ប្រេសិតពិសេសសិទ្ធិមនុស្ស​របស់​អ.ស.ប.៖ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការប្រែប្រួល​តិចតួច ខណៈ​មាន​ការផ្លាស់ប្តូរ​ការកាន់​អំណាច​តជំនាន់

រូបឯកសារ៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក Vitit Muntarbhorn ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២។

អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក ​Vitit Muntarbhorn ​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​ថ្មី​មួយ​ដាក់​ជូន​មហា​សន្និបាទ​អង្គការ​សហ​ប្រជាជាតិ​ថា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​គួរ​តែ​ត្រូវ​បាន​ដោះលែង​ ដើម្បី​រួម​ចំណែក​ដល់​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស ​ហើយ​លម្ហ​នយោបាយ​គួរតែ​ត្រូវ​បាន​បើក​ឱ្យ​បាន​ធំ​ទូលាយ​ជាង​ស្ថានភាព​បច្ចុប្បន្ន។​

ការ​លើក​ឡើង​ខាង​លើ​នេះ ​គឺ​ផ្អែក​ទៅ​លើ​គោល​ការណ៍​អង្កេត​គោលៗ​ចំនួន​២០​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស និង​លម្ហ​នយោបាយ​ នៅ​ពេល​គណបក្ស​ជំទាស់​ចម្បង​មួយ​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​មិន​ឱ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា។​

របាយ​ការណ៍​របស់​លោក​ Vitit​ ដែល​មាន​កម្រាស់​១២​ទំព័រ​ បាន​អត្ថាធិប្បាយ​ថា៖​ «ឯកសារ​នេះ​ មាន​បំណង​ធ្វើ​ឱ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ និង​ការ​កែ​សម្រួល​តាម​ការ​ស្នើ​ក្រោម​ការ​អង្កេត​គោល​ចំនួន​២០​ កែ​តម្រង់​ភាព​មិន​ស្រប​គ្នា​ក្នុង​ការ​បោះឆ្នោត​ បើក​លម្ហ​សិទ្ធិ​ស៊ីវិល​ និង​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ និង​កែ​ទម្រង់​ច្បាប់​ដែល​មាន​លក្ខណៈ​[ផ្ទុយ​ពី​គោល​ការណ៍​សិទ្ធិ​មនុស្ស]»។​

របាយ​ការណ៍​របស់​លោក ​Vitit Muntarbhorn ​ក៏​មាន​គោល​ដៅ​ដោះ​ស្រាយ​ភាព​ងាយ​រង​គ្រោះ​របស់​ក្រុម​ជាក់លាក់​នានា​ ដោះ​ស្រាយ​អំពើ​ហិង្សា​ ការ​រើស​អើង​ និង​ជំរុញ​ដំណើរ​ការ​នយោ​បាយ​ពហុ​និយម​ផង​ដែរ។​

របាយ​ការណ៍​របស់​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាលោក​ Vitit Muntarbhorn ​កើត​មាន​ឡើង​ក្រោយ​ប្រទេស​កម្ពុជា​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​កាលពី​ខែ​កក្កដា ​ហើយ​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក ​ហ៊ុន ម៉ាណែត ​គ្រា​បញ្ហា​សិទ្ធិ​មនុស្ស​បន្ត​ស្ថិត​ក្រោម​ការ​រិះ​គន់។ ​នេះ​បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក ​អំ សំអាត​ យល់​ថា​ កម្ពុជា​គួរ​កែប្រែ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ដើម្បី​ប្រយោជន៍​ប្រជា​ពលរដ្ឋ​របស់​ខ្លួន។ ​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ជន​ជាប់​ឃុំ​ដែល​ជា​សកម្មជន​គណបក្ស​នយោបាយ​ សកម្ម​ជន​សិទ្ធិ​មនុស្ស​ សកម្ម​ជន​សង្គម​ ឬ​ក៏​មេ​ដឹកនាំ​សហជីព​អីហ្នឹង​គួរ​តែ​ពិនិត្យ​នៅ​ក្នុង​ការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ ដើម្បី​បន្ធូរ​បន្ថយ​អំពី​លម្ហ​លិទ្ធិ​ប្រជា​ធិបតេយ្យ ​និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដើម្បី​កម្ពុជា​យើង​ទទួល​បាន​នូវ​ផល​ចំណេញ​បន្ថែម​ពី​សហគមន៍​អន្តរជាតិ​ ហើយ​ជាពិសេស​គឺ​ទាក់​ទង​នឹង​ការ​បន្ត​ក្នុង​ការ​ទទួល​បាន​នៃ​ការ​អនុ​គ្រោះ​ពន្ធ​ EBA ​របស់​សហភាព​អឺរ៉ុប​ក៏ដូច​ជា​ GSP​ របស់​សហ​រដ្ឋ​អាមេរិក​បន្ត​ទៀត»។

រដ្ឋ​លេខាធិការ​ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ ច្រាន​ចោល​របាយ​ការណ៍​របស់​លោក​ Vitit ​ថា ​ធ្វើឡើង​ដោយ​គ្មាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​ចម្លង​តែ​តាម​ការ​រាយ​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ចំនួន។​

លោក​ថ្លែង​ថា៖ ​«យើង​មើល​ទៅ​របាយ​ការណ៍​គាត់​ដូច​អត់​មាន​អី។ ខ្ញុំ​មើល​ទៅ​ដូច​អត់​មាន​អី​ប្លែក​ទេ​ ជា​ copy ​[ចម្លង] ​paste​ [ដាក់​ឡើង​វិញ]​ យក​ពី​របាយ​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល។ ​ហើយ​មើល​ទៅ​ដូច​ជា​បញ្ហា​ដែល​គាត់​លើក​ឡើង​ពាក់​ព័ន្ធ​រំលោភ​សិទ្ធិ​មនុស្ស​ វា​សុទ្ធ​តែ​ជា​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ ការ​អនុវត្ត​ច្បាប់។ ហើយ​អ្វី​ដែល​គាត់​លើក​ហ្នឹង​ វា​អត់​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​អី​មក​បញ្ជាក់​អះអាង​ ក្រៅ​តែ​ពី​ការ​សន្និដា្ឋន​ផ្អែក​ទៅ​លើ​រូប​ភាព។ ​ អ៊ីចឹង​ទេ​ការណ៍​ដែល​ធ្វើ​ការ​សន្និដ្ឋាន​ ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​សារ​តែ វិធាន​ការ​ច្បាប់​ ហើយ​អត់​មាន​បង្ហាញ​មូល​ដ្ឋាន​ផ្លូវ​ច្បាប់​រឹងមាំ​ច្បាស់​លាស់​ អា​ហ្នឹង​គឺ​ជា​ការ​សន្និដ្ឋាន​មួយ​ដែល​វា​មិន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ។​ ហើយ​ក៏​មិន​ផ្អែក​ទៅ​តាម​គោល​ការណ៍​ទ្រឹស្តី​ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ដែរ»។ ​

របាយ​ការណ៍​របស់​លោក​ Vitit Muntarbhorn ​ក៏​បាន​លើក​ជា​អនុសាសន៍​ដល់​អង្គការ​សង្គម​ស៊ីវិល​ និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ឱ្យ​ពង្រឹង​វិធាន​ការ​សិទ្ធិ​មនុស្ស​ បណ្តាញ​វាយ​តម្លៃ​ ការ​អនុវត្ត​តាម​ដាន​ការ​បោះឆ្នោត​ ធ្វើ​សកម្ម​ភាព​ក្នុង​នាម​ជន​រង​គ្រោះ ​លើក​កម្ពស់​ការ​អប់រំ​ស្តីពី​សិទ្ធិ​មនុស្ស​ តាម​ដាន​ និង​ពង្រឹង​តម្លាភាព​ និង​លើក​កម្ពស់​ចំណេះ​ដឹង​អំពី​ប្រវត្តិ​សាស្រ្ត​អតីត​កាល​របស់​ប្រទេស។​

ដោយ​ឡែក សម្រាប់​អង្គការ​សហ​ប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​ របាយ​ការណ៍​នេះ​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​គាំទ្រ​ និង​តាម​ដាន​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ ការ​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ដោយ​ពហុ​និយម​ ប្រព័ន្ធ​ពហុបក្ស ​និង​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌។ របាយ​ការណ៍​ក៏​សង្កត់​ធ្ងន់​លើ​ការ​គាំទ្រ​វិធាន​ការ​ស្តារ​ឡើង​វិញ​ក្រោយ​វិបត្តិ​កូវីដ១៩ ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ​ រួម​ទាំង​វិធានការ​ការ​ពារ​សង្គម​ដែល​រួម​បញ្ចូល​ផង​ដែរ​សង្គម​ស៊ីវិល​គួរ​តែ​ត្រូវ​បាន​គាំទ្រ​ក្នុង​ការ​លើក​កម្ពស់​ និង​ការពារ​សិទ្ធិ​មនុស្ស​ ការ​ត្រួត​ពិនិត្យ​ការ​បោះឆ្នោត​ និង​ការ​ផ្តល់​ជំនួយ​បច្ចេក​ទេស។​

លើស​ពី​នេះ​របាយ​ការណ៍​នេះ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ទទួល​បាន​សិទ្ធិ​ទទួល​បាន​ការ​ការពារ​ផ្នែក​រូប​វ័ន្ត​ និង​ផ្លូវ​ច្បាប់​ជា​អតិបរមា​សម្រាប់​អ្នក​ជាប់​ឃុំ​ និង​ប្រើ​ប្រាស់​ការ​ចូល​រួម ​និង​ការ​គាំទ្រ​ពហុ​កម្រិត ​ដើម្បី​ធានា​បាន​នូវ​ការ​ព្យាបាល​ប្រកប​ដោយ​មនុស្ស​ធម៌​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ដក​ហូត​សេរីភាព។

នៅ​ក្នុង​ការ​ផ្តល់​អនុសាសន៍​ដល់​មេដឹក​នាំថ្មី​របស់​កម្ពុជា​ លោក ​Vitit​ Muntarbhorn​ លើក​ឡើង​ថា ​របាយ​ការណ៍​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​ បង្ហាញ​ពី​មេរៀន​ដែលត្រូវ​រៀន ​និង​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០២៣​ ជា​ពិសេស​ការ​ដក​សិទ្ធិ​នៃ​គណបក្ស​នយោបាយ​ប្រឆាំង ​និង​ការ​ផ្លាស់​ប្តូរអំណាច​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត។​

យ៉ាង​ណា​ក៏​ដោយ​ របាយ​ការណ៍​ដដែល​ថា​ មាន​ចំណុច​ចាប់​ផ្តើម​ថ្មីៗ​ដែល​មាន​សក្តា​នុពល​សម្រាប់​ការ​ផ្លាស់​ប្តូរ​ ដូច​ជា​វិធានការ​ប្រឆាំង​ភាព​ក្រីក្រ​ និង​ការ​ការពារ​សង្គម​ ការ​អប់រំ​ ការ​ថែ​ទាំ​សុខភាព ​ការ​បន្ស៊ាំ​បរិស្ថាន​ ថវិកា​សមធម៌​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ដែល​មាន​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក៕​