ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅខេត្តជាប់មាត់សមុទ្រចំនួន៣ មានការថយចុះពី១៣ភាគរយ ដល់៥៦ភាគរយ ដោយសារស្ថានភាពផ្លូវនិងអាកាសធាតុមិនអំណោយផល។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង ១.២លាននាក់ បានចេញទៅកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅទូទាំងប្រទេស។ ចំនួននេះកើនឡើងជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានេះក្នុងឆ្នាំ២០១៧។
ក្នុងរបាយការណ៍នោះបញ្ជាក់ថា សម្រាប់ខេត្តចំនួនបីដែលជាខេត្តមានសក្តានុពលដោយសារសមុទ្រ មានចំនួនទេសចរទាំងជាតិ និងអន្តរជាតិធ្លាក់ចុះ ក្នុងនោះរួមមាន ខេត្តកោះកុងធ្លាក់ចុះចំនួន៥៦ភាគរយ ស្មើនឹងជាង៥ពាន់៦រយនាក់ ខេត្តព្រះសីហនុធ្លាក់ចុះចំនួន១៣,៤៦ភាគរយ ស្មើនឹងជាង១ម៉ឺននាក់និងខេត្តកែបធ្លាក់ចុះចំនួន២៦,៣៧ ភាគរយ ស្មើនឹងជាង១ម៉ឺន៤ពាន់នាក់។ យ៉ាងណាក្តីរបាយការណ៍នោះបញ្ជាក់ថា បើគិតតែចំនួនភ្ញៀវទេសចរអន្តរជាតិ ក្នុងខេត្តព្រះសីហនុមានការកើនឡើងចំនួន៣៩,៣៤ភាគរយ ខណៈភ្ញៀវទេសចរជាតិថយចុះចំនួន១៦,២៧ភាគរយ។
ក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍ដដែលនោះត្រូវបានសរសេរបញ្ជាក់ក្នុងន័យដើមថា៖ «ស្ថិតិនៃភ្ញៀវទេសចរទៅកាន់ខេត្តតំបន់ឆ្នេរមានការធ្លាក់ចុះ ដោយសារតែស្ថានភាពផ្លូវមិនសូវអំណោយផល (រងការខូចខាតខ្លាំងដោយសារជំនន់ទឹកភ្លៀង) និងមួយវិញទៀត ក្នុងរយៈពេលបីថ្ងៃនេះ មានភ្លៀងធ្លាក់នៅតំបន់មួយចំនួន។ ប៉ុន្តែភ្ញៀវទៅលេងខេត្តកំពតកើនឡើងខ្លាំង ជាពិសេសនៅរមណីយដ្ឋានបូកគោនិងទឹកឈូ»។
ក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍នោះបានបញ្ជាក់បន្ថែមថា ការរៀបចំរមណីយដ្ឋាននិងគោលដៅទេសចរណ៍ក្នុងខេត្តនីមួយៗមានការរីកចម្រើន ខណៈសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរផងដែរ។
អ្នកស្រី ឆៃ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាប្រាប់ VOA នាល្ងាចថ្ងៃព្រហស្បតិ៍នេះថា ការថយចុះចំនួនភ្ញៀវទេសចរតាមបណ្តាខេត្តមាត់សមុទ្រនេះ គឺបណ្តាលមកពីកង្វះខាតការផ្តល់សេវាកម្ម ដោយសារកំណើនភ្ញៀវទេសចរចិនកើនឡើងយ៉ាងគំហុក។
អ្នកស្រីបញ្ជាក់ថា៖
«នៅខាងប៉ែកខេត្តព្រះសីហនុហ្នឹងយើងមើលឃើញថា ភ្ញៀវទេសចរចិនហ្នឹងគឺគាត់កើនឡើងយ៉ាងគំហុក គួរឲ្យកត់សម្គាល់។ ហើយគាត់ប្រើប្រាស់យកសេវាកម្មហ្នឹងទាំងអស់ហ្នឹង អញ្ចឹងធ្វើឲ្យសេវាកម្មសល់តិចតួចទាំងអស់ហ្នឹងក៏បានតម្លើងថ្លៃរៀងៗខ្លួន ទាំងភោជនីយដ្ឋាន អាហារដ្ឋាន ក៏ដូចជាសេវាកម្មស្នាក់នៅ។ គាត់ឡើងថ្លៃទាំងអស់»។
អ្នកស្រីបន្ថែមថា អាជ្ញាធរគួរដោះស្រាយបញ្ហាដែលកំពុងកើតឡើងឲ្យមានប្រសិទ្ធភាព ជៀសវាងការបន្តធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាទូទៅ។
អ្នកស្រីមានប្រសាសន៍ថា៖
«អាជ្ញាធរដែនដី ក៏ដូចជាស្ថាប័នពាក់ព័ន្ធហ្នឹង គួរតែរៀបចំឡើងវិញដើម្បីធ្វើឲ្យទំនិញទាំងអស់ហ្នឹងមានរៀបរៀបរយឡើងវិញ យើងមិនអាចឲ្យគាត់ឡើងថ្លៃស្រេចតែចិត្តអញ្ចឹងទេ គួរតែមានតម្លៃណាមួយទុកសម្រាប់ប្រជាពលរដ្ឋក្នុងស្រុករបស់យើង ដើម្បីឲ្យគាត់បានស្គាល់ពីកន្លែងដ៏ស្រស់ផូរផង់របស់យើងផង»។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាចេញកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៨ បញ្ជាក់ថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០១៨ ដែលមានការកើនឡើង១២,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិនមានចំនួនជាង៩សែន៣ម៉ឺននាក់ ដែលចំនួននេះមានការកើនឡើង៧៥,៨ភាគរយ។
របាយការណ៍នៃការថយចុះចំនួនភ្ញៀវទេសចរទៅទស្សនាខេត្តជាប់មាត់សមុទ្រនេះ ធ្វើឡើងស្របពេលមាត់សមុទ្រក្នុងខេត្តព្រះសីហនុកំពុងរងការវាយប្រហារជាបន្តបន្ទាប់ ពីការចាក់ដីលុបឆ្នេរពីសំណាក់អ្នកមានអំណាច និងខណៈដែលកំប្លោក និងត្រគៀត កំពុងវាយលុក ធ្វើឲ្យបាត់បង់សោភ័ណឆ្នេរ និងសមុទ្រយ៉ាងខ្លាំង។ ការណ៍នេះត្រូវបានអ្នកស្រី ឆៃ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលើកឡើងថា នឹងអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់កម្ពុជា ដែលជាប្រទេសមានឆ្នេរសមុទ្រមួយជាប់ចំណាត់ថ្នាក់ស្អាតលើពិភពលោក៕