អភិបាល​ខេត្ត​ព្រះសីហនុ​ថ្លែង​ការពារ​ការ​ហូរ​ចូល​នៃ​ជនជាតិ​ចិន​ក្នុង​ខេត្ត​នេះ​​ថា ​ជា​រឿង​វិជ្ជមាន​

រូប​ឯកសារ៖ អគារ​កាស៊ីណូ​មួយ​កន្លែង​របស់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ។ (Reuters)

ករណី​ចោរ​កម្ម​ ​ករណី​វាយតប់​គ្នា​ ​បង​តូច​បងធំ​ ​និង​ការ​ជួញដូរ​គ្រឿង​ញៀន​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​និង​បណ្ដាញ​សង្គម​ជា​បន្តបន្ទាប់​។​

អភិបាល​ខេត្ត​ព្រះ​សីហនុ​ ​លោក យន្ត​ មីន បាន​ថ្លែង​ការពារ​ការ​ហូរ​ចូល​នៃ​ជន​ជាតិ​ចិន​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ដែលមាន​ចំនួនប្រមាណ​ជា៧​ម៉ឺន​នាក់​ ហើយកំពុង​ស្នាក់​ក្នុង​ខេត្តនេះ​ ដោយ​និយាយ​ថា ​បាន​ផ្តល់​ផល​វិជ្ជមាន​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត។​

ព័ត៌មាន​ផ្សព្វ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុនៅ​ថ្ងៃ​សុក្រ​នេះ​បញ្ជាក់​ថា​ ​អគ្គ​នាយក​អន្តោ​ប្រវេសន៍​ ​និង​គណៈ​អភិបាល​ខេត្ត​ព្រះ​សីហនុនៅ​ព្រឹក​ថ្ងៃ​ទី​៧ខែ​កុម្ភៈឆ្នាំ​២០១៩បាន​បើក​កិច្ចប្រជុំ​បូក​សរុប​ការ​ស្រង់​ស្ថិតិ​ជំហាន​ដំបូង​ជន​បរទេស​ស្នាក់​នៅ​ ​និង​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះ​សីហនុ។​ ព័ត៌មាន​ដដែលបង្ហាញ​ថា​ ​ជន​បរទេស​ស្នាក់​នៅ​អចិន្ត្រៃយ៍​ក្នុង​ខេត្ត​ព្រះ​សីហនុ​មាន​ចំនួន៤០.៧៧០​នាក់​ ​ស្រី​៨.៣៨៧​នាក់ ​មាន​៥៧​សញ្ជាតិ​ និង​មាន​អាជីវកម្ម​ធុន​តូច​ចំនួន​១៦៧​ប្រភេទ តាម​គោល​ដៅ​អាជីវ​កម្ម​ចំនួន​២០៥២​កន្លែង។​

ទំព័រ​ហ្វសប៊ុក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នោះបាន​ស្រង់​សម្តី​របស់​លោក យន្ត មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ថា ​អ្នក​វិនិយោគ​ និង​ទេសចរ​ចិន​ស្នាក់​នៅ​ខេត្ត​ព្រះ​សីហនុមាន​ប្រមាណ​ជា​៧​ម៉ឺន​នាក់ ​កំពុង​ផ្តល់​ផល​វិជ្ជមាន​យ៉ាង​ច្រើន​ ​ជួយ​ឲ្យ​ខេត្ត​បង្កើន​កំណើន​សេដ្ឋ​កិច្ច​យ៉ាង​ឆាប់​រហ័ស​ ​ក៏​ប៉ុន្តែ​វា​មាន​ផល​អវិជ្ជមាន​តិចតួច​ដែរ។

ទំព័រ​ហ្វេសប៊ុក​ដដែល​នោះ​បញ្ជាក់​ពី​សម្តី​របស់​លោក ​យន្ត មីន តាម​ន័យ​ដើម​ថា៖​

«លោក​ប៉ាន់​ប្រមាណ​ថា​ មាន​ប្រជា​ពលរដ្ឋ​ពី​៩០​ទៅ​៩៥​ភាគរយ​អបអរ​សាទរ​ចំពោះការ​វិនិយោគ​និង​ទេស​ចរ​ចិន​មក​ខេត្ត​ព្រះ​សីហនុ។​ ​អាជ្ញាធរ​ខេត្តបាន​អនុវត្ត​គោល​នយោបាយ​ការ​កៀរគរ​ចំពោះ​អ្នក​វិនិយោគ​ ​និង​ទេសចរ​ដើម្បី​បង្កើន​ចំណូល​ថវិកា​ជាតិ​ ​បន្ត​ជំរុញ​គ្រប់គ្រង​ជន​បរទេស ធានា​ការពារ​សន្តិសុខ​ ​សុវត្ថិភាព​ដល់​វិនិយោគិន ​និង​ទេសចរ​ ធ្វើ​ឲ្យ​ខេត្ត​មាន​ការ​អភិវឌ្ឍ​លឿន»។​

លោក ​យន្ត មីន ​ត្រូវ​បាន​ស្រង់​សម្តី​បន្ថែម​ថា​ ​ថ្វី​ដ្បិត​ការ​វិនិយោគ​វា​មាន​ផល​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម័្ពន្ធ​ បរិស្ថាន ​ប្រព័ន្ធ​លូ ​ប៉ុន្តែលោក​ថា ​បច្ចុប្បន្ន​មាន​សំណង់​អគារ​ធំ​ខ្ពស់​ប្រមាណ​ជាង​២០០​អគារ​កំពុងកើត​ឡើង​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហនុ ​ព្រម​ទាំង​សង្ឃឹម​ថា​ នឹង​មាន​សំណង់​ជា​ច្រើន​ទៀត​បន្ត​កើត​ឡើង​ជា​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ។

VOA​ ​បាន​ព្យាយាម​ទាក់ទងលោក យន្ត មីន ដើម្បី​បញ្ជាក់​អំពី​ការ​ប៉ាន់​ស្មានចំនួន​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​លោក​បាន​អះអាង​ថា​ មាន​ប្រមាណ​ជា​៩០​ទៅ​៩៥​ភាគ​រយ​ដែល​សាទរវត្ត​មាន​ជនជាតិ​ចិន​ដ៏​ច្រើន​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ។​

ខេត្ត​ព្រះ​សីហនុ​ដែល​ធ្លាប់​តែ​ជា​កន្លែង​ទេសចរណ៍​ដ៏​ប្រសើរ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ ​បាន​ក្លាយ​ជា​កន្លែងដែល​អ្នក​ទេសចរ​ក្នុង​ស្រុក​ព្យាយាម​ចៀស​វាង​ ​ដោយ​សារ​តែ​ការ​កើន​ឡើង​ដ៏​គំហុក​នៃ​ជន​ជាតិ​ចិន​ ​និង​កាស៊ីណូ​នៅ​តំបន់​នោះ។

មាន​ការ​បញ្ចេញ​មតិ​រិះគន់​ជាច្រើន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​រឿង​ការ​ហូរ​ចូល​យ៉ាង​គំហុក​របស់​ជនជាតិ​ចិន​មកកាន់​ខេត្ត​ព្រះ​សីហនុ។​

ករណី​ចោរ​កម្ម​ ​ករណី​វាយតប់​គ្នា​ ​បង​តូច​បងធំ​ ​និង​ការ​ជួញដូរ​គ្រឿង​ញៀន​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិនត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​និង​បណ្ដាញ​សង្គម​ជា​បន្តបន្ទាប់​ផង​ដែរ។​

អ្នកស្រី​ ជាប សុភារី ​មន្ដ្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​នៅ​ខេត្ត​ព្រះ​សីហនុ ​ប្រាប់​ ​VOA ​ថា ​កំណើន​ជនជាតិ​ចិន​យ៉ាង​គំហុក​បាន​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ​ប៉ុន្តែ​អ្នកស្រី​ថា​ ​អ្នក​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​អភិឌ្ឍ​ដែល​ពោរពេញ​ដោយ​ជនជាតិ​ចិន​ទាំងនោះ​ភាគ​ច្រើន​ជា​អ្នក​មាន​អំណាច និង​អ្នក​មាន​អចលន​ទ្រព្យ​ច្រើន។​ អ្នកស្រីបន្ថែម​ថា ប្រជា​ពលរដ្ឋ​ធម្មតា​កំពុង​ប្រឈម​នឹង​ជីវភាព​រស់នៅ​យ៉ាង​ខ្លាំង​ដោយ​សារ​ជនជាតិ​ចិន​ទាំង​នោះ​ដណ្តើម​យក​មុខ​របរ​ពី​ប្រជា​ពលរដ្ឋ សូម្បីតែប្រភេទ​មុខ​របរ​តូច​តាច។

អ្នកស្រី​បញ្ជាក់​ថា៖​

«ពិតមែន​តែ​មនុស្ស​ច្រើន​មែន​ ប៉ុន្តែ​ទំនិញ​វា​ថ្លៃ​ ហើយ​មនុស្ស​ច្រើន​ហ្នឹង​ ​ ផ្ទះ​ជួល​ក៏​ឡើង​ថ្លៃ​ដែរ។​ អ៊ីចឹង​សម្រាប់​មនុស្ស​មួយ​ចំនួន​ ​គេ​មាន​អគារ មាន​ដី​មាន​អី​ ​គាត់​សប្បាយ​ចិត្ត​ណាស់​ ​គាត់​មិន​ចាំបាច់​ពិបាក​រកស៊ី​រកអី​ទេ​ ​មួយ​ខែៗ​គេ​រក​ចំណូល​បាន​រាប់ម៉ឺន។ ​គេ​ចាំ​តែ​យក​លុយ​ហ្នឹង។ ​ហើយ​អ្នក​ដែល​យ៉ាប់យ៉ឺនហ្នឹង​គឺ​មុខរបរ​គាត់​មួយ​ចំនួន​គឺ​គាត់​រក​អត់​បាន​ដូច​មុន​ទេ។ រកស៊ី ​ចិន​គាត់​រក​ស៊ី​បើក​ទាំង​ហាងគុយទាវ​ ហាង​បាយ​ ​ហើយ​នៅ​កំពង់សោម​កន្លែង​ក៏​មាន​ផ្លាក​ចិន​ដែរ»។​

កាល​ពី​ខែ​មករាឆ្នាំ​២០១៨​ ​លោក យន្ត មីន​ ​អភិបាល​ខេត្ត​ព្រះ​សីហនុ​ ​បាន​ផ្ញើ​របាយ​ការណ៍​មួយ​ជូន​ក្រសួង​មហា​ផ្ទៃ​ ​ដែលក្នុង​របាយ​ការណ៍​នោះ​មាន​បង្ហាញ​អំពី​លំហូរ​ជនជាតិ​ចិន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ និង​ការ​កើន​ឡើង​នូវ​ឧក្រិដ្ឋ​កម្ម។​ លោកយន្ត មីន​បន្ថែម​ក្នុង​របាយ​ការណ៍​នោះ​ថា​ ​អ្នក​ចូល​លេង​ល្បែង​នៅ​កាស៊ីណូនិង​ក្លឹប​កម្សាន្ត​ជជែក​គ្នា​ឡូឡា​កង​រំពង​ ​និង​បញ្ហា​អ្នក​បើក​រថយន្ត​ជន​ជាតិ​ចិន​គ្មាន​ប័ណ្ណ​បើក​បរ​នានាគឺ​ជា​ដើម​ចម​នៃ​ការ​ព្រួយ​បារម្ភ​ ​ហើយអាជីវករ​ក្នុង​ខេត្ត​ព្រះ​សីហនុ​មិន​សប្បាយ​ចិត្ត​ដោយ​សារអាជីវកម្ម​របស់​ចិន​បាន​ជ្រៀត​ជ្រែកដណ្ដើម​ឆ្នាំង​បាយ​របស់​ពួកគេ។​ លោក​បាន​លើក​ឡើង​ពី​ចំណុច«អវិជ្ជមាន»​ចំនួន​ជាង​១០​ចំណុច​ ​ដែល​ពាក់​ព័ន្ធ​នឹង​ជនជាតិ​ចិន​ ​ដែល​ក្នុង​នោះ​មាន​ទាំង​ការ​កើនឡើង​នូវ​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​ក្រុម​បង​ធំ​បង​តូច​ផង​ដែរ។

របាយការណ៍​ប្រចាំ​ខែ​កក្កដាឆ្នាំ២០១៨របស់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ព្រះ​សីហនុ​បង្ហាញ​ថា​ ខេត្ត​ព្រះ​សីហនុ​មានប្រជាជន​សរុប​ចំនួន​ជាង​២​សែន​នាក់​ ​(២១២.២៥៨​នាក់)។​ ​បើ​ធៀប​នឹង​តួលេខ​នេះ​ ​ចំនួន​ជនជាតិ​ចិន​ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រះ​សីហនុ​មាន​ប្រមាណ​ជា​ជាង​៣០​ភាគ​រយ។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​ប្រាប់​ VOA ​ថា​ ​ជនជាតិ​ចិន​ដែល​ជា​ចំណូល​ថ្មី​នៅ​កម្ពុជា​មាន​អត្តចរិត​ខុស​ពី​ជនជាតិ​ចិន​ដែល​កំពុងរស់​នៅ ​និង​មាន​សញ្ជាតិ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន។ ​លោក​បន្ថែម​ថា​ ការ​បណ្តោយ​ឲ្យ​ជន​ជាតិ​ចិន​ចូល​មក​រស់នៅតាម​បែប​ប្រមូល​ផ្តុំក្នុង​តំបន់​តែមួយកាន់​តែ​ច្រើន​ឡើងៗ​នេះនឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ជនជាតិ​ចិន​ទាំង​នោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«គេ​មិន​ឲ្យ​រស់នៅ​ផ្តុំគ្នា​ច្រើន​អ៊ីចឹង​ទេ! ​ ម៉េច​បាន​អ៊ីចឹង? ​គឺ​ជនជាតិ​ហ្នឹង​ ​ បើ​ប្រៀប​ធៀប​នឹង​ជនជាតិ​យើង ​គេ​ខ្លាំង​ជាង ​ហើយ​គេ​មាន​មធ្យោបាយ​ច្រើន ​គេ​មាន​ជាង​ គេ​បាន​ទទួល​ការគាំទ្រ​ពី​រដ្ឋាភិបាល​ចិន​ ហើយ​រដ្ឋាភិបាល​ចិន​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ខ្មែរ។​ ​អ៊ីចឹង​គេ​មក​ហ្នឹង​គេ​អាង​យ៉ាង​ច្បាស់​ណាស់ ដូចជា​ខ្ញុំ​ហៅ​ថា​អាណានិគមជនគឺ​មក​ធ្វើ​អាណានិគម»។​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ដែល​កំពុង​ងាក​ចេញ​ពី​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​និង​ចាប់ដៃ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​ប្រទេស​ចិន​បាន​ថ្លែង​កាល​ពី​ពាក់​កណ្តាល​ខែ​មករា​នេះ​ថា ​ចិន​គឺជា​ប្រទេសវិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា​ ​ជា​ពិសេសលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ​ស្ពាន​ ​ស្ពាន​អាកាស​ ​និង​វារី​អគ្គិសនី​ជា​ដើម។ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន​បាន​កើន​ឡើង​ដល់​៥៦០០​លាន​ដុល្លារ។​

លោក​នាយករដ្ឋមន្រ្តី​ដែល​កាន់​អំណាច​ជាង​៣៤​ឆ្នាំ​រូប​នេះ​ក៏​បាន​បន្ថែម​ថា ​កម្ពុជា​ចង់​ឲ្យ​ទេសចរ​ចិន​កើន​ឡើង​យ៉ាង​ហោច​ណាស់​ប្រាំ​ដងធៀប​នឹង​ចំនួន​ទេសចរ​ចិន​ក្នុង​ឆ្នាំ​២០១៨​ ដែល​មាន​ចំនួន​ត្រឹមតែ១,៩​លាន​នាក់​ ដើម្បី​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា។​

ទំនាក់​ទំនង​រវាង​កម្ពុជានិងចិន​មាន​ការ​កើន​ឡើង​ជា​លំដាប់ក្នុង​រយៈ​ពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ខណៈ​កម្ពុជា​ត្រូវ​បាន​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ចោទ​ថា ​កំពុង​ដើរ​បញ្ច្រាសលទ្ធិ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរ​លើ​ក្រុម​ជំទាស់​ អង្គការ​សង្គម​ស៊ីវិល​ ​សារព័ត៌មាន​ឯករាជ្យ ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ២០១៧។​ ការ​បង្ក្រាប​ទាំង​នោះ​បាន​ធ្វើ​ឲ្យបក្ស​កាន់​អំណាច​របស់​លោកហ៊ុន សែន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​ និង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស៕