ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ពេល​ដែល​អ៊ុយក្រែន កំពុង​រង់ចាំ​ជំនួយ​មនុស្សធម៌​នោះ មាន​ការពិភាក្សា​ជាច្រើន​ទៀត​នៅ​អង្គការ​សហប្រជាជាតិ


ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Sergiy Kyslytsya ថ្លែង​ក្នុង​កិច្ចប្រជុំ​នៃ​មហា​សន្និបាត​​អង្គការ​សហប្រជាជាតិ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

សន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ចាប់ផ្តើម​ពិភាក្សា​ដ៏​វែង​ពាក់ព័ន្ធ​នឹងការព្រាងសេចក្តី​សម្រេច២ ដើម្បី​ស្វែងរក​ការបន្ធូរ​បន្ថយ​វិបត្តិ​មនុស្សធម៌នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​ជាទីកន្លែ​ដែល​មនុស្ស​រាប់​លាន​នាក់ កំពុង​ទន្ទឹង​រង់ចាំ​ស្បៀង​អាហារ ទឹក​ និង​ថ្នាំ​សង្កូវ​ ក៏​ដូច​ជា​ឱកាស​ដើម្បី​គេចចេញដោយ​សុវត្ថិភាព​ពី​ប្រទេស​របស់​ខ្លួន​ដែល​កំពុង​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កង​ទ័ពរុស្ស៊ី។

ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Sergiy Kyslytsya បាន​ថ្លែង​ពី​សង្គ្រាម​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ដែល​បាន​ចាប់ផ្តើមពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​ថា «ពលរដ្ឋ​អ៊ុយក្រែន​ជា​ច្រើន​ពាន់​នាក់ បាន​បាត់បង់​អាយុ​ជីវិតក្នុង​ខែនេះ​ដែល​ក្នុង​នោះ​មាន​ទាំង​មនុស្ស​ចាស់ ក្មេង បុរស ស្រ្តី ជន​ស៊ីវិល ​និង​កងទ័ព។ ពួក​គេ​បាន​ស្លាប់​ដោយសារ​តែ​ការ​សម្រេចចិត្ត​របស់​រុសស្ស៊ីវាយប្រហារទៅ​លើ​អ៊ុយក្រែន វាយ​ប្រហារ​លើ​សន្តិភាព​ និង​វាយ​ប្រហារ​លើ​យើង​ទាំង​អស់​គ្នា។ សង្គ្រាមរាល់​ថ្ងៃ​របស់​រុស្ស៊ី​ប្រឆាំង​អ៊ុយក្រែន​នេះ បាន​ធ្វើឲ្យ​ស្ថានភាព​មនុស្សធម៌​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ»។

អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ថា មិន​ដល់​រយៈពេល​មួយ​ខែ​ផង មាន​ពលរដ្ឋ​អ៊ុយក្រែន​ប្រមាណ ៣ លាន ៥ សែននាក់​ បាន​រត់​គេចចេញ​ពី​ប្រទេស​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ក្បែរខាង​ ហើយ​ពលរដ្ឋប្រមាណ ៦ លាន ៥ សែន​នាក់​ផ្សេង​ទៀត​គ្មាន​ទី​ជម្រក​ក្នុង​ប្រទេស​អ៊ុយក្រែន។ អង្គការ​សហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា មនុស្ស​ប្រមាណ ១២ លាន​នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​ត្រូវការ​ជំនួយ​មនុស្សធម៌ ហើយ​ស្ថានភាពនេះ​កាន់តែ​យ៉ាប់យឺន​ជា​រៀង​ថ្ងៃ។

បណ្តា​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ កំពុង​តាក់តែងសេចក្តី​សម្រេច ២ ដែលអំពាវនាវ​ឲ្យ​មាន​បទ​ឈប់បាញ់​គ្នា​ជា​បន្ទាន់​មួយ ការពារ​ជន​ស៊ីវិល ការពារហេដ្ឋា​រចនាសម្ព័ន្ធ​ស៊ីវិល​សំខាន់​ៗ ការពារ​បុគ្គលិក​ផ្តល់​ជំនួយ​ និង​បុគ្គលិក​ពេទ្យជា​ដើម។

ក៏ប៉ុន្តែ មាន​ការខ្វែង​គំនិតគ្នា​ក្នុងខ្លឹមសារ​នៃ​សេចក្តី​សម្រេច​ទាំង ២ នោះ​គឺ៖ ទី​មួយ និយាយ​ចំ​ឈ្មោះ​រុស្ស៊ី​ថា ជា​ប្រទេសឈ្លានពាន និង​អំពាវនាវ​ឲ្យ​រុស្ស៊ីបញ្ឈប់​សកម្មភាពប្រឆាំងអ៊ុយក្រែន​ ហើយ​មួយ​ទៀតមិន​បាន​ប្រើ​ពាក្យ​ថា ប្រទេស​ឈ្លានពាន​ ហើយ​ជា​ពិសេស ដាក់​អ៊ុយក្រែន​ថា​ ជា​ប្រទេស​ដែល​ត្រូវ​បាន​គេ​វាយ​ប្រហារ។

ប្រទេស​មិកស៊ិក បារាំង រួម​ជាមួយ​អ៊ុយក្រែន ស្ថិត​ក្នុង​ចំណោម​ប្រទេស ២៥ ផ្សេង​ទៀត​ ដែល​បានព្រាង​សេចក្តី​សម្រេច​ទី១ ដែល​និយាយ​ចំ​ឈ្មោះ​រុស្ស៊ី​ ហើយ​សេចក្តី​សម្រេច​នេះ​ មាន​ការ​ចូលរួមពី​ប្រទេស​ប្រមាណ​ ៨០ ​នៅ​ក្នុង​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ។

ចំណែក​សេចក្តីសម្រេច​ទី ២ វិញ​ ដែល​មិន​និយាយ​ចំ​ឈ្មោះ​រុស្ស៊ី​នោះ​ ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ប្រទេស​អាហ្វ្រិកខាង​ត្បូង។

ការពិភាក្សា​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ មាន​គណៈប្រតិភូ ៦០ ប្រទេស​ចូលរួម ​ហើយ​ការពិភាក្សា​នេះ​ នឹង​ត្រូវ​ធ្វើ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ ការបោះ​ឆ្នោត​សម្រេច​មួយត្រូវ​គេ​រំពឹង​ថា ​នឹង​កើត​មាន​ឡើង​នៅ​បន្ទាប់​មក។

បើ​ទោះ​បី​ជា​លទ្ធផល​ចេញ​មក​យ៉ាង​ណាក្តី ក៏​សេចក្តី​សម្រេច​នេះ​ ពុំ​មាន​ឥទ្ធិពល​ផ្លូវ​ច្បាប់​ទៅ​លើ​រុស្ស៊ីនោះ​ឡើយ ក៏ប៉ុន្តែ ដោយមាន​ការជួយ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​នោះ លទ្ធផល​នេះ ​នឹង​បង្ហាញពីឆន្ទៈ​របស់​ពិភពលោក​ដែល​ថា អរិភាព​ត្រូវ​តែ​បញ្ឈប់ ហើយ​ប្រជា​ពលរដ្ឋត្រូវ​ទទួល​បាន​ការជួយ​ការពារ៕

XS
SM
MD
LG