ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​និង​​អ៊ុយក្រែន​គ្រោង​នឹង​ជួប​ពិភាក្សា​ទល់​មុខ​គ្នា​ឡើងវិញ​ ស្តី​ពី​បញ្ហា​សន្តិភាព​​​


ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ចូលរួម​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​រុស្ស៊ី​តាម​អនឡាញ នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។ (Ukrainian Presidential Press Service/Handout via REUTERS)
ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ចូលរួម​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​រុស្ស៊ី​តាម​អនឡាញ នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។ (Ukrainian Presidential Press Service/Handout via REUTERS)

ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន នឹង​ចាប់ផ្តើម​ជំនួប​ចរចា​ទល់​មុខគ្នា​ជា​ថ្មី​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ស្របពេល​ដែល​មាន​ការព្រមាន​ថា ស្ថានភាព​ក្នុង​ទីក្រុង Mariupol ដែល​កំពុងស្ថិត​ក្នុង​ការ ឡោមព័ទ្ធរបស់កងទ័ព​រុស្ស៊ី​នៅ​ពេល​នេះ​ជា«មហន្តរាយ»។ នេះ​បើតាម​រាយការណ៍​របស់ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ប្រធានាធិបតី​អ៊ុយក្រែន​លោកVolodymyr Zelenskyy បាន​ស្វាគមន៍​ចំពោះ​ការបន្ត​ការចរចា​គ្នា​ឡើង​វិញ​ដោយ​លោកនិយាយ​ថា ការចរចា​នោះ​ត្រូវនាំ​មក​នូវ​សន្តិភាព​ដោយ«មិន​បង្អង់​ឡើយ» និង​បាន​បង្ហាញ​ពី​ឆន្ទៈ​ដើម្បី​សម្រប​សម្រួលទៅ​លើ​បញ្ហា​រសើបបំផុតមួយ​ចំនួន​ផង​ដែរ។

ភាគី​ទាំង​ពីរ មិន​បាន​ជួប​គ្នាដោយ​ផ្ទាល់​អស់​រយៈពេលជា​ច្រើន​សប្តាហ៍​មកហើយ ក៏​ប៉ុន្តែ នឹង​ធ្វើ​ការចរចា​រយៈពេល​៣​ថ្ងៃ​នៅក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​នៃ​ប្រទេស​តួកគី​ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក David Arakhamia ដែល​ជា​អ្នក​ចរចា​អ៊ុយក្រែន​និង​ជា​សមាជិក​សភា​និង​ជា​សម្ព័ន្ធមិត្ត​របស់​លោក​ប្រធានាធិបតី Zelenskyy។

ការជួប​ចរចា​ជា​ច្រើន​លើក​ក្នុង​ពេលកន្លង​ទៅ​បាន​ទទួល​បរាជ័យ​ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​ការឈ្លានពាន​របស់​រុស៊្សី​លើអ៊ុយក្រែន​ដែល​រហូត​មក​ដល់​ពេល​នេះ​ បានឈាន​ចូល​ដល់ខែ​ទី២ហើយ។

បើ​តាម​ប្រធានាធិបតី​អ៊ុយក្រែន​លោកZelenskyy បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រមាណ២ម៉ឺននាក់​ ត្រូវ​បាន​សម្លាប់ហើយ១០លាន​នាក់​ទៀត​បានរត់គេច​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ បើ​ទោះបី​ជា​កង​កម្លាំង​រុស្ស៊ីកំពុង​ជួប​ឧបសគ្គ​ជា​ច្រើនក្តី ក៏​ទីក្រុង​ជា​ច្រើន​របស់​អ៊ុយក្រែនកំពុង​ស្ថិត​ក្នុង​ការ បាញ់​ផ្លោង​ដាក់ជា​ខ្លាំង​នៅ​ឡើយ។

ទីក្រុង​កំពង់​ផែ Mariupol ភាគ​ខាង​ត្បូងអ៊ុយក្រែន​ដែល​មាន​ជន​ស៊ីវិលប្រមាណ១សែន៧ម៉ឺន​នាក់ កំពុង​ស្ថិត​ក្នុង​ការឡោមព័ទ្ធរបស់​កង​កម្លាំង​រុស្ស៊ី​ហើយ​កំពុងអស់ស្បៀង​អាហារ ទឹក​និងថ្នាំ​សង្កូវ។

ក្រសួង​ការបរទេស​អ៊ុយក្រែន បាន​និយាយថា ស្ថានភាព​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​កំពុង​ស្ថិត​ក្នុងគ្រោះ​មហន្តរាយ​ហើយ​ការវាយ​ប្រហារតាម​ផ្លូវ​គោក ផ្លូវ​ទឹក​និង​ផ្លូវ​អាកាសរបស់​រុស្ស៊ី បាន​ធ្វើ​ឲ្យ​ទីក្រុង​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ៤សែន៥ម៉ឺន​នាក់​ដែល​កាលពីពេល​មុន​សម្បូរ​សប្បាយ​នោះ​កំពុង​ក្លាយជា​ផេះផង់។

ប្រទេស​បារាំង ក្រិច​ និង​តួកគី សង្ឃឹម​ថា នឹង​អាច​ជម្លៀសពលរដ្ឋ​ស៊ីវិលចេញ​ពី​ទីក្រុង​នោះ​ ក្នុង​រយៈ​ពេលប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធានាធិបតី​បារាំងលោក Emmanuel Macron ដែល​បាន​ស្វះស្វែង​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយជាមួយប្រធានាធិបតី​រុស្ស៊ី​ លោកVladimir Putin៕

XS
SM
MD
LG