ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋី​មួយ​ចំនួន​នៅ​កម្ពុជា​រង​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ក្នុង​គម្រោង​អចលនទ្រព្យ


រូប​ឯកសារ៖ កម្មករ​សំណង់​នៅ​តំបន់​អភិវឌ្ឍ​មួយ​កន្លែង​នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២២។
រូប​ឯកសារ៖ កម្មករ​សំណង់​នៅ​តំបន់​អភិវឌ្ឍ​មួយ​កន្លែង​នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២២។

សេដ្ឋី​មួយ​ចំនួន​នៅ​កម្ពុជា​បាន​រង​ការ​រិះគន់​ចំពោះ​ការ​លក់​អចលនទ្រព្យ​បែប​បោកប្រាស់​ទៅ​ឱ្យ​ពលរដ្ឋ​រាប់​ពាន់​នាក់ ដែល​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​សង​បំណុល​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ចំពោះ​កម្ចី​ដែល​បាន​ប្រើ​ដើម្បី​វិនិយោគ​លើ​គម្រោង​ដី​ធ្លី​ឬ​គម្រោង​សំណង់​ក្នុង​សហគមន៍​ផ្សេងៗ។

នៅ​ក្នុង​ករណី​លេចធ្លោ​មួយ​ចំនួន ឧកញ៉ា​ពីរ​រូប​ត្រូវ​បាន​ចាប់ខ្លួន​និង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​នៅ​ក្នុង​គម្រោង​ដាច់​ដោយ​ឡែក​ពី​គ្នា បន្ទាប់ពី​គ្រួសារ​ពលរដ្ឋ​នៅ​តាម​ខេត្ត​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​ឧកញ៉ា​ទាំង​ពីរ​រូប​នោះ​ថា​ មិន​បាន​គោរព​តាម​ពាក្យ​សន្យា​ក្នុង​ការ​ផ្តល់​ភាគលាភ​ប្រចាំ​ខែ​ពី​គម្រោង​វិនិយោគ​ដីធ្លី​ឬ​គេហដ្ឋាន​ក្នុង​គម្រោង​សាងសង់​ដែល​សន្យា​ថា​នឹង​ផ្តល់​ឱ្យ។

លោក ហ៊ី គីមហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស និង​លោក ជា សារ៉ន អគ្គនាយក​ក្រុមហ៊ុន ​ជា​សារ៉ន​រៀលធី អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ពីរ​ទៅ​ប្រាំ​ឆ្នាំ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​ទោស។

យ៉ាង​ហោច​ណាស់​សេដ្ឋី​ពីរ​រូប​ទៀត​គឺ​ផលិតករ​តន្រ្តី​លោក ឡេង ណាវ៉ាត្រា និង​លោក នួន អក បាន​ប្រឈម​នឹង​ការ​រិះគន់​ឬ​បណ្តឹង​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​គម្រោង​អចលនទ្រព្យ​ដែល​វិនិយោគិន​ដែល​មាន​អារម្មណ៍​មួរហ្មង​និយាយ​ថា​ មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​សម្រេច​ឡើង។

នៅ​ខេត្ត​កំពត លោក គីមហុង ដែល​ជា​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMZ ផងដែរ កំពុង​ប្រឈម​នឹង​ពាក្យ​បណ្តឹង​ជាង ១.០០០ ដែល​បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​ពិភព​ដី​មាស​បាន​ឆបោក​គ្រួសារ​ពលរដ្ឋ​ក្នុង​ទឹក​ប្រាក់​សរុប ២១ លាន​ដុល្លារ។ ពលរដ្ឋ​នៅ​ស្រុក​ឈូក​ខេត្ត​កំពត​បាន​ប្រាប់​វីអូអេ​ថា បុគ្គលិក​ក្រុមហ៊ុន​ពិភព​ដី​មាស​បាន​ធ្វើ​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​យ៉ាង​ហោច​ណាស់​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មក​នេះ ដោយ​សន្យា​ផ្តល់​ភាគលាភ​ចំពោះ​ការ​វិនិយោគ​នៅ​ក្នុង​គម្រោង​ដីធ្លី។

លោក អយ ចាន់ថា វ័យ ៦២ ឆ្នាំ បាន​ខ្ចី​ប្រាក់ ២០.០០០ ដុល្លារ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឱ្យ​កូន​ប្រុស​របស់​លោក​ដើម្បី​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ពិភព​ដី​មាស។ ដំបូង ពួកគេ​ទទួល​បាន​ភាគលាភ​ជា​ប្រចាំ​ ដែល​ជួយ​បន្ថែម​ប្រាក់​ចំណូល​ពី​លើ​ការ​លក់​នំ​អន្សម​ចេក និង​ជួយ​លោក ចាន់ថា ឱ្យ​អាច​សង​ប្រាក់​កម្ចី​ចំនួន ៥០០ ដុល្លារ​ជា​រៀងរាល់​ខែ។

នៅ​ស្រុក​ឈូក កសិករ​និង​អាជីវករ​ដែល​បាន​វិនិយោគ​បាន​ទទួល​ប្រាក់​ដើម្បី​ចាយវាយ​ភ្លាមៗ។ ពួកគេ​បាន​ទិញ​រថយន្ត​និង​ម៉ូតូ​ថ្មី។ ពួកគេ​បាន​ឈប់​លក់ដូរ​នៅ​តាម​ផ្សារ។ ពួកគេ​បាន​ធ្វើ​ពិធី​ជប់លៀង។ ប៉ុន្តែ​នៅ​ខែ​មេសា លំហូរ​សាច់​ប្រាក់​ផ្តល់​ឱ្យ​គឺ​លែង​មាន​ត​ទៅ​ទៀត។

ឥឡូវ​នេះ លោក ចាន់ថា និយាយ​ថា លោក​កំពុង​ពិចារណា​លក់​គោ​និង​ម៉ូតូ​ដើម្បី​សង​បំណុល។ លោក​ថា ប្រសិន​បើ​លោក​មិន​ធ្វើ​ដូច្នេះ លោក​បារម្ភ​ថា​ផ្ទះ​និង​ដីស្រែ​ដែល​លោក​បាន​ដាក់​ជា​ទ្រព្យ​បញ្ចាំ​អាច​នឹង​ត្រូវ​រឹបអូស។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​ដេក​មិន​លក់​នោះ​ទេ។ ខ្ញុំ​ជា​អ្នក​ត្រូវ​សង​ប្រាក់។ ...ខ្ញុំ​នឹង​មិន​អាច​សល់​អ្វី​ទាំងអស់»។

លោក គីមហុង នៅតែ​ប្រកាន់​ជំហរ​ថា ​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​នោះ​ទេ។ កាល​ពី​ថ្ងៃ​ទី ៧ ខែ​សីហា លោក​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​នឹង​សហការី​ចំនួន ១៣ នាក់​ផ្សេង​ទៀត ប៉ុន្តែ​វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម​អនឡាញ​ហេ្វសប៊ុក (Facebook) ដែល​ត្រូវ​បាន​ចែក​ផ្សាយ​យ៉ាង​ទូលំទូលាយ បាន​បង្ហាញ​រូប​លោក​ដែល​កំពុង​ជាប់​ខ្នោះ​និយាយ​ទៅ​កាន់​ប៉ូលិស​ថា៖ «ខ្ញុំ​នៅតែ​គិត​ថា ខ្ញុំ​អាច​ដោះស្រាយ​វា​បាន» ដែល​នេះ​មាន​ន័យ​ថា លោក​នៅតែ​គិត​ថា លោក​អាច​ផ្តល់​ប្រាក់​ភាគលាភ​ដល់​ពលរដ្ឋ​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក គីមហុង បាន​និយាយ​នៅ​ក្នុង​វីដេអូ​នោះ​ថា៖ «ពាក្យ​ថា «ឆបោក» គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ អាច​និយាយ​ថា ពន្យារ​ទៅ​វិញ»។

លោក​បាន​បន្ត​ថា៖ «នេះ​ជា​ការ​ពន្យារ។ …. យើង​នឹង​ធ្វើ​ឱ្យ​រលូន​ឡើង​វិញ​នៅ​ខែ​សីហា»។

តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMZ មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ហៅ​ទូរស័ព្ទ​ពី​វីអូអេ​នោះ​ទេ ហើយ​ក្រុមហ៊ុន​ពិភព​ដីមាស​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី ៨ ខែ​សីហា​ថា បុគ្គលិក​របស់​ខ្លួន​ផ្អាក​ការងារ​ជា​បណ្តោះ​អាសន្ន។

នៅ​ក្នុង​ករណី​មួយ​ផ្សេង​ទៀត​នៅ​ខេត្ត​កំពត​និង​ខេត្ត​តាកែវ ពលរដ្ឋ​យ៉ាង​ហោច​ណាស់ ២.០០០ គ្រួសារ​បាន​ចោទ​ប្រកាន់​លោក​សេដ្ឋី ជា សារ៉ន អគ្គនាយក​ក្រុមហ៊ុន​ជាសារ៉ន​រៀលធី ពី​បទ​ឆបោក​ ក្នុង​ការ​បញ្ចុះបញ្ចូល​ឱ្យ​ទិញ​គម្រោង​បុរី​និង​គម្រោង​ដីឡូតិ៍ ដែល​ពួកគេ​និយាយ​ថា​មិន​បាន​លេច​ចេញ​ជា​រូបរាង។

អ្នកស្រី ហេង អ៊ិត វ័យ ៦៥ ឆ្នាំ បាន​វិនិយោគ​ប្រាក់ ១០.០០០ ដុល្លារ​កាល​ពី​ឆ្នាំ ២០២០ ក្រោម​ការសន្យា​ថា​នឹង​ទទួល​បាន​កន្លែង​មួយ​នៅ​ក្នុង​បុរី ហើយ​អ្នកស្រី​បាន​ចាប់ផ្តើម​ទទួល​បាន​ប្រាក់​ចំនួន ២៥០ ដុល្លារ​ត្រឡប់​មក​វិញ​ជា​រៀងរាល់​ខែ​ក្នុង​ទម្រង់​ជា​ភាគលាភ។ ដោយសារ​ការ​ជំរុល​ទឹក​ចិត្ត​ពី​លំហូរ​សាច់ប្រាក់​ជា​ប្រចាំ និង​ដោយសារ​ក្រុម​ការងារ «ប៉ិន​ប្រសព្វ​ផ្នែក​បញ្ចុះបញ្ចូល» របស់​លោក សារ៉ន អ្នកស្រី​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា អ្នកស្រី​សម្រេច​ដាក់​ប្រាក់​វិនិយោគ​កាន់តែ​ច្រើន​ថែម​ទៀត។

អ្នកស្រី​បាន​និយាយ​ថា បុគ្គលិក​របស់​ក្រុមហ៊ុន​របស់​លោក សារ៉ន បាន​ដឹក​អ្នកស្រី​ទៅ​កាន់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ផ្សេងៗ​ដូចជា​គ្រឹះស្ថាន BNK គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ និង​ធនាគារ​ហត្ថា​ជាដើម ដើម្បី​ទទួល​បាន​កម្ចី ហើយ​បន្ទាប់មក​នាំ​អ្នកស្រី​ទៅ​កាន់​ការិយាល័យ​សាខា​ក្រុមហ៊ុន​របស់​លោក សារ៉ន។

ប៉ុន្តែ​បុរី ដែល​ពលរដ្ឋ​កត់សម្គាល់​ថា​ជា​បណ្តុំ​សំណង់​អគារ​ពណ៌​ខៀវ​ដែល​មិន​ត្រូវ​បាន​សាងសង់​រួច​នៅ​ជាប់​នឹង​ផ្លូវ​មមាញឹក​មួយ​កន្លែង​នៅ​ស្រុក​ខាង​លើ បាន​បញ្ឈប់​ការ​សាងសង់​កាល​ពី​ប៉ុន្មាន​ខែ​មុន ហើយ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន វិនិយោគិន​ដូចជា​អ្នកស្រី ហេង អ៊ិត ជាដើម​បាន​ឈប់​ទទួល​បាន​ប្រាក់​ភាគលាភ។ បន្ទាប់​មក​នៅ​ខែ​មេសា លោក សារ៉ន និង​សហការី ៨ នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ក្នុង​ទឹក​ប្រាក់​សរុប​ប្រមាណ ៤០ លាន​ដុល្លារ។

អ្នកស្រី ហេង អ៊ិត នៅ​ជាប់​កម្ចី​ចំនួន ៥៧.០០០ ដុល្លារ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដោយ​អ្នកស្រី​បាន​ដាក់​ផ្ទះ​ជា​ទ្រព្យ​បញ្ចាំ​និង​បាន​លក់​គ្រឿង​អលង្ការ​ដើម្បី​អាច​បង់​ប្រាក់​ត្រឡប់​ទៅ​វិញ។ មន្រ្តី​ផ្តល់​កម្ចី​បាន​លែង​ទៅ​រក​អ្នកស្រី​ជា​ប្រចាំ​ចាប់​តាំង​ពី​លោក សារ៉ន ត្រូវ​បាន​ចាប់​ខ្លួន​មក។

អ្នកស្រី​ថ្លែង​ថា៖ «ប្រសិន​បើ​ពួកគេ​ចង់​ស្រុះ​យើង [ទាំង​រស់] ឬ​ពួកគេ​ចង់​ធ្វើ​អ្វី គឺ​តាម​តែ​ពួកគេ​ទៅ​ចុះ។ តើ​យើង​អាច​រក​លុយ​ពី​ណា​មក?»។

ការ​ចោទ​ប្រកាន់​ពី​ការ​ឆបោក​ផ្នែក​អចលនទ្រព្យ​មិន​មែន​ជា​រឿង​ថ្មី​នៅ​កម្ពុជា​នោះ​ទេ ដែល​ការ​អនុវត្ត​ច្បាប់​មិន​សូវ​តឹងរ៉ឹង​នាំ​ឱ្យ​មាន​ការ​កើត​ចេញ​ជា​គម្រោង «ឆាប់​មាន​រហ័ស» និង​គម្រោង​ប្រកប​ដោយ​មហិច្ឆតា​ធំៗ​ផ្សេង​ទៀត​ដែល​មាន​បំណង​ពង្រឹង​កេរិ៍្តឈ្មោះ​របស់​សេដ្ឋី។ គម្រោង​មួយ​ចំនួន​បាន​ខកខាន​លេច​ចេញ​ជា​រូបរាង​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​គម្រោង​អគារ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​និង​គម្រោង​រមណីយដ្ឋាន​តាម​បណ្តោយ​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​ផង​ដែរ។

អ្នកស្រី Sylvia Nam អតីត​សាស្រ្តាចារ្យ​ជំនួយ​នៃ​សាកលវិទ្យាល័យ University of California, Irvine ដែល​បាន​សិក្សា​អំពី​ការ​ព្យាករណ៍​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​ប្រាប់​វីអូអេ​ថា ឧកញ៉ា​មិន​សូវ​ល្បី​ឈ្មោះ​អាច​ចាប់ផ្តើម​គម្រោង​អចលនទ្រព្យ​ដើម្បី​ជំរុញ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន ប៉ុន្តែ​ខ្វះ​ថវិកា​និង​បទពិសោធន៍។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ពលរដ្ឋ​ទិញ​គម្រោង​ដែល​លក់​ដោយ​បុគ្គល​ដែល​មាន​បណ្តាញ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​អ្នក​មាន​អំណាច ឬ​បុគ្គល​ដែល​តាំង​ខ្លួន​ហាក់​ដូចជា​មាន​បណ្តាញ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​អ្នក​មាន​អំណាច ប៉ុន្តែ​ប្រហែល​ជា​បណ្តាញ​ទំនាក់ទំនង​នោះ​មិន​សូវ​ជា​ជិតស្និទ្ធ​ដូច្នេះ​នោះ​ទេ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «បន្ទាត់​ព្រំដែន​រវាង​អ្វី​ដែល​ស្រប​ច្បាប់​និង​អ្វី​ដែល​មិន​ស្រប​ច្បាប់​គឺ​កើត​មាន​នៅ​ពេល​ណា​ដែល​មាន​ភាព​ជោគជ័យ​តែ​ប៉ុណ្ណោះ។ ហើយ​សូម្បី​តែ​ពេល​ណា​ដែល​មាន​ភាព​ជោគជ័យ​ក៏ដោយ​គឺ​នៅតែ​មិន​ច្បាស់»។

ការ​ចោទ​ប្រកាន់​ទាំង​នេះ​ក៏​បាន​កើតឡើង​ផង​ដែរ​នៅ​ពេល​មាន​ភាព​ជាប់​គាំង​ជា​ទូទៅ​នៅ​ក្នុង​វិស័យ​សំណង់។

លោក Ross Wheble ប្រធាន​តំណាង​ប្រទេស​ប្រចាំ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ Knight Frank Cambodia បាន​ប្រាប់​វីអូអេ​ថា អតិផរណា​ខ្ពស់​និង​ការ​ដំឡើង​អត្រា​ការប្រាក់​ដោយ​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​មាន «ផល​ប៉ះពាល់​ដោយ​ផ្ទាល់» លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ជា​ពិសេស​គម្រោង​បុរី ដែល​អ្នក​ទិញ​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​បង់​ប្រាក់​សំណង​លើ​អចលនទ្រព្យ។

លោក Wheble ថ្លែង​ថា៖ «នេះ​នាំ​ឱ្យ​មាន​ការ​ធ្លាក់ចុះ​នៅ​ក្នុង​វិស័យ​សំណង់ ជា​ពិសេស​នៅ​ក្នុង​វិស័យ​លំនៅដ្ឋាន ដោយ​ក្រុមហ៊ុន​សំណង់​មួយ​ចំនួន​ឥឡូវ​នេះ​កំពុង​ប្រឈម​នឹង​ការ​លំបាក​ផ្នែក​លំហូរ​សាច់​ប្រាក់»។

លោក អ៊ឹង ឆាយ ដែល​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​កំពត​និង​ជា​អភិបាល​រង​ខេត្ត​កំពត បាន​ថ្លែង​ប្រាប់​វីអូអេ​ថា លោក​មិន​អាច​ប៉ាន់ស្មាន​ថា ពលរដ្ឋ​ប៉ុន្មាន​នាក់​បាន​រងគ្រោះ​ដោយសារ​គម្រោង​វិនិយោគ​ដីធ្លី​ឆបោក​នោះ​ទេ ប៉ុន្តែ​លោក​ថា «គ្រួសារ​ជា​ច្រើន» បាន​រងគ្រោះ។ ជន​រងគ្រោះ​ក៏​មាន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដទៃ​ទៀត​ផង​ដែរ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «យើង​បាន​ចាត់​ចំណាត់ការ​ដោយ​ស្នើ​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​ដូចជា​ធនាគារ​ជាដើម​មាន​ការ​យោគយល់។ ខាង​ធនាគារ​បាន​យោគយល់ ហើយ​បាន​សម្រួល​ចំណាត់ការ​របស់​ពួកគេ [ក្នុង​ការ​ប្រមូល​កម្ចី] ខណៈ​យើង​រង់ចាំ​ការ​ដោះស្រាយ»៕

ប្រែ​សម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG