ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃ​ប្រេងសាំង​បន្ត​កើន​ខ្ពស់​​ស្រប​ពេល​ពលរដ្ឋ​​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព


រូបឯកសារ៖ បុរសម្នាក់កំពុងចាក់សាំងដាក់ដប នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៨។
រូបឯកសារ៖ បុរសម្នាក់កំពុងចាក់សាំងដាក់ដប នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៨។

ខណៈតម្លៃ​ប្រេង​សាំង​លើកឡើង​៤០០​រៀល​បន្ថែម​ទៀត​ គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ​ ពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ត្អូញត្អែរ​ពី​ការ​លំបាកថា ជាការ​ដាក់បន្ទុក​បន្ថែមទៀត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ។

កំពុង​អង្គុយ​ចាំ​ម៉ូយ​លោក ញ៉ែម សុគាសា អាយុ​៣២ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់បី​ ក្នុង​រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​ថា​ លោក​ពិបាក​ក្នុង​ការ​ទទួល​យក​ការ​ហក់​ឡើងនៃ​តម្លៃ​សាំង​ខ្ពស់​បែប​នេះ ដោយ​លោក​ថា​វា​មាន​ភាព​ពិបាក​ខ្លាំង​សម្រាប់​ការ​ចំណាយ​លើ​ជីវភាព​ប្រចាំ​ថ្ងៃរបស់​លោក។

លោកថ្លែងថា៖ «ពេល​កំពុង​រត់​រាល់​ថ្ងៃ​ហ្នឹងគឺវា​ពិបាក​ណាស់​ទៅ​ហើយ គឺរក​អត់​បានទេ​មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោរ ឥឡូវ​ដល់​ពេល​ឡើង​ថ្លៃសាំង​ទៀត​កាន់​តែ​បន្ទុក​ខ្លាំង​ទៀត​»។

លោក​បន្ដថា ខណៈ​ចំណូល​របស់​លោក​មានការ​ធ្លាក់​ចុះ ​ដោយរក​បាន​ត្រឹម​៣ម៉ឺន​រៀល ឬ​តិច​ជាង​នេះក្នុង​មួយ​ថ្ងៃ ​លោក​ចង់​ឲ្យ​តម្លៃ​សាំង​មក​ត្រឹម​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន​។

លោក​ថ្លែង​ថា៖ «ចង់​បាន​ត្រឹម​៣៥០០​រៀល ក្នុង​មួយ​លីត្រ​សាំង​ធម្មតា»។

អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នេះ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ឡើង​កាន់​តំណែង​នា​ចុង​ខែ​សីហា​នេះ ​ទប់​ស្កាត់ និង​សម្រួល​ដល់​តម្លៃ​ប្រេង​សាំង ​ក៏​ដូចជា​ទំនិញ​ផ្សេងៗ​ដែល​កំពុង​កើនឡើង​នេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​រូបនេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជាបាន​ជូន​ដំណឹង​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​ ១០ ខែ​សីហា​នេះ ប្រេង​សាំង​ធម្មតា​មាន​តម្លៃ​ ​៤,៥៥០ រៀល​ក្នុង​មួយ​លីត្រ ដែល​កើន​ឡើង​ចំនួន​៤០០​រៀល បើ​ធៀប​នឹង​សប្ដាហ៍​មុន។

រូបឯកសារ៖ ស្ត្រីម្នាក់កំពុងចាក់សាំងដាក់ដបសម្រាប់អាជីវកម្មរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩។
រូបឯកសារ៖ ស្ត្រីម្នាក់កំពុងចាក់សាំងដាក់ដបសម្រាប់អាជីវកម្មរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩។


ក្រសួង​ពាណិជ្ជកម្ម​បាន​ជូន​ជា​ដំណឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​បញ្ជាក់នៅ​រាល់​ពេលប្រកាស​ពី​តម្លៃ​សាំងទាំង​នេះ​ថា គឺជា​តម្លៃ​ដែល​បាន​ចុះ​ថ្លៃ​ពី​តម្លៃ​ពិត​ប្រាកដ​ដោយសារ​មាន​ការ​សម្រួល​ពី​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​ឥន្ធនៈ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន។

ស្រដៀងនឹង​លោក ញ៉ែម សុគាសា​ ដែរ កញ្ញា មឿន ឡា អាយុ​២២ឆ្នាំ និស្សិត​ផ្នែក​អក្សរសាស្រ្ដ​ខ្មែរឆ្នាំទី២ យល់ថា ការ​ឡើង​ថ្លៃ​សាំង​ហាក់​ជា​សម្ពាធ​ដែល​ត្រូវ​ការ​ចំណាយ​ច្រើន​ជាង​មុន​ ដោយ​ហេតុ​ថា​ កញ្ញា​មក​ពី​បណ្ដា​ខេត្ត និង​មិន​ទាន់​មាន​ការងារ។

កញ្ញា​ថ្លែង​ថា៖ «កាល​សាំង​អត់​ទាន់​ឡើង​ថ្លៃ​ យើង​មក​ពី​ស្រុក​ យើង​ចំណាយ​លុយ​ក្នុង​មួយ​អាទិត្យ​ យើង​អត់​ដល់​១០ម៉ឺន​អីទេ​ ដល់​ពេល​ចាប់​ផ្ដើម​សាំង​ឡើង​ថ្លៃ​អ៊ីចឹង​ មួយ​អាទិត្យ​ឡើង​ដល់​១០ម៉ឺន​ជាង ជិត​២០ម៉ឺន​ ព្រោះ​ត្រូវ​ការ​ជិះ[ម៉ូតូ]ទៅ​មក ​ជិះ​ទៅ​សាលា​ទៅ​ផ្ទះ​ជួល​អ៊ីចឹង»។

កញ្ញាបន្ថែមថា ការ​ឡើង​ថ្លៃ​នេះ​អាច​ធ្វើ​ឱ្យប៉ះពាល់​ដល់​ការ​ចំណាយ​លើការ​សិក្សា​របស់​កញ្ញា ខណៈ​កញ្ញា​ក៏​ត្រូវ​បង់ថ្លៃ​ការ​ស្នាក់​នៅ និង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេងៗ។

កញ្ញា​ប្រាប់​វីអូអេ​ថា​៖ «ពេល​ខ្លះ​យើង​គិត​ថា លុយ​នេះចង់​ទិញ​សៀវភៅ​អញ្ចឹង ប៉ុន្ដែ​យើង​ឃើញ​ថា​សាំង​ម៉ូតូ​អស់​ហើយ ហើយ​វា​ឡើង​ថ្លៃ​ទៀត យើង​ត្រូវ​ចំណាយ​លុយ​ដែល​យើង​ចង់​ទិញ​សៀវភៅ​យក​ទៅ​ចាក់​សាំង​អ៊ីចឹង​វិញ»។

និសិ្សត​រូប​នេះ​ចង់ឃើញ​អ្នក​ដឹកនាំ​ថ្នាក់​លើ​យក​ចិត្ត​ទុក​ដាក់​ជួយ​បន្ធូ​បន្ថយ​ការ​លំបាក​នៃ​ការ​ឡើង​ថ្លៃសាំង​ឲ្យ​បាន​ឆាប់ៗ។

រូបឯកសារ៖ បុគ្គលិករបស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៤។
រូបឯកសារ៖ បុគ្គលិករបស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៤។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍ លើក​ឡើង​ថា ការ​ឡើង​ថ្លៃ​តម្លៃ​សាំង​ គឺ​ដោយសារតែ​មាន​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​ការ​កើន​ឡើង​ខ្ពស់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​សាំង​កើន​ឡើង​ជា​សកល។

លោក​ថ្លែង​ថា៖ «ចំពោះ​ការ​ឡើង​ថ្លៃ​ប្រេងសាំង​នេះ​ តាម​អ្វី​ដែល​ខ្ញុំ​តាម​ដាន​មើល​គឺ​យើង​ឃើញ​ថា​ ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ហ្នឹង​ មាន​ការ​កើន​ឡើង​ខ្ពស់។ កើន​ឡើង​រហូត​តាម​តែ​ខ្ញុំ​បាន​តាមដាន​ហ្នឹង​ ប្រហែល​បី​សប្តាហ៍​ហើយ​គឺ​កើន​ជា​រៀងរាល់​ពេល»។

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ព្យាយាម​ជួយ​សម្រួល​ការ​ឡើង​ថ្លៃ​សាំង​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ប៉ុន្តែលោក​ថា អន្តរាគមន៍​របស់​រដ្ឋាភិបាល​អាច​ធ្វើ​បាន​ក្នុង​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា​ ការឡើង​ថ្លៃ​ប្រេង​សាំង​នេះ​បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ចំណាយ​ច្រើន​ជាង​មុន​ទៅ​លើ​ជីវភាព​របស់​គាត់។ លោក​ថា ប្រជាជន​កម្ពុជា​គួរ​តែផ្លាស់​ប្តូរ​ឥរិយាបថ​នៃ​ការ​ប្រើ​ប្រាស់​ថាមពល​ប្រេងឥន្ធនៈ ដោយ​ងាក​មក​ប្រើ​ថាមពល​ផ្សេងៗ​ជំនួសវិញ។

លោក​ថ្លែង​ថា៖ «មធ្យោបាយ​ដែល​សម្រាប់​ទប់​ការឡើង​ថ្លៃ​ប្រេងទៅ​ខាង​មុខ​ គឺការ​ផ្លាស់​ប្តូរផ្នត់​គំនិត​អ្នក​ប្រើប្រាស់​យាន្ត​ ឱ្យ​ដូរ​មក​ប្រើប្រាស់​អគ្គិសនី​ជាជាង​យាន្ត​ដែល​ប្រើប្រាស់​ដោយសារ​ប្រេង។ ដូច្នេះ​ហើយ​គឺ​កាត់​បន្ថយ​ការប្រើប្រាស់​ តម្រូវ​ការ​ប្រេង​មាន​ការ​ថមថយ​ ថ្លៃ​ប្រេង​មិន​អាច​ហក់​ឡើង​ខ្ពស់​បាន​ទេ»។​

លោក គី សេរីវឌ្ឍន៍ បន្ថែម​ថា​ តម្លៃ​ប្រេង​សាំង​នឹង​បន្ត​ឡើង​ថ្លៃ ហើយ​ថា ​តម្លៃ​ប្រេង​អាច​នឹង​ថយ​ចុះ​លុះ​ត្រា​តែ​សហរដ្ឋអាមេរិក​បញ្ចេញ​ការ​ផ្គត់ផ្គង់​ប្រេង​ដូច​កាល​ពី​មុន។

គួរ​បញ្ជាក់​ថា​ នៅ​ដើម​ឆ្នាំ​២០២២ តម្លៃ​ប្រេង​សាំង​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នីមួយៗ​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់​គួរ​ឲ្យ​កត់​សម្គាល់​ ខណៈ​កម្ពុជា​បាន​ និង​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ពី​អតិផរណា​ ឬ​ការ​ឡើង​ថ្លៃ​ទំនិញ​ដោយ​សារតែ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរន្ត​ផ្គត់ផ្គង់​ទំនិញ​សាកល​លោក​ និង​ការ​កើន​ឡើង​តម្លៃ​ទំនិញ​ ជា​ពិសេស​តម្លៃ​ប្រេង​សាំង​ ដែល​បណ្តាល​មក​ពី​វិបត្តិ​ជម្លោះ​រវាង​ប្រទេស​រុស្ស៊ី​ និង​អ៊ុយក្រែន៕

XS
SM
MD
LG