ក្រុមស្ត្រីថ្ងៃសុក្រស្នើស្ថានទូតម៉ាឡេស៊ី និងស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ជួយអន្តរាគមន៍ដោះលែងស្វាមីរបស់ពួកគេ ដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ។
សកម្មជនទាំងនោះត្រូវបានសាលាដំបូងចោទប្រកាន់ពីបទ«រួមគំនិតក្បត់ និងញុះញង់»ពាក់ព័ន្ធការគាំទ្រការវិលត្រឡប់មិនបានជោគជ័យរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមស្រ្តីថ្ងៃសុក្រមានគ្នា៦នាក់បានមកជួបជុំលើកបដា ដែលសរសេរថា«ដោះលែងអ្នកទោសនយោបាយនៅកម្ពុជា» និងស្រែកទាមទារនៅខាងមុខស្ថានទូតម៉ាឡេស៊ី និងស្ថានទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា។ ពួកគេអះអាងថា ការមកសុំអន្តរាគមន៍ពីស្ថានទូតទាំងពីរនេះ ដោយសារស្ថានទូតទាំងពីរ ជាប្រទេសសមាជិកដែលបានចុះហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ១៩៩១។
ក្រុមស្រ្តីថ្ងៃសុក្រ ជារឿយៗតែងតែចេញប្រមូលផ្តុំតវ៉ា និងសុំកិច្ចអន្តរាគមន៍ពីបណ្តាទូតនានាក្នុងប្រទេសកម្ពុជា ដូចជាសហរដ្ឋអាមេរិក និងពីបណ្តាប្រទេសអាស៊ាន។
អ្នកស្រី ព្រុំ ចាន់ថា ជាភរិយារបស់លោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនៃអតីតគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង។ នៅពេលកំពុងប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតម៉ាឡេស៊ី អ្នកស្រីប្រាប់អ្នកសារព័ត៌មានវីអូអេថាស្ថានទូតទាំង២ គឺជាប្រទេសដែលបានចុះហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ១៩៩១ ដែលអាចជួបជាមួយរដ្ឋាភិបាលកម្ពុជា លើកឡើងអំពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសអន្តរាគមន៍ដោះលែងសកម្មជននយោបាយ។
អ្នកស្រីបញ្ជាក់ថា៖ «ដូចគ្រួសាររបស់ខ្ញុំផ្ទាល់[ជាប់ឃុំ]៨ឆ្នាំ អ្នកខ្លះ៦ឆ្នាំ ៧ឆ្នាំ អ្នកខ្លះ១០ឆ្នាំទៀត អ៊ីចឹងអត់ដឹងថាទោសអីទេ។ អ៊ីចឹងខ្ញុំសូមរដ្ឋាភិបាល ក៏ដូចជាស្ថានទូត ជំរុញយ៉ាងណា ធ្វើការដោះលែងគ្រួសាររបស់ខ្ញុំមកវិញ»។
បើតាមអ្នកស្រី ព្រុំ ចាន់ថា មូលហេតុដែលស្វាមីរបស់អ្នកស្រី គឺលោក កាក់ កុម្ភារ មិនធ្វើលិខិតសុំទោសទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចអ្វីដែលសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀតធ្វើដើម្បីអាចចេញពីពន្ធនាគារ គឺដោយសារស្វាមីអ្នកស្រីនៅមានឆន្ទៈតស៊ូទាមទារនូវលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសជាតិ។
អ្នកស្រីបន្ថែមថា៖ «ជាប់ពន្ធនាគារមិនមែនជាឋានសួគ៌ ហើយក៏មិនមែនជាកន្លែងសុខសប្បាយដែរ [ហើយការជាប់ឃុំ]ដើម្បីសេរីភាពប្រជាធិបតេយ្យ ដើម្បីសង្គម ដើម្បីឱ្យក្មេងៗជំនាន់ក្រោយថាគាត់លះបង់តស៊ូ ដើម្បីប្រទេសជាតិ»។
អ្នកស្រី ព្រុំ ចាន់ថា នៅតែអះអាងថាស្វាមីរបស់អ្នកស្រីមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ ហើយការចាប់ដាក់ពន្ធនាគារបែបនេះ គឺជារឿងអយុត្តិធម៌ សម្រាប់ក្រុមអ្នកនយោបាយ ដែលនិន្នាការផ្ទុយពីរដ្ឋាភិបាល។
ចំណែកស្ត្រីម្នាក់ទៀតដែលចូលរួមសុំអន្តរាគមន៍ពីស្ថានទូតទាំងពីរ អ្នកស្រី ទៀង ចិន្តា អាយុ៣៥ឆ្នាំ ជាភរិយារបស់លោក វឿង សំណាង សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ។ អ្នកស្រីឱ្យដឹងថាស្វាមីអ្នកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ដោយភាពអយុត្តិធម៌ និងមិនមានកំហុសអ្វីនោះទេ។ អ្នកស្រីរំពឹងថាស្ថានទូតទាំងនោះ នឹងជួយអន្តរាគមន៍ទៅតាមការស្នើរបស់ក្រុមស្ត្រីថ្ងៃសុក្រ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំរំពឹងនឹងមានការជួយអន្តរាគមន៍ពីទូតម៉ាឡេស៊ី ក៏ដូចទូតផ្សេងៗទៀត ដើម្បីឱ្យប្តីរបស់ពួកខ្ញុំទាំងអស់មានសេរីភាពឡើងវិញ»។
ស្វាមីរបស់អ្នកស្រី គឺលោក វឿង សំណាង គឺជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលបានភៀសខ្លួនទៅប្រទេសថៃ កាលពីឆ្នាំ២០២០ ដោយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន។ ប៉ុន្តែលោក សំណាង ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២១ ហើយបានបញ្ជូនមកកម្ពុជាវិញ ខណៈពួកគេមានឋានៈជាជនភៀសខ្លួនទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR។
តុលាការក្រុងភ្នំពេញចោទប្រកាន់លោក វឿង សំណាង ពីបទ «រួមគំនិតក្បត់ និងការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
មន្ត្រីនគរបាលដែលយាមប្រចាំការនៅទូតម៉ាឡេស៊ី និងនៅទូតឥណ្ឌូណេស៊ី បញ្ជាក់ទៅកាន់ក្រុមស្រ្តីថ្ងៃសុក្រថាមន្ត្រីទូតជាប់រវល់ មិនអាចចេញមកជួបក្រុមស្រ្តីថ្ងៃសុក្រឡើយ។
ចំណែកក្រុមអ្នកការពារសិទ្ធិមនុស្សចង់ឃើញអ្នកនយោបាយមានភាពអត់អោនឱ្យគ្នាទៅវិញទៅមក និងបញ្ឈប់នូវវប្បធម៌ចោទប្រកាន់គ្នា។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកកោតសសើរចំពោះឆន្ទៈរបស់ក្រុមស្រ្ដីថ្ងៃសុក្រ ដែលនៅតែបន្ដទាមទាររកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ពួកគេ បើទោះបីជាមានសមាជិកមួយចំនួនផ្លាស់ប្ដូរជំហរក៏ដោយ។ លោកបន្ថែមថាកន្លងមកការលើកលែងទោសសកម្មជននយោបាយកើតមានបន្ទាប់ពីមានការថ្លែងសុំទោសទៅកាន់គណបក្សកាន់អំណាច ខណៈសកម្មជននយោបាយដែលមិនសុំទោស គឺនៅតែបន្ដជាប់ឃុំ ដែលការណ៍នេះធ្វើឱ្យពួកគេទទួលរងភាពអយុត្តិធម៌។
លោកថ្លែងថា៖ «អ៊ីចឹងយើងមិនចង់ឱ្យពលរដ្ឋរូបណាគាត់រងភាពអយុត្តិធម៌ ជួបការលំបាកទៅពឹងពាក់អាស្រ័យរដ្ឋបរទេសណាទេ។ យើងចង់ឱ្យស្ថាប័នពាក់ព័ន្ធដែលទទួលតួនាទីហ្នឹង បំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវទៅ ផ្ដល់សិទ្ធិសេរីភាពទៅ អាហ្នឹងវាជារឿងមួយចប់ទៅហើយ អត់ប៉ះពាល់ទៅដល់មុខមាត់រដ្ឋាភិបាលខ្លួនឯងផង»។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងថាជាញឹកញាប់ សកម្មជនគណបក្សជំទាស់ជាច្រើនរូបរងការយាយី អំពើហិង្សា និងការចោទប្រកាន់ផ្សេងៗ ទាំងដែលគ្មានការចូលរួមវែកញែកស្វែងរកយុត្តិធម៌ណាមួយពីអាជ្ញាធរ។ អ្នកស្រីយល់ថាសកម្មភាពនយោបាយទាំងអស់គួរតែត្រូវបានធានា ហើយមិនត្រូវចាត់ទុកជាបទល្មើសនោះទេ ដើម្បីផ្ដល់នូវបរិយាកាសអំណោយផលដល់គ្រប់ភាគីនិងតួអង្គនយោបាយ ឱ្យស្របតាមសិទ្ធិធ្វើនយោបាយដែលមានចែង និងធានាក្នុងច្បាប់ជាតិ និងអន្ដរជាតិ ។
អ្នកស្រីចង់ឃើញអ្នកនយោបាយកម្ពុជាមានភាពអត់អោនគ្នាឱ្យបានច្រើន ជាពិសេសបញ្ឈប់វប្បធម៌ចោទប្រកាន់គ្នា ដើម្បីធ្វើឱ្យប្រទេសកម្ពុជាទទួលបានសន្ដិភាពពេញលេញដែលស្របតាមលទ្ធិប្រជាធិបតេយ្យ។
អ្នកស្រីថ្លែងថា៖ «មកដល់សម័យដែលយើងនិយាយថាអរគុណសន្ដិភាពនេះ មិនគួរយើងនៅតែមានកម្អែលមួយ ដែលយើងចោទគ្នាថាបុគ្គលនេះជាបុគ្គលក្បត់ជាតិ ឬបុគ្គលនេះរួមគំនិតក្បត់ សួរថារួមគំនិតក្បត់ដើម្បីអ្នកណា ហើយធ្វើឡើងដើម្បីអី។ អ៊ីចឹងមកដល់កន្លែងនេះ យើងគួរតែបញ្ចប់នូវវប្បធម៌ចោទគ្នា ហើយគួរតែអាចមាននូវសា្មរតីមួយដែលយើងអាច រួបរួមធ្វើការជាមួយគ្នាហើយមានភាពអត់អោនផ្នែកនយោបាយឱ្យបានខ្ពស់»។
គួរបញ្ជាក់ថាកាលពីកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមដោយផ្តន្ទាទោសអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៥១នាក់ឱ្យជាប់ពន្ធនាគារ ចាប់ពី៥ឆ្នាំទៅ៨ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់ និងញុះញង់» នៅក្នុងសំណុំរឿងគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៩៕