ការស្ទង់មតិ​ឆ្លុះ​បញ្ចាំង​ពី​វិសមភាព​សេដ្ឋកិច្ច​ដ៏​ធំ​នៅ​កម្ពុជា

ឯកសារ៖ លោក ហ៊ុន ម៉ាណែត ក្នុងពេល យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចុងក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០២៣ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​ទើប​ចូលកាន់តំណែង លោក ហ៊ុន ម៉ាណែត កំពុង​ទទួល​មរតក​ជា​ប្រទេស​មួយ​ដែល​មាន​វិសមភាព​សេដ្ឋកិច្ច​ដ៏ធំ​និង​ការ​លំបាក​ខាង​ហិរញ្ញវត្ថុ​ដ៏​ធំធេង។ នេះ​បើ​យោងតាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ Gallup ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

ទោះបីជា​ទំនុក​ចិត្ត​លើ​ស្ថាប័ន​សំខាន់ៗ​ដូចជា​យោធា​និង​ធនាគារ មាន​កម្រិត​ខ្ពស់​គួរសម​គឺ​ក្នុង​អត្រា​៨២%​ នៃ​អ្នក​ចូលរួមស្ទង់មតិ​ក៏​ដោយ ក៏​មាន​ក្តី​បារម្ភ​ពីសេដ្ឋកិច្ច​ដែល​កំពុង​តែ​កើតឡើង ជា​ពិសេស​ទាក់ទង​នឹង​លទ្ធភាព​ទិញ​ស្បៀង​អាហារ។ នេះ​បើ​ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​របស់ក្រុមហ៊ុន​ Gallup ដែល​បាន​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​និង​តុលា​ឆ្នាំ​មុន ហើយ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ដើម​ខែ​នេះ។

ក្រុមហ៊ុន​ Gallup បាន​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​ស្តីពី​កម្ពុជា​ថា៖ «ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ដែល​កំពុង​ប្រឹងប្រែង​ ដើម្បី​បាន​អាហារ​ហូប​ចុក​ បាន​ធ្លាក់​ពី​កម្រិត​៧២%​ នៅ​ឆ្នាំ​២០១៣ តែ​នៅ​តែ​ខ្ពស់​ដដែល​ក្នុង​កម្រិត​៥៨%។ ក្នុង​ចំណោម​ពលរដ្ឋ​ក្រីក្រ​បំផុត​២០%​ ទូទាំង​ប្រទេស កង្វះ​លទ្ធភាពទិញ​ស្បៀង​អាហារ​ហូបចុក បាន​ឈាន​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​គឺ​ដល់​៨៧%​ កាល​ពី​ឆ្នាំ​មុន»។

«ក្នុង​ពិភពលោក​នេះ គ្មាន​ប្រទេស​ណា​ដែល​មាន​វិសមភាព​ធំជាង​នេះ​ទេ ​រវាង​អ្នក​មាន​និង​អ្នក​ក្រ​ចំពោះ​សមត្ថភាព​ទទួល​បាន​ស្បៀង​អាហារ​ហូបចុក»។

ប្រជាជន​កម្ពុជា មាន​ទស្សនៈ​វិជ្ជមាន​ជាង​អវិជ្ជមានចំពោះ​សេដ្ឋកិច្ច ដោយ​៤៧% និយាយ​ថា​ជីវភាព​រស់នៅ​របស់​ពួក​គេ​កាន់​តែ​ប្រសើរ​ជាង​មុន ធៀប​នឹង​២៧% ​ដែល​និយាយ​ថា​ ជីវភាព​របស់​ពួកគេ​កាន់តែ​ដុនដាប។ ប៉ុន្តែ ប្រជាជន​៤៧%​ នោះ ក៏​ស្ថិត​នៅ​កម្រិត​ទាប​បំផុត​ក្នុង​តំបន់​ដែរ។ ហើយ​ប្រជាជន​កម្ពុជា​តែ​៦%​ ប៉ុណ្ណោះ បាន​រាយការណ៍​ថា ​ពួកគេ​មាន​អារម្មណ៍​ថា ​រស់​ស្រួលដោយ​ពឹង​លើ​ចំណូល​របស់​ពួកគេ​នៅ​ឆ្នាំ​២០២២ ដែល​មាន​កម្រិត​ស្មើនឹង​ប្រទេស​ឡាវ ក្នុង​នាម​ជា​ប្រទេស​មាន​ចំណូល​ទាប​ជាង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។​

យោង​តាម​ធនាគារ​ពិភពលោក ផល​ទុន​សរុប​ក្នុង​ស្រុក​សម្រាប់​មនុស្ស​ម្នាក់របស់​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០២២​ គឺ១.៧៨៧ ដុល្លារ បើ​ធៀប​នឹង​ឡាវ ​គឺ​២.០៨៨​ដុល្លារ។

​និពន្ធ​នាយក​ទទួល​បន្ទុក​ព័ត៌មាន​ពិភពលោក​របស់​ក្រុមហ៊ុន Gallup អ្នក​ស្រី Julie Ray និយាយ​ថា​ អសន្តិសុខ​សេដ្ឋកិច្ច​ដែល​នៅ​ពីក្រោយ អាច​ក្លាយ​ជា​បញ្ហា​សម្រាប់​ការ​អភិវឌ្ឍ​របស់​កម្ពុជា «បើ​សេដ្ឋកិច្ច​ទទួល​រង​គ្រោះ​ធ្ងន់​ជាង​នេះ»។ តែ​ក្រុម​ហ៊ុន Gallup កត់​សម្គាល់​ថា​ អតិផរណា​បាន​ធ្លាក់​ចុះ​ពី​៨% ​នៅ​ឆ្នាំ​២០២២ ពេល​ដែល​ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង មក​នៅ​១% ​ក្នុង​ឆ្នាំ​២០២៣ ដែល​ទំនង​ជា​បាន​បន្ថយ​ភាព​តានតឹង​ខាង​សេដ្ឋកិច្ច​ភ្លាមៗ​បាន​ខ្លះ​ដែរ។

អ្នក​ស្រី Ray បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​តាម​ទូរសព្ទ​ក្នុង​ខែ​នេះ​ថា៖ ​«មាន​បញ្ហា​ប្រឈម​ពិតប្រាកដ​ខ្លះៗ​ខាង​សេដ្ឋកិច្ច។ វិសមភាព​គឺ​ថា អ្នក​មាន​ពាក់កណ្តាល អ្នក​អត់​ពាក់កណ្តាល ហើយ​ពិត​ណាស់ មាន​វិសមភាព​រវាង​តំបន់​ទីក្រុង​និង​ជនបទនៅ​ក្នុង​ប្រទេស​កម្ពុជា។ ដូច្នេះ ខ្ញុំ​គិត​ថា​ កត្តា​ទាំង​នោះនឹង​បន្ត​ជា​បញ្ហា​ប្រឈម»។

អ្នក​ស្រី Ray ក៏​បាន​ចង្អុល​ពី​ផ្នែក​ល្អ​ប្រសើរ​ជាង​មុន ដែល​បង្ហាញ​ដោយ​ទិន្នន័យ​ ដូចជា​ការ​កើនឡើង​យ៉ាង​ខ្លាំង​នូវ​ការ​យល់ឃើញ​អំពី​សុខភាព​ផ្ទាល់ខ្លួន​និង​ការ​ថែទាំ​សុខភាពក្នុង​រយៈពេល​ជិត​២​ទសវត្សរ៍​តាំង​ពី​ក្រុមហ៊ុន Gallup បាន​ចាប់ផ្តើម​ធ្វើ​ការ​ស្ទង់​មតិ​នេះ​មក។

នៅ​ឆ្នាំ​២០០៦ ប្រជាជន​កម្ពុជា​៤១% និយាយ​ថា ​បញ្ហា​សុខភាព​បាន​រារាំង​ពួកគេ​មិន​ឱ្យ​ធ្វើ​សកម្មភាព​ធម្មតា​ សម្រាប់មនុស្ស​ស្ថិត​នៅ​វ័យ​ពួកគេ។ ត្រឹម​ឆ្នាំ​២០២២ អត្រា​នេះ​បាន​ធ្លាក់ចុះ​ដល់​២៩%។

របាយការណ៍​របស់​ក្រុមហ៊ុន Gallup អំពី​កម្ពុជា​រៀបរាប់​ថា៖ «ទោះ​ជា​វិសមភាព​នៅ​តែ​ស្ថិត​នៅ​ខ្ពស់​ជាង​គេ​មួយ​ក្នុង​តំបន់​ក៏ដោយ ក៏​គម្លាត​នេះបាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ដែរ។ អត្រា​ប្រេវ៉ាឡង់​នៃ​បញ្ហា​សុខភាព​ឥឡូវ​ស្មើនឹង​ប្រទេសថៃ ឡាវ និង​មីយ៉ាន់ម៉ា»។

ក្រុមហ៊ុន Gallup កត់​សម្គាល់​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ ខ្លួន​មិន​បាន​សួរ​«សំណួរ​រសើប​ខាង​នយោបាយ​ជាក់លាក់»​នោះ​ទេ​ តាំង​ពី​ឆ្នាំ​២០១៧​មក នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច បាន​ចាប់ផ្តើម​បង្រ្កាប​លើ​សំឡេង​ប្រឆាំង ដែល​បាន​បង្ក​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​និង​ក្រុម​ប្រជាធិបតេយ្យ បិទ​ស្ថាប័ន​ ឬ​ចាកចេញ​ពី​ប្រទេស​កម្ពុជា។

អ្នក​ស្រី Ray និយាយ​ថា ការ​សម្រេច​ចៀស​មិន​សួរ​សំណួរ​ខ្លះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​ស្រាវជ្រាវ​ដែល​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់ ហើយ​មិន​ត្រូវ​បាន​បង្គាប់​ដោយ​រដ្ឋាភិបាលកម្ពុជា​ទេ។ អ្នក​ស្រីថា​ ការ​សួរ​ប្រជាជន​អំពី​ទស្សនៈ​របស់​ពួកគេ​ចំពោះ​ថ្នាក់ដឹកនាំ​ប្រទេស ជា​ឧទាហរណ៍ អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មិន​សប្បាយ​ចិត្ត និង​«ទំនង​ជា​អាច​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​គម្រោង​ទាំង​មូល»។

អ្នក​ស្រី​បន្ថែម​ទៀត​តាម​អ៊ីមែល​ថា៖ «លើស​ពី​នេះ បើ​យើង​សួរ​សំណួរ​ទាំង​នោះ​ក្នុង​ប្រទេស​កម្ពុជា វា​អាច​ញ៉ាំង​ឱ្យ​មាន​បញ្ហា​សុវត្ថិភាព​សម្រាប់​អ្នក​សួរ​សំណួរ​របស់​យើង បើ​គេ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដោយសារ​ការសួរ​សំណួរ​ទាំង​នោះ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​ ក៏​នៅ​តែ​ចោទ​សួរ​អំពី​របកគំហើញ​នៃ​សំណួរ​ដែល​ក្រុមហ៊ុន Gallup បាន​សួរ​ក្នុង​ការ​ស្ទង់មតិ​ប្រចាំ​ឆ្នាំ​របស់ខ្លួន​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ផែនការ លោក ថេង បញ្ញាធន បាន​សួរ​អំពី​ការ​ជ្រើសរើស​សំណាក​និង​ទិដ្ឋភាព​បច្ចេកទេស​ផ្សេងៗ​ទៀត​នៃ​ការ​ស្ទង់មតិ​នេះ។

លោក​កត់​សម្គាល់​ថា ​ត្រឹម​ឆ្នាំ​២០២០ អត្រា​ភាព​ក្រីក្រ មាន​១៧,៨% យោង​តាម​អង្គការកម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ ឬ UNDP ទោះបីជា​លោក​និយាយ​ថា ​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ​១៩ ប្រហែល​ជា​បាន​ធ្វើ​ឱ្យ​អត្រា​នោះ​កើន​ឡើង​ក៏​ដោយ។ លោក បញ្ញាធន និយាយ​ថា «ខ្ញុំពិបាក​ធ្វើអត្ថាធិប្បាយ»​លើ​របក​គំហើញនៃ​របាយការណ៍​របស់​ក្រុមហ៊ុន Gallup។

របាយការណ៍​របស់​ក្រុមហ៊ុន Gallup ត្រូវ​បាន​ចេញ​ផ្សាយ​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុន​ពេល​មាន​ការ​ផ្លាស់ប្តូរ​ជំនាន់​អ្នក​ដឹកនាំ​ក្នុង​ប្រទេស​កម្ពុជា ដែល​នៅ​ទី​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់អំណាច​តាំង​ពី​ឆ្នាំ​១៩៨៥ ​មក ​នឹង​ផ្ទេរ​ការ​គ្រប់គ្រង​ទៅ​ឱ្យ​កូន​ប្រុស​របស់​លោក។ ក្នុងរដ្ឋាភិបាល​ទាំង​មូល មន្ត្រី​បក្ស​កាន់អំណាច​ចាស់វស្សា បាន​ដក​ខ្លួន​ចេញ ហើយ​ក្នុង​ករណី​ខ្លះ បាន​ដាក់​ជំនួស ​កូនៗ​របស់​ពួកគេ​វិញ។​

លោក ហ៊ុន សែន នឹង​នៅ​តែ​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​នឹង​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា​ (នៅ​ឆ្នាំ​ក្រោយ) និង​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នរោត្តម​ សីហមុនី។ យោង​តាម​ការ​ស្ទង់​មតិ​របស់ក្រុមហ៊ុន Gallup លោក ហ៊ុន សែន បន្សល់​កេរដំណែល​ចម្រុះ​ឱ្យ​កូន​របស់​លោក។

របាយការណ៍​នេះ​រៀបរាប់​ថា៖ ​«ទិន្នន័យ​របស់ក្រុមហ៊ុន Gallup បង្ហាញ​ថា ​លោក ហ៊ុន ម៉ាណែត ទទួល​មរតក​ប្រទេស​ដែល​មាន​ស្ថិរភាព​គួរសម ដែល​ទំនុក​ចិត្ត​លើ​ស្ថាប័ន​ជាច្រើន​មាន​កម្រិត​ខ្ពស់ ​តែ​ក៏​មាន​វិសមភាព​ខ្ពស់​ដែរ»៕

លោក ស៊ុន ណារិន នៃ​វីអូអេ​ខេមរភាសា រាយការណ៍​បន្ថែម​ពី​រាជធានី​ភ្នំពេញ។

ប្រែសម្រួល​ដោយ លោក សាយ មុន្នី