ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈប្រឈមនឹងអតិផរណា សហជីពជំរុញឱ្យដំឡើងប្រាក់ឈ្នួលគោលសម្រាប់កម្មករនៅឆ្នាំ ២០២៤


រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​តូប​លក់​ម្ហូប​អាហារ​មួយ នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​តូប​លក់​ម្ហូប​អាហារ​មួយ នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។

មេដឹកនាំ​សហជីព​បាន​ជំរុញ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ចន្លោះ​ពី​ចំនួន​ ២៥០ ​ទៅ​ ៣០០​ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ នៅ​ឆ្នាំ ​២០២៤​ ខាង​មុខ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពួកគេ ខណៈ​តម្លៃ​ទំនិញ​ផ្សេងៗ​នៅ​តែ​បន្ត​ឡើង​ថ្លៃ។

ការ​អំពាវ​នាវ​របស់​ពួកគេ​ធ្វើឡើង ស្រប​ពេល​ដែល​ភាគី​ពាក់ព័ន្ធ​កំពុង​ពិភាក្សា​លើ​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​ស្បែក​ជើង សម្រាប់​ឆ្នាំ​ ២០២៤។ ប្រាក់​ឈ្នួល​របស់​កម្មករ​បច្ចុប្បន្ន​នេះ មាន​ចំនួន​ ២០០​ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដែល​ដំឡើង​បាន​ ៦ ​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២។

ប្រធាន​សហភាព​ការងារ​កម្ពុជា​ (CLC) លោក អាត់ ធន់ ប្រាប់​វីអូអេ​ថា​ ប្រាក់​ឈ្នួល​កម្មករ​ក្នុង​ឆ្នាំ​ ២០២៣ បាន​ត្រឹម​តែ​២០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ប៉ុន្តែការចំណាយ​របស់​កម្មករ​ហាក់​បី​ហក់​ឡើង​ខ្ពស់​រហូត​ឈាន​ទៅ​ដល់ ២៥០​ ទៅ​ ៣០០​ ដុល្លារ​ក្នុង​មួយ​ខែ​ដោយសារ​តែ​ទំនិញ​ឡើង​ថ្លៃ។ លោក​ជំរុញ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នៅ​ឆ្នាំ​ ២០២៤​ ខាង​មុខ​នេះ​ ទើប​អាច​ឱ្យ​ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​ដែល​សម​ស្រប​ទៅ​នឹង​ការ​ចំណាយ។

លោក​ថ្លែង​ថា៖ «សម្រាប់​ឆ្នាំ​ថ្មី​ ថា​តើ​រំពឹង​យ៉ាង​ម៉េច​ថា​ប្រាក់​ឈ្នួល​ឡើង​ប៉ុន្មាន។ បើ​សិន​ជា​ឡើង​ឱ្យ​ដល់​បាន​រស់​សមរម្យ​បាន ​ខ្ញុំ​គិត​ថា ទាល់​តែ​ឡើង​ ២៥០ ទៅ​ ៣០០ ​ដុល្លារ​[ក្នុង​មួយ​ខែ] ទើប​អាច​ចាយ​រស់​សមរម្យ​បាន»។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ក៏​មេដឹកនាំ​សហជីព​រូប​នោះមិន​រំពឹង​ថា​អាច​នឹង​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​បាន​ទេ និង​ថា​បើ​ទោះ​បី​ជា​ប្រាក់​ឈ្នួល​របស់​កម្មករ​កើន​ឡើង​បន្ថែម​ទៀត​ក៏​ដោយ ក៏​កម្មករ​នៅ​តែ​អាច​ជួប​វិបត្តិ​អតិផរណា​ដដែល។

លោក​បញ្ជាក់​ថា​៖ «បើ​និយាយ​ពី​អាហារ​ដែល​ជា​តម្រូវ​ការ​ជិត​៧០​ទៅ​៨០​ភាគ​រយ​នៃ​ចំណាយ​របស់​កម្មករ​ហ្នឹង​ គឺវា​ឡើង​ជាង​ ១០​ ភាគរ​យ​ អ៊ីចឹង​វា​ធ្វើ​ឱ្យ​មាន​ការ​លំបាក​មែន​ទែន​ បើ​ទោះ​បី​ប្រាក់​ឈ្នួល​កើន​ឡើង​ក៏​ដោយ​ ក៏​វា​មិន​ទប់​អា​រឿង​អតិផរណា​ឡើង​ផង។​នេះ​មិន​ទាន់​គិត​អំពី​ប្រាក់​ឈ្នួលនៅ​ទាប​មិន​ដល់​កម្រិត​រស់​នៅ​សមរម្យ​ទេ»។

លោក អាត់ ធន់ បន្ត​ថា រដ្ឋាភិបាល​ក៏​ត្រូវ​គិត​គូ​បន្ថែម​ដែរ​ ពាក់​ព័ន្ធ​នឹង​ការ​ចូលរួម​កាត់​បន្ថយ​តម្លៃ​អតិផរណា​ទំនិញ​ផ្សេងៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់​កម្ម​ករ ដែល​កំពុង​ប្រឈម​នឹង​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប។

រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី​ យ៉ាង សោភ័ណ្ឌ យល់​ឃើញ​ថា​ ប្រាក់​ឈ្នួល​ដែល​កម្មករ​ទទួល​បាន​ ២០០​ ដុល្លារ​ក្នុង​មួយ​ខែ​ នៅ​ឆ្នាំ​ ២០២៣ គឺ​ជា​ប្រាក់​ឈ្នួល​ដែល​មាន​កម្រិត​ទាប​នៅ​ឡើយ​ដែល​ធ្វើ​ឱ្យ​កម្មករ​ពិបាក​ក្នុង​ការ​ចាយ​វាយ។ អ្នកស្រី​បន្ត​ថា​តម្លៃ​ប្រាក់​ឈ្នួល​នេះ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ការ​រស់​នៅ​របស់​កម្មករ​នៅ​ឡើយ​ទេ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ប្រាក់​ឈ្នួល​នេះ​មាន​កម្រិត​ទាប​ពេក​ ហើយ​វា​អត់​ទាន់ឆ្លើយ​តប​ទៅ​នឹង​ការ​រស់​នៅ​របស់​កម្មករ​និយោជិត​ដែល​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​ការងារ​របស់​យើង​ដែល​បាន​ចែង​ថា​ប្រាក់​ឈ្នួល​របស់​កម្មករ​និយោជិត​ជា​ប្រាក់​ឈ្នួល​មួយ​ដែល​ត្រូវ​ធានា​នូវ​ការ​រស់​នៅ​របស់​កម្មករ​និយោជិត ដើម្បី​ឱ្យ​កម្មករ​និយោជិត​របស់​យើង​រស់​នៅ​មាន​ជីវិត​រស់​នៅ​សមរម្យ ថ្លៃ​ថ្នូរ​នៅ​ក្នុង​សង្គម»។

អ្នកស្រី​បន្ថែម​ថាគួរ​តែ​មាន​ការ​សិក្សា​មួយ​ឱ្យបាន​ច្បាស់​លាស់​អំពី​ការ​ចំណាយ​របស់​កម្មករ និង​ថា​តើ​ប្រាក់​ឈ្នួល​ ២០០​ ដុល្លារ​អាច​ធ្វើ​ឱ្យជីវភាព​របស់​ពួកគេ​រស់​នៅ​បាន​សមរម្យ​ដែរ​ឬ​ទេ។

អ្នកស្រី​ថ្លែង​ថា៖ «គួរ​តែ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ឱ្យ​ច្បាស់​លាស់​ បន្ទាប់​មក​ការ​សិក្សា​ស្រាវ​ជ្រាវ​ហ្នឹង​គួ​រ​តែ​មាន​ធាតុ​ផ្សំ​នៃ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ មាន​ភាគី​កម្មករ​និយោជិត សហជីព​ហ្នឹង​ឯង មាន​ភាគី​និយោជក និង​ភាគី​រដ្ឋាភិបាល។ យើង​គួរ​តែ​មាន​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ឱ្យ​ច្បាស់​ទៅ។ ​បន្ទាប់​មក យើង​ដាក់​កំណត់​ឱ្យ​ជាក់​លាក់​ឱ្យ​ច្បាស់​ទៅ។ បន្ទាប់​មក ​យើង​យក​អាហ្នឹង​ជា​មូលដ្ឋាន​គោល។ បន្ទាប់​មក ​មួយ​ឆ្នាំ​ម្តងៗ​ដែល​យើង​ជជែក​គ្នា​ហ្នឹង យើង​ឡើង​ទៅ​តាម​កត្តា​សេដ្ឋ​កិច្ច កត្តា​សង្គម​ទៅ​»។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​សីហា ឆ្នាំ​ ២០២៣ ​នេះ​ ក្រសួង​ការ​ងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ចាប់​ផ្តើម​ការ​ចរចា​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ ស្បែក​ជើង និង​ទំនិញ​ធ្វើ​ដំណើរ​សម្រាប់​ឆ្នាំ​ ២០២៤​។ ប៉ុន្តែ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ក្រសួង​ការងារ​មិន​ទាន់ចេញ​ជា​លទ្ធ​ផល​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២៤ ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ពិភាក្សា​ជា​បន្ត​បន្ទាប់​ទៀត។

​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង និង​ផលិត​ផល​ធ្វើ​ដំណើរ គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ទំនិញ​ធំ​បំផុតរបស់​កម្ពុជា ដែល​មាន​ទីផ្សារ​ធំ​នៅ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​ ៨០​ ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជន​បទ។ ប៉ុន្តែ​វិស័យ​នេះ​ក៏​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែន និង​វិបត្តិ​ជំងឺ​កូវីដ​១៩​ ផង​ដែរ៕

XS
SM
MD
LG