អ.ស.ប.៖ ការវាយ​ប្រហារ​ដោយ​រុស្ស៊ី​លើ​ជនស៊ីវិល​អ៊ុយក្រែន រំលោភ​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ

  • Lisa Schlein

រូបឯកសារ៖ នៅក្នុង​រូបភាព​ដែល​ដកស្រង់​ចេញពី​វីដេអូ​ដែល​ថត​ដោយ Drone បង្ហាញ​ឲ្យ​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​អគារ​លំនៅដ្ឋាន​ដែល​រង​ការខូចខាត បន្ទាប់ពី​ការផ្ទុះ​នៅ​ទីក្រុង Mariupol នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

ចាប់​តាំង​ពី​រុស្ស៊ី​បាន​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​អស់​រយៈ​ពេល​ជាង​មួយ​ខែ​មក​នេះ​ ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​រាយ​ការណ៍​ថា ​ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់ ១.០៨១ ​នាក់ ​ត្រូវ​បាន​សម្លាប់ ​និង ​១.៧០៧​ នាក់​បាន​រង​របួស។ ​ការិយាល័យ​នេះបាន​ឲ្យ​ដឹងថា ​ពួក​គេពិបាក​ទទួល​បាន​តួលេខត្រឹម​ត្រូវ​នៃ​ចំនួន​មនុស្ស​រងគ្រោះ​ក្នុង​អំឡុង​មាន​សង្គ្រាម​ដ៏​ឃោរឃៅ​ដែល​កំពុង​កើត​មាន​ឡើង។​

យ៉ាងណា​ក៏ដោយ អ្វី​ដែល​ជាក់​ច្បាស់​នោះគឺ​ថា​ ចំនួន​មនុស្ស​ស្លាប់​ និង​ការ​រង​ទុក្ខ​របស់​មនុស្ស​នៅ​ក្នុង​ទីក្រុង​ទាំង​តូច ទាំង​ធំ ​និង​នៅ​តាម​ភូមិនានា​ទូទាំង​ប្រទេស​អ៊ុយក្រែន​ កំពុង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ​អ្នកស្រី ​Matilda Bogner​ ប្រធាន​បេសក​កម្ម​ឃ្លាំ​មើលសិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​អ៊ុយក្រែន​ បាន​និយាយ​ថា​ ក្ដី​បារម្ភ​ធំ​ជាង​គេ​ គឺ​ការ​ប្រើ​ប្រាស់​សព្វាវុធ​គ្រឿង​ផ្ទុះ​លើ​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន។

ថ្លែង​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ពី​ទីក្រុង ​Uzhhorod នៅ​ភាគ​ខាង​លិចប្រទេស​អ៊ុយក្រែន ​ អ្នកស្រី ​Bogner ​និយាយ​ថា ​កង​កម្លាំង​យោធា​រុស្ស៊ី​ បាន​ប្រើ​ប្រាស់​មីស៊ីល ​កាំភ្លើង​ត្បាល់​ធុន​ធ្ងន់ ​គ្រាប់​រ៉ុក្កែត និង​សព្វាវុធ​គ្រឿង​ផ្ទុះ​ផ្សេង​ទៀត ​ព្រមទាំង​វាយ​ប្រហារ​តាម​អាកាស​នៅ​ជិតៗ​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន ​ឬវាយ​ប្រហារ​តំបន់​មនុស្ស​រស់នៅតែ​ម្តង។​

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ ​«លំនៅដ្ឋាន​ឯកជន អគារ​ច្រើន​ជាន់​សម្រាប់​អ្នកស្រុក​រស់​នៅ​ អគារ​រដ្ឋបាល មូលដ្ឋាន​សុខាភិបាល ​និង​អប់រំ ​ស្ថានីយ​ទឹក ​ប្រព័ន្ធ​អគ្គិសនី ​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​បង្ក​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​ទៅ​លើ​ជន​ស៊ីវិល​ និង​សិទ្ធិ​របស់​ពួក​គេ ​រួម​មាន​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព ​ចំណី​អាហារ ​ទឹក ​ការ​អប់រំ ​និង​លំនៅដ្ឋាន»។​

អ្នកស្រី​ Bogner ​បាន​បញ្ជាក់​ថា ​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ផ្ទុះ​ចង្កោម​ដោយ​រុស្ស៊ី ​ហើយ​ថា ​ក្រុម​អ្នក​ឃ្លាំ​មើល​ក៏​កំពុង​ស្រាវជ្រាវ​ការ​ចោទ​ប្រកាន់​ដែល​ថា ​កង​កម្លាំង​អ៊ុយក្រែន​ក៏​ប្រើ​ប្រាស់​អាវុធ​បែប​នេះ​ផង​ដែរ។ ​អ្នក​ស្រី​ថា ​ការ​វាយ​ប្រហារ​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ដែល​មិន​អាច​វាស់​វែង​បាន ​និង​អាច​ឈាន​ទៅ​ដល់​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម។​

អ្នកស្រី​ថ្លែង​បន្ត​ថា៖ ​«ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​មក យើង​បាន​ព័ត៌មាន​ជាច្រើន ចោទ​ប្រកាន់​ថា​ កង​កម្លាំង​រុស្ស៊ី​បាន​បាញ់​ និង​សម្លាប់​ជន​ស៊ីវិល​នៅ​ក្នុង​រថយន្ត ​នៅ​ពេល​ពួក​គេ​កំពុង​ធ្វើការ​ជម្លៀស​មនុស្ស​ ដោយ​គ្មាន​ការសិក្សា ​ប្រុង​ប្រយ័ត្ន​ជាមុន​ ឬ​មិន​បាន​ជូន​ដំណឹង​ទុក​ជាមុន។ ​យើង​កំពុង​តែ​ឃ្លាំ​មើល​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត​ដែល​ថា ​កង​កម្លាំង​រុស្ស៊ី ​បាន​សម្លាប់​ជន​ស៊ីវិល ​ក្នុង​អំឡុង​ពេល​ពួក​គេ​ជួប​ជុំ​គ្នា​ដោយ​សន្តិ​វិធី»។​

អ្នកស្រី ​Bogner​ បាន​ថ្លែង​ទៀត​ថា ​ ក្រុម​អ្នក​ឃ្លាំ​មើល​កំពុង​ស៊ើប​អង្កេតការ​ចោទ​ប្រកាន់ដែល​ថា ​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​រត់​គេច​ពី​ទីក្រុង​ Mariupol ​និង​ទីក្រុង​នានា ​ត្រូវ​បាន​បញ្ជូន​ដោយ​បង្ខំ​ឱ្យ​ទៅសហ​ព័ន្ធ​រុស្ស៊ី ​ហើយ​ពួក​គេ​ទំនង​ជា​ត្រូវ​អាជ្ញាធរ​រុស្ស៊ីចាប់​ជា​ចំណាប់​ខ្មាំង។​ អ្នក​ស្រី​និយាយ​ថា ​ក្រុម​អ្នក​ឃ្លាំ​មើល​នៅ​មិន​ទាន់​អាច​ផ្ទៀង​ផ្ទាត់​បាន​នៅ​ឡើយ​ទេ​ ថា​តើ​ជន​ស៊ីវិល​អ៊ុយក្រែន ​ដែល​បាន​ទៅ​ប្រទេសរុស្ស៊ី​នោះ​ ត្រូវ​បាន​បង្ខំ​ឲ្យ​ទៅ​ទី​នោះ​ ឬ​យ៉ាង​ណា៕​

ប្រែសម្រួលដោយ​លោក​ ​ពិន ស៊ីសុវណ្ណ