មន្ត្រីគណបក្សភ្លើងទៀនយ៉ាងតិច ៤នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធនឹងបទញុះញង់ឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល ខណៈអ្នកនយោបាយនៅក្រៅប្រទេសជាង ១០នាក់ទៀត ត្រូវបានដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។
ការចាប់ខ្លួន និងការដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ធ្វើឡើងតាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលស្នើដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយច្បាប់នេះចូលជាធរមាន កាលពីដើមខែកក្កដា ឆ្នាំ២០២៣។
មន្ត្រីគណបក្សភ្លើងទៀនយ៉ាងតិច ៤នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ពាក់ព័ន្ធនឹងបទញុះញង់បង្កចលាចលដល់ការបោះឆ្នោត។ នេះបើតាមអ្នកនាំពាក្យគណបក្សភ្លើងទៀនដែលប្រាប់វីអូអេនៅថ្ងៃអង្គារនេះ។ មន្ត្រីគណបក្សភ្លើងទៀនចំនួន ៤នាក់នោះ រួមមាន លោក អេង ស្រូយ សមាជិកគណៈកម្មាធិការនាយក និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សនៅខេត្តត្បូងឃ្មុំ អ្នកស្រី វង រុន្នី សមាជិកគណៈកម្មាធិការនាយក និងជាប្រធានចលនាស្រ្តីគណបក្សភ្លើងទៀនថ្នាក់ជាតិ លោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងលោក ប៊ុន ខេត ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធិ បង្ហាញការព្រួយបារម្ភចំពោះការចាប់ខ្លួនសកម្មជនគណបក្សជាបន្តបន្ទាប់បែបនេះ។ លោកស្នើឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការចាប់ខ្លួនសកម្មជនខ្លួនដោយ«កំរោល» និងគួរតែអនុវត្តការងារទៅតាមនីតិវិធីច្បាប់។
លោកប្រាប់វីអូអេថា៖ «ធម្មតាកាលណាមានបញ្ហាចាប់ចងសកម្មជនថា្នក់ដឹកនាំអ៊ីចឹង យើងមានការព្រួយបារម្ភហើយ។ ប៉ុន្តែយើងក៏អំពាវនាវ សូមឱ្យអាជ្ញាធរមេត្តាកុំធ្វើអ្វីដែលវាមើលទៅកំរោលពេក ដូចជាការឃាត់ខ្លួនកណ្តាលយប់...មានដីកា មានអីឱ្យត្រឹមត្រូវទៅ មានបទចោទប្រកាន់អ៊ីចឹងទៅ ព្រោះយើងខ្ញុំក៏អត់ដឹងថាអ្នកទាំង៤នាក់ហ្នឹង បានធ្វើអ្វីខ្លះ ដែលប៉ះពាល់ទៅដល់ច្បាប់[បោះឆ្នោត] ក្រោយ[ចូល]ជាធរមាន»។
បន្ថែមពីនោះ សកម្មជនគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិនចំនួនពីរនាក់ផ្សេងទៀត គឺ លោក ខឹម មុនីកុសល ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តប៉ៃលិននិងលោក ស៊ុន សុភា បានរងពាក្យបណ្តឹងពាក់ព័ន្ធបទ«ញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញនិងធ្វើឱ្យខូចសន្លឹកឆ្នោត» ដែលប្តឹងដោយ លោក ហ៊ាន រចនា ប្រធានមន្ទីរគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តប៉ៃលិន ប្តឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។ នេះបើយោងតាមសម្រង់សេចក្តីសម្រេចទម្រង់លេខ១២០៣ របស់គ.ជ.ប។
ក្រោយរងបណ្តឹងនោះ លោក ចេង ញ៉ាន់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ពិន័យលោក ខឹម មុនីកុសល ទឹកប្រាក់ចំនួន ១៥លានរៀល និង លោក ស៊ុន សុភា ចំនួន ១០លានរៀល និងបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតក្នុងម្នាក់ៗ រយៈពេល១០ឆ្នាំ។ មន្រ្តី គ.ជ.ប ថ្នាក់ក្រោមបានជំនុំជម្រះដោយកំបាំងមុខចុងចម្លើយ គឺមានតែវត្តមានដើមបណ្តឹង មេធាវីដើមបណ្តឹងតែប៉ុណ្ណោះ។ នេះបើតាមសម្រង់សេចក្តីសម្រេចរបស់ស្ថាប័ន គ.ជ.ប។
លោក ខឹម មុនីកុសល បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនាថ្ងៃអង្គារនេះថា៖ «សម្បើមណាស់ សមមិត្ត។ បង្ខំឱ្យខ្ញុំចុះចូលមិនបានសម្រេច។ ចាប់ខ្លួនខ្ញុំមិនបាន។ តាមធ្វើទុក្ខបុកម្នេញខ្ញុំទៀត សាហាវមែនរបបនេះ។ PEC ខេត្ត [គណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តប៉ៃលិន] ចៅសង្កាត់ ប៉ូលិស បានយកកំណត់ហេតុ និងសេចក្តីសម្រេចរបស់ PEC ដែលពិន័យជាប្រាក់១៥លានរៀល និងដកសិទ្ធិបោះឆ្នោត ១០ឆ្នាំទៅបិតនៅផ្ទះខ្ញុំ និងស្នាក់ការបក្សខេត្ត»។
ក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះ ខឹម មុនីកុសល គេឃើញមានការបង្ហោះសារជាច្រើន ដែលទាក់ទងនឹងការណែនាំឱ្យអ្នកដទៃគូសសន្លឹកឆ្នោត ឱ្យក្លាយជាសន្លឹកឆ្នោតមិនបានការ។
ក្រៅពីសមាជិកគណបក្សភ្លើងទៀន គឺលោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ ដែលជាអ្នកផ្តួចផ្តើមឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដោយគូសខ្វែងសន្លឹកឆ្នោតចោល ត្រូវបានដកសិទ្ធិឈរឈ្មោះបោះឆ្នោតចំនួន ២៥ឆ្នាំ។
ចំណែកអ្នកនយោបាយជំទាស់នៅក្រៅប្រទេសមួយចំនួន និងអ្នកដែលរត់គេចទៅនៅក្រៅប្រទេស ដូចជា លោក សេង ម៉េងប៊ុនរ៉ុង លោក សោ ចាន់ដេត លោក គង់ សភា លោក ហេង ដាណារ៉ូ លោក គឹម សុខ លោក ឆាំ ឆានី អ្នកស្រី មូរ សុខហួរ លោក ឡុង រី លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក រិន រដ្ឋ លោក ភាន់ រិទ្ធី លោក ឆឺយ ឧត្តមរស្មី លោក នាង សុឃុន និងលោក ម៉ៅ វិបុល ត្រូវបានដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតក្នុងម្នាក់ៗ រយៈពេល ២០ឆ្នាំ។ នេះបើតាមសម្រង់សេចក្តីសម្រេចរបស់ គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់វីអូអេថា គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីខេត្តមានសិទ្ធិជំនុំជម្រះ និងសម្រេចដាក់ពិន័យទៅលើជនណាម្នាក់ដែលប្រព្រឹត្តសកម្មភាពប៉ះពាល់ដល់ការបោះឆ្នោត។ លោកបន្ថែមថា ប្រសិនបើសាមីខ្លួនដែលរងពិន័យទាំងនោះមិនសុខចិត្តទៅនឹងសេចក្តីសម្រេច ពួកគេអាចប្តឹងបន្តទៅ គ.ជ.ប។
លោកថ្លែងថា៖ «គ.ជ.ប ដោះស្រាយបណ្តឹងពាក់ព័ន្ធបោះឆ្នោត ដោយមិនរាប់បញ្ចូលនឹងទោសព្រហ្មទណ្ឌផ្សេងទៀត ដែលសាមីខ្លួនបានបង្កនោះទេ។ អ៊ីចឹងគ.ជ.ប គិតគូរតែពីរឿង ពាក់ព័ន្ធបញ្ហានៃការបោះឆ្នោត»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា កត់សម្គាល់ថា នៅពេលជិតបោះឆ្នោតម្តងៗ តែងតែឃើញមានការចោទប្រកាន់ និងការធ្វើវិសោធនកម្មច្បាប់ផ្សេងទៀត ដែលកើតចេញដោយសារតែស្ថានភាពនយោបាយនៅកម្ពុជាធ្លាក់ចុះ។
លោកថ្លែងថា៖ «បញ្ហាទាំងអស់នេះ ខ្ញុំគិតថា វាកើតចេញដោយសារតែវិវាទនយោបាយ និងស្ថានភាពនយោបាយធ្លាក់ចុះហ្នឹងឯង វាមិនមែនជាគោលដៅនៃការអនុវត្តច្បាប់ ក្នុងន័យឱ្យបានត្រឹមត្រូវតាមស្មារតីនៃច្បាប់សិទ្ធិមនុស្ស អន្តរជាតិ ក៏ដូចជាច្បាប់កំពូលរបស់ជាតិយើងហ្នឹងទេ»។
អ្នកការពារសិទ្ធិមនុស្សរូបនោះ ចង់ឃើញប្រទេសកម្ពុជាដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស ដើម្បីឈានទៅកសាងប្រទេសជាតិឱ្យមានភាពល្អប្រសើរ៕