​ស.រ.អា​គ្រោង​ឈប់​ផ្ដល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​មក​ពី​កម្ពុជា និង​ប្រទេស​៣​ផ្សេង​ទៀត​នៅ​ទ្វីប​អាហ្វ្រិក

រូបឯកសារ៖ ជន​ជាតិ​យេម៉ែន​ម្នាក់​​​​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក ដោយ​សារ​តែ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក តាម​បទ​បញ្ជា​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ។

សហរដ្ឋ​អាមេរិក​មាន​គម្រោង​ឈប់​ផ្ដល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​មកពី​ប្រទេស​ចំនួន ៤ ដែល​មិន​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន ដែល​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​និរទេស​ចេញ​ពី​ប្រទេស។

ប្រទេស​ទាំង ៤ នោះ គឺ​ប្រទេស​កម្ពុជា​ ប្រទេស​អេរីត្រេ ប្រទេស​ហ្គីណេ និង​ប្រទេស​សេរ៉ាឡេអូន។ កន្លង​មក សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​ប្រទេស​ចំនួន​ពីរ​រួច​មក​ហើយ នៅ​ក្រោម​រដ្ឋបាល​សហរដ្ឋ​អាមេរិក​មុនៗ ដែល​ជា​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ពីរ​នោះ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​សហរដ្ឋ​អាមេរិក​បញ្ជូន​ទៅ​ឲ្យ។

កាល​ពី​សប្ដាហ៍​មុន ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក បាន​ជូន​ដំណឹង​ទៅ​ក្រសួង​ការបរទេស​ដោយ​បញ្ជាក់​ថា ប្រទេស​ទាំង ៤ នេះ បាន​បដិសេធ​មិន​ទទួល​យក ឬ​ក៏​បាន​ពន្យារ​ពេល​ដោយ​គ្មាន​ហេតុ​ផល​ត្រឹមត្រូវ​ក្នុង​ការ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ខុស​ច្បាប់ ដែល​នេះ​ជា​ការ​រំលោភ​ទៅ​លើ​មាត្រា​ទី ២៤៣ (d) នៃ​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​របស់​សហរដ្ឋ​អាមេរិក។

ឥឡូវ​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កំពុង​ពិនិត្យ​វាយ​តម្លៃ​លើ​សំណើ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​នេះ ​ថា​តើ​ត្រូវ​អនុវត្ត​បទ​បញ្ជា​នេះ​តាម​វិធី​ណា​នោះ។

កាល​ពី​លើក​មុនៗ ​ការ​ផ្អាក​ផ្ដល់​ទិដ្ឋាការ​នេះ គឺ​សំដៅ​តែ​ទៅ​លើ​មន្ត្រី​ការទូត​ និង​មន្ត្រី​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​លើក​នេះ គេ​មិន​ដឹង​ថា​ការ​ផ្អាក​ផ្ដល់​ទិដ្ឋាការ​នេះ​នឹង​ប៉ះ​ពាល់​ដល់​អ្នក​ណា​ខ្លះ​នោះ​ទេ នៅ​ក្នុង​ប្រទេស​ទាំង ៤ ដែល​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​នោះ។

មន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មួយ​រូប ​បាន​ប្រាប់​VOA តាម​សារអេឡិចត្រូនិច (អ៊ីម៉ែល)ថា៖ «យើង​ធ្វើ​តាម​ដំណើរការ​បទដ្ឋាន​ក្នុង​ការអនុវត្តន៍​ការផ្អាក​ផ្តល់​ទិដ្ឋាការ ឲ្យ​បាន​ឆាប់​ទៅ​តាម​អ្វី​ដែល​លោក​រដ្ឋមន្រ្តី​ការបរទេស​កំណត់​ថា ជា​ការ​សម​គួរ​ក្នុង​កាលៈទេសៈ​នេះ ដើម្បី​សម្រេច​ទៅ​តាម​គោលដៅ។ ដំណើរការ​នោះ​រួមទាំង​ការ​ពិភាក្សា​នៅ​ក្នុង​ក្រសួង​ការបរទេស ហើយ​និង​ការផ្តល់​ដំណឹង​ជា​ផ្លូវការ​ដល់​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំងនោះ»។

ប្រតិកម្ម​ពី​សំណាក់​ប្រទេស​ដែល​ជា​គោលដៅ

សម្រាប់​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ទទួល​បាន​ដំណឹង​អំពី​ការផ្អាក​ផ្តល់​ទិដ្ឋាការ​នេះ​មក រដ្ឋាភិបាល​កម្ពុជា កំពុង​ស្វែង​រក​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​អ្នកនាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ។

ពល​រដ្ឋ​ខ្មែរ​ចំនួន​៥៦៦​នាក់​ត្រូវ​បាន​និរទេស​ពី​សហ​រដ្ឋ​អាមេរិក​មក​វិញ​ ​ចាប់​តាំង​ពី​ពេល​កម្ពុជា​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​(MoU)​ ​ក្នុង​ឆ្នាំ​២០០២​ ​ដោយ​អនុញ្ញាត​ឲ្យ​សហ​រដ្ឋ​អាមេរិក​និរទេសជនជាតិ​ខ្មែរដែល​ត្រូវ​បាន​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​នៅ​អាមេរិក​ត្រឡប់​មក​កម្ពុជា​វិញ។​ ​ជនជាតិ​ខ្មែរ​ទាំង​នោះ​ ​ភាគច្រើន​កើត​នៅ​ជំរំ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​ ​បន្ទាប់ពី​គ្រួសារ​របស់​ពួកគេ​គេច​ពី​សង្គ្រាម​នៅ​កម្ពុជា​ ​ហើយ​ធ្វើ​អន្តោប្រវេសន៍​ទៅ​សហ​រដ្ឋ​អាមេរិក​ពេល​ពួកគេនៅ​ជា​កុមារ។

លោក​នាយឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃសុក្រ​នេះ​ថា ​កម្ពុជា​សម្រេច​ផ្អាកការ​ទទួល​យក​ពល​រដ្ឋខ្មែរ​ពី​អាមេរិក ​កាលពី​ប៉ុន្មាន​ខែមុន​ ​បន្ទាប់​ពីកម្ពុជាដាក់​ការ​ស្នើ​ឲ្យពិភាក្សា​ក្នុង​ការ​កែប្រែ​អនុស្សរណៈ​នោះ។​ លោក​បន្ថែម​ថា ​កម្ពុជា​បាន​ស្នើ​ឲ្យ​មាន​ការ​កែ​សម្រួល​អនុស្សរណៈនៃការ​យោគយល់​គ្នា​រវាងកម្ពុជា និង​សហរដ្ឋ​អាមេរិក​ ​ក្នុង​ការ​បញ្ជូន​ពលរដ្ឋខ្មែរ​មក​កម្ពុជា​វិញ ​ដោយ​ឈរ​លើ​គោល​ការណ៍​ស្ម័គ្រចិត្ត​ ជាជាង​បញ្ជូនពួកគេត្រឡប់​មកវិញទាំង​បង្ខំ។​

លោក​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​បញ្ជាក់​ថា៖ «សុំ​ឲ្យ​ឈរ​លើ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​បាន​ទេ?​ ​ហើយ​អ្នក​ខ្លះ​ដែល​មក​ហ្នឹង​ ​ដែល​មិន​អាច​ធ្វើ​សមាហរណ​កម្ម​ចូល​ពលរដ្ឋ​បាន​ ​សូម​ឲ្យ​គាត់​ពិនិត្យ​ពិច័យ​ឡើង​វិញ។​ ​អ្នកខ្លះ​មាន​ប្រពន្ធ​ ​មាន​កូន​នៅ​ឯ​ហ្នឹង។​ ​ថ្វីដ្បិត​តែ​មិនទាន់​បាន​ចូល​សញ្ជាតិ​មែន ​ប៉ុន្តែគាត់​មាន​ផ្ទះ​សម្បែង​ ​គាត់​មាន​ប្រពន្ធ​ ​មាន​កូន​មាន​អី។​ ​ដល់​អីចឹងជំរុញ​គាត់​មក​ អាហ្នឹង​ជា​ការ​ពង្រាត់​ពង្រាស់​ទៀត​ហើយ។​ ​អីចឹងយើង​គ្រាន់​សុំ​ឲ្យ​គាត់​ចរចា​គ្នា​ឡើង​វិញមើល ​MOU ​ហ្នឹង! ​ហើយ​ក្នុង​ពេល​ចរចា​ហ្នឹង ​យើង​ផ្អាក​ការ​ទទួល​បណ្តោះ​អាសន្ន​សិន។​ មិនមែន​យើង​ថា ​មិន​ទទួល​ឯណា! ​តែ​សុំ​ឲ្យ​និយាយ​គ្នា​សិន»។

សម្រាប់​ប្រទេស​ទាំងបី​ទៀត​នៅ​ទ្វីប​អាហ្វ្រិក ដែល​ស្ថិត​ក្នុង​បញ្ជី​ផ្អាក​ផ្តល់​ទិដ្ឋាការ​នេះ​វិញ ក្រុម​ផ្សាយ​របស់ VOA ទៅ​កាន់​ទ្វីប​អាហ្រ្វិក បាន​ស្វះស្វែង​រក​ការ​អធិប្បាយ​ពី​សំណាក់​អ្នក​ដឹកនាំ​នៅ​ប្រទេស​ទាំងនោះ។

លោក Mamady Conde ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ហ្គីណេ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​បារាំង​ទៅ​កាន់​ទ្វីប​អា​ហ្វ្រិក​តាម​រយៈ​ទូរស័ព្ទ​ថា ការិយាល័យ​របស់​លោក​មិន​បាន​ទទួល​ការផ្តល់​ដំណឹង​ជា​ផ្លូវការ​ទេ ហើយ​លោក​បាន​ទទួល​ដំណឹង​នេះ តាម​រយៈការផ្សាយ​ព័ត៌មាន​តែ​ប៉ុណ្ណោះ។ លោក បាន​ថ្លែង​ថា ពលរដ្ឋ​ហ្គីណេ ​៧៥នាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​កំណើត​វិញ ក៏ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ពេល​វេលា​នៃ​ការបញ្ជូន​ខ្លួន​អ្នកទាំងនោះ នោះ​ទេ។ លោក បាន​បន្ថែម​ទៀត​ថា មាន​ពលរដ្ឋ​ហ្គីណេ​ប្រមាណជា ២០០០ នាក់ រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Bockarie Kortu Stevens ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​សេរ៉ាឡេអូន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ប្រទេស​របស់​លោក បាន​សហការ​ដោយ​ធ្វើ​តាម​បទបញ្ជា​នៃ​ការបញ្ជូន​ខ្លួន​ទាំងអស់។ លោក​បាន​ថ្លែង​ថា ចាប់តាំង​ពី​ខែមករា​មក សហរដ្ឋ​អាមរិក បាន​បញ្ជូន​ពលរដ្ឋ​សេរ៉ាឡេអូន ពី ៣០ ទៅ៤០នាក់ ត្រឡប់​ទៅ​កាន់​ប្រទេស​សេរ៉ាឡេអូន​វិញ ដោយ​ដឹកតាម​យន្តហោះ​ពីរ​គ្រឿង។

លោក Stevens បានប្រាប់ VOAថា៖ «ពួកគេ បានដាក់​ជន​ដែល​ត្រូវ​បញ្ជូន​ខ្លួនទាំងអស់​ជាមួយ​គ្នា គឺ​រួមជាមួយ​នឹង​អ្នក​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត​ដែរ ហើយ​ពួកគេ បាន​ដឹក​ពលរដ្ឋ​សេរ៉ាឡេអូន ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។ យើង​បាន​សហការណ៍​ជាមួយ​ពួកគេ​រហូត​មក»។

មន្រ្តី​ស្ថានទូត​នៃ​ប្រទេស​សេរ៉ាឡេអូន បាន​និយាយ​ថា ពួកគេ បាន​ទៅ​ពន្ធនាគារ​ដែល​ឃុំ​ខ្លួន​អ្នក​ដែល​ត្រូវ​បាន​កំណត់​ថា នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ដើម្បី​បញ្ជាក់​អំពី​សញ្ជាតិ​របស់​ពួកគេ។

លោក Stevens បាន​ថ្លែង​ទៀត​ថា៖ «នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា ជា​ជនជាតិ​សេរ៉ាឡេអូន​ពិត​ប្រាកដ​ហើយ យើង​នឹង​ចេញ​ឯកសារ​ធ្វើដំណើរ​ដែល​ពាក់ព័ន្ធ ហើយ​បន្ទាប់​ពីនោះ គឺ​ស្រេច​តែ​លើ​អាជ្ញាធរ​សហរដ្ឋ​អាមរិក​ក្នុងការ​អនុវត្ត​ការបញ្ជូន​ខ្លួន​នេះ»។

លោក​បាន​បដិសេធ​ទៅ​នឹង​ការណ៍​ដែល​ថា ពលរដ្ឋ​សេរ៉ាឡេអូន​ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ភាគច្រើន គឺ​រស់នៅ​ដោយ​ខុស​ច្បាប់​នោះ គឺ​ជា​រឿង​មិន​ពិត។

រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋសេរ៉ាឡេអូន​ចំនួន ៤៦ នាក់​បាន​ទទួល​បទបញ្ជា​អំពី​ការបញ្ជូន​ខ្លួន​ពួកគេ​ទៅ​ប្រទេស​សេរ៉ាឡេអូន​វិញ​នៅ​ឆ្នាំ​នេះ ដែល​ក្នុង​នោះ​រួមបញ្ជូល​ទាំង​ឧក្រិដ្ឋជន​២២នាក់​ផងដែរ។ លោក Stevens បាន​ថ្លែង​ថា ជន​ដែល​ត្រូវ​បញ្ជូន​ខ្លួន​ទាំងនោះ​ភាគច្រើន បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​គ្រឿង​ញៀន។

«ជា​ការពិត​ហើយ ក្នុង​សង្គម​ណា​ក៏ដោយ ក៏​មាន​មនុស្ស​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ដែរ។ ដូច្នេះ អ្នក​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ ត្រូវតែ​ប្រឈម​នឹង​ផលវិបាក។ ក៏ប៉ុន្តែ ពលរដ្ឋ​សេរ៉ាឡេអូន​ភាគច្រើន ជា​អ្នកគោរព​ច្បាប់ ហើយ​ពួកគេ​ភាគច្រើន​ដែល​បាន​មក​ទីនេះ​ដោយសារតែ​សង្គ្រាម​បាន​សម្រប​ខ្លួន​ទាំងស្រុង​ទៅ​ក្នុង​សង្គម​អាមេរិក»។

យោង​តាម​ទិន្នន័យ​ជំរឿន​មាន​ពលរដ្ឋ​សេរ៉ឡេអូន​ប្រមាណជា ៤៩ ០០០ នាក់ រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

មន្រ្តី​រដ្ឋាភិបាល​អេរីត្រេ​ទាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ទាំង​នៅ​រដ្ឋធានី Asmara មិន​បាន​ឆ្លើយតប​ទៅ​នឹង​ការសុំ​សម្ភាសន៍​របស់ VOA ដែល​ផ្សាយ​ជា​ភាសា Tigrignaទេ។

ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ហិង្សា

សម្រាប់​ឆ្នាំ​នេះ រហូត​មក​ដល់​ពេល​នេះ សហរដ្ឋ​អាមេរិក បាន​ចេញ​បញ្ជា​ឲ្យ​បញ្ជូន​ខ្លួន​ពលរដ្ឋ​អេរីត្រេ ១១៧ នាក់ ពលរដ្ឋ​ហ្គីណេ ៨៨ នាក់ និង​ពលរដ្ឋ​ខ្មែរ ២៧នាក់ ទៅ​មាតុ​ប្រទេស​របស់​ពួកគេ​វិញ នេះ​បើ​យោង​តាម​ស្ថិតិ​ដែល​ផ្តល់​ឲ្យ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ចំនួន​សរុប​នៃ​បទ​បញ្ជា​បញ្ជូន​ខ្លួន​នេះ​តែ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ រួម​មាន​ពលរដ្ឋ​ម៉ិកស៊ិក​ប្រមាណជាង ២៨០០០ នាក់​ថែម​ទៀត ដែល​ទទួល​បាន​បទ​បញ្ជា​បញ្ជូន​ខ្លួន​នេះ​ផងដែរ។

ការបង្ក្រាប​ជនអន្តោប្រវេសន៍​ខុសច្បាប់ គឺ​ជា​បញ្ហា​សំខាន់​មួយ​របស់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Donald Trump ហើយ​ឥឡូវ​នេះ វា​ក៏​ជា​បញ្ហា​សំខាន់​សម្រាប់​រដ្ឋបាល​របស់​លោក​ផងដែរ។ តាម​រយៈ​ការផ្អាក​ផ្តល់​ទិដ្ឋាការ​នេះ សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា នឹង​បញ្ជូន​ខ្លួន​ឧក្រិដ្ឋជន​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ហិង្សា​ចេញ​ពី​ប្រទេស។

ទោះបីជាយ៉ាងនេះ​ក៏ដោយ ជនបរទេស​ភាគច្រើន​ដែល​ត្រូវ​បាន​កំណត់​មុខសញ្ញា​ក្នុងការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ ឬ អ្នក​ដែល​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​មាតុប្រទេស​វិញ មិន​ត្រូវ​បាន​កាត់ទោស​ថា ជា​ឧក្រិដ្ឋជន​នោះ​ទេ ហើយ​បទឧក្រិដ្ឋ​ដែល​ជន​ត្រូវ​បញ្ជូន​ខ្លួន​ទាំងនោះ បាន​ប្រព្រឹត្ត​គឺ​ជា​បទឧក្រិដ្ឋ​អហិង្សា។

នៅ​ឆ្នាំ២០១៥ ជនបរទេស​ចំនួន​៦០ភាគរយ​ដែល​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​មាតុប្រទេស​វិញ គឺ​ដោយសារ​បាន​បំពាន​ច្បាប់​អន្តោប្រវេសន៍ ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន និង​ធ្វើខុស​ច្បាប់​ចរាចរណ៍ នេះ​បើ​យោង​តាម​ស្ថិតិ​ដែល​ផ្តល់​ដោយ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក៕

រាយការណ៍​បន្ថែម​ដោយ ​Idrissa Fall ​និង​កាន់ វិច្ឆិកា

ប្រែសម្រួល​ដោយ ភី សុភាដា និង លី ម៉ូរីវ៉ាន់