នៅពេលដែលមេដឹកនាំអង្គការអូតង់ G-7 និងសហភាពអឺរ៉ុប ជួបគ្នាសម្ងាត់នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាការឆ្លើយតបរបស់ខ្លួនដល់ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននោះ ពួកបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅ ទាមទារឲ្យប្រទេសលោកខាងលិចចាត់វិធានការកាន់តែតឹងតែងឡើងប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឲ្យមានការតវ៉ាប្រឆាំងរយៈ ពេល១ថ្ងៃដើម្បីគាំទ្រប្រទេសរបស់លោក ដែលនៅពេលនេះវាមានរយៈពេលមួយខែហើយបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។
នៅខាងក្រៅទីស្នាក់ការធំរបស់សហភាពអឺរ៉ុបដែលជាកន្លែងដែលពួកមេដឹកនាំសហភាពអឺរ៉ុបនិងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចូលរួមជំនួបប្រជុំកាលពីថ្ងៃព្រហស្បតិ៍ថ្ងៃត្រង់ នៅពេលពួកបាតុកររាប់រយនាក់ បានគ្រវីទង់ជាតិអ៊ុយក្រែននិងផ្ទាំងបដាជាច្រើននោះ។
លោកស្រី Hanna Hopko ជាអតីតសមាជិកសភានិងជាប្រធានគណៈកម្មការទំនាក់ទំនងអន្តរជាតិរបស់អ៊ុយក្រែន ជាអ្នកជួយរៀបចំការតវ៉ាប្រឆាំងនេះ។
លោកស្រី Hopko បាននិយាយថា៖ «យើងមានការទាមទារដ៏សំខាន់ដូចតទៅ៖ ទី១ ផ្តល់ជំនួយយោធាជាអតិបរមាដល់អ៊ុយក្រែន ពីព្រោះ កងកម្លាំងអ៊ុយក្រែន កំពុងឈ្នះសង្គ្រាមនេះ។ ក៏ប៉ុន្តែ យើងត្រូវការអាវុធ។ ទី២ យើងត្រូវការការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងថែម ទៀត រួមទាំងការដាក់ទណ្ឌកម្មលើប្រេងនិងឧស្ម័ន» ផងដែរ។
លោកស្រី បានបន្ថែមទៀតថា៖ «យើង រំពឹងថា អង្គការអូតង់ សហភាពអឺរ៉ុបនិងមេដឹកនាំពិភពលោក ក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង៧ប្រទេសឬ G-7 ពួកគេនៅទី បញ្ចប់ធ្វើការសម្រេចចិត្ត ហើយយើងនឹងឃើញការតាំងចិត្តរបស់គេ ដើម្បីជួយអ៊ុយក្រែនយកឈ្នះលើសង្គ្រាមនេះ»។
អង្គការសហប្រជាជាតិ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ជនស៊ីវិលជាង១ពាន់នាក់បានត្រូវសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមមក ក៏ប៉ុន្តែ បានព្រមានថា តួលេខនេះ អាចទាបជាងឆ្ងាយពីចំនួនពិតប្រាកដរបស់មនុស្សដែលត្រូវបានសម្លាប់។
មនុស្សជាច្រើនបានស្លាប់ដោយសារការវាយប្រហារកាំជ្រួចមីស៊ីល និងតាមអាកាសរបស់រុស្ស៊ី ដែលបានបណ្តាលឲ្យមានការអំពាវនាវដល់អង្គការអូតង់ កំណត់តំបន់គ្មានយន្តហោះឆ្លងកាត់លើប្រទេសអ៊ុយក្រែន ដែលនេះជាអ្វីដែលសម្ព័ន្ធមិត្តលោកខាងលិច បានច្រានចោល៕
នៅតាមផ្លូវក្នុងក្រុងព្រុចសែល បាតុករអ៊ុយក្រែនទាមទារឲ្យមានអន្តរាគមន៍របស់អង្គការអូតង់និងសហភាពអឺរ៉ុប
- Henry Ridgwell
ក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក —