សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស អង្គការសង្គមស៊ីវិលអន្តរជាតិក្នុងតំបន់រួមទាំងតំណាងប្រទេសលោកខាងលិចមួយចំនួន បានថ្កោលទោសនិងរិះគន់ការបោះឆ្នោតនៅកម្ពុជា ដែលគ្មានគណបក្សប្រឆាំងចម្បងចូលរួម ថាជាការបោះឆ្នោតដែលមិនមានភាពស្របច្បាប់ មិនសេរីនិងយុត្តិធម៌ ដោយសាររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយប្រហារឥតឈប់ឈរលើសង្គមស៊ីវិល គណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងអំឡុងពេលមុនថ្ងៃបោះឆ្នោត។
លោក ឆាល សាន់ធីយ៉ាហ្គោ (Charles Santiago) សមាជិកសមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (ASEAN Parliamentarian for Human Rights) លើកឡើងថា នៅមុនការបោះឆ្នោត រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានប្រើសកម្មភាពផ្លូវច្បាប់ និងអំពើហិង្សាលើរាងកាយដើម្បីគំរាមកំហែងអ្នកគាំទ្រគណបក្សប្រឆាំង និងគំរាមប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត ព្រមទាំងបានបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចុងក្រោយនៅកម្ពុជា ដែលសំដៅលើវិទ្យុវីអូឌី និងហាមឃាត់គណបក្សប្រឆាំងតែមួយគត់ ដែលសំដៅលើគណបក្សភ្លើងទៀន មិនឱ្យចូលរួមការបោះឆ្នោត។
លោកបន្ថែមថា៖ «ប្រជាពលរដ្ឋត្រូវបានគេព្រមានឱ្យចេញទៅបោះឆ្នោត។ ប៉ុន្តែបើអ្នកចេញមកបោះឆ្នោត អ្នកត្រូវបោះឆ្នោតឲ្យគណបក្សកាន់អំណាច។ ដូច្នេះនេះមិនមែនជាអ្វីដែលថ្មីនោះទេ។ អ្នកឃើញប្រទេសទាំងមូល ស្ថាប័ននៃប្រទេសរៀបចំដោយឥស្សរជនកាន់អំណាច ដើម្បីឈ្នះការបោះឆ្នោត។ តាមការយល់ឃើញរបស់ខ្ញុំ នេះជាការឃុបឃិត»។
លោក ឆាល សាន់ធីយ៉ាហ្គោ បានវាយតម្លៃលើការបោះឆ្នោតជាតិនៅកម្ពុជាយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្តីអំពីការបោះឆ្នោតនៅកម្ពុជាដែលធ្វើឡើងរួមគ្នាជាមួយនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អង្គការបណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (Anfrel) និងគណៈកម្មាធិការអន្តរជាតិនៃអ្នកច្បាប់ (ICJ) កាលពីព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដា មួយថ្ងៃបន្ទាប់ពីការបញ្ចប់ទៅនៃការបោះឆ្នោត ដែលគ្មានវត្តមានរបស់គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងចម្បងចូលរួម។
ការបោះឆ្នោតបែបប្រជាធិបតេយ្យតែងមានការគោរពតាមគោលការណ៍ចំនួន ៥ គឺការគោរពតាមគោលការណ៍ច្បាប់ ការគ្មានការរើសអើងគណបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ ការមានស្ថាប័នរៀបចំការបោះឆ្នោតដែលឯករាជ្យ ការចូលរួមពីប្រជាពលរដ្ឋដោយសេរី និង យុត្តិធម៌ក្នុងការបោះឆ្នោតប្រកបដោយប្រសិទ្ធភាពមិនលម្អៀង។ នេះបើតាមការលើកឡើងរបស់អង្គការបណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (Anfrel)។
អ្នកស្រី ចាន់ដានី វ៉ាតាវ៉ាឡា (Chandanie Watawala) នាយិកាប្រតិបត្តិអង្គការនេះ បានលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃអាទិត្យកន្លងទៅនេះ មិនមានភាពសេរី និងយុត្តិធម៌នោះទេ ដោយសារកម្ពុជាមិនបានអនុវត្តតាមគោលការណ៍ទាំងប្រាំនេះ។
អ្នកស្រីបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននោះថា៖ «ការបោះឆ្នោតនៅកម្ពុជាកាលពីម្សិលមិញត្រូវបានរៀបចំដំណើរការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីបន្តអំណាចនៃរបបផ្តាច់ការដែលដឹកនាំក្រោមការព្រមព្រៀង ឬការស្នងអំណាចតាមត្រកូលគ្រួសាររបស់លោក [ហ៊ុន សែន]»។
ចំណែកលោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី បានលើកឡើងថា គ្រប់ជំហានទាំងអស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភសិទ្ធិសកម្មជន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងឥស្សរជននយោបាយ ជាពិសេសការហាមមិនឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោត ដើម្បីធានាអំណាចរបស់លោក។
លោក Phil Robertson ថ្លែងថា៖ «វាច្បាស់ណាស់ថា ការបោះឆ្នោតនៅកម្ពុជាមិនបានរារាំងនូវអ្វីដែលជាការឡើងស្នងតំណែងប្រកបដោយប្រសិទ្ធភាពរបស់ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលជាមូលដ្ឋានគ្រឹះសម្រាប់លោក ហ៊ុន សែន អាចប្រគល់អំណាចទៅកូនប្រុស គឺលោក ហ៊ុន ម៉ាណែត»។
កាលពីខែឧសភា ឆ្នាំ ២០២៣ គណបក្សភ្លើងទៀនត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធមិនឱ្យចុះឈ្មោះក្នុងបញ្ជី ក្រោមហេតុផលថា គណបក្សនេះមិនមានឯកសារដើមចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ បើទោះបីជាក្រសួងមហាផ្ទៃបានចេញលិខិតបញ្ជាក់ថា គណបក្សភ្លើងទៀនបានចុះឈ្មោះស្របតាមច្បាប់ក្តី។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចេញកាលពីថ្ងៃទី ១៩ ខែកក្កដា បានរកឃើញថា សមាជិកនិងអ្នកគាំទ្រគណបក្សភ្លើងទៀនជាច្រើននាក់ត្រូវបានចាប់ខ្លួន និងរងការយាយីក្នុងការដំណើរការបោះឆ្នោត។
វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលជាស្ថាប័នព័ត៌មានឯករាជ្យក្នុងស្រុកចុងក្រោយគេ ត្រូវបានបិទកាលពីដើមខែមីនានេះ។ ហើយនៅមុនការបោះឆ្នោតមួយសប្តាហ៍ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតរាំងខ្ទប់គេហទំព័រសារព័ត៌មានមួយចំនួន ដូចជាគេហទំព័រវិទ្យុអាស៊ីសេរី The Cambodia Daily និងគេហទំព័រកំណត់ត្រា ដែលជាបណ្តុំព័ត៌មានរបស់សារព័ត៌មានវីអូឌី។
ទោះជាយ៉ាងណាក្តី មន្ត្រីរដ្ឋាភិបាលកម្ពុជាបានច្រានចោលការវាយតម្លៃនិងការថ្កោលទោសទាំងអស់ខាងលើនេះ។ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA ថា ការលើកឡើងរបស់សមាជិកសភាអាស៊ាន និងអង្គការអន្តរជាតិទាំងនោះមានភាពលម្អៀង និងមិនអាចយកជាការបាន ក្នុងការវាយតម្លៃពីការបោះឆ្នោតនៅកម្ពុជានោះទេ។
លោកថ្លែងថា៖ «ទាំងអស់ហ្នឹងមិនអាចយកជាការបានទេ។ ទី ១ ដោយសារអត់មានបញ្ជូនប្រតិភូសង្កេតការណ៍មកមើលជាក់ស្តែងហ្នឹងភ្នែកទេ។ អ៊ីចឹងការវាយតម្លៃដោយអត់មានមើលឃើញ អាហ្នឹងជាការធ្មេចភ្នែកវាយតម្លៃ ដូច្នេះការធ្មេចភ្នែកវាយតម្លៃនេះ វាមិនត្រឹមត្រូវតាមការជាក់ស្តែងដែលកើតឡើងនៅកម្ពុជាទេ»។
លោកបន្ថែមថា អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិរាប់ពាន់នាក់បានមកសង្កេតការណ៍ក្នុងការបោះឆ្នោតជាតិនៅកម្ពុជា ហើយបានវាយតម្លៃជាទូទៅថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដោយគ្មានអំពើហិង្សា។
របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញថា អ្នកសង្កេតការណ៍ជាតិក្នុងការបោះឆ្នោតមានចំនួនជិត ៩ម៉ឺននាក់ ខណៈដែលអ្នកសង្កេតការណ៍អន្តរជាតិមានជាង ៦០០នាក់។ ទោះជាយ៉ាងណាក្តី អ្នកសង្កេតការណ៍អន្តរជាតិទាំងនោះមិនមានវត្តមានរបស់អង្គការសហប្រជាជាតិ និងប្រទេសប្រជាធិបតេយ្យធំៗនោះទេ ដោយពួកគេអះអាងថា ដោយសារការបោះឆ្នោតនេះមិនមានវត្តមានគណបក្សប្រឆាំង។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានច្រានចោលការលើកឡើងរបស់សមាជិកសភាអាស៊ាន និងអង្គការអន្តរជាតិទាំងនោះផងដែរ។ លោកបានចាត់ទុកការវាយតម្លៃនោះថា ជាការចោទប្រកាន់ដើម្បីបំផ្លាញការបោះឆ្នោត និងប្រជាធិបតេយ្យនៅកម្ពុជា។ លោក ហង្ស ពុទ្ធា បានសង្កត់ធ្ងន់ថា គ.ជ.ប កើតចេញពីច្បាប់ ដោយមានតួនាទីក្នុងការចាត់ចែង និងរៀបចំការបោះឆ្នោត។
លោកថ្លែងថា៖ «បើនិយាយពីប្រជាធិបតេយ្យ ក៏ត្រូវតែនិយាយអំពីនីតិរដ្ឋដែរ។ នីតិរដ្ឋគឺច្បាប់មិនមានចែងថា ទាល់តែមានគណបក្សនេះចូលរួមប្រកួតប្រជែង ឬមានគណបក្សឈ្មោះនោះឈ្នះឆ្នោតបានហៅថាបោះឆ្នោតតាមបែបប្រជាធិបតេយ្យនោះទេ។ ផ្ទុយទៅវិញ សំឡេងប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យច្រើនលើសលុបដែលបានអញ្ជើញចេញទៅបោះឆ្នោត ៨៤ ភាគរយជាង ពិតជាចំនួនដែលបញ្ជាក់ថា ការបោះឆ្នោតឆ្នោតនេះពិតជាមានការគាំទ្រតាមបែបលទ្ធិប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថា នៅមុនថ្ងៃបោះឆ្នោតជាតិឆ្នាំ២០២៣ នេះ រដ្ឋសភាកម្ពុជាបានអនុម័តធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោត ដែលកំណត់ដកសិទ្ធិឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតឱ្យ ពីបុគ្គលណាដែលមិនចេញទៅបោះឆ្នោតជាតិឆ្នាំនេះ។ ហើយសកម្មភាពញុះញង់ឱ្យមានការបំផ្លាញសន្លឹកឆ្នោត អាចត្រូវបានចាត់ទុកជាបទឧក្រិដ្ឋព្រហ្មទណ្ឌ ដែលអាចជាប់ពន្ធនាគារ បើសិនរកឃើញថាមានទោស។
កាលពីថ្ងៃចន្ទដដែលនោះ សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស និងបារាំង ក៏បានបង្ហាញក្តីបារម្ភនិងការរិះគន់របស់ខ្លួនរៀងៗខ្លួន ចំពោះទិសដៅនៃដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់ទុកការបោះឆ្នោតជាតិនៅកម្ពុជា ថាមិនសេរីនិងយុត្តិធម៌ ដោយបានចាត់វិធានការដាក់ទណ្ឌកម្មផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២៣ ខែកក្កដា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងថា៖ «ជាការឆ្លើយតប សហរដ្ឋអាមេរិកបានចាត់វិធានការដើម្បីដាក់កំហិតទិដ្ឋាការលើបុគ្គលដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបានអនុវត្តការផ្អាកកម្មវិធីជំនួយបរទេសមួយចំនួន»។
នៅក្នុងសន្និសីទសារព័ត៌មាននៅកាលពីថ្ងៃចន្ទ ក្រុមអ្នកឃ្លាំមើលសិទ្ធិនិងការបោះឆ្នោត ក៏បានជំរុញឱ្យសមាជិកសភានៃប្រទេសប្រជាធិបតេយ្យនៅទូទាំងពិភពលោកប្រើប្រាស់អាណត្តិរបស់ពួកគេនៅក្នុងសភា ដើម្បីប្រកាសយ៉ាងដាច់អហង្ការថា ការបោះឆ្នោតនៅកម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យ។
ពួកគេក៏បានជំរុញឱ្យប្រទេសប្រជាធិបតេយ្យទាំងនោះដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យបញ្ចប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយដោះលែងអ្នកទោសនយោបាយជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ និងត្រូវមានការស៊ើបអង្កេតឯករាជ្យលើការរំលោភសិទ្ធិមនុស្ស និងភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីធានានូវគណនេយ្យភាព៕