ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Biden នឹង​ទៅ​ទស្សនកិច្ច​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន​ដើម្បី​បង្ហាញ​សាមគី្គភាព


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់ នៅ​ទីក្រុង​ព្រុចសែល នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ទៅ​បំពេញ​ទស្សនកិច្ចនៅ​តំបន់​ទីប្រជុំជន​មួយដែល​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​ប៉ូឡូញ និង​អ៊ុយក្រែននៅ​ថ្ងៃសុក្រ​នេះ​ដើម្បី​ព្យាយាមបង្ហាញសញ្ញា​នៃ​ការតាំងចិត្ត​របស់​លោក​ខាង​លិច​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​ បើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

យន្តហោះ Air Force One នឹង​ដឹក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ទៅកាន់​ទីក្រុង Rzeszow ដែល​ស្ថិត​នៅ​ផ្នែក​ខាង​កើតប្រទេស​ប៉ូឡូញដែល​មានចម្ងាយ​ប្រមាណមិន​ដល់៨០គីឡូម៉ែត្រ​ផងពី​ប្រទេស​អ៊ុយក្រែនដែល​ហែកហួរ​ដោយសារ​សង្គ្រាម​ និង​កំពុង​តស៊ូ​ ដើម្បី​បណ្តេញ​ការឈ្លាន​ពាន​ដ៏​ព្រៃផ្សៃ​របស់​រុស្ស៊ី។

ដំណើរ​ទស្សនកិច្ច​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បញ្ជាក់​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន តោន​ក្នុង​ការការពារសម្ព័ន្ធមិត្ត​អង្គការ​អូតង់ ស្របពេល​ដែលការភ័យខ្លាចកំពុង​កើនឡើង​ ដែល​ថា សង្គ្រាម​ដែល​កំពុង​ឆាបឆេះ​ក្នុង​ប្រទេស​អ៊ុយក្រែន​អស់​រយៈពេល​១​ខែ​មក​ហើយ​នេះ​ អាច​នឹង​ឆ្លងរាលដាលឆ្ពោះ​ទៅ​ទិស​ខាង​លិច​ដូច​អ្វី​ដែល​ប្រធានាធិបតី​អាមេរិក​ហៅ​ថា អាច
«ជា​សង្រ្គាម​លោក​លើក​ទី​៣»នោះ។

ការមិន​បដិសេធ​ពី​ការប្រើប្រាស់​អាវុធ​នុយក្លែអ៊ែរ​របស់​រដ្ឋាភិបាល​វិមានក្រឹមឡាំង​ ក៏​ដូច​ជា​ការ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នានា​ជុំវិញអាវុធ​ជីវសាស្ត្រ​និង​គីមីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ផង​នោះ​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កៀវ​របស់​អ៊ុយក្រែន ​និងសម្ព័ន្ធមិត្ត​របស់ខ្លួន មាន​ក្តីបារម្ភ​ដល់​ស្ថានការណ៍​វិវត្តកាន់តែ​គ្រោះ​ថ្នាក់​ខ្លាំង​ឡើង។

ទន្ទឹម​នឹង​នេះ​ដែរ លោក​ប្រធានាធិបតី​អាមេរិក​ក៏​នឹង​ជួបជាមួយ​កងទ័ព​អាកាស​អាមេរិកនៃ​កងពល​ទ័ព​អាកាសលេខ៨២ ដែល​កំពុង​ឈរ​ជើង​ក្នុង​ប្រទេស​ប៉ូឡូញ​ដែល​ជា​ផ្នែក​មួយ​នៃការ​បង្កើន​ការ​ពង្រាយ​កម្លាំងកងទ័ព​របស់​អង្គការ​អូតង់​នៅ​តំបន់​អឺរ៉ុប​ខាង​កើត។

នៅឯ​កិច្ចប្រជុំ​កំពូល​បន្ទាន់​មួយ​របស់​អង្គការ​អូតង់នៅ​ក្នុង​ទីក្រុង​ព្រុចសែល​នៃ​ប្រទេស​បែល ហ្ស៊ិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អង្គការ​អូតង់ បាន​ប្រកាសពី​ការដាក់​ពង្រាយ​កងទ័ព​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​រូម៉ានី ហុងគ្រី ស្លូវ៉ាគី​ និង​ប្រទេស​ប៊ុលហ្គារី ក៏​ដូចជា​ជំរុញ​ឲ្យ​មាន​ការការពារ​អាវុធ​នុយក្លេអ៊ែរ​ និង​អាវុធ​គីមី​ផងដែរក្នុង​ករណី​ដែល​រុស៊្សី​ពង្រីក​ការវាយ​ប្រហារ​របស់​ខ្លួនហួសផុត​ពី​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​ប្រទេស​ប៉ូឡូញ លោក​ប្រធានាធិបតី Biden ក៏​នឹង​ទទួល​បាន​ពី​ព័ត៌មាន​ស្តីពី​ស្ថានភាពមនុស្សធម៌​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ផង​ដែរដែល​រហូត​មក​ដល់​ពេល​នេះ គេ​ឃើញ​មាន​មនុស្ស​ប្រមាណ​ជាង​៣លាន ​៥សែន​នាក់ កំពុង​សម្រុក​ចាកចេញ​ពី​ប្រទេស​នេះ​ដែល​ភាគ​ច្រើន​ទៅ​កាន់​ប្រទេស​ប៉ូឡូញ៕

XS
SM
MD
LG