ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃ​អង្ករ​បន្ត​កើន​ឡើង​​​ស្រប​​ពេល​ពលរដ្ឋ​​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព​​​​​


រូប​ឯកសារ៖ អង្ករ​បួន​ប្រភេទ ត្រូវបាន​ដាក់​បង្ហាញ​ក្នុង​ហាង​លក់អង្ករ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ អង្ករ​បួន​ប្រភេទ ត្រូវបាន​ដាក់​បង្ហាញ​ក្នុង​ហាង​លក់អង្ករ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ខណៈ​អង្ករ​បាន​ឡើង​ថ្លៃ​ចន្លោះ​ពី​២០០​រៀល​ ទៅ​៥០០រៀល​ក្នុង​មួយ​គីឡូក្រាម ពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញបាន​ត្អូញត្អែ​រ​ថា ការ​ឡើងថ្លៃ​នេះកាន់តែ​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ជីវភាព​របស់​ពួកគេ ខណៈតម្លៃ​សាំង និង​ទំនិញ​ផ្សេង​ទៀត​ក៏​កំពុង​ឡើង​ថ្លៃ។

កំពុង​អង្គុយ​ក្នុង​តូប​លក់​អង្ករ​ អ្នកស្រី​ សែន សុខ​ថៃ អាយុ ៦៣ឆ្នាំ ជា​អ្នក​លក់​អង្ករ​នៅ​ផ្សារ​បឹង​កេង​កង​ ក្នុង​រាជធានី​ភ្នំ​ពេញ​ ប្រាប់​វីអូអេ​ថា​ អង្ករ​សឹង​តែ​គ្រប់​ប្រភេទ​ទាំង​អស់​ឡើង​ថ្លៃ​ចន្លោះ​ពី​២០០រៀល​ ទៅ​៥០០រៀល​ក្នុង​មួយ​គីឡូក្រាម​ ចាប់​តាំង​ពី​ខែ​កក្កដា​មក។ អ្នក​ស្រី​ថា​ ការ​ឡើង​ថ្លៃ​អង្ករ​នេះ​គឺ​មក​ពី​ទិន្នផល​ស្រូវ​ក្នុង​ខែ​នេះ​ ពុំ​សូវ​មាន​ច្រើន​ដូច​ខែ​មុនៗ។

អ្នក​ស្រី​និយាយ​ថា៖ «បើ​និយាយ​ទៅ​ប្រហែល​១ខែ​មុន​វា​ឡើង​ គ្រប់​ប្រភេទ​តែម្តង​។ និយាយ​ទៅ​ពី​មុន​ដូច​ជា​ [អង្ករ] នាង​មិញ​អ៊ីចឹង​ យើង​លក់​ចេញតែ​២ពាន់​ ២ពាន់​បី(រយ)​ ឥឡូវ​ដល់លក់​២ពាន់​៥ [រយរៀល] បាន​យើង​លក់​បាន»។

អ្នក​ស្រីបន្ថែម​ទៀត​ថា​ នៅ​ពេល​អង្ករ​ឡើង​ថ្លៃ​បែប​នេះ​អ្នក​ស្រី​ក៏​ពិបាក​ក្នុង​ការ​លក់​ដូរ​ផងដែរ។
អ្នកស្រី​លើក​ឡើង​ថា៖ «ទីផ្សារ​វា​ឡើង​ថ្លៃ​អ៊ីចឹង​ហើយ​ យើង​ប្រាប់​ម៉ូយ​តាម​ហ្នឹង​ទៅ។ ម៉ូយ​ខ្លះ​ទៅ​ក៏​យល់​ចិត្ត​យើង​ក៏​យក​ទៅ​ ខ្លះ​ទៅ​ក៏​សាញ ​[អត់​ទិញ] អ៊ីចឹង​ដែរ​ វា​មិន​មែន​ចេះ​តែ​ស្រួល​លក់​ទាំង​អស់​ទេ ពេល​ឡើង​អ៊ីចឹង​ទៅ»។

អ្នក​លក់​អង្ករ​រូប​នេះ​បន្ត​ថា​ ភាគ​ច្រើន​អង្ករ​នៅ​តាម​ទីផ្សារ​ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​មាន​កាឡើង​ថ្លៃ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត ប៉ុន្តែ​អ្នក​ស្រី​ថា​ បើ​តម្លៃ​ស្រូវ​របស់​កសិករ​វិញ​ហាក់ចុះ​ថោក​ទៅ​វិញ។

អ្នកស្រី​ថា៖ «និយាយ​ទៅ​ការចង់​បាន​ យើង​អ្នក​លក់​ចង់​បាន​ថោក​ប៉ុន្តែ​យើង​ចង់​មិន​បាន​ដូច​ចិត្ត។ តម្លៃ​ស្រូវ​អង្ករ​វា​ឡើង​ប៉ុណ្ណឹង​វា​មិន​សំខាន់​ទេ​ សម្រាប់​កសិករ​គ្នា​ធ្វើ​គ្នា​បាន​ហត់​នឿយ​ហើយ​បាន​តិច។ ហើយ​គ្នា​លក់​វិញ​ជួនកាល អ្នក​ស្រែ​បើ​ខ្ញុំ​មាន​បងប្អូន​ធ្វើ​ស្រែ​វិញ​ថា​ អង្ករ​ឡើង​ថ្លៃ​តែ​អ្នក​ដែល​នៅ​ភ្នំពេញ​ទេ ប៉ុន្តែ​អ្នក​ដែល​នៅ​ទិញ​ស្រូវ​នៅ​ឯណោះ​មិន​សូវ​បាន​ឡើង​ទេ»។

ចំណែក​អ្នកស្រី ថៃ ចាន់ធី អាយុ​៤៨ឆ្នាំ​ប្រាប់​វីអូអេ​ថា ស្រប​ពេល​ដែល​អង្ករ​ឡើង​ថ្លៃ​នេះ​បាន​ធ្វើ​ឱ្យអ្នក​ស្រីជួប​ការ​លំបាក​ក្នុង​ការ​រកស៊ី ដោយ​អ្នក​ស្រី​ថា​ទំនិញ​សព្វ​ថ្ងៃ​គឺ​មាន​ការ​ឡើង​ថ្លៃ​ច្រើន។

អ្នក​ស្រី​ថ្លែង​ថា៖ «ពិបាក​ការ​រក​ស៊ី ឥឡូវ​វា​រក​អី​ក៏​វា​រៀង​តឹង​ជាង​មុន​ ហើយ​របស់​[របរ] ឡើង​ថ្លៃ​ទាំង​អស់ លក់​អត់​បាន​ទេ។ ទើប​តែ​ខែ​នេះ​ហ្នឹង​គេ​ថា​ឡើង​ថ្លៃ​ មុន​យើង​ទិញ​[មួយបេ] តែ​១១ម៉ឺន​[រៀល] ឥឡូវ​ឡើង​ដល់​ ១២ម៉ឺន​អ៊ីចឹង​ហាស»។

ខណៈ​ចំណូល​មានការ​ធ្លាក់​ចុះ​ អ្នកស្រី​ថៃ ចាន់ធី​ ចង់​ឲ្យ​តម្លៃ​អង្ករ​ក៏​ដូច​ជា​ទំនិញ​ផ្សេងៗ​ទៀត​មាន​ការ​ថយ​ជាង​មុន។

អ្នកស្រី​ថា៖ «ឱ្យ​អង្ករ​ចុះ​ថោក និយាយ​រួម​ទំនិញ​អី​ទាំង​អស់​ឱ្យ​វា​ចុះ​ថោក​ រៀង​ធូរ​ថ្លៃ​បន្តិច​ទៅ។ យើង​ប្រកប​របរ​រក​ស៊ី របស់​ឡើង​ថ្លៃ​ទៅ​យើង​ពិបាក​រក​ឥឡូវ។​ អ្នក​រក​លុយ​ក៏​ពិបាក​រក​ដែរ»។

ស្រដៀង​គ្នា​នេះ​ លោក​យី យ៉ុន អាយុ៥៥ឆ្នាំ ជា​អ្នក​រត់​រម៉ក​កង់បី​ប្រាប់​វីអូអេ​ដែរថា​ សព្វ​ថ្ងៃ​នេះ​ លោក​ពិបាក​ក្នុង​ការ​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ដោយសារចំណូល​ពី​របរ​រត់​រម៉ក​កង់​បី​ត្រូវ​ធ្លាក់​ចុះ ហើយ​ស្រប​ពេល​ដែលអង្ករក៏​ឡើង​ថ្លៃ។​

លោក​បញ្ជាក់​ថា៖ «រត់​រម៉ក​រត់​កង់បី​នេះ​ គឺ​ថា​ពិបាក​មែន​ទែន​ យ៉ាប់​មែន​ទែន​ រក​មួយ​ថ្ងៃ​អត់​ចង់​បាន​១ម៉ឺន​ផង​ក្នុង​មួយ​ថ្ងៃ។ បើ​សិន​ជា​ចំណាយ​ទៅ​លើ​ថ្លៃ​ទិញ​ម្ហូប​អាហារ​ឬ​ក៏​ថា​ទិញ​បាយ​ ជួន​កាល​ទិញ​អង្ករ​យក​ទៅ​ដាំ​ឬ​មួយ​ក៏​ថ្លៃ​ចាក់​សាំង​អ៊ីចឹង​ គឺ​រត់​អត់​រួច​ទេ​ខ្ញុំ។ ជួនកាល​២ថ្ងៃ ទៅ​៣ថ្ងៃ​អត់​ទាន់​បាន​សល់​អី​១ម៉ឺន​ទេ។ សូម្បី​តែ​ម៉ូយ​ធ្លាប់​ជិះ​លែង​សូវ​មាន​ជិះ​អ៊ីចឹង​គឺ​ថា​ យ៉ាប់​មែនទែន​ពិបាក​មែន​ទែន​ រក​អត់​សូវ​បាន​ហើយ​ត្រូវ​ចំណាយ​ច្រើន»។

ពួកគេ​ចង់​ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​តម្លៃ​អង្ករ និង​ទំនិញ​លើ​ទីផ្សារ​ ដើម្បី​ជួយ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋដែល​កំពុង​ប្រឈម​បញ្ហា​ស្រាប់។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ប៉ែន សុវិជាតិ​ អនុរដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម និង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម កញ្ញា​ អ៊ឹម រចនា​ បាន​នៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ។

ការ​ត្អូញ​ត្អែរ​របស់​អាជីវករ និង​ពលរដ្ឋ​ទាំងនេះ ធ្វើ​ឡើង​ខណៈ​ដែល​តម្លៃ​ទំនិញ​លើ​ទីផ្សារ​បន្ត​កើន​ឡើង ជាពិសេស​តម្លៃ​ប្រេង​សាំង​ដែល​ជា​ទំនិញ​ចាំបាច់​ក្នុង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ក៏​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់។

អគ្គ​លេខាធិការ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​លោក លន់ យ៉េង ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះ​ថា ​នា​ពេល​បច្ចុប្បន្ន​នេះ ​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ ដោយ​សា​រការ​ប្រមូល​ផល​ស្រូវ​ដើម​ដៃមិន​ទាន់​ផ្គត់​ផ្គង់​គ្រប់តម្រូវ​ប្រើ​ប្រាស់។ ប៉ុន្តែលោក​ថា ​តម្លៃ​អង្ករនឹងចុះ​ថ្លៃ​មកវិញ​បន្តិច​នៅ​ពេល​ដែល​ប្រជា​កសិករចាប់​ផ្តើម​ប្រមូល​ផល​ស្រូវបាន​ច្រើន។

លោកបញ្ជាក់ថា៖ «ស្រូវ​ឥឡូវ​នេះ​ គាត់​ទើប​តែ​ដល់​ដំបូង​តិចៗ​គឺ​ថា​វា​អត់​ទាន់​ដល់​ពេញ​ ដល់​ពេញ​ចុង​ខែ​៨ អី។ អ៊ីចឹង​ធម្មតា​បរិមាណ​ផ្គត់ផ្គង់​តិច​តម្រូវ​ការច្រើន​តម្លៃ​វា​ឡើង​ថ្លៃ។ នៅ​ពេល​ការប្រមូល​ផល​ច្រើន​ទៅ​...អ៊ីចឹង​តម្លៃ​វា​នឹង​វិល​ត្រឡប់​មក​វិញ ស្រូវ​ចុះ​ថោក​អង្ករ​ក៏​វា​ចុះ​ថោក​ដែរ»។

យ៉ាងយូរចុង​ខែ​សីហា​ខាង​មុខ​នេះបូក​រួមប្រទេស​វៀត​ណាម ​ក៏​នឹង​ប្រមូល​ផល​ស្រូវ​ស្រប​ពេល​ជាមួយ​គ្នានឹង​កម្ពុជា​ ដែលធ្វើ​ឱ្យការនាំចេញ និង​តម្លៃ​ស្រូវ​នឹង​ធ្លាក់​ចុះ​បន្តិច​វិញ។

កាល​ពី​ថ្ងៃទី​៧ ខែ​សីហា​ ឆ្នាំ​២០២៣ ​នៅ​ក្នុងខេត្ត​មួយ​ចំនួន ​ដូច​ជា​នៅ​ខេត្ត​កំពង់ធំ ខេត្ត​កំពង់ឆ្នាំង ខេត្ត​តាកែវ ខេត្ត​ព្រៃ​វែង ខេត្ត​ពោធិ៍សាត់ ខេត្ត​បន្ទាយ​មានជ័យ​ និង​ខេត្ត​បាត់ដំបង គឺ​តម្លៃ​ស្រូវ ​លក់​ចេញ​ក្នុង​តម្លៃ​១២​០០​រៀល ទៅ​១៣០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម។ ​នេះ​បើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​បាន​ផ្សព្វ​ផ្សាយ​លើ​គណនី​ហ្វេស​ប៊ុក​ កាលពី​ថ្ងៃ​ទីចន្ទ​ ទី៧ ខែ​សីហា​នេះ។

បើ​តាម​តម្លៃ​ស្រូវ​សើមក្នុង​ខែ​សីហា​នេះ គឺ​មាន​តម្លៃ​ខ្ពស់​ជាងក្នុង​ខែ​កក្កដា ព្រោះ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​ តម្លៃ​ស្រូវ​សើម​ ក្នុង​ខេត្ត​ទាំង​នោះ ​ទទួល​បាន​តម្លៃ​ចន្លោះ​ពី​១០០០​រៀល ទៅ​១១​០០​រៀល ក្នុង​មួយ​គីឡូ​ក្រាម។ នេះ​បើ​តាម​ព័ត៌មាន​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG