ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោករ៉ុង ឈុន ថាមិនញញើតជាមួយការគំរាមចាប់ខ្លួន


រូបឯកសារ៖ លោក រ៉ុង ឈុន អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន ថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការបក្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក រ៉ុង ឈុន អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន ថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការបក្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣។

ខណៈ​មាន​លិខិត​អនាមិក​មួយ​បង្ហាញ​អំពី​បញ្ជី​ឈ្មោះ​ថ្នាក់​ដឹកនាំ​ និង​សកម្ម​ជន​នយោបាយ​បក្ស​ជំទាស់​ថានឹងត្រូវ​ចាប់​ខ្លួន​ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក រ៉ុង ឈុន បាន​ចាត់​ទុក​ការ​បញ្ចេញ​លិខិត​នោះ​ ថា​មាន​ចេតនា​បំភិត​បំភ័យ​លើ​អ្នក​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង​។​

លោក​ រ៉ុង ឈុន ​ស្ថិតក្នុង​ចំណោម​បុគ្គល​ ១៨ ​រូប​ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួននោះ​។ បញ្ជីឈ្មោះ​នោះក៏បាន​បញ្ជាក់​អ្នកដែលត្រូវបាន​ចាប់ខ្លួន​រួចហើយ​ និង​អ្នកដែលបាន​ភៀស​ខ្លួន​ចេញពីប្រទេស​។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ជំទាស់លោក ​រ៉ុង ឈុន​ ស្នើ​ឱ្យ​អ្នកគាំទ្រ​គណ​បក្ស​ភ្លើង​ទៀន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ចំពោះ​ការ​ផ្សព្វផ្សាយ​ដំណឹង​នៃ​ការ​ចាប់ខ្លួន​នៅ​តាម​បណ្តាញ​សង្គម​ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ ក្នុង​គោល​ដៅ​គំរាម​កំហែង​។

លោក​ប្រាប់​វីអូអេ​ថា​៖ «ជាការ​ពិត​ការ​បង្ហោះ​ ការ​បង្ហោះ​បញ្ជី​ឈ្មោះ​បែប​ហ្នឹង​ វាជា​ការ​បំភិត​បំភ័យ​ ការ​គំរាម​កំហែង​អ្នក​ដែល​មាន​ឈ្មោះ​ នៅ​ក្នុង​បញ្ជី​ទាំង ​១៨ ​រូប​ រួម​ទាំង​ខ្ញុំ​ផង​ដែរ​ ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​សេចក្តី​ក្លាហាន​ ហើយ​យើង​ត្រូវ​បា្រកដ​ដឹង​ច្បាស់​ខ្លួន​យើង​ថា​ ខ្លួន​យើង​មិន​បាន​ប្រព្រឹត្ត​អ្វី​ឱ្យ​ខុស​ពី​ច្បាប់​ដូច្នេះ​ គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ជុំវិញ​បញ្ហា​ហ្នឹង​ទេ»។

លោកថា ​នឹង​មិន​ចាក​ចេញពី​កម្ពុជា​ដើម្បី​គេច​ពីការ​ចាប់​ខ្លួន​នោះ​ទេ​ ហើយ​និង​បន្ត​ស្ថិត​នៅ​ក្នុង​ប្រទេស​ ដើម្បីស្តា​រលម្ហសេរីភាព​របស់​ប្រជាពលរដ្ឋ​។

ថ្នាក់​ដឹកនាំ​សកម្មជន និង​អ្នកគាំទ្រ​ គណបក្ស​ជំទាស់ ត្រូវ​បាន​អ្នកឃ្លាំមើល​នយោ​បាយ​កម្ពុជា​កត់​ចំណាំថា​ បាន​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ​ ​ដោយ​មាន​អ្នកខ្លះ​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ ឯខ្លះ​ទៀត​បានភៀស​ខ្លួន​ចេញ​ពី​ប្រទេស​។ ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ បាន​កើត​ឡើង​គិត​ចាប់តាំង​ពីមុនការ​បោះឆ្នោត​ជាតិ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ​មក​។​

​សកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀន​មួយ​ចំនួន​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន ទាក់​ទងនឹង​ការ​ញុះ​ញង់​ពល​រដ្ឋ​ឱ្យ​គូស​ខ្វែង​លើសន្លឹក​ឆ្នោត ក្រោយ​ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ​រ៉ុង ឈុន​ លើក​ឡើង​ទៀត​ថា ការ​គំរាម​កំហែង​លើ​សកម្មជន​គណបក្ស​ជំទាស់​គួរ​តែ​បញ្ឈប់​ ហើយ​អ្នក​ជាប់​ពន្ធនាគារ​ដោយ​សារ​ហេតុផល​នយោបាយ​ដូច​ជា​លោក ​កឹម សុខា​ និង​កញ្ញា ​សេង ធារី​ គួរតែត្រូវ​បាន​ដោះលែង​ ដើម្បី​រក្សា​ការគាំទ្រ​ខាង​ពាណិជ្ជ​កម្ម​ពី​សហគមន៍​ប្រជាធិបតេយ្យ​ធំពីរ​ គឺ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។

រូបឯកសារ៖ កញ្ញា ​សេង ធារី​ ស្លៀកពាក់​ដូច​រូបសំណាកសេរីភាព ឈរនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ​ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/ វីអូអេ)
រូបឯកសារ៖ កញ្ញា ​សេង ធារី​ ស្លៀកពាក់​ដូច​រូបសំណាកសេរីភាព ឈរនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ​ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/ វីអូអេ)

លោក​បញ្ជាក់​ថា៖ «ពេល​ដែល​យើង​អនុវត្ត​បែប​ហ្នឹង​ ពេល​ហ្នឹង​យើង​នឹង​ទទួល​បាន​មក​វិញ​នូវ​ EBA ២០​ភាគរយ​ ក៏ដូច​ជា​ GSP​ នឹង​បន្ត​ឡើង​វិញ​ទាំង​ស្រុង​។​ ហើយ​បើ​សិន​យើង​មិន​បាន​អនុវត្ត​បែប​ហ្នឹង​ទេ​ វា​បញ្ហា​ប្រឈម​នៅ​កម្ពុជា​យើង​នឹង​បាត់​បង់​ ទីផ្សារ​ល្អ​ៗសម្រាប់​ការ​នាំចេញ​នូវ​សម្លៀក​បំពាក់​ស្បែក​ជើងកាបូប​ក្តី​ ពីព្រោះ​យើង​ដឹង​ហើយ​ ប្រទេស​ដែល​ទីផ្សារ​ធំៗ​ដូច​ជា​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ សុទ្ធ​តែ​ទីផ្សារ​សំខាន់​សម្រាប់​កម្ពុជា​យើង​»។

លោក​បង្ហាញ​សុទិដ្ឋិនិយម​ថា​ មេដឹកនាំ​ឈាម​ថ្មី​ចេញ​ពី​គណបក្ស​កាន់​អំណាច​នឹង​ផ្តល់​អាទិភាព​លើ​ការ​ស្តារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។

ប៉ុន្តែ អ្នកនាំពាក្យ​គណ​បក្ស​កាន់​អំណាច​លោក ​សុខ ឥសាន​ យល់​ថា ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​មាន​ដំណើរ​ការ​ដោយ​រលូន។ ទាក់​ទិនបញ្ជី​ឈ្មោះ​អ្នក​ត្រូវ​ចាប់​ខ្លួន​នោះ​ លោក​ថា មាន​បុគ្គល​មានបំណង​អាក្រក់​ចង់​ធ្វើ​ឱ្យ​ខូច​មុខមាត់​រដ្ឋាភិបាល​។ ​

លោក​ថ្លែងថា៖ «វាមាន​អ្នក​ខូច​ដើម្បី​បញ្ចេញ​លិខិត​ក្លែង​ក្លាយ​ដើម្បី​បង្អើល​ឱ្យ​មើល​ឃើញ​ថា​ រាជរដ្ឋាភិបាល​ប្រើ​អាជ្ញា​ ប្រើ​អំពើ​ផ្តាច់​ការ ចង់​ចាប់​អី​ ចង់​ចាប់​នោះអ៊ីចឹង។​

​តាម​ពិត​ បើ​គេ​មាន​ បើ​គេ​ចង់​ចាប់​មុខ​សញ្ញា​ណា​ អាហ្នឹង​គេ​ចាប់​តែ​ម្តង​ មិន​ចាំបាច់​គេ​ចេញ​សំបុត្រ​អី​ ដើម្បី​ឱ្យ​បែក​ការណ៍​ហ្នុង​ទេ​»។

រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ​ខៀវ សុភ័គ​ ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះថា​ សមត្ថកិច្ច​មិន​ជាប់​ពាក់ព័ន្ធ​នឹង​លិខិត​ដែល​បង្ហាញ​ពី​ឈ្មោះ​ថ្នាក់​ដឹកនាំ និងសកម្មជន​គណបក្ស​ជំទាស់​ដែលនឹង​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ​។ លោក​ថា​លិខិត​នោះ​ធ្វើ​ឡើង​ដោយ​គ្មានវិជ្ជាជីវៈ​ត្រឹមត្រូវ​ស្រប​ទៅ​តាម​នីតិវិធីច្បាប់។

លោក​ថ្លែង​ថា៖ «ហើយ​បើ​ជា​លិខិត​របស់​សមត្ថកិច្ច​ក៏មិន​មែន​រាក់​កំភែល​អ៊ីចឹង​ដែរ​ក្មួយ​ វាមាន​ទទួល​ខុស​ត្រូវ​ទៅ​ណា​មួយ​ដែរ​ វាមិន​លិខិត​អីផង​ តែ​ក្មួយ​ឯង​ក៏វាយ​បាន​ នរណា​ក៏វាយ​បាន​លិខិត​ហ្នឹង​។ វាមិន​មែន​មិនមែន​ទេ។ ហើយ​បើ​របស់​សមត្ថ​កិច្ច​មែន ប្រាកដ​ជាមិន​បែក​អ៊ីចឹង​ទេ។​ គេមិន​ដែល​ធ្វើ​ឱ្យ​បែក​ការណ៍​ទេ​ ចាប់​ខ្លួន​ ចាប់​អី​នោះ​។ គេមាន​ដីការបស់​គេ​ លើក​លែងតែដីកា​ អាហ្នឹង​គេប្រកាស​ចាប់​ខ្លួន​តែ​ម្តង​ សមត្ថកិច្ចអនុវត្ត​តាម​ដីកា​»។

កាលពី​ខែ​កក្កដា​ មន្ត្រី​គណ​បក្ស​ភ្លើង​ទៀន​យ៉ាង​តិច ​៤ ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​បទ​ញុះ​ញង់ឱ្យ​ប្រជាពលរដ្ឋ​បំផ្លាញសន្លឹក​ឆ្នោត​ចោល ខណៈ​អ្នក​នយោ​បាយ​នៅ​ក្រៅ​ប្រទេស​ជាង​ ១០ ​នាក់​ទៀត ត្រូវ​បាន​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត។

មន្ត្រី​គណ​បក្ស​ភ្លើង​ទៀន​ចំនួន ​៤ ​នាក់​នោះ រួម​មាន លោក អេង ស្រូយ សមា​ជិក​គណៈ​កម្មាធិការ​នាយក ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រតិ​បត្តិ​គណបក្ស​នៅខេត្ត​ត្បូងឃ្មុំ អ្នកស្រី ​វង ​រុន្នី ​សមា​ជិក​គណៈ​កម្មា​ធិការ​នាយក និង​ជា​ប្រធាន​ចលនា​ស្រ្តី​គណបក្ស​ភ្លើង​ទៀន​ថ្នាក់​ជាតិ ​លោក លី រី សមា​ជិក​គណៈ​កម្មា​ធិការ​នាយក និង​ជា​សមាជិក​ក្រុម​ការងារ​គណ​បក្សភ្លើង​ទៀន​រាជ​ធានី​ភ្នំ​ពេញ ​និង​លោក ប៊ុន ខេត ប្រធាន​ស្ដីទី​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណ​បក្សភ្លើង​ទៀន​រាជ​ធានី​ភ្នំពេញ។

អ្នកទាំងបួន​គឺ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ ១៨​ នាក់នោះ​។ ក្នុង​បញ្ជី​ឈ្មោះ​ដដែល ក៏​មាន​លោក ​ជា មុនី អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​ (FTUWKC)​ ដែលជា​ប្អូន ប្រុស​លោក ​ជា វិជ្ជា​ អតីត​មេដឹកនាំ​សហជីព​ដ៏ល្បី​ល្បាញ​ផងដែរ៕

XS
SM
MD
LG