សភាសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ បានខិតកាន់តែជិតទៅដល់ការអនុម័តលើសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយ ស្តីពីការប្រកួតប្រជែងជាមួយប្រទេសចិន។ សេចក្តីព្រាងច្បាប់ការប្រកួតប្រជែងរបស់អាមេរិក ឬ The America Competes Act ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃចន្ទក្នុងសំឡេង៦៨ ទល់នឹង២៨ ហើយសភាតំណាងរាស្រ្តអាមេរិក នឹងត្រួតពិនិត្យនិងសម្រួលខ្លឹមសារបញ្ជូលគ្នាជាមួយនឹងខ្លឹមសារនៃសេចក្តីព្រាងច្បាប់របស់ខ្លួន ដើម្បីបោះឆ្នោតអនុម័តជាចុងក្រោយ។
សេតវិមានស្វាគមន៍ចំពោះការចម្រើនទៅមុខនៃសេចក្តីព្រាងច្បាប់នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទថា៖ «មានការគាំទ្រយ៉ាងច្បាស់លាស់ពីគណបក្សទាំងពីរ សម្រាប់ការវិនិយោគ ដែលលោកប្រធានាធិបតីបានគាំទ្រយ៉ាងខ្លាំងអស់ពេលជាយូរមកហើយ ដូចជាការជំរុញឲ្យមានការផលិតទំនិញក្នុងប្រទេស ការគាំទ្រដល់អ្នកច្នៃប្រឌិតរបស់យើង និងការជួយគាំទ្រពួកគេ ក្នុងការនាំយកគំនិតរបស់ពួកគេ ទៅអនុវត្តជាក់ស្តែងនៅក្នុងរោងចក្រ ក៏ដូចជាការដោះស្រាយនូវសង្វាក់ផ្គត់ផ្គង់ដែលកំពុងជួបការខ្វះខាត ដូចជាបន្ទះអេឡិចត្រូនិក semiconductors ជាដើម ដែលបានធ្វើឲ្យទំនិញឡើង សម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម»។
ច្បាប់នេះ ក៏នឹងដោះស្រាយផងដែរ នូវបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដោយផ្តល់ថវិកាសម្រាប់កម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ដោយទទួលស្គាល់កោះតៃវ៉ាន់ថាជាផ្នែកមួយ នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក និងការបញ្ចប់នូវការហាមប្រាមទៅលើការដាក់តាំងបង្ហាញទង់ជាតិកោះតៃវ៉ាន់ ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់សហរដ្ឋអាមេរិកជាដើម។
ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាអាមេរិកលោក Mark Warner បានបង្ហោះសារនៅលើបណ្តាញTwitter នៅថ្ងៃអង្គារថា៖ «ការអនុម័តច្បាប់ America COMPETES Act នឹងមានន័យថា ជាការធ្វើសកម្មភាពជាក់ស្តែង ដើម្បីដោះស្រាយនូវអតិផរណារយៈពេលវែង និងកំណត់គោលដៅលើការធ្វើវិនិយោគនៅក្នុងការផលិតនៅក្នុងសហរដ្ឋអាមេរិក។ ខ្ញុំបានពាក់ព័ន្ធក្នុងសេចក្តីព្រាងច្បាប់នេះតាំងពីដំបូងមក ហើយខ្ញុំត្រៀមខ្លួនដើម្បីបញ្ចប់វា»។
ប្រធានព្រឹទ្ធសភាអាមេរិកលោក Chuck Schumer និយាយថា ដំណើរនៃការដាក់បញ្ជូលគ្នា នៃខ្លឹមសាររបស់សេចក្តីព្រាងច្បាប់ទាំងពីររបស់ព្រឹទ្ធសភានិងរដ្ឋសភាអាមេរិក នឹងត្រូវចាប់ផ្តើមនៅចុងសប្តាហ៍នេះ៕
សភាអាមេរិកខិតកាន់តែជិតទៅរកការអនុម័តសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយពាក់ព័ន្ធនឹងប្រទេសចិន
វ៉ាស៊ីនតោន —