លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានប្រាប់ប្រជាពលរដ្ឋកុំឲ្យបារម្ភពីកំណើនជនជាតិចិនដែលកំពុងស្នាក់នៅប្រទេសកម្ពុជា ដោយលោកអះអាងថា ជនជាតិចិនដែលមកស្នាក់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាអ្នកវិនិយោគ និងអ្នកទេសចរណ៍ដែលនាំយកលុយ និងចំណូលមកឲ្យកម្ពុជាប៉ុណ្ណោះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាកលវិទ្យាល័យក្រចេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ជនជាតិចិនដែលកំពុងមកធ្វើទេសចរណ៍ និងវិនិយោគនៅកម្ពុជាបច្ចុប្បន្ន មានចំនួនជាង១លាននាក់។ លោកថា ពលរដ្ឋចិនទាំងនេះ កំពុងផ្ដល់ចំណូលយ៉ាងច្រើនសម្រាប់កម្ពុជា។
លោកបន្ថែមថា ជនជាតិចិនដែលកំពុងធ្វើការក្នុងវិស័យសំណង់នៅកម្ពុជា មានចំនួនច្រើន ដោយសារកម្ពុជាខ្វះធនធានមនុស្ស ស្របពេលដែលការវិនិយោគរបស់បរទេស មានការកើនឡើងខ្ពស់។
ទន្ទឹមនឹងការប្រាប់ប្រជាពលរដ្ឋខ្មែរកុំឲ្យបារម្ភពីកំណើនជនជាតិចិន លោក ហ៊ុន សែន ក៏បានហៅការរិះគន់ចំពោះបញ្ហានេះថាអគតិ។
លោកមានប្រសាសន៍ថា៖
«មួយរយៈពេលចុងក្រោយនេះ មានមតិមួយចំនួនដែលជាមតិអគតិទាំងស្រុង។ មានការរិះគន់ទៅលើក្រុមហ៊ុនចិន ជនជាតិចិនមកកម្ពុជា តែខ្ញុំសូមបញ្ជាក់ជូនថាតើជនជាតិចិនមកកម្ពុជានេះ គេមករបៀបម៉េច? ទី១ ទេសចរណ៍១លាន២សែននាក់ នាំមកនូវប្រាក់ចំណូលពីប្រទេសចិនមកកាន់កម្ពុជាច្រើនណាស់។ អាហ្នឹងត្រូវយល់ កុំឲ្យឃើញថាចិន ចេះតែនាំគ្នាគេ ចិនមិនមកនៅស្រុកខ្មែរទេ»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា ជនជាតិចិនដែលមកវិនិយោគ ឬកំពុងធ្វើការងារផ្សេងៗពាក់ព័ន្ធនឹងបច្ចេកទេស ឬការងារសាងសង់នៅកម្ពុជា នឹងត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ក្រោយការបញ្ចប់ការងារ និងបន្ទាប់ពីកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការបំពេញការងារបច្ចេកទេសទាំងនោះ។
យ៉ាងណាក៏ដោយ កំណើនវត្តមានជនជាតិចិនលើទឹកដីកម្ពុជាដ៏ច្រើន កំពុងបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសេដ្ឋកិច្ចនៅតាមខេត្តសំខាន់ៗមួយចំនួននៃប្រទេសកម្ពុជា ដូចជានៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញជាដើម។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ បានផ្ញើរបាយការណ៍ជូនរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងកំណើនជនបរទេស ជាពិសេសជនជាតិចិន ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ដែលអះអាងថាមានទាំងភាពវិជ្ជមាន និងអវិជ្ជមាន។
លោកអភិបាលខេត្តព្រះសីហនុ ក៏បញ្ជាក់ថា កំណើនជនបរទេសក្នុងខេត្តនេះ បាននិងកំពុងធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដូចជា បង្កឱកាសដល់ជនជាតិចិនជាពួកម៉ាហ្វីយ៉ាមួយចំនួនបន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្តិសុខ និងចាប់ជំរិតអ្នកវិនិយោគ និងថា ខ្លះទៀតបានជួលផ្ដាច់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនធំដែលធ្វើឲ្យការផ្ដល់សេវាដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានការខ្វះខាតនៅពេលបុណ្យទានជាដើម។
អ្នកឃ្លាំមើលស្ថានការណ៍សង្គមលើកឡើងថា កំណើនជនជាតិចិននៅកម្ពុជាដ៏ច្រើននាពេលថ្មីៗនេះ កំពុងក្លាយជាការព្រួយបារម្ភ ខណៈជនជាតិចិនមួយចំនួនប្រព្រឹត្តទង្វើមិនគប្បីផ្សេងៗតាមទំនើងចិត្ត ដោយសមត្ថកិច្ចមិនមានការចាត់វិធានការឲ្យបានត្រឹមត្រូវ។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ បានបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងកំណើនជនជាតិចិននេះថា សមត្ថភាពគ្រប់គ្រងជនបរទេសរបស់សមត្ថកិច្ចកម្ពុជា នៅមានភាពធូររលុង ដែលអាចនឹងបង្កឲ្យកម្ពុជាកើតមានវិបត្តិធ្ងន់ធ្ងរនាពេលអនាគត ដូចជាការបង្កឲ្យមានការរើសអើងជាតិសាសន៍ជាដើម។
ស្រដៀងគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់ VOA ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាក្បាលម៉ាស៊ីនដឹកនាំប្រទេស គួរតែចេញបញ្ជាឲ្យមានការអនុវត្តច្បាប់ និងចាត់វិធានការឲ្យបានតឹងរ៉ឹងលើជនបរទេស ពិសេសជនជាតិចិនដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានការបារម្ភ ជាជាងនិយាយថា មតិរិះគន់ទាំងនោះ ជាមតិអគតិ។
លោកបន្ថែមថា ប្រសិនបើសមត្ថកិច្ចកម្ពុជាមិនពង្រឹងការចាត់វិធានលើជនជាតិចិនដែលបង្កនូវភាពអសន្តិសុខ និងដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា មានភាពប្រសើរឡើងទេនោះ ការប្រើប្រាស់ហិង្សាដើម្បីដោះស្រាយបញ្ហា នឹងអាចកើតមាន។
លោកមានប្រសាសន៍ថា៖
«តាមពិតផលប៉ះពាល់ខ្លះវាបានចេញមកជារូបរាងហើយ។ អញ្ចឹងយើងបារម្ភខ្លាចថាថ្ងៃមុខទៅវាអាចនឹងមានជម្លោះរវាងជនស៊ីវិល រវាងខ្មែរ និងចិនហ្នឹងវាអាចកើតឡើងបើសិនជាអាជ្ញាធរហ្នឹងមិនអនុវត្តច្បាប់តឹងរ៉ឹងទៅលើជនជាតិចិនហ្នឹងទេ។ អញ្ចឹងហើយការប៉ះទង្គិចណាមួយដែលអាចកើតមានរវាងប្រជាជនម្ចាស់ស្រុក និងបរទេសចំណូលស្រុកហ្នឹង វាកាន់តែធ្វើឲ្យស្ថានភាពសន្តិសុខសុវត្ថិភាពហ្នឹងវាកាន់តែមានភាពផុយស្រួយ»។
ទំនាក់ទំនងកម្ពុជា-ចិន មានភាពស្អិតល្មួត តាមរយៈទំនាក់ទំនងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំចិន។ ចិនបានផ្ដល់ជំនួយឥតសំណង និងកម្ចីមកកម្ពុជាជាបន្តបន្ទាប់ ខណៈទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពមិនល្អរហូតមកដល់ពេលនេះ។
ចិនជាប្រទេសដែលមានទំហំវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment) ធំជាងគេនៅកម្ពុជា និងជាអ្នកផ្ដល់ជំនួយ និងហិរញ្ញប្បទានធំមួយ ក្នុងចំណោមម្ចាស់ជំនួយធំៗមួយចំនួនទៀតនៅកម្ពុជា។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានកើនដល់ទៅ ៤,៨០០លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៦ ដែលមានការកើនឡើងប្រមាណ ២០០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៥ ស្របពេលដែលចំនួនភ្ញៀវទេសចរជាជនជាតិចិន កំពុងឈរនៅលំដាប់លេខរៀងទី១ នៅកម្ពុជា៕