អង្គ​នីតិ​ប្បញ្ញត្តិ​របស់​ប្រទេស​ថៃ​ច្រាន​ចោល​សេចក្ដី​ព្រាង​​រដ្ឋ​ធម្មនុញ្ញ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ពន្យារ​ពេល

  • Ron Corben

អង្គ​នីតិ​ប្បញ្ញត្តិ​ថៃ​ដែល​គេ​ស្គាល់​ថា​ជា​ ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ បាន​បោះឆ្នោត​ក្នុង​សំឡេង ១៣៥ ទល់​នឹង​ ១០៥ ប្រឆាំង​នឹង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញថ្មី ដោយ​មាន​៧នាក់បាន​រក្សាជំហរ​អនុបវាទ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥។

អង្គ​នីតិ​ប្បញ្ញត្តិ​គាំទ្រ​ដោយ​យោធា​ថៃ​ បាន​បោះ​ឆ្នោត​ទម្លាក់​សេចក្ដី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ ដែល​មិន​មាន​ប្រជាប្រិយភាព​ ហើយ​នាំ​ឲ្យ​ពន្យា​ពេល​បោះ​ឆ្នោត។​ គណៈកម្មាធិការ​ថ្មី​សម្រាប់​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នឹង​ត្រូវ​បង្កើត​ឡើង​ ប៉ុន្តែ​អ្នក​វិភាគ​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ដោយ​សារ​តែ​ការ​ពិភាក្សា​ជា​សាធារណៈ​ ឬ​ការ​ផ្តល់​មតិ​លើ​ដំណើរ​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ នៅ​មាន​តិចតួច។​

ការ​ច្រាន​ចោល​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​កំណែ​ទម្រង់​ដែល​ចាត់​តាំង​ដោយ​យោធា​ថៃ​ បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ​មាន​ភាព​ស្រពេច​ស្រពិល​ថ្មី។​

សមាជិក​គណៈកម្មាធិការ​តាក់តែង​សេចក្ដី​ព្រាងរដ្ឋ​ធម្មនុញ្ញ​ CDC ​ចំនួន​៣៦​នាក់​ បាន​ចំណាយ​ពេល​ ១២ខែ​ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាងរដ្ឋ​ធម្មនុញ្ញ​ ប៉ុន្តែ​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​នៃ​ការ​ប្រឆាំង​ទាក់​ទិន​នឹង​ការ​ដាក់​កំហិត​ទៅ​លើគណបក្ស​នយោបាយ​ និង​ខ្វះ​ការ​តស៊ូ​មតិ​ជា​សាធារណៈ។​

ប្រសិន​បើរដ្ឋ​ធម្មនុញ្ញ​នេះ​ត្រូវ​បាន​អនុម័ត​ ការ​ធ្វើ​ប្រជា​មតិ​ថ្នាក់​ជាតិ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ ជា​មួយ​នឹង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៦។ ឥឡូវ​នេះ​ សមាជិក​គណៈកម្មាធិការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ទាំង​ ២១រូប​មាន​ពេល​ ៦ខែ​ក្នុង​ការ​សរសេរ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មុន​ការ​ធ្វើ​ប្រជា​មតិ​និង​ការ​បោះ​ឆ្នោត​ ដែល​ទំនង​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៧។​

លោក Gotham Areeya ​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ Mahidol ​បាន​ថ្លែង​ថា​ ផែន​ទី​បង្ហាញ​ផ្លូវ​របស់​រដ្ឋាភិបាល​យោធា​ក្នុង​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ពន្យារ​ពេល។​

«មាន​អ្នក​ខ្លះ​គិត​ថា​ ដំណើរ​ការ​នេះ​ជា​វិធី​ដែល​មាន​ភាព​រលូន​ ឬ​មាន​ភាព​ល្អិត​ល្អន់​ក្នុង​ការ​ធ្វើ​អនុប្បវាទ​ផែន​ទី​បង្ហាញ​ផ្លូវ​របស់​ក្រុម​ប្រឹក្សា​ជាតិ​សម្រាប់​សន្តិភាព​និង​សណ្ដាប់​ធ្នាប់ ​ឬ ​NCPO។ ដូច្នេះ​ ផែន​ទី​បង្ហាញ​ផ្លូវ​នេះ​នឹង​ត្រូវ​អូស​បន្លាយ​រហូត​ប្រហែល​ជា​យ៉ាង​ហោច​ណាស់​៦ ឬ​៧​ខែ​ ដោយ​ស្វ័យ​ប្រវត្តិ»។​

ចំណុច​សំខាន់​នៃ​ការ​រិះគន់​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ​ពី​គ្រប់​និន្នាការ​នយោបាយ​នោះ​គឺ​ស្ថិត​ក្នុង​ ខ​ដែល​មាន​ចែង​សម្រាប់​គណៈ​កម្មា​ធិការ​ពិសេស​ដែល​ចាត់​តាំង​ដោយ​រដ្ឋាភិបាល​យោធា​ អាច​នឹង​លេប​យក​អំណាច​នីតិ​ប្រតិបត្តិ​ និង​អំណាច​នីតិ​បញ្ញត្តិ​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​ នៅ​ក្នុង​ពេល​ដែល​កើត​មាន​វិបត្តិ​នយោបាយ។​

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​មក​ពី​ទីក្រុង​ Ubon Ratchathani លោក​ Titipol Phakdeewanich ​បាន​ថ្លែង​ថា​ ជាមួយ​គ្នា​នឹង​ការ​ខ្វះ​ការ​តស៊ូ​មតិ​ជា​សាធារណៈ​ក៏​មានភាព​មិន​ប្រាកដ​ប្រជា​ថា​ តើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​អាច​នឹង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាង​មុន​ដែរ​ឬ​ទេ។

«វា​មិន​មាន​ភាព​ច្បាស់​លាស់​ថា​ តើ​ពួក​យើង​នឹង​ត្រឡប់​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​វិញ​ដែរ​ឬ​ទេ​ ពី​ព្រោះ​ថាសេចក្ដី​ព្រាង​ច្បាប់​ដែល​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​កំណែ​ទម្រង់​នោះ​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ថា​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ»។​

ដូច្នេះ​សំណួរ​គឺ​ថា​ តើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នឹងជា​រដ្ឋ​ធម្មនុញ្ញ​ប្រជាធិបតេយ្យ​ឬ​យ៉ាង​ណា។​ សេចក្ដីព្រាង​ច្បាប់​នោះ​ ជាក់​ស្ដែង​នៅ​តែរួម​បញ្ចូល​កត្តា​ដែល​ផ្ដល់​អំណាច​ដល់​ក្រុម​អភិជន។

រដ្ឋាភិបាល​យោធា​និង​អ្នក​គាំទ្រ​ បាន​និយាយ​ថា​រដ្ឋធម្មនុញ្ញ​ថ្មី​ មាន​គោល​បំណងបញ្ចប់​ការ​ក្ដោប​ក្ដាប់​ អំណាច​ដោយ​គណបក្ស​នយោបាយ​ណា​មួយ​ ពិសេស​រដ្ឋាភិបាល​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក​ Thaksin Shinawatra។

កាលពី​ទសវត្សរ៍​កន្លង​ទៅ​ ប្រទេស​ថៃ​បាន​ប្រឈម​មុខ​នឹង​ការ​បែង​ចែក​នយោបាយ​រវាង​អ្នក​គាំទ្រ​លោក​ Thaksin ​និង​ អ្នក​ប្រឆាំង​នឹង​លោក​ ដែល​នាំ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​និង​ការ​បង្ហូរ​ឈាម​ក្នុង​ការ​ទាមទារ​អំណាច៕​

ប្រែ​សម្រួល​ដោយ​ស្រេង​ លក្ខិណា