មេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី ដែលត្រូវបានឃុំខ្លួនរយៈពេលជាងមួយឆ្នាំមកហើយនៅពន្ធនាគារក្នុងខេត្តព្រះវិហារ បានអះអាងថា កញ្ញានៅតែរក្សានូវការប្តេជ្ញាដ៏អង់អាច ដើម្បីការពារសេរីភាព ក្រោយពីបានធ្វើកូដកម្មបង្អត់អាហាររយៈពេល ១០ថ្ងៃ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់មេធាវីការពារក្ដី លោក Jared Genser ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសេចក្តីថ្លែងការណ៍នោះ កញ្ញា សេង ធារី បានបញ្ជាក់ថា ការដែលកញ្ញាធ្វើកូដកម្មបង្អត់អាហារនេះ មិនត្រឹមតែជាការអំពាវនាវសម្រាប់សេរីភាពរបស់កញ្ញានោះទេ ប៉ុន្តែសម្រាប់សេរីភាពរបស់ប្រជាជនកម្ពុជាទាំងអស់។
កញ្ញាបញ្ជាក់ថា៖ «បើទោះពេលនេះខ្លួនប្រាណរបស់ខ្ញុំទន់ខ្សោយបំផុត ប៉ុន្តែខ្ញុំនៅតែរក្សានូវការប្តេជ្ញាដ៏អង់អាច ហើយពេលនេះ ខ្ញុំមានអារម្មណ៍ថាកាន់តែខ្លាំងជាងមុន១ពាន់ដងទៀតសម្រាប់បុព្វហេតុដ៏ល្អបំផុត»។
កញ្ញាបញ្ជាក់ថា៖ «របបនេះមិនអាចផ្តួលយើងទេ ហើយយើងនឹងមិនស្ងៀមស្ងាត់ឡើយ»។
កញ្ញាជំរុញឱ្យមានការបន្តផ្សព្វផ្សាយអំពីស្ថានភាពលំបាករបស់អ្នកទោសនយោបាយ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
កញ្ញាបញ្ជាក់ថា៖ «សហគមន៍អន្តរជាតិត្រូវតែនិយាយអំពីអំពើអយុត្តិធម៌ទាំងនេះ»។
កញ្ញា សេង ធារី បានធ្វើកូដកម្មអត់អាហារ ចាប់តាំងពីថ្ងៃទី ១៧ ខែកក្កដា រហូតដល់ថ្ងៃទី ២៦ ខែកក្កដា ដែលមានរយៈពេល ១០ ថ្ងៃ។ កញ្ញាស្រកទម្ងន់ប្រមាណ ៥ គីឡូក្រាម។ កម្រិតជាតិស្ករក្នុងឈាមបានធ្លាក់ចុះ ហើយកញ្ញាទន់ខ្សោយ និងស្លេកស្លាំង និងអស់កម្លាំងខ្លាំង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មេធាវី។
មេធាវីខ្មែរអាមេរិកាំងរូបនេះក៏បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កញ្ញាគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សច្រើននាក់ទៀតដែលរងការឈឺចាប់ក្រោម «របបលោក ហ៊ុន សែន»។
កាលពីដើមខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកមិនដោះលែង ឬបន្ធូរបន្ថយទោសដល់មេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី ឡើយ ដោយសារតែមានអន្តរាគមន៍ពីបរទេស។
នៅពេលមកកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ប្រធានាធិបតីអាមេរិក លោកJoe Biden ធ្លាប់បានអំពាវនាវឱ្យដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួន ក្នុងនោះមានកញ្ញា សេង ធារី មេធាវីសញ្ជាតិខ្មែរអាមេរិកាំងផងដែរ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា មកទល់ពេលនេះ ស្ថានភាពប្រចាំថ្ងៃរបស់កញ្ញា សេង ធារី មិនមានអ្វីខុសប្រក្រតីឡើយ។
លោកប្រាប់វីអូអេថា៖ «មកដល់ពេលនេះ តាមរបាយការណ៍ប្រចាំថ្ងៃ ដូចជាមិនទាន់មានស្ថានភាពអី ខុសប្រក្រតីទេ...អង្គភាពយើងខិតខំព្យាយាម ដើម្បីកុំឱ្យគាត់ធ្វើអ្វីដែលវាប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់គាត់»។
លោកបន្ថែមថា ការធ្វើកូដកម្មអត់អាហារ គឺជាសិទ្ធិរបស់កញ្ញា សេង ធារី ព្រោះមន្ត្រីពន្ធនាគារមិនអាចបង្ខិតបង្ខំ ឬគាបសង្កត់ផ្លូវចិត្តរបស់គាត់ឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេថា ការធ្វើកូដកម្មអត់អាហាររបស់កញ្ញា សេង ធារី ជាការប្រើប្រាស់សិទ្ធិរបស់បុគ្គលតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចជួយដល់វិធានការតាមផ្លូវច្បាប់ឡើយ។
លោកថ្លែងថា៖ «កូដកម្មអត់អាហារមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងការការពារខ្លួនក្នុងដំណើរការនីតិវិធីរបស់តុលាការ។ មធ្យោបាយតាមផ្លូវច្បាប់ក្នុងសង្គមប្រជាធិបតេយ្យមានតែការចូលរួមដំណើរការនីតិវិធីតុលាការ បង្ហាញភស្តុតាង សក្ខីកម្មរឹងមាំ ដោះបន្ទុកតតាំងបទចោទ អាហ្នឹងទើបជាមធ្យោបាយតាមផ្លូវច្បាប់។ អ៊ីចឹងទេ ការបង្អត់អាហារនេះ វាអត់មានអីឥទ្ធិពលអីផ្នែកច្បាប់ទៅលើដំណើរការនីតិវិធីតាមផ្លូវតុលាការនោះទេបាទ»។
ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្តរបស់អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ ដោយចាត់ទុកការឃុំខ្លួនកញ្ញា សេង ធារី ធ្វើឡើងដោយបំពានទៅនឹងច្បាប់អន្តរជាតិ និងជាប់ហេតុផលនយោបាយ។
សេចក្តីថ្លែងការណ៍របស់អ្នកជំនាញទាំងនោះបញ្ជាក់ថា៖ «ការឃុំខ្លួន កញ្ញា សេង ធារី គឺស្ថិតនៅក្នុងការបង្ក្រាបជាទ្រង់ទ្រាយទៅលើសេរីភាពនៃការបញ្ចេញមតិ ហើយការរំលោភលើនីតិវិធីត្រឹមត្រូវតាមច្បាប់ ជាការរៀបចំដើម្បីគំរាមកំហែងកញ្ញាឱ្យស្ងាត់ស្ងៀម»។
ប៉ុន្តែក្រសួងការបរទេសកម្ពុជាបានឆ្លើយតបវិញថា នេះគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្តតែប៉ុណ្ណោះ ដែលមិនតំណាងឱ្យអង្គការសហប្រជាជាតិឡើយ។
ក្រសួងការបរទេសបញ្ជាក់ថា៖ «បុគ្គលទាំងនោះទំនងពុំមានការយល់ដឹងជាក់ស្តែងអំពីអង្គហេតុនិងអង្គច្បាប់ចំពោះករណីទណ្ឌិតម្នាក់នោះ ទិដ្ឋភាពនយោបាយ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការធ្វើកូដកម្មអត់អាហាររបស់កញ្ញា សេង ធារី នៅក្នុងពន្ធនាគារ ជាការលះបង់មួយដែលចង់ឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ និងសេរីភាពពេញលេញក្នុងការគោរពសិទ្ធិមនុស្ស។
លោកប្រាប់វីអូអេថា៖ «ខ្ញុំគិតថា នេះជាចំណែកនៃការលះបង់ធំណាស់ដែលកញ្ញា សេង ធារី ក្នុងនាមជាកូនខ្មែរម្នាក់ដែលគាត់ចង់ឃើញប្រទេសកម្ពុជាមានសេរីភាព ប្រជាជនកម្ពុជាមានសិទ្ធិសេរីភាព មានការគោរពសិទ្ធិមនុស្ស និងមានលទ្ធិប្រជាធិបតេយ្យ»។
លោកបន្ថែមថាក្នុងដំណាក់កាលចុងក្រោយនេះ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានបញ្ហាប្រឈមច្រើន ដោយលោកជំរុញឱ្យរដ្ឋាភិបាលថ្មីគួរតែពិចារណាឡើងវិញ ដើម្បីស្ដារសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស កញ្ញា សេង ធារី ដាក់ពន្ធនាគាររយៈពេល ៦ ឆ្នាំពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ ២០១៩។
បន្ទាប់ពីត្រូវបានឃុំខ្លួន កាលពីខែមិថុនា ឆ្នាំ ២០២២ កញ្ញា សេង ធារី និងមេធាវីបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យដោះលែងកញ្ញា សេង ធារី ឱ្យមានសេរីភាពវិញ។ ប៉ុន្តែមកទល់ពេលនេះ គេនៅមិនដឹងនៅឡើយទេថា តើសាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះលើសំណុំនេះនៅពេលណានោះ៕