្លន់​ជាង​ហើយ​គាត់​មក​ពី​គ្រួសារ​មិនមែន​ អ្នក​មាន​ពេក។ដូច្នេះ​ហើយ​គាត់​មាន​សភាព​ទន់ភ្លន់​ជាង»។

លោក​ សៅណូរ៉ា​បាន​ថ្លែង​ដូច្នេះ​ដោយ​យោង​ទៅ​លើ​បញ្ហា​ធ្វើ​ឲ្យ​មាន​ កំណើន ​សេដ្ឋកិច្ច​ កាត់​បន្ថយ​ភាព​អត់​ការងារ​ធ្វើ​ប្រាក់​ឧបត្ថម្ភ​សង្គម​និង​ទំនាក់​ទំនង​ល្អ ​ឬ​នយោបាយ​ការបរទេស​សន្តិភាព​ដែល​លោក​អូបាម៉ា​បាន​បង្ហាញ​ក្នុង​រយៈ​ពេល​មួយ​អណត្តិ​មក​នេះ​ជាការ​ទាក់ទាញ​ឲ្យមាន​ជ័យជម្នះ។

លោក ​អូប៉ាម៉ា​ បានឈ្នះ​សំឡេង​នៃ​គណៈបោះឆ្នោត​តាម​រដ្ឋ​ផ្សេងៗ​គឺ​លើស​ពី ​ចំនួន​ត្រូវការ​២៧០​ បើ​ធៀប​នឹង​លោក​ មិត្ត​ រ៉ុមនី​ដែល​ជា​ដៃគូ​ប្រជែង​នយោបាយ ​របស់​លោក។

ចំពោះ​មតិ​របស់​លោក​ អ៊ូ គឹមហ៊ួត​ជា​វិស្វករ​ពី​ក្រុង​ហ្វីឡាដែលហ្វីយ៉ា ​រដ្ឋ​ផេនស៊ីលវីនៀ​វិញ​ថ្លែង​ថា​ការជាប់ឆ្នោត​របស់​លោក​ អូបាម៉ា​គឺ​ជា​ការ​ទទួល​ស្គាល់​របស់​ពលរដ្ឋ​អាមេរិកាំង​ដែល​ថា​លោកអូបាម៉ា​បាន​ដឹក​នាំ​ប្រទេស​ត្រឹមត្រូវ។ តែ​លោក គឹមហ៊ួត​អះអាង​ថា​លោក​ពុំមាន​ជំនឿ​ខ្លាំង​លើ​នយោបាយ​សេដ្ឋកិច្ច​របស់​លោក អូបាម៉ា​ដូច​លោក​រ៉ុមនី​ទេ។

«ប៉ុន្តែ​ខ្ញុំៗ​យល់​ថា​បើ​យើង​មើល​មក​សរអា​រឿង​ជោគជ័យ​កន្លង​មកផ្នែក​សេដ្ឋកិច្ច​ ហ្នឹង​គឺ​ថា​របៀប​លោករ៉ុមនី​ គាត់ធ្វើ​ នោះ​ខ្ញុំ​មាន​ជំនឿ​ជាង​ហើយ​អស់​លោក ​ខាង​លោក​ អូបាម៉ា​ហ្នឹង​ខ្ញុំ​មិន​ជា​កក់ក្តៅ​ទេ​ផ្នែក​សេដ្ឋកិច្ច។​ ដូច្នេះ​ប្រជាជន ​អាមេរិកាំង​នឹង​បន្ត​នូវ​ភាព​អត់​ការ​ធ្វើ​ច្រើន​តទៅ​ទៀត»។

លោក​ពុំ​បាន​បញ្ជាក់​ពិស្តា​ទេ​ពី​គម្រោងការ​របស់​លោក​ រ៉ុមនី​ទាំងនោះ ​តែ​លោក រ៉ុមនី​ក្នុង​គោល​នយោបាយ​សំខាន់ៗ​របស់​លោក​នោះ​មាន​ បញ្ជាក់​នៅពេល ​យុទ្ធនាការ​ឃោសនា​អំពី​រឿង​បង្កើន​ពាណិជ្ជកម្ម​ខ្នាតតូច​ដើម្បី​បង្កើត​ការងារ​ធ្វើឲ្យ​បាន​ច្រើនដើម្បី​ស្តារ​សេដ្ឋកិច្ច។

ដោយឡែក​ លោក ​ស៊ុយ សេងហុង​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅរដ្ឋ​ Florida ​បាន​អះអាងថា​លោក​មាន​ជំនឿ​លើ​គម្រោងការ​សេដ្ឋកិច្ច​របស់​លោក​អូបាម៉ា។​

«បួន​ឆ្នាំ​នេះ​គាត់​ថា ​គាត់​នឹង​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​នេះ​បាន​បន្ត​ដំណើរ​នូវ​ដំណើរ​ដែល​គាត់​បាន​រៀបចំ​រួចមក​ហើយ​ដើម្បី​ឲ្យ​សរអា​ខ្លាំង​ឡើងវិញ​ ដោយ​មាន​ការធ្វើ​សម្រាប់​ពលរដ្ឋ។​ ខ្ញុំ​ជឿ​ថា​គាត់​នឹង​ធ្វើបាន​ដោយគាត់​យក​គំនិត​ល្អៗ ​ច្រើន​ដែរ​ដែល​គាត់​និយាយ​មក»។

លោក សេងហុង​បាន​បន្ថែម​ថា​លោកអូប៉ាម៉ា​ក៏​បាន​ទាញ​សំឡេងឆ្នោត​ដោយសារ​បញ្ហា​អន្តោប្រវេសន៍​ បញ្ហា​ប្រាក់​ឧបត្ថម្ភ​សង្គម​ បញ្ហា​សុខាភិបាល​ជាដើម។
ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​អះអាង​ថា​នយោបាយ​ការបរទេស​របស់​លោក​អូបាម៉ា​នឹង​បន្ត​ធម្មតា​ដោយសារ​លោកជា​ប្រធានាធិបតី​បាន​បង្កើត​គម្រោងការ​រួច​ហើយ​មុនពេល​ឈ្នះឆ្នោត​ដើម្បី​ដឹកនាំ​ប្រទេស​ក្នុង​អណត្តិ​ទីពីរ។​ ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​បានបញ្ជាក់​ស្រដៀង​គ្នា​ថា​កត្តា​សន្តិភាព​និង​ទំនាក់​ទំនង​ល្អ​ក្នុង​ពិភពលោក​ជារឿង​ទាក់ទាញ​អ្នកបោះឆ្នោត​មួយ​ផ្នែក​ផងដែរ៕
XS
SM
MD
LG