ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ខេត្ត​ព្រះសីហនុ​បារម្ភ​ពី​កំណើន​ជនជាតិ​ចិន​


ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក (ស៊ុន ណារិន/VOA)
ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក (ស៊ុន ណារិន/VOA)

ក្នុង​របាយការណ៍​​​មួយ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​​នោះ ​លោក យន្ដ មីន ​អភិបាល​ខេត្ត​ព្រះសីហនុ ថា ​កំណើន​​ជន​បរទេស​ក្នុង​ខេត្ត​នេះ​​ បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​​ជាច្រើន​​ដូចជា ​បង្ក​ឱកាស​ដល់​ជនជាតិ​ចិន​​ជា​ពួក​ម៉ាហ្វីយ៉ា​មួយ​ចំនួន​បន្លំ​ខ្លួន​​ចូល​មក​ប្រព្រឹត្ត​​បទ​ល្មើស ​បង្ក​អសន្ដិ​សុខ ​និង​ចាប់​ជម្រិត​អ្នក​វិនិយោគ។

អភិបាលខេត្ត​ព្រះសីហនុ​លើក​ឡើង​ថា​ កំណើន​ជន​បរទេស​ដែល​ភាគ​ច្រើន​ជាជនជាតិ​ចិនក្នុង​ខេត្ត​មាន​សក្តានុពល​ដោយសារសមុទ្រ​មួយ​នេះកំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្សេងៗ​ តាម​រយៈ​ការ​ធ្វើ​សកម្មភាពខុស​ច្បាប់។ នេះ​បើ​តាម​របាយការណ៍​របស់​លោក យន្ត មីន ​អភិបាល​ខេត្ត​ព្រះសីហនុ​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

ក្នុង​របាយការណ៍​របស់​លោក​ យន្ត មីន ​អភិបាល​ខេត្ត​ព្រះសីហនុ​ចុះ​កាល​ពី​ថ្ងៃទី២៤ ​ខែ​មករា ឆ្នាំ​២០១៨ ​ផ្ញើ​ទៅ​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស្តី​ពី​ផល​ប៉ះពាល់​របស់​ជន​បរទេស​ដែល​ស្នាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ២០១៧​កន្លង​ទៅ​មាន​ភ្ញៀវ​ទេសចរណ៍​និង​វិនិយោគិន​ជា​ជនបរទេសយ៉ាង​ច្រើន​ចូល​មក​ស្នាក់​នៅ​និង​បណ្តាក់​ទុន​ក្នុង​ខេត្ត។ លោក​បន្ត​ថា​ ជន​បរទេស​ដែល​មក​ស្នើ​សុំ​សៀវភៅ​ការងារ​ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ជាង​៦​ពាន់​នាក់​(៦,៣៨៥នាក់) ក្នុង​នោះ​ជនជាតិ​ចិន​មាន​ចំនួន​ជាង​៤ពាន់​នាក់(៤,៤៩៨​នាក់) ​ស្មើ​នឹង​ប្រមាណ​ជា​៧០​% នៃ​ជនបរទេស​ចំនួន​៦១​សញ្ជាតិ​។

ក្នុង​របាយការណ៍​នោះ ​លោក យន្ដ មីន ​បញ្ជាក់​ថា ​កំណើន​ជន​បរទេស​ក្នុង​ខេត្ត​ព្រះសីហនុ ​បាន​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​ដូចជា​ការ​កើន​ឡើង​នូវ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់ សម្បូរ​សណ្ឋាគារ ​កាស៊ីណូ ​និង​ភោជនីយដ្ឋាន​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ និង​ប្រាក់​ចំណូល​ពន្ធ​កើន​ឡើង​ជាដើម។

ប៉ុន្តែ​លោក​ថា ​កំណើនជន​បរទេស​ក្នុង​ខេត្ត​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជាច្រើនដូចជា ​បង្ក​ឱកាស​ដល់​ជនជាតិ​ចិនជា​ពួក​ម៉ាហ្វីយ៉ា​មួយ​ចំនួន​បន្លំ​ខ្លួនចូល​មក​ប្រព្រឹត្តបទ​ល្មើស ​បង្ក​អសន្ដិ​សុខ ​និង​ចាប់​ជម្រិត​អ្នក​វិនិយោគ ខ្លះ​ទៀត​បាន​ជួល​ផ្ដាច់​សណ្ឋាគារ ​និង​ផ្ទះ​សំណាក់​មួយ​ចំនួន​ធំ​ដែល​ធ្វើ​ឲ្យ​ការ​ផ្ដល់​សេវា​ដល់​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​មាន​ការ​ខ្វះ​ខាតនៅ​ពេល​បុណ្យ​ទាន។

រូបឯកសារ៖ ជនជាតិចិនក្នុង​ឯកសណ្ឋានអាវពណ៌ទឹកក្រូច ត្រូវបានចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេសចិនវិញ ដោយ​មន្ត្រីប៉ូលិសចិន មុនពេលពួកគេឡើងយន្តហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ ជនជាតិចិនក្នុង​ឯកសណ្ឋានអាវពណ៌ទឹកក្រូច ត្រូវបានចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេសចិនវិញ ដោយ​មន្ត្រីប៉ូលិសចិន មុនពេលពួកគេឡើងយន្តហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

លោក យន្ត មីន ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ជន​បរទេស​មួយ​ចំនួន​គេច​វេស​មិន​ព្រម​បំពេញ​បែប​បទ​តាម​នីតិវិធី​ ខ្លះបើកបរ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ខ្លះ​ផឹក​ស៊ី ឡូឡា​ និង​វាយ​តប់​គ្នា​តាម​ទី​សាធារណៈ។ ចំណែក​ស្លាក​យីហោ​ហាង​ សណ្ឋាគារ ​កាស៊ីណូ ​និង​ការដ្ឋាន​ខ្លះ​ សរសេរ​អក្សរ​បរទេស​សុទ្ធ ​ឬ​សរសេរ​អក្សរ​ខ្មែរ​តូច​ជាង​អក្សរ​បរទេស​ជាដើម។

កំណើន​ជនជាតិ​ចិន​បាន​កើន​ឡើង​យ៉ាង​គំហុក​ក្នុង​ខេត្ត​ព្រះសីហនុ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ​បន្ទាប់​ពី​ទំនាក់​ទំនង​កម្ពុជា-ចិន ​កាន់​តែ​មានមាន​ភាព​ស្អិត​ល្មួត។ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង ​និង​កម្ចី​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​ហើយ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ចិន​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​អន្ដរជាតិ ​និង​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស។​

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយពី​លោក យន្ត មីន ​អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ទេ។

ទោះ​ជា​យ៉ាងណា​លោក យន្ដ មីន ​បាន​បញ្ជាក់​ក្នុង​របាយការណ៍​ដដែលថា​ អាជ្ញាធរ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ បាន​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ ​និង​បង្ក្រាប​បទល្មើស ព្រមទាំង​ចុះ​ស្រង់​ស្ថិតិ​អំពី​អាជីវកម្ម​បរទេស ​និង​ជំរុញ​ណែនាំ​ឲ្យ​ពួកគេ​គោរព​តាម​ច្បាប់​កម្ពុជា។

អ្នកស្រី​ ជាប សុភារី ​មន្ដ្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ​ប្រាប់​ VOA ​ថា ​កំណើន​ជនជាតិ​ចិន​មក​ស្នាក់​នៅ​និង​ធ្វើ​ការ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ធ្វើ​ឲ្យ​មាន​ភាព​អវិជ្ជមាន​ច្រើន​ជាង​ភាព​វិជ្ជមាន​។ អ្នកស្រី​បន្ថែម​ថា កំណើន​ជនជាតិ​ចិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព និង​ការ​រស់នៅរបស់​ប្រជាពលរដ្ឋ​ខ្មែរ​ តាម​រយៈ​ការ​ដែល​ជនជាតិ​ចិន​ទាំង​នោះ​ចូល​មកធ្វើការ ​រកស៊ី និង​បើក​បនល្បែង​កាស៊ីណូ។ អ្នកស្រី​ថា ​ជនជាតិ​ចិន​បាន​ប្រើ​ពាក្យ​សម្ដី​អសីលធម៌ ​ស្រែក​ឡូឡា ​មិន​គោរព​ច្បាប់​កម្ពុជា​ជាដើម។

អ្នកស្រី​ ជាប សុភារី ​បន្ថែម​ថា​ រដ្ឋាភិបាល​ក៏​ដូចជា​អាជ្ញាធរ​កម្ពុជា​គួរ​តែ​ដាក់​លក្ខខណ្ឌ​ជាមួយ​ក្រុមហ៊ុន​បរទេសដែល​ចូល​វិនិយោគ​ធ្វើ​យ៉ាង​ណា​សម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរដែល​កំពុង​រស់នៅ​និង​ប្រកប​មុខរបរ​នៅ​ទីនោះ​និង​ត្រូវ​បង្កើន​កម្លាំង​សន្តិសុខ​ដើម្បី​ទប់​ស្កាត់បទ​ល្មើស​ផ្សេងៗដែល​អាច​កើត​មាន។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖

«យើង​ត្រូវពិនិត្យ​មើលលក្ខខណ្ឌ​នៃ​ការ​ផ្តល់​ឱកាស​ការ​អភិវឌ្ឍ​នេះដើម្បីទាំងអស់​គ្នា ​ដើម្បី​ឲ្យ​ពួកគាត់​មាន​ការងារ​ធ្វើ​ រក​ប្រាក់​ចំណូល​បាន​ អាហ្នឹង​គួរ​តែ​មាន​លក្ខខណ្ឌ​ជជែក​គ្នា​ឲ្យ​បាន​ច្បាស់​លាស់។ ហើយ​មួយ​ទៀត​អ្វី​ដែល​យើង​សង្កេត​ឃើញ​ថា ​រញ៉េរញ៉ៃ​ដែរ​ហ្នឹង អាជ្ញាធរ ក៏​ដូចជា​ខាង​ប្រធាន​ជំនាញ​ដែរ​ គួរ​តែ​មានការ​រៀបចំ ​និង​បន្ថែម​កម្លាំង​សមត្ថកិច្ច​ដែរ​ ព្រោះ​កាល​ណា​មនុស្ស​ច្រើន​ទៅ​ បញ្ហា​បទល្មើស​វា​អាច​កើន​ឡើង​ដែរ»។

នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រសួង​មហាផ្ទៃ​មាន​ការ​បារម្ភ​ពី​ចំនួន​ជន​បរទេសដែល​កំពុង​កើន​ឡើង​យ៉ាង​គំហុក​ និងថា ​ក្រសួង​បាន​បញ្ជូន​ក្រុម​គណៈកម្មការ​ចុះ​ត្រួត​ពិនិត្យ​កាល​ពី​សប្ដាហ៍​មុន​ ​ដើម្បី​សិក្សា ​និងរាយការណ៍​ត្រឡប់​មក​ក្រសួង​វិញ។

លោក​មាន​ប្រសាសន៍​ថា៖

«សម្តេច​ក្រឡា​ហោម [លោក ស ខេង] ក៏​លោក​បាន​ចាត់​តាំង​គណៈ​កម្មការ​មួយ​របស់​ក្រសួង​ហ្នឹង​ឲ្យ​ចុះ​ទៅ​ផ្ទាល់​កាល​ពី​សប្តាហ៍​មុន​ម្ល៉េះ​ ដើម្បី​ពិនិត្យ​មើល​ផ្ទាល់​រឿង​ផល​ប៉ះពាល់​នៃ​វត្តមានរបស់​ជនជាតិ​ចិន​យ៉ាង​គំហុក​នៅ​ខេត្ត​ព្រះសីហនុ។ យើង​មាន​ការ​បារម្ភ​រឿង​ហ្នឹង​ដែរ​ តើ​វា​យ៉ាងម៉េច​លើ​បញ្ហា​ហ្នឹង»។​

កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បានអ្នក​ទេសចរ​ចិន​ប្រមាណ​ជា​២​លាន​នាក់​នៅ​ឆ្នាំ២០​២០។ កាល​ពី​ឆ្នាំ​២០១៦ ​កម្ពុជា​បាន​ទទួល​ទេសចរ​ចិន​ប្រមាណ​៨៣​ម៉ឺន​នាក់។ ចំណែក​នៅ​ក្នុង​ឆ្នាំ​២០១៧​ ទេសចរ​ជនជាតិ​ចិន​មក​កម្ពុជា​មាន​ចំនួនជាង៩​សែន​នាក់។ ​នេះ​បើ​យោង​តាម​តួលេខ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG