ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកឡើងថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការធ្លាក់ចុះលម្ហនយោបាយ និងសិទ្ធិពលរដ្ឋ ធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃការបោះឆ្នោតជាតិអាណត្តិទី ៧ នៅកម្ពុជាកាលពីថ្ងៃទី ២៣ ខែកក្កដាកន្លងទៅនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣នេះ បញ្ជាក់ថា ការណ៍ដែលគ្មានវត្តមានគណបក្សប្រឆាំងដ៏ចម្បង សេរីភាពប្រព័ន្ធផ្សព្វផ្សាយត្រូវបានរាំងខ្ទប់និងរឹតត្បិត និងការបៀតបៀនទៅលើដៃគូប្រជែងរបស់គណបក្សកាន់អំណាច បានធ្វើឱ្យខូចដំណើរការនិងទំនុកចិត្តលើការបោះឆ្នោត។
ក្រុមអ្នកជំនាញក៏បានអះអាងបន្ថែមថា ចាប់តាំងពីសន្តិភាពត្រូវបានធានាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជានៅតែបរាជ័យក្នុងការការពារសិទ្ធិមនុស្ស និងនៅតែមានការបំផ្លាញគោលការណ៍ប្រជាធិបតេយ្យជាប្រព័ន្ធ។ ពួកគេជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «រដ្ឋាភិបាលថ្មីរបស់កម្ពុជាត្រូវតែគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួន និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដោះស្រាយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន ទាំងចាស់ និងថ្មី ដែលរារាំងដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងប្រទេស»។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនោះបន្ថែមថា ខណៈការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត នឹងកើតឡើងឆាប់ៗ សហគមន៍អន្តរជាតិត្រូវតែត្រៀមខ្លួនដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពពាក់ព័ន្ធជាមួយនឹងវិបត្តិលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយនេះ។
អ្នកនាំពាក្យសហគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេនៅថ្ងៃព្រហស្បត៍នេះថា លោកគាំទ្រចំពោះការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ។ លោកបន្ថែមថា ការច្រានចោលរបស់កម្ពុជានៅរាល់ពេលមានការរិះគន់ ប៉ុន្តែមិនមានការផ្លាស់ប្តូរណាមួយនោះ នឹងអាចធ្វើឱ្យកម្ពុជាប្រឈមនឹងវិធានការផ្សេងៗពីអន្តរជាតិ។
លោកបញ្ជាក់ថា៖ «អង្គការសហប្រជាជាតិគឺលោកមានឥទ្ធិពលជាបណ្តាប្រទេសដែលជាសមាជិក ហើយប្រទេសដែលមានឥទ្ធិពលខ្លាំងនៅក្នុងសមាជិកនៃអង្គការសហប្រជាជាតិនោះ គឺប្រទេសលោកសេរី។ អ៊ីចឹងហើយ បើសិនកម្ពុជាយើងនៅតែព្រងើយកន្តើយ មិនខ្វល់ខ្វាយអំពីស្ថានភាពដែលកំពុងកើតឡើងទាំងអស់នេះ យើងមានការព្រួយបារម្ភថា បណ្តាប្រទេសដែលជាសមាជិកទាំងអស់នោះគឺនឹងអាចពិនិត្យមើល និងចាត់វិធានការដោយយោងតាមរបាយការណ៍ និងសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិនេះជាមូលដ្ឋាន»។
លោក ស៊ឹង សែនករុណា ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាងាកមកដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដើម្បីបញ្ចៀសនូវការចាត់វិធានការផ្សេងៗពីសហគមន៍អន្តរជាតិ។
ខណៈដែលបណ្តាប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហគមន៍អឺរ៉ុបជាដើម បានថ្កោលទោសការបោះឆ្នោតជាតិនៅកម្ពុជាថា ធ្វើឡើងដោយមិនសេរី និងយុត្តិធម៌ ដោយសារគ្មានវត្តមានគណបក្សប្រឆាំង និងដែលធ្វើឡើងក្រោមស្ថានភាពរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សង្គមស៊ីវិល និងគណបក្សប្រឆាំងនៅ មុនការបោះឆ្នោតនោះ រដ្ឋាភិបាលកម្ពុជាតែងច្រានចោលការលើកឡើងទាំងនោះ ថាមិនឆ្លុះបញ្ចាំងពីការពិត។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន អះអាងថា ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដែលខុសពីការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោកថ្លែងថា៖ «អ៊ីចឹងជារួមគឺថាដំណើរការបោះឆ្នោតនេះស្របទៅតាមគន្លងលទ្ធិប្រជាធិបតេយ្យ នីតិវិធីច្បាប់ត្រឹមត្រូវដែលមានជាធរមាន ហើយប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ និងត្រឹមត្រូវ»។
ចំណែកលោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកឡើងដែរថា ការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺជាការចោទប្រកាន់ដែលមិនមានមូលដ្ឋានច្បាប់។ លោកថា ក្នុងការបោះឆ្នោត មានពលរដ្ឋចេញទៅបោះឆ្នោតជាង ៨៤ ភាគរយនៃចំនួនពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណ ៩លាន ២សែននាក់ ដោយពួកគេបានជ្រើសរើសមេដឹកនាំដែលពួកគេពេញចិត្ត ស្របពេលដែលសន្លឹកឆ្នោតមិនបានការប្រមាណជា ៥ ភាគរយ ឬជិត ៥ម៉ឺនសន្លឹកប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ក្នុងការប្រៀបធៀបសន្លឹកឆ្នោតបានការ និងមិនបានការ យើងអាចធ្វើការវាយតម្លៃបានថា សេចក្តីថ្លែងការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ គឺមិនពុំមានទម្ងន់ខាងផ្លូវច្បាប់ និងបច្ចេកទេស ដើម្បីធ្វើការអះអាងឱ្យបានពេញលេញនោះទេ»។
នៅមុនការបោះឆ្នោតជាតិអាណត្តិទី ៧ នេះ អ្នកនយោបាយជំទាស់របស់អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសមួយចំនួន និងអ្នកដែលរត់គេចទៅនៅក្រៅប្រទេស ដូចជា អ្នកស្រី មូរ សុខហួរ លោក ឡុង រី លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក ឆាំ ឆានី និងលោក គឹម សុខ ជាដើម ត្រូវបានដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតក្នុងម្នាក់ៗ រយៈពេល ២០ ឆ្នាំ។ នេះបើតាមសេចក្តីសម្រេចរបស់ គ.ជ.ប។
ហើយនៅក្រោយពេលបោះឆ្នោត អ្នកនយោបាយ និងសកម្មជននយោបាយយ៉ាងតិចណាស់ ២០នាក់ ដែលភាគច្រើនមកពីគណបក្សភ្លើងទៀន ត្រូវបានប្តឹង ហើយអ្នកខ្លះទៀត ក៏ត្រូវបានឃាត់ខ្លួន ទាក់ទងនឹងការអំពាវនាវឱ្យគូសសនឹ្លកឆ្នោតចោល៕