នៅមុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ នឹងឈានមកដល់នៅចុងសប្តាហ៍ក្រោយនេះ សមាជិកព្រឹទ្ធសភានិងតំណាងរាស្ត្រអាមេរិកបានស្នើច្បាប់មួយដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ «ការបំពាននានានិងអំពើពុករលួយ ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ការិយាល័យលោក Edward J. Markey សមាជិកព្រឹទ្ធសភាអាមេរិកនៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Massachusetts ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី ១៤ ខែកក្កដា។
សមាជិកព្រឹទ្ធសភា លោក Edward J. Markey សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Illinois លោក Dick Durbin សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Florida លោក Marco Rubio រួមទាំងតំណាងរាស្ត្រប្រចាំសង្កាត់លេខ ៤ នៃរដ្ឋ New Jersey លោក Chris Smith និងតំណាងរាស្ត្រប្រចាំសង្កាត់លេខ ៣ នៃរដ្ឋ Massachusetts អ្នកស្រី Lori Trahan បានសហការគ្នាស្នើ «សេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ ២០២៣» ឬជាភាសាអង់គ្លេស “Cambodia Democracy and Human Rights Act of 2023” នេះឡើង។
សេចក្តីព្រាងច្បាប់ដែលមាន ២៧ ទំព័រ ត្រូវបានស្នើឡើងក្នុងគោលបំណង «លើកកម្ពស់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយ និងសិទ្ធិមនុស្ស និងដើម្បីគោលបំណងផ្សេងៗទៀត» ដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវចំពោះសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយដាក់ទណ្ឌកម្មនានាលើមន្ត្រីរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់ពួកគេដែលមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឲ្យចូលសហរដ្ឋអាមេរិក និងមិនឲ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជកម្មជាមួយ។
លោក Markey បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបក្ខពួករបស់លោកបានបន្តបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភបំពានសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិកចាំបាច់ត្រូវផ្ញើសារយ៉ាងច្បាស់មួយដែលថា យើងនឹងមិនរាថយកិច្ចប្រឹងប្រែងរបស់យើង ក្នុងការគាំទ្រប្រជាពលរដ្ឋកម្ពុជានិងសិទ្ធិទទួលបានលទ្ធិប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញរបស់ពួកគេឡើយ»។
សមាជិកព្រឹទ្ធសភាលោក Dick Durbin ក៏បានលើកឡើងផងដែរថា សេចក្តីព្រាងច្បាប់នេះជាការ «ផ្ញើសារយ៉ាងច្បាស់មួយ» ដើម្បីថ្កោលទោសរាល់សកម្មភាពរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។
លោកថ្លែងថា៖ «ការស្នើសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ដែលតាក់តែងឡើងដោយគណបក្សទាំងពីរ និងទណ្ឌកម្មដាក់បន្ទុកនៃសេចក្តីព្រាងច្បាប់នេះ ផ្ញើសារយ៉ាងច្បាស់មួយថា ព្រឹទ្ធសភាសហរដ្ឋអាមេរិកប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយថា [ព្រឹទ្ធសភាអាមេរិក] ឈរជាមួយប្រជាពលរដ្ឋកម្ពុជា»។
ការស្នើច្បាប់នេះបានធ្វើឡើង ស្របពេលដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាននិងកំពុងដឹកនាំប្រទេសជិត ៤០ ឆ្នាំមកនេះ កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ ដោយគ្មានគូប្រជែងពិតប្រាកដ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះចូលរួមការបោះឆ្នោត ដោយសារបញ្ហាចម្រូងចម្រាសផ្នែកលិខិតស្នាម។
ស្របពេលជាមួយគ្នានោះ លម្ហសេរីភាពរបស់សង្គមស៊ីវិល សហជីព និងសារព័ត៌មានឯករាជ្យកំពុងត្រូវបានរឹតត្បិត និងរងការគំរាមកំហែង ខណៈសកម្មជននយោបាយជំទាស់ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងផ្តន្ទាទោសជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីខែកុម្ភៈកន្លងទៅលោក កឹម សុខា ត្រូវបានផ្តន្ទាទោសពីបទក្បត់ជាតិឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ ។
អ្នកស្រី Lori Trahan ប្រធានក្រុមសមាជិកសភាចម្រុះគណបក្សដែលគិតគូពីបញ្ហាកម្ពុជានិងជាតំណាងរាស្ត្រប្រចាំសង្កាត់លេខ ៣ នៃរដ្ឋ Massachusetts បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះបង្ហាញជំហររបស់សហរដ្ឋអាមេរិកសាជាថ្មី នៅក្នុងការ «គាំទ្រការបោះឆ្នោតដែលសេរីនិងយុត្តិធម៌ និងការប្រកាន់ខ្ជាប់នូវតម្លៃប្រជាធិបតេយ្យនៅកម្ពុជា»។
អ្នកស្រីបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកនេះ សកម្មភាពបង្ក្រាបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើស្ថាប័នប្រជាធិបតេយ្យ ក្រុមអ្នកសារព័ត៌មាន និងក្រុមអ្នកនយោបាយជំទាស់ បានធ្វើឱ្យកម្ពុជាងាកទៅរកផ្លូវខុស។ ខ្ញុំមានមោទនភាពក្នុងការស្នើច្បាប់ដែលគាំទ្រដោយគណបក្សទាំងពីរនេះឡើងវិញ ដែលធ្វើឱ្យមន្ត្រីទាំងឡាយទទួលខុសត្រូវចំពោះកិច្ចប្រឹងប្រែងក្នុងការបំផ្លាញសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា»។
សមាជិកសភាអាមេរិកក៏ធ្លាប់បានដាក់ទណ្ឌកម្មមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរតាមរយៈច្បាប់ Global Magnitsky ក្នុងនោះរួមមានលោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស លោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងលោកនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកជាដើម៕